ស្ថាប័ន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុអាមេរិក FinCEN ឲ្យ​បង្កើន​ការឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​នៅ​កម្ពុជា

ដោយ៖ មាន ឫទ្ធិ
2021-03-19
Share
ស្ថាប័ន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុអាមេរិក FinCEN ឲ្យ​បង្កើន​ការឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​នៅ​កម្ពុជា ស្ថាប័ន​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុរបស់​អាមេរិក ហៅកាត់​ថា FinCEN (រូប​លើ) និង​ធនាជាតិ​នៃ​កម្ពុជា (រូបក្រោម)។
រូប៖ គេហទំព័រ FinCEN និង​ទំព័រហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា

ស្ថាប័ន​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ហៅកាត់​ថា FinCEN របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជូនដំណឹង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅអាមេរិក ឲ្យ​បង្កើន​ការឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​មាន​ប្រភព​ចេញ​ពី​កម្ពុជា។ ការជូនដំណឹង​របស់​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​អាមេរិក​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១១ ខែមីនា ស្របតាម​ការសម្រេច​ចុងក្រោយ​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​ពិភពលោក ឈ្មោះ FATF (ក្រុមការងារ​ហិរញ្ញវត្ថុ)។ ផ្អែក​តាម​សេចក្តីសម្រេច​របស់​អង្គការ​ពិភពលោក​មួយ​នេះ​កាល​ពី​ថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជា​នៅតែ​បន្តជាប់​ឈ្មោះ​អស់​រយៈពេល ៣ឆ្នាំ​ ជាប់គ្នា​មកហើយ ថាជា​ប្រទេស​ដែល​ពិភពលោក​ត្រូវ​បង្កើន​ការឃ្លាំមើល​ពាក់ព័ន្ធ​នឹង​អំពើលាងលុយ​កខ្វក់។

ស្ថាប័ន FinCEN ក្រើន​រំឮក​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​អាមេរិក​ ឲ្យ​ពិចារណា​អំពីហានិភ័យ​នានា​​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយ​កខ្វក់ និង​ភេវរកម្ម​ហិរញ្ញវត្ថុ មាន​ប្រភព​ចេញ​មក​ពី​កម្ពុជា និង​ប្រទេស ១៨​​ ផ្សេងទៀត​នៅលើ​ពិភពលោក។ ស្ថាប័ន​នេះថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាមេរិក​មាន​កាតព្វកិច្ច​ត្រូវ​អនុលោម​តាម​សេចក្តីសម្រេច​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​ពិភពលោក ដោយ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ពី​ប្រភព​ហិរញ្ញវត្ថុ​ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​លាងលុយកខ្វក់​ចេញ​មក​ពី​ប្រទេស​ទាំងនេះ។

កាលពី​ចុងឆ្នាំ២០២០ សហភាព​អឺរ៉ុប ក៏​បាន​ដាក់បញ្ចូល​កម្ពុជា​ក្នុង​បញ្ជី​ផ្លូវការ​នៃ​ក្រុមប្រទេស​ដែល​ងាយរងគ្រោះ​ខ្លាំង​ខាង​អំពើ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេវរកម្ម ស្របតាម​សេចក្តីសម្រេច​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​របស់​ពិភពលោក​​នេះដែរ។ ឆ្លើយតប​នឹង​បញ្ហានេះ របប​លោក ហ៊ុន សែន បាន​ប្រញាប់ប្រញាល់​បង្កើត​ច្បាប់​ចំនួន​បី (៣) ប្រឆាំង​ការសម្អាតប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ និង​ច្បាប់​ស្តីពី​ការជួយគ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ការបង្កើត​ច្បាប់​ទាំងនេះ មិន​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំងនេះ យល់ព្រម​លុបឈ្មោះ​កម្ពុជា ចេញ​ពី​ក្រុមប្រទេស​មាន​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាងលុយ​កខ្វក់​នោះ​ឡើយ។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ធនាគារជាតិ​នៃ​កម្ពុជាអ្នកស្រី ជា សិរី ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ចំណាត់ការ​ចុងក្រោយ​របស់​អាមេរិក និង​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​ពិភពលោក​នេះបាននៅឡើយទេ កាលពី​យប់ថ្ងៃទី១៨ ខែមីនា។

យ៉ាងណាកន្លងទៅ ក្រុម​អ្នកជំនាញធ្លាប់​លើកឡើងថា ពួកគេ​ពុំ​មាន​ជំនឿ​ទាល់តែសោះ​ថា រដ្ឋាភិបាលកម្ពុជាអាច​កែខ្លួន ឲ្យ​ពិភពលោក​លុប​ឈ្មោះ​ចេញពី​បញ្ជី​នៃ​ក្រុមប្រទេស​លាងលុយ​កខ្វក់​នោះឡើយ ព្រោះ​អំពើ​លួចលុយ​ជាតិ​ពីសំណាក់​ក្រុម​អ្នកមាន​លុយ​មាន​អំណាចខ្មែរ រួច​លាងលុយ​យក​ទៅ​លាក់​ទុក​នៅ​បរទេស នៅ​តែ​បន្ត​កើតមាន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល