កសិករនៅខេត្តកណ្ដាលត្អូញត្អែរថា តម្លៃដំណាំបន្លែធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលពីរខែមកនេះ ធ្វើឱ្យពួកគាត់ត្រូវខាតបង់ច្រើន ហើយពួកគាត់អាចនឹងលក់ដីដើម្បីសងបំណុល បើតម្លៃមិនប្រសើរឡើងវិញទេ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួររកទីផ្សារដល់កសិករ និងផ្អាកការនាំចូលបន្លែគីមីពីប្រទេសជិតខាងដូចជាប្រទេសវៀតណាម។
ស្ថិតនៅតាមបណ្ដោយទន្លេបាសាក់ នៃស្រុកស្អាងមានកសិកររាប់រយនាក់កំពុងមមាញឹកដាំដុះ និងថែទាំបន្លែរបស់ពួកគាត់។ ទោះបីជាបន្លែចម្រុះរួមមានស្ពៃ ខាត់ណា ជីជាដើមដែលបានដាំជាជួរ និងមានពណ៌ខៀវស្រងាត់ក្ដីក៏កសិករមិនបានបង្ហាញទឹកមុខរីករាយចំពោះផលដំណាំរបស់ពួកគាត់ដែរ។ កសិករលើកឡើងថា ការធ្លាក់ចុះតម្លៃបន្លែនេះបានធ្វើឱ្យពួកគាត់បង្ខំលក់ចេញទាំងខាត។
កសិករនៅស្រុកស្អាង លោកស្រី សុខ ហៀង លើកឡើងថា តម្លៃបន្លែគ្រប់មុខបានធ្លាក់ចុះពាក់កណ្ដាលក្នុងរយៈពេលពីរខែមកនេះ។ លោកស្រី សុខ ហៀង ថា តម្លៃស្លឹកខ្ទឹម និងស្ពៃក្ដោបអាចលក់បានត្រឹមតម្លៃ ២ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែតម្លៃដែលលោកស្រី និងកសិករចង់បានតម្លៃស្លឹកខ្ទឹមចាប់ពី ៥ពាន់រៀលឡើងក្នុងមួយគីឡូក្រាមទៅ។
លោកស្រី សុខ ហៀង លើកឡើងថា បើតម្លៃមិនប្រសើរឡើងវិញទេ នឹងធ្វើឱ្យលោកស្រីប្រឈមខាតបង់ប្រមាណ២លានរៀល ហើយលោកស្រីខ្ចីលុយបន្ថែមទៀតដើម្បីបន្តដាំបន្លែ។ លោកស្រី សុខ ហៀង បន្តថា គ្រួសារលោកស្រីបានដាំបន្លែពេលជិត ១០ឆ្នាំហើយ ប៉ុន្តែជីវភាពគ្រួសារលោកស្រីលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទីផ្សារបន្លែអាស្រ័យលើឈ្មួញ និងការនាំចូលបន្លែពីប្រទេសវៀតណាម។
លោកស្រី សុខ ហៀង៖ «ប៉ះពាល់សេដ្ឋកិច្ចយើងចេះតែជឿ ចេះតែបុលគេខ្លះធ្វើដើមទៅមុខទៀតទៅនៅពេលដែលយើងធ្វើមិនបានអត់មានលុយបង់អង្គការ ខ្ចីបងប្អូនខ្ចីអីគេ ចេះតែឆក់កណ្ដៀតអីខ្លះទៅ ជាប់អង្គការហើយជំពាក់គេវ័ណ្ឌកហើយធ្វើរវល់តែខាត»។
ដូចគ្នាកសិករម្នាក់ផ្សេងទៀត លោក ឆេង ស ដែលកំពុងស្រោចជីរ និងស្លឹកខ្ទឹម លើកឡើងថាការធ្លាក់ចុះបន្លែជាបន្តបន្ទាប់នេះ នឹងធ្វើឱ្យលោកបង្ខំលក់ទាំងខាត និងជំពាក់បំណុលកាន់តែច្រើនជាងមុន។ លោក ឆេង ស ថា ការធ្លាក់ចុះតម្លៃបន្លែនេះ បានធ្វើឱ្យលោក និងកសិករផ្សេងទៀតអាចនឹងលក់ដីដើម្បីសងបំណុល។
លោក ឆេង ស ស្នើដល់រដ្ឋាភិបាលជួយដោះស្រាយ និងធានាតម្លៃទីផ្សារបន្លែសម្រាប់កសិករឱ្យបានសមរម្យ និងស្ថិតស្ថេរ។
លោក ឆេង ស៖ «ចំពោះយើងកសិករម្នាក់ៗចង់បានការថែទាំលក្ខណៈថា មិនសូវពិបាកគ្រប់កាលៈទេសៈពេក យើងគិតតែធ្វើទៅហើយផលមកបានល្អអ៊ីចឹងទៅ លក់បានកម្រៃធ្វើម៉េចផ្គត់ផ្គង់ឱ្យផ្គត់ផ្គង់បានសមរម្យជីវភាពគ្រួសារ លក្ខណៈថា ពេលយើងធ្វើហើយអត់បានផលចំណេញចេះតែខាតទៅៗ មិនដឹងធ្វើមិចទេ»។

ចំណែកកម្មករកាត់បន្លែ លោកស្រី មាន មុំ លើកឡើងថា ថា សម្រាប់កម្មករម្នាក់ទទួលបានក្នុងមួយថ្ងៃ ៣ម៉ឺន រៀលក្នុងមួយថ្ងៃ ហើយគ្រួសារលោកស្រីធ្វើការរាល់ថ្ងៃដើម្បីសងធនាគារ។ លោកស្រី មាន មុំ និយាយថា ការធ្លាក់ចុះតម្លៃបន្លែនេះ មិនបានប៉ះពាល់ត្រឹមតែកសិករនោះទេ ប៉ុន្តែបានប៉ះពាល់ដល់កម្មករដែលស៊ីឈ្នួលកាត់បន្លែ ដែលធ្វើឱ្យពួកគាត់មិនមានការងារជាប់លាប់។
លោកស្រី មាន មុំ៖ «ប៉ះពាល់អត់លុយទិញអង្ករហើយបង់ធនាគារ បង់លុយរដ្ឋយ៉ាប់ណាស់បើការងារមានស្រួល បានលុយរាល់ថ្ងៃ ហើយឥឡូវជួនណាធ្វើ ជួនណាអត់ហ្នឹងពីរ បីថ្ងៃ បាន ធ្វើមួយថ្ងៃហ្នឹង ហើយបើមានការងារធ្វើទំនេរចេះអត់អីទេ ដល់បន្លែគេឈប់ដាំអ៊ីចឹងយ៉ាប់ណាស់អង្ករផង ភ្លើងផងរត់អត់រួចទេ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបជុំវិញការរកឃើញនេះ ពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃទី៥ ខែមករា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហាតម្លៃទីផ្សារនេះដូចជាជំងឺរ៉ាំរៃមួយដែលធ្វើឱ្យជីវភាពកសិករជាច្រើននៅតែមានជីវភាពក្រលំបាក និងជំពាក់បំណុលដដែល។ លោក យង់ គិមអេង ថា រដ្ឋាភិបាលគួរបញ្ជូនមន្ត្រីរបស់ខ្លួនទៅស្វែងរកទីផ្សារដល់កសិករ បណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករ និងផ្អាកការនាំចូលបន្លែគីមីពីប្រទេសវៀតណាម។
លោក យង់ គិមអេង៖ «កាលណាតែយើងអត់មានកំណត់ស្តង់ដារទេ គឺវាអាចប៉ះពាល់ទៅដល់កសិករហ្នឹងច្រើន ប្រភេទណាក៏នាំបាន គុណភាពមិចក៏នាំបាន គឺមានផលប៉ះពាល់ធំណាស់ រឿងទីមួយ រឿងទីពីរប្រសិនបើវាជន់ វាប៉ះពាល់ដល់បន្លែនៅក្នុងស្រុកយើងកាត់បន្ថយការនាំចូល ឬផ្អាកការនាំចូលគឺអត់ខុសច្បាប់WTOទេ វានៅក្នុងវិធានការនៃការការពារ»។
កាលពីចុងឆ្នាំ២០២២ របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចូលបន្លែជិត២ ពាន់ ៥រយតោន (២.៥០០តោន ) ក្នុង១ថ្ងៃៗ ដោយសារតែផលិតកម្មដំណាំបន្លែក្នុងស្រុកមានបញ្ហាប្រឈមច្រើន មិនអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេសបានគ្រប់គ្រាន់។ ក្រសួងថា ការនាំបន្លែពីក្រៅប្រទេសដោយសារកម្ពុជា មានបញ្ហាបច្ចេកទេសដាំដុះ សម្ភារកសិកម្មថ្លៃ និងគ្រោះធម្មជាតិ ទើបវិស័យឯកជនបាននាំចូលបន្លែពីក្រៅស្រុកបន្ថែម ដើម្បីមកបំពេញតម្រូវការ។ ទោះជាយ៉ាងណាកសិករច្រានចោលការថា ការលើកឡើងក្រសួងផ្ទុយពីភាពជាក់ស្ដែងដោយសារតែពួកគាត់ក៏អាចដាំបន្លែបានល្អ ប៉ុន្តែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ ក្នុងការជួយដល់ពលរដ្ឋ ដូចជាការរក្សាទុកទីផ្សារក្នុងស្រុកសម្រាប់ប្រជាកសិកររបស់ខ្លួនជាអាទិភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។