អាជីវករ​លក់​ដូរ​តំបន់​ឆ្នេរ​កែប​ព្រួយ​បារម្ភ​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ការ​ប្រកប​អាជីវកម្ម​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ

0:00 / 0:00

ក្រុម​អាជីវករ​ប្រមាណ ១រយ​គ្រួសារ (១០០) ដែល​ជួល​តូប​ប្រកប​របរ​អាជីវកម្ម​បម្រើ​សេវាកម្ម​ភ្លៀវ​ទេសចរ​នៅ​តំបន់​ឆ្នេរ​ក្រុង​កែប​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ បន្ទាប់​ពី​អភិបាល​ក្រុង​កែប​បាន​រុះរើ​សម្ភារៈ​អាជីវករ​មួយ​ចំនួន​ក្រោម​ហេតុផល​រៀប​ចំ​សណ្ដាប់​ធ្នាប់។ មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​តែ​ប្រឈម​រង​ភាព​អយុត្តិធម៌ ដោយ​សារ​តែ​អាជ្ញាធរ​រដ្ឋ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​កន្លែង​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល ដើម្បី​យក​ទីតាំង​ដែល​មាន​សក្ដានុពល​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​អ្នក​មាន​អំណាច។

ក្រុម​អាជីវករ​លក់​ដូរ​នៅ​តាម​តំបន់​ឆ្នេរ​កែប​មួយ​ចំនួន​រិះគន់ លោក ខេង យ័ន ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​កែប​ថា មាន​ជំងឺ​រៀប​ឫក​មិន​ទាន់ ដោយសារ​តែ​អភិបាល​ក្រុង​រូប​នេះ បាន​ចុះ​ព្រមាន​ពលរដ្ឋ និង​បាន​រុះរើ​តូប​អាជីវករ​លក់​ដូរ​តាម​ឆ្នេរ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់ ដោយ​ក្រោម​ហេតុ​ផល​ថា ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់​សាធារណៈ។

អ្នក​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​នៅ​តាម​តំបន់​ឆ្នេរ​កែប លើក​ឡើង​ថា ពួកគាត់​មួយ​ចំនួន​បាន​ជួល​តូប និង​កញ្ចុះ​លក់​ដូរ​នៅ​ខាង​មុខ​ឆ្នេរ​កែប​ច្រើន​ឆ្នាំ​មក​ហើយ។ ពួកគាត់​រិះ​គន់​ថា ចំណាត់​ការ​អាជ្ញាធរ​ក្រុងកែប​រឹត​ត្បិត​ពលរដ្ឋ​មិន​ឱ្យ​លក់​ដូរ ព្រម​ទាំង​រឹប​អូស​សម្ភារៈ​អាជីវករ ដើម្បី​បង្ខំ​ឱ្យ​មាន​ការ​រុះរើ​តូប​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់​តែ​ដុន​ដាប។

អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​កែប​ម្នាក់​គឺ កញ្ញា ម៉ុម គន្ធធឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៣ តុលា​ថា ម្ដាយ​កញ្ញា​បាន​ជួល​តូប និង​កញ្ចុះ ដើម្បី​ប្រកប​របរ​អាជីវកម្ម​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​នេះ ជាង២០ ឆ្នាំ​មក​ហើយ។ កញ្ញា​បញ្ជាក់​ថា ការ​ជួល​តូប​លក់​ដូរ​តាម​តំបន់​ឆ្នេរ​កែប ក្រុម​អាជីវករ​ភាគ​ច្រើន​មាន​ការ​ចុះ​កុត្រា ដើម្បី​តម្កល់​លុយ​មួយ​ចំនួន​ធំ​ជាមួយ​ក្រុមហ៊ុន​ឯក​ជន។ ចំណែក កញ្ចុះ​ដែល​អាជីវករ​ជួល​នៅ​តាម​តំបន់​ឆ្នេរ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ជាង ៣រយ​ដុល្លារ (៣៥០ដុល្លារ) ទៅ ៤រយ​ដុល្លារ (៤០០ដុល្លារ) ក្នុង​មួយ​ខែ។ កញ្ញា​ថា ខ្លួន​មិន​គាំទ្រ​ចំពោះ​ចំណាត់​ការ​អាជ្ញាធរ​ដែល​រឹត​ត្បិត និង​ព្រមាន​ឱ្យ​អាជីវករ​ទៅ​ជួល​តូប​ផ្សេង​បែប​នេះ​ឡើយ។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ មាន​អាជីវករ​មួយ​ចំនួន​ធំ​ហើយ​ដែល​ពួកគាត់​បាន​សម្រេច​ចិត្ត​រុះរើ​តូប​ទាំង​បង្ខំ ដោយ​ពួក​គាត់​លើក​ឡើង​ថា អាជីវករ​គ្មាន​អំណាច​តវ៉ា​ជា​មួយ​អាជ្ញាធរ​រដ្ឋ​ឡើយ។

កញ្ញា ម៉ុម គន្ធធឿន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ទៀត​ថា ក្រុង​កែប​ទៅ​ថ្ងៃ​អនាគត​នឹង​មាន​វាសនា​មិន​ខុស​ទី​ក្រុង​កំពង់​សោម​នោះ​ទេ ខណៈ​ជន​ជាតិ​ចិន​សម្រុក​មក​ខេត្ត​នេះ​កាន់​តែ​ច្រើន ហើយ​អាជ្ញាធរ​បែរ​ជា​បណ្ដេញ​ពលរដ្ឋ​ឱ្យ​ចាក​ចេញ​ពី​ទីតាំង​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ជា​បន្ត​បន្ទាប់៖

«អភិវឌ្ឍ​កន្លែង​ណា​ដែល​មាន​ការ​រីក​ចម្រើន​ហើយ តែ​កន្លែង​ណា​ដែល​អត់​ទាន់​រីក​ចម្រើន​គាត់ [អាជ្ញាធរ] អត់​មាន​ការ​អភិវឌ្ឍ​ទេ គាត់​យក​តែ​កន្លែង​ប្រជាជន​រក​ស៊ី យក​ទៅ​អភិវឌ្ឍ​ធ្វើ​ជា​របស់​ខ្លួន​ឯង​ក៏​មាន​ដែរ។ សូម្បី​តែ​លើ​តូប​ខ្ញុំ​ជា​ដី​របស់​ក្រុមហ៊ុន​ធ្វើ​ជួល​ឱ្យ​សម្រាប់​ពួក​ខ្ញុំ ក៏​គាត់ [អាជ្ញាធរ] ខាង​ខ្ញុំ​រុះរើ​ចេញ​ដែរ។ តែ​ត្រង់​ថា ពេល​ដាច់​អាណត្តិ​ទៅ​គាត់ [ក្រុមហ៊ុន​ជួល​កញ្ចុះ] លែង​ជួល​ឱ្យ​ពួក​យើង គាត់​ជួល​ឱ្យ​ខាង​ណា​ផ្សេង​ដែរ​គេ​មាន​លុយ​អ៊ីចឹង​ដែល​គេ​មាន​លុយ​ច្រើន​សម្រាប់​ជួល។ ប្រសិន ជួល​ឱ្យ​ពលរដ្ឋ​ក្រុង​កែប​ហ្មង​អត់​​បាន​ថ្លៃ ដូច​ថា មួយ​កញ្ចុះ ៣ទៅ ៤រយ​ដុល្លារ​អ៊ីចឹង គេ​គិត​ថា​អត់​គ្រប់​គ្រាន់ គេ​ជួល​ឱ្យ​ចិន​ដែល​មាន​តម្លៃ​លុយ​ខ្ពស់​អ៊ីចឹង គេ​ជួល​ឱ្យ​ចិន​ហើយ​ខ្ញុំ​គិត​អ៊ីចឹង»។

អាជីវករ​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​ថ្ងៃ​ខាង​មុខ​ជន​ជាតិ​ចិន​ចូល​មក​វិនិយោគ​តាម​តំបន់​ឆ្នេរ​កែប នោះ​ពលរដ្ឋ​នឹង​បាត់​បង់​ទីតាំង​ប្រកប​មុខ​របរ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួកគាត់​កាន់​តែ​មាន​ជីវភាព​ក្រីក្រ។ ម្យ៉ាង​វិញ​ទៀត កញ្ញា ម៉ុម គន្ធ​ធឿន ជឿ​ថា​ទីតាំង​តូប​ដែល​ក្រុមហ៊ុន​ចិន​ជួល​ឱ្យ​អាជីវករ​លក់​ដូរ ក៏​អាច​មាន​តម្លៃ​ថ្លៃ ជាង​ចំណូល​ពលរដ្ឋ​រក​បាន​ប្រចាំ​ថ្ងៃ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង អភិបាល​ក្រុង​កែប លោក ខេង យ័ន និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កែប​គឺ លោក វ៉ោ សុខា ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៣ តុលា។

សេចក្ដី​ជូន​ដំណឹង​រដ្ឋបាល​ក្រុង​កែប​កាល​ពី​ថ្ងៃ​ទី០៦ តុលា កន្លង​ទៅ​ឱ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​កែប​នឹង​ចុះ​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​អាជីវករ​អំពី ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​សាធារណៈ អនាម័យ និង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អាជីវករ​ត​សំ​យ៉ាប ចង​តង់ ដាក់​តុ​កៅ​អី លក់​ដូរ​ដែល​រំលោភ​លើ​ផ្លូវ​សាធារណៈ​ឡើយ។ រដ្ឋ​បាល​ក្រុង​កែប​ថា បើ​អាជីវករ​ណា​មិន​គោរព​តាម នោះ​កម្លាំង​ជំនាញ​នឹង​ចុះ​រុះរើ​ដោយ​មិន​ខ្វល់​អំពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​លក់​ដូរ​ឡើយ។

ក្រុម​អាជីវករ​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​អាជីវករ​ដែល​កំពុង​លក់​ដូរ​នៅ​ខាង​មុខ​ឆ្នេរ​ទាំង​អស់ ទៅ​ជួល​តូប និង​កញ្ចុះ​របស់​ក្រុមហ៊ុន​ឯក​ជន​មួយ​ដែល​ពួក​គាត់​ស្គាល់​ឈ្មោះ ប៉ុន្តែ​ពួក​គាត់​ដឹង​ត្រឹម​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​សាង​សង់​គម្រោង​ជិះ​ខ្សែ​រ៉ក​ពី​ភ្នំ​ឧទ្យាន​ក្រុង​កែប ទៅ​ដល់​ចំណុច​ខាង​លិច​នៃ​ឆ្នេរ​ដែល​គេ​ហៅ​ថា តំបន់​ដំណាក់​ស្ដេច ឬ​កញ្ចុះ​ពីរ​ជាន់។ អាជីវករ​ថា តម្លៃ​នៃ​ការ​ជួល​តូប​ក្រុមហ៊ុន​នោះ​អាច​រហូត ៦រយ​ដុល្លារ (៦០០) ក្នុង​មួយ​ខែ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) គឺ​លោក វន់ ពៅ ព្រួយ​បារម្ភ​ថា អាជីវករ​ដូរ​ក្រុង​កែប​នឹង​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ដែល​ធ្វើ​ឱ្យ​អាជីវករ​កាន់​តែ​លំបាក​ផ្នែក​សេដ្ឋកិច្ច។ លោក​ថា ការ​អភិវឌ្ឍ ឬ​រៀប​ចំ​សណ្ដាប់​ធ្នាប់​របៀប​គំរាម និង​ដាក់​សម្ពាធ​ដល់​ពលរដ្ឋ​បែប​នេះ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ជាក់​ស្ដែង​ដូច​ជា​នៅ​ក្រុង​កំពង់​សោម​ជា​ដើម។ ប៉ុន្តែ ក្រោយ​មក​លោក​ថា​អាជ្ញាធរ​បែរ​ជា​យក​ទីតាំង​ដែល​មាន​សក្ដានុពល​ឱ្យ​ក្រុមហ៊ុន​សាង​សង់​អគារ​បនល្បែង​រំលោភ​លើ​ដី​ឆ្នេរ​រដ្ឋ​តាម​អំពើ​ចិត្ត៖

«តំបន់​ទេសចរណ៍​មិន​មែន​ជា​សម្រាប់​តែ​អ្នក​វិនិយោគ ឱ្យ​ក្រុមហ៊ុន​ធំៗ​ហើយ ដេញ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ម្ចាស់​ទឹក ម្ចាស់​ដី អត់​មាន​ការ​ទទួល​ខុស​ត្រូវ។ យើង​មាន​ការ​ព្រួយ​បារម្ភ​គាត់​អាច​បាត់​អាជីវកម្ម បាត់​មុខ​របរ​របស់​គាត់។ ស្រុក​យើង​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​មាន​ការ​រៀប​ចំ​ដេញ​គាត់​ហើយ ធ្វើ​តូប​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​ធ្វើ​តូប​លក់​ឱ្យ​គាត់ [អាជីវកម្ម] ក្នុង​តម្លៃ​ថ្លៃ ដែល​គាត់​មិន​អាច​ទទួល​យក​បាន ពី​ព្រោះ​ប្រាក់​ចំណូល​បន្ទាប់​ពី​កូវិដ​មក ប្រាក់​ចំណូល​ធ្លាក់​ចុះ​យ៉ាង​គំហុក​ហើយ ដេញ​គាត់ ហើយ​ឱ្យ​គាត់​ទិញ​តូប​ក្នុង​តម្លៃ​ថ្លៃ​ទៀត។ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​អយុត្តិធម៌​ណស់​សម្រាប់​ពួកគាត់​ដែល​ជា​អ្នក​ប្រកប​មុខ​របរ​អាជីវកម្ម រក​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​នោះ»។

ក្រុម​អាជីវករ​ក្រុង​កែប​មួយ​ចំនួន​លើកឡើង​ថា ចេតនា​អាជ្ញាធរ​ព្រមាន និង​រឹត​ត្បិត​អាជីវករ​ឱ្យ​បញ្ឈប់​ការ​លក់​ដូរ​តាម​តំបន់​ឆ្នេរ​បែប​នេះ គឺ​អាជ្ញាធរ និង​ថ្នាក់​ដឹក​នាំ​ខេត្ត​នេះ​យក​តំបន់​ឆ្នេរ ដើម្បី​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ឬ​អ្នក​មាន​អំណាច ដ្បិត​ពួកគេ​ទាំង​នោះ​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ក្រុម​ឈ្មួញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។