សហជីព និងកម្មករមួយចំនួនព្រួយបារម្ភថា ផលប៉ះពាល់ នឹងធ្លាក់លើកម្មករកាន់តែធ្ងន់ ដោយសាររដ្ឋាភិបាល ប្រកាសជំហរ មិនទាមទារប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០% ពីសហភាពអឺរ៉ុបមកវិញ បើទោះជាក្នុងស្ថានភាពពលរដ្ឋ កំពុងរងគ្រោះពីវិបត្តិជំងឺកូវីដ១៩ (Covid-19) ក៏ដោយ។
ក្រុមសហជីព និងកម្មករ លើកឡើងពីកង្វល់នៃផលប៉ះពាល់នេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា របបលោកមិនទាមទារការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលបាត់បង់មកវិញទេ ក្រោមហេតុផលថា ឥទ្ធិពលអ៊ីប៊ីអេ (EBA) ២០% លែងជាបញ្ហាទៀតហើយ បើធៀបនឹងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
ប្រធានសហភាពសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ស្របថា ផលប៉ះពាល់នៃជំងឺកូវីដ១៩ មានទំហំធំធេង ជាង EBA ២០ភាគរយ។ ប៉ុន្តែ អ្នកស្រី នៅតែជំរុញឲ្យរដ្ឋាភិបាល រកវិធីស្នើសុំ EBA ២០ភាគរយនោះ មកវិញ ព្រោះវាជាទំហំទឹកប្រាក់ច្រើន សម្រាប់ជួយសម្រាកបន្ទុកជីវភាពកម្មករ និង ពលរដ្ឋទូទៅ។
អ្នកស្រី សង្កេតឃើញថា ការបាត់បង់ EBA ២០ភាគរយ កន្លងមកនេះ បានប៉ះពាល់ដល់កម្មករ ធ្ងន់ធ្ងរជាងគេ។ ឯពលរដ្ឋ ជាអ្នកអាស្រ័យផលពីកម្មករ ដូចជា អាជីវករ ម្ចាស់បន្ទប់ជួល អ្នកប្រកបរបរក្រៅប្រព័ន្ធ បានរងផលប៉ះពាល់ប្រយោល។ ចំណែកខាងភាគីថៅកែ ក៏រងផលប៉ះពាល់ខ្លះដែរ៖ « ទី១ ប៉ះពាល់បងប្អូនកម្មករ ដែលគាត់បាត់បង់ចំណូល បាត់បង់ការងារ ហើយបន្ទាប់មក ក៏ប៉ះពាល់ប្រយោជន៍ទៅនិយោជកដែរ ធ្វើឲ្យនិយោជកមួយចំនួនបង្ខំបិទក្រុមហ៊ុនអ្វីជាដើម ហើយបន្ទាប់មកទៀត ក៏ប៉ះពាល់ប្រយោលទៅដល់ក្រុមគ្រួសាររបស់កម្មករ ហើយបន្ទាប់មក គឺអ្នកលក់ដូរជុំវិញក្រុមហ៊ុន អ្នកដែលរកប្រយោជន៍ចេញពីក្រុមហ៊ុនហ្នឹង។ អ៊ីចឹង ខ្ញុំឃើញថា អ្នកទាំងអស់ហ្នឹង សុទ្ធតែជាអ្នករងនូវផលប៉ះពាល់បញ្ហាប្រឈមអ៊ីចឹងណា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ឧសភា បានបញ្ជាក់ឡើងវិញថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ របស់សហភាពអឺរ៉ុប បានប៉ះពាល់តិចតួចប៉ុណ្ណោះដល់កម្ពុជា ហើយពេលនេះ វាលែងមានឥទ្ធិពលទៀត ហើយបើធៀបនឹងវិបត្តិជំងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីអនាគតរបស់អាស៊ី ដែលរៀបចំដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ របស់ជប៉ុន នីកេ (Nikkei) មួយ តាមរយៈប្រព័ន្ធវីដេអូ នៅពេលនោះ លោក ហ៊ុន សែន បានផ្ញើសារ ឲ្យបណ្ដាប្រទេសនានា ផ្ដោតលើការប្រឆាំងជំងឺកូវីដ-១៩ ជាជាងបញ្ហាEBA៖ « ខ្ញុំមិនជំទាស់ ហើយក៏មិនទាមទារត្រឡប់មកវិញ នូវភាពអនុគ្រោះ ២០ភាគរយ នោះទេ។ កម្ពុជា បានត្រៀមខ្លួនរួចហើយ សម្រាប់ការមិនវិលត្រឡប់មកវិញ នូវភាពអនុគ្រោះសហភាពអឺរ៉ុប ដោយមិនធ្វើការចរចា មិនប្រឆាំងតវ៉ា ឬជំទាស់ការអនុវត្តសេចក្ដីសម្រេចរបស់ពួកគេទេ។ យើង បន្តនាំចេញទំនិញ ២០ភាគរយ ទៅកាន់សហភាពអឺរ៉ុប ដោយធ្វើការបង់ពន្ធ ជាធម្មតា»។
សហភាពអឺរ៉ុប បានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយនេះពីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសហភាពអឺរ៉ុបរកឃើញករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនៅកម្ពុជា។ ប៉ុន្តែសហភាពអឺរ៉ុបនៅតែជំរុញ ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងដូចដើមវិញ។
ទោះជាយ៉ាងនេះក្ដី ចាប់តាំងពីដើមទីមក លោក ហ៊ុន សែន តែងតែប្រកាសថា រដ្ឋាភិបាល របស់លោកមិនខ្វល់ នឹងការដកEBA នេះឡើយ ព្រោះ លោកមានប្រទេសចិន គឺជាខ្នងបង្អែកដ៏រឹងមាំ ហើយចិនក៏ធ្លាប់ចេញមុខធានាអះអាងថា នឹងជួយរបបលោក ហ៊ុន សែន ទប់ទល់សម្ពាធពីក្រុមប្រទេសលោកខាងលិចដែរ។
ផ្ទុយពីលោក ហ៊ុន សែន គឺមន្ត្រីកាន់ការផ្នែកបច្ចេកទេសនៃរបបក្រុងភ្នំពេញវិញ ជានិច្ចជាកាល តែងតែបង្ហាញភាពចង់បាន EBA ២០ភាគរយមកវិញ ដោយលើកឡើងថា ការបាត់បង់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា។
កាលពីដើមខែមករាកន្លងទៅ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសម្ដែងការខ្វល់ខ្វាយ ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហភាពអឺរ៉ុបនេះ។ លោកចាត់ទុកការបាត់បង់នេះ ថា ជាអម្រែកធ្ងន់ធ្ងរសម្រាប់កម្ពុជា ខណៈ រដ្ឋាភិបាលជួបវិបត្តិជំងឺកូវីដ១៩ ផង និងត្រូវប្រឈមមុខដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និង សង្គម បណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។
មុខទំនិញនាំចេញរបស់កម្ពុជា ២០% ដែលសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាត្រូវបង់ពន្ធនោះ មានតម្លៃសរុបប្រមាណជាង ១ប៊ីលាន ឬជាង ១ពាន់លានដុល្លារអាមេរិក ក្នុងនោះរួមមាន ផលិតផលសំលៀកបំពាក់ និងស្បែកជើងមួយចំនួន ផលិតផលធ្វើដំណើរទាំងអស់ និងផលិតផលស្ករស ជាដើម។
គណៈកម្មការអឺរ៉ុបបញ្ជាក់ថាកម្ពុជានៅតែអាចនាំចេញមុខទំនិញទាំងនោះទៅកាន់ទីផ្សារអឺរ៉ុបបានដដែល ក៏ប៉ុន្តែត្រូវរងការគិតពន្ធតាមអត្រាដូចគ្នាទៅនឹងសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែរ។ កម្ពុជាអាចនឹងត្រូវខាតបង់ទឹកប្រាក់រវាងពី ១២០ ទៅ ២០០ លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែការតម្រូវឱ្យបង់ពន្ធលើមុខទំនិញនាំចេញ ២០% ទៅកាន់ទីផ្សារអឺរ៉ុបនេះ។
អាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ដើម្បីសាកសួរអំពីផលប៉ះពាល់ដែលកើតចេញពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% នេះបានទេ នៅថ្ងៃទី២២ ឧសភា។
ទោះជាយ៉ាងណា កម្មករខ្លះ នៅតែចង់បានប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយមកវិញ ព្រោះពួកគាត់ថា ការដក EBA ២០% កន្លងមក បានជះឥទ្ធិពលមិនល្អ ដល់វិស័យកាត់ដេរនៅកម្ពុជា។
កម្មកររោងចក្រ ញ៉ូ អូរៀន (New Orient) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា តាមបណ្ដោយផ្លូវ វេង ស្រេង លោក ប៊ុន វ៉ាន សង្កេតឃើញថា ក្រោយពេលបាត់បង់ផ្នែកខ្លះនៃ EBA រដ្ឋាភិបាល បានលុបចោលថ្ងៃឈប់សម្រាកមួយចំនួន និងអនុញ្ញាតឲ្យថៅកែពន្យារពេលបើកប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ។
កម្មកររូបនេះ ជំរុញរដ្ឋាភិបាលឱ្យដោះស្រាយយ៉ាងណា ដើម្បីទទួលបានការអនុគ្រោះពន្ធទាំងស្រុង ទាំងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក (GSP) ដើម្បីជាប្រយោជន៍របស់កម្មករ ក្នុងស្ថានភាពកម្មករកំពុងរងគ្រោះធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ-១៩៖ « អ្វីដែលខ្ញុំទាមទារ។ អ្វីដែលខ្ញុំចង់បាន គឺខ្ញុំចង់បាន EBA ឬអ្វី ដែលប្រសើរជាង EBA ទៀត។ តែខ្ញុំមិនដឹងថា មានអ្វីប្រសើរជាង EBA ទេ ព្រោះខ្ញុំ ក៏មិនមែនមានចំណេះដឹងខ្ពង់ខ្ពស់ដែរ អ៊ីចឹងណា។ ខ្ញុំចង់បានអ្វីដែលប្រសើរសម្រាប់ពលរដ្ឋខ្មែរ សម្រាប់ជនជាតិខ្មែរ ហើយសម្រាប់អ្នកដឹកនាំល្អ ត្រូវរកការងារណា ដែលល្អ ហើយភ្ជាប់ជាមួយលក្ខខណ្ឌការងារល្អ»។
ក្រៅពីបញ្ហា EBA កម្ពុជាក៏កំពុងប្រឈមបញ្ហារឿងឋានៈអនុគ្រោះពន្ធលើទីផ្សារសហរដ្ឋអាមេរិកដែរ។ កម្មវិធីអនុគ្រោះពន្ធទូទៅលើផលិតផលធ្វើដំណើរ (GSP) ដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យកម្ពុជានោះ បានផុតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់ ផ្តល់សុពលភាពឡើងវិញ នៅឡើយទេ។
ក្រុមអ្នកតាមដានស្ថានការណ៍ និងសហជីពធ្លាប់ព្រមានថា ការបាត់បង់ផ្នែកណាមួយនៃប្រព័ន្ធអនុគ្រោះពន្ធ មិនមែនជារឿងល្អសម្រាប់កម្ពុជានោះទេ ពីព្រោះការដកហូតឋានៈអនុគ្រោះពន្ធទាំងនោះ ធ្វើឡើងដោយសារតែករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ករណីបែបនេះ អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងទំនុកចិត្តរបស់អ្នកវិនិយោគ។ ពួកគេនៅតែស្នើឱ្យរដ្ឋាភិបាលអនុវត្តតាមសំណើរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញការគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីឱ្យកម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធនៅទីផ្សារប្រទេសទាំងនោះជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
