ការ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​លាង​លុយ​កខ្វក់ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា អ្នក​វិនិយោគ​ល្អៗ មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា

ដោយ ខែ សុណង
2022.04.29
Share on WhatsApp
Share on WhatsApp
ការ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​លាង​លុយ​កខ្វក់ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា អ្នក​វិនិយោគ​ល្អៗ មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា
រូប៖ ហ្វេសប៊ុកក្រសួងសាធារណការ និង​ដឹកជញ្ជូន

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា​ នៅ​ពេល​សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​រក​ឃើញ​ថា ​កម្ពុជា​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់ ក្នុង​ការ​ត្រួត​ពិនិត្យ​សកម្មភាព​លាង​លុយ​កខ្វក់ ​នឹង​​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ហើយ​បញ្ហា​នេះ​អាច​រនាំង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ល្អៗ មិន​ហ៊ាន​មក​​រកស៊ី​​នៅ​កម្ពុជា​។​ ឆ្លើយ​តប​ការ​ព្រួយ​បារម្ភ​ថា​ មន្ត្រី​រដ្ឋាភិបាល​ អះអាង​ពេល​នេះ កម្ពុជា​មាន​ច្បាប់​ និង​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។

មន្ត្រី​សង្គម​ស៊ីវិល ​ជំរុញ​ទៅ​រដ្ឋាភិបាល បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ឲ្យ​មាន​ប្រសិទ្ធភាព។

ពួក​គេ​ចង់​ឃើញ មាន​ការ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ​ពី​ប្រភព​នៃ​លំហូរ​​ទុន​វិនិយោគ​របស់​បរទេស ជាពិសេស​ពី​ប្រទេស​កុម្មុយនិស្ត​ចិន និង​កន្លែង​កាស៊ីណូ​ធំៗ ជា​ដើម។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា បញ្ហា​ដែល​កម្ពុជា​ជាប់​ក្នុង​ប្រទេស​លាង​លុយ​កខ្វក់​ មិនមែន​ជា​រឿង​តូចតាច​នោះ​ឡើយ។ លោក​បន្ត​ថា បញ្ហា​នេះ បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​គ្មាន​ស្ថិរភាព និង​ធ្វើឲ្យ​ឈ្មួញ​ល្អៗ របស់​កម្ពុជា ពិបាក​សហការ​ពាណិជ្ជកម្ម​បរទេស​​ ហើយ​អ្នក​វិនិយោគ​អន្តរជាតិ​ល្អៗ ក៏​មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា​ដែរ។ លោក​ព្រួយ​បារម្ភ​ថា បើ​រឿង​នេះ​មិន​បាន​កែលំអ កម្ពុជា​អាច​ប្រឈម​ជាប់​ទណ្ឌកម្ម ឬ​មាន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​ក្រុម​ប្រទេស​សេរី ឬ​សហភាព​អឺរ៉ុប៖ «ធម្មតា​សហគមន៍​អឺរ៉ុប​ គេ​តែង​មាន​នីតិវិធី​គេ​ច្បាស់លាស់​ដូច​ករណី​អ៊ីប៊ីអេ (EBA) អ៊ីចឹង​ បាទ​អ៊ីចឹង​ករណី​នេះ គេ​ក្រើន​រំលឹក គឺ​សុទ្ធ​តែ​មាន​ផែនការ​របស់​គេ​ហើយ បន្ទាប់​ពី​ក្រើន​រំលឹក​ហើយ​គេ​ធ្វើ​អីៗ បន្ត​ទៀត​ហើយ»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ សង្កេត​ឃើញ​ថា​ មាន​អាជីវកម្ម​ស្រមោល​ខ្លះ​ ជាពិសេស វិស័យ​កាស៊ីណូ និង​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ លោក​បន្ត​ថា​ កន្លង​មក​ស្ថាប័ន​អន្តរជាតិ​ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្កើន​ការ​ស៊ើបអង្កេត​ ស្វែង​រក និង​ដាក់​ទោស​ទណ្ឌ លើ​អ្នក​ពាក់ព័ន្ធ​នៃ​ការ​លាង​លុយ​កខ្វក់​ឲ្យ​មាន​ប្រសិទ្ធភាព«អ្វី​ដែល​យើង​បារម្ភ គឺ​កម្ពុជា​នៅតែ​គេ​ចាត់​ទុក​ថា ជា​ដែនដី​មួយ​មាន​នីតិរដ្ឋ​នៅ​ខ្សោយ​នៅ​ឡើយ ហើយ​ក្នុង​នោះ​គម្រោង​យុត្តិធម៌​ពិភព​លោក​ជា​ច្រើន​គាត់​នៅ​តែ​លើកឡើង​ថា កម្ពុជា​នៅ​មាន​នីតិរដ្ឋ​ខ្សោយ​​​ អភិបាលកិច្ច​ខ្សោយ​មិន​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច​ច្បាស់លាស់ អ៊ីចឹង​កម្ពុជា​គួរ​តែ​មើល​ភាព​សំខាន់ៗ​ដើម្បី​​ឲ្យ​រំកិល​ខ្លួន​ចេញ​បញ្ជី​ប្រផេះ»

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ដូច្នេះ​ ក្រោយ​ពេល​សហភាព​អឺរ៉ុប​រំលឹក​រដ្ឋាភិបាល​កម្ពុជា​ថា កម្ពុជា​បន្ត​ស្ថិត​ក្នុង​បណ្ដា​ប្រទេស​លាង​លុយ​កង្វក់ ដែល​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការ​ត្រួត​ពិនិត្យ​សកម្មភាព​លាង​លុយ​កង្វក់ តាមរយៈ​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​ខ្លួន។ គណៈកម្មការ​សហភាព​អឺរ៉ុប (EC) ថ្មីៗ នេះ បាន​បង្ហាញ​ដែរ​ថា ​នៅ​តែ​​​មាន​ធូរ​លុង ក្នុង​ការ​​​តាមដាន​​លើ​អតិថិជន​ ពី​ការ​សង្ស័យ​ថា តើ​បាន​លុយ​ដ៏​ច្រើន​ផ្ញើ​មក​ពីណា និង​តើ​ប្រទេស​ដែល​អតិថិជន​ផ្ញើ​លុយ​ចេញ​មក​ ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​លាង​លុយ​កង្វក់ ឬ​យ៉ាងណា​នោះ​ទេ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់​ថា ការ​លើក​ឡើង​របស់​សភាព​អឺរ៉ុប​​បែប​នេះ អាច​មក​ពី​សហភាព​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់។ លោក​ឲ្យ​ដឹង​ទៀ​ថា កម្ពុជា​មាន​ច្បាប់​ និង​កំពុង​អនុវត្ត​ ហើយ​ថែម​ទាំង​មាន​ប្រទេស​អូស្ត្រាលី​កំពុង​ជួយ​កម្ពុជា​ក្នុង​រឿង​នេះ«ជា​យន្តការ​យើង​មាន ជា​ច្បាប់​យើង​មាន​ហើយ​ យើង​កំពុង​តែ​អនុវត្ត​ច្បាប់​ហ្នឹង​មិនមែន​បាន​សេចក្ដី​ថា យើង​ព្រងើយកន្តើយ​ទេ។ យើង​សង្ឃឹម​ថា​ នៅ​ពេល​គេ​(សហភាព​អឺរ៉ុប)​​នៃ​ការ​វាយ​តម្លៃ យើង​នឹង​បាន​ចាកចេញ​ពី​បញ្ជី​ប្រផេះ​ហ្នឹង​ហើយ បាទ»

ទោះ​ជា​លោក ផៃ ស៊ីផាន អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ថា ពេល​នេះ ទោះ​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​នេះ ប៉ុន្តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​អនុវត្ត​ច្បាប់​ ដើម្បី​ឲ្យ​កម្ពុជា​ចាក​ចេញ​ពី «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់។

ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Taskforce, FATF) ដែល​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​ខាង​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​នៅ​ទូទាំង​ពិភពលោក ក៏​បាន​ដាក់​បញ្ចូល​កម្ពុជា​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ ខាង​អំពើ​លាង​លុយ​កខ្វក់ អស់​រយៈ​ពេល​ជាង ៣ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។