អាជីវករស្នើសុំអាជ្ញាធរបើកផ្សារសាមគ្គីខេត្តប៉ៃលិន ឬហៅក្រៅថា ផ្សារប៉ាហ៊ី ឲ្យពួកគាត់ចូលលក់ដូរវិញ។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្ត បានបិទខ្ទប់ផ្សារប៉ាហ៊ីជាងមួយខែមកហើយ នៅមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីបើកផ្សារឲ្យអាជីវករចូលលក់ដូរវិញនៅឡើយទេ។
ការបិទផ្សារប៉ាហ៊ីជាង១ខែមកនេះ បណ្ដាលឲ្យអាជីវករជាច្រើននាក់បានបាត់បង់ប្រាក់ចំណូលទាំងស្រុង ស្របពេលដែលពួកគាត់ភាគច្រើនកំពុងប្រឈមបញ្ហាជីវភាព និងគ្មានលទ្ធភាពសងប្រាក់ធនាគារ។ អាជីវករម្នាក់លក់ខោអាវជជុះ ក្នុងផ្សារប៉ាហ៊ី សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៤ ខែសីហាថា ក្រុមអាជីវករកំពុងពិបាកចិត្តដោយសារការបិទផ្សារនេះយូរមកហើយ តែអាជ្ញាធរនៅតែមិនទាន់កំណត់ពេលវេលាបើកផ្សារឲ្យដំណើរការវិញនោះទេ។
អ្នកលក់រូបនេះបន្តទៀតថា ក្នុងរយៈពេលបិទខ្ទប់ផ្សារប៉ាហ៊ី អាជ្ញាធរបានអនុញ្ញាតឲ្យអាជីវករខ្លះ ទៅសង់តូបតូចៗបណ្ដោះអាសន្នលក់នៅដីឡូត៍មួយកន្លែងក្បែរផ្សារ។ ប៉ុន្តែមានអាជីវករតិចតួចណាស់ បានសាងសង់តូបៗ ឯភាគច្រើនគ្មានលទ្ធភាពសាងសង់តូបថ្មីទេ។ អាជីវករខ្លះ នាំគ្នាក្រាលកន្ទេល ឬតង់ដាក់តាំងលក់ទំនិញនៅលើដីវាល ហាលក្ដៅឬត្រូវលក់លើភក់ជ្រាំ នៅពេលភ្លៀងធ្លាក់ម្ដងៗ ព្រោះទីតាំងថ្មីនេះ គ្មានដំបូល គ្មានហេដ្ឋារចនាសម្ព័ន្ធជាផ្សារត្រឹមត្រូវឡើយ។ អាជីវកររូបនេះបានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា៖ « ចង់និយាយថា បិទមួយពន្លាកទៅ អា១៨ ( មិថុនា ) ហ្នឹងបិទមួយសារ។ មកអាខែ៨បិទមួយសារទៀតទៅ ហើយឥឡូវហ្នឹងគេថា ឲ្យទៅលក់អាផ្សារនៅភក់ហ្នឹង ហើយគេនិយាយរឿងអនាម័យ ហើយអនាម័យហ្នឹងមើលទៅអាផ្សារដែលអាជីវករលក់ដូរហ្នឹង ដូចស្អាតជាងអាផ្សារថ្មីហ្នឹងផងអូន។ ដូចអត់យល់ទេអូន ជំទាវតាំងពីគាត់មកកាន់ថ្មី អត់មានក្រៅពីរើរុះហ្មង។ និយាយដំណាក់កាលគាត់ចុះមកដល់ភ្លាម គាត់រើហែងជុំវិញភ្នំយ៉ាត អាជីវករដែលគាត់លក់ដូរអ្វីតិចតួច។ លើកទី២ មកដេញជុំវិញសួន លើកទី៣ មកដេញដល់ផ្សារ និយាយពីដេញរហូត រត់អត់ស្វាងសោះ មិនដឹងគាត់គិតយ៉ាងម្ដេច ?»។
អាជីវករនៅផ្សារប៉ាហ៊ីម្នាក់ទៀត គឺជាអ្នកលក់បន្លែ ផ្លែឈើ លោកស្រី ណា រុំ ក៏ខកចិត្តចំពោះអាជ្ញាធរដែរ ដែលបានលើកពេលបើកផ្សារម្ដងហើយម្ដងទៀត។ លោកស្រីឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនលោកស្រី លឺថាអាជ្ញាធរខេត្តនឹងចុះមកពិនិត្យមើលស្ថានភាពផ្សារប៉ាហ៊ីនៅរសៀលថ្ងៃទី២៤ ខែសីហា ប៉ុន្តែត្រូវខកខានវិញដោយសារអាជ្ញាធរជាប់រវល់ចុះចែកអំណោយផ្លែមៀន និងផ្លែតាង៉ែន តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អាជីវករវ័យចំណាស់រូបនេះអះអាងទៀតថា ជាងមួយខែមកនេះ លោកស្រីត្រូវលក់ដូរក្នុងស្ថានភាពឆក់កណ្ដៀតនៅក្បែរផ្សារ ដោយត្រូវរើកញ្ជើពីកន្លែងមួយទៅកន្លែងមួយ តាមការដេញរបស់អាជ្ញាធរ។ លោកស្រី សំណូមពរឲ្យអាជ្ញាធរពន្លឿនការបើកផ្សារប៉ាហ៊ីឡើងវិញ ដើម្បីលោកស្រី មានលទ្ធភាពលក់ដូររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៖ « មហាសែនខ្លាច អ្នកណាមួយដែលមិនខ្លាច ( ឆ្លងកូវីដ ) ងាប់ អ្នកណាមិនខ្លាចងាប់ ខ្លាចដូចគ្នា ប៉ុន្តែបើយើងខ្លាចកូនបានអ្វីស៊ី។ មួយផ្ទះ មាត់៧ ៨ ឬ៩នាក់ បើយើងមិនរក យើងបានអ្វីញ៉ាំ។ រាល់ថ្ងៃនេះ អារឿងខ្លាចមហាសែនខ្លាចហើយ តែមិនដឹងធ្វើយ៉ាងម្ដេចទ្រាំទៅ។ ការពារទៅ មានអាកុល មានម៉ាស់អ្វីអ៊ីចឹងទៅ។ បើយើងធ្វើចម្ការវិញ ចម្ការក៏អត់មានទីផ្សារចេញ ស្វាយក៏ខាត តាង៉ែនក៏ខាត មិនដឹងសង្ឃឹមអ្វី ! អត់មានសង្ឃឹមសោះបណ្ដោយ»។
ផ្សារសាមគ្គីខេត្តប៉ៃលិន ឬផ្សារប៉ាហ៊ីនេះស្ថិតនៅសង្កាត់ប៉ៃលិន ក្នុងក្រុងប៉ៃលិន។ ផ្សារនេះ មានអាជីវករលក់ដូរសរុបទាំងក្នុងផ្សារ និងក្រៅផ្សារប្រមាណប្រាំមួយរយ (៦០០) នាក់។ អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ បានបញ្ជាឲ្យបិទខ្ទប់ផ្សារ និងផ្អាកការលក់ដូរក្នុងផ្សារនេះ តាំងពីថ្ងៃទី១៨ ខែមិថុនា ក្រោយពេលរកឃើញអាជីវករ២នាក់ប្ដីប្រពន្ធ លក់គ្រឿងក្រអូបក្នុងផ្សារបានឆ្លងជំងឺកូវីដ-១៩។ ក្រោយមក នៅថ្ងៃទី៤ ខែសីហា អាជ្ញាធរប្រកាសបន្តការបិទខ្ទប់ផ្សារនេះបន្តទៀត ដោយអាជ្ញាធរបានចោទប្រកាន់ថា មានអាជីវករខ្លះល្មើសបម្រាមរដ្ឋបាលខេត្តដោយនាំគ្នាទៅបើកតូបលក់ដូរដោយមិនទាន់មានការប្រកាសអនុញ្ញាតពីអាជ្ញាធរ។
ទោះជាយ៉ាងណាក្រុមអាជីវករខ្លះអះអាងថា កាលនោះពួកគាត់ទទួលបានដំណឹងតៗគ្នាថា ខាងគណ:កម្មការផ្សារឲ្យនាំគ្នាមករៀបចំបោសសម្អាតតូប និងត្រៀមលក់ដូរឡើងវិញ ទើបពួកគាត់នាំគ្នាទៅផ្សារ និងមានអាជីវករខ្លះប្រថុយបើកលក់ឡើងវិញ ព្រោះពួកគាត់ព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃ និងគ្មានលទ្ធភាពរកប្រាក់សងបំណុលធនាគារ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្ត និងជានាយករដ្ឋបាលសាលាខេត្តប៉ៃលិនអ្នកស្រី គុំ ចាន់ធារី និងអភិបាលខេត្ត អ្នកស្រីបាន ស្រីមុំ បានទេ នៅថ្ងៃទី២៤ ខែសីហា។
ទោះជាយ៉ាងណាសង្គមស៊ីវិល គាំទ្រវិធានការរដ្ឋបាលក្នុងការបិទខ្ទប់តំបន់ណាមួយ ក្នុងរយៈពេលច្បាស់លាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អ្នកសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបង និងខេត្តប៉ៃលិនលោក យិន ម៉េងលី មិនជំទាស់នឹងវិធានការបិទខ្ទប់ផ្សារប៉ាហ៊ីទេ ប៉ុន្តែលោកយល់ថាអាជ្ញាធរគួរតែកំណត់រយៈពេលច្បាស់លាស់ ក្នុងការបើកផ្សារឲ្យដំណើរការវិញ ព្រោះអាជីវករពឹងផ្អែកទាំងស្រុងលើការលក់ដូរ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ លោកក៏ជំរុញឲ្យអាជ្ញាធររៀបចំទីតាំងឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព សម្រាប់ឲ្យអាជីវករលក់ដូរបណ្ដោះអាសន្ន ក្នុងពេលបិទខ្ទប់ផ្សារនេះ៖ «នៅពេលដែលបិទ រាជរដ្ឋាភិបាលលោកអត់មានថវិកាឲ្យទេ អត់មានថវិកាចិញ្ចឹមទេ ដូចជាប្រទេសអភិវឌ្ឍន៍មួយចំនួននៅលើពិភពលោក គេមានថវិកា អាហ្នឹងវាអត់មានបញ្ហាទេ។ អ៊ីចឹងបញ្ហាយើងនេះ ក្រៅពីហូបចុកហើយ ជំពាក់ធនាគារទៀត។ អ៊ីចឹងធ្វើអ្វីមួយក៏ដោយ ត្រូវតែអនុលោមទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ ទី១។ ទី២យើងត្រូវរៀបចំកន្លែងឲ្យគាត់លក់ យើងមើលកន្លែងសមរម្យឲ្យគាត់លក់ ហើយពន្យល់គាត់ពីគម្លាតការរក្សាអនាម័យដើម្បីអនុវត្តទៅតាមវិធានការសុខាភិបាល»។
បើទោះជាអាជ្ញាធរធ្លាប់អះអាងថា ការបិទផ្សារក្នុងរយៈពេលយូរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏ការឆ្លងជំងឺកូវីដ-១៩ ហាក់មិនបានថយចុះដែរ។ ផ្ទុយទៅវិញ ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ នៅតែមានអត្រាខ្ពស់ដដែល ស្របពេលដែលអាជីវករត្រូវបាត់បង់ប្រាក់ចំណូលយ៉ាងគំហុក អំឡុងពេលបិទខ្ទប់ផ្សារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។