រដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្តឱ្យក្រុមអ្នករកស៊ី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ម័គ្រចិត្តចុះឈ្មោះ ទៅក្នុងបញ្ជីការងាររបស់រដ្ឋ ដោយមិនគិតថ្លៃដើម្បីទទួលបានការថែទាំសុខភាពពីបេឡាជាតិសន្តិសុខសង្គម (បសស) របស់រដ្ឋព្រមទាំងការបណ្ដុះបណ្ដាលលើជំនាញផ្សេងៗ។
ក៏ប៉ុន្តែសហជីពកម្មករ យល់ថា ការជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ ក្នុងបញ្ជីការងាររបស់រដ្ឋនេះ នៅមិនបានផ្ដល់ប្រយោជន៍ឱ្យដូចគ្នា និងបុគ្គលិកដែលធ្វើការនៅតាមក្រុមហ៊ុនឯកជននិងបុគ្គលិករដ្ឋ ដែលមានប្រាក់ធានារ៉ាប់រងនៅពេលគ្រោះថ្នាក់ការងារ និងប្រាក់សម្រាប់ចូលនិវត្តន៍នៅឡើយទេ។
សហជីពកម្មករខ្លះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ គួរតែមានគោលនយោបាយផ្ដល់ប្រាក់ធានារ៉ាប់រងលើគ្រោះថ្នាក់ក្នុងពេលបំពេញការងារនិងប្រាក់នៅពេលចូលនិវត្តន៍ ទៅឱ្យក្រុមអ្នករកស៊ីផ្នែកវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដើម្បីជំរុញឱ្យការចុះបញ្ជីការងាររបស់រដ្ឋមានប្រសិទ្ធភាពខ្ពស់។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ (CCAWDU)លោក អាត់ ធន់ យល់ថា ការចុះឈ្មោះអ្នករកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជារឿងសំខាន់ ដែលអាចឱ្យពួកគេទទួលបានថ្លៃសេវាថែទាំសុខភាព ពីបេឡាជាតិសន្តិសុខសង្គមរបស់រដ្ឋ នៅពេលមានជំងឺ ដែលពួកគេមិនធ្លាប់ទទួលបានពីមុនមកសោះ។ លោកថា ការចុះឈ្មោះ អ្នករកស៊ីផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនោះ មិនទាន់ផ្ដល់ផលប្រយោជន៍ ឱ្យដូចគ្នានិងបុគ្គលិកដែលបំរើការនៅតាមក្រុមហ៊ុនឯកជន ព្រមទាំងបុគ្គលិករដ្ឋនៅឡើយទេ។
លោក អាត់ ធន់ ជំរុញឱ្យរដ្ឋាភិបាល គួរតែមានគោលនយោបាយផ្ដល់ប្រយោជន៍ថែមទៀតដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យដូចគ្នានិងបុគ្គលិកនៅតាមក្រុមហ៊ុនឯកជននានាដែរ។
លោក អាត់ ធន់៖ «ក្នុងនាមតំណាងសហជីពយើងស្នើឱ្យរដ្ឋាភិបាល បើកឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលរបបយ៉ាងហោចណាស់ក៏បានប្រាក់ថ្លៃសេវាថែទាំសុខភាពមួយ និងបានប្រាក់ខែនៅពេលដែលពួកគាត់ចូលនិវត្តន៍ដែរ។ ចំណែកឯចំនួនទឹកប្រាក់ដែលត្រូវបង់ឱ្យ(បសស)ប្រចាំខែវិញនោះ ដោយសារតែពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនសូវមានលុយ ខ្ញុំគិតថារដ្ឋាភិបាលគួរតែជួយចេញ៥០ភាគរយទៅលើរបបដែលត្រូវបង់ទុកសម្រាប់ពេលចូលនិវត្តន៍ដូចជាកម្មករដទៃទៀតដែរ ហើយចំពោះការបង់ប្រាក់ថ្លៃថែទាំសុខភាពប្រសិនបើរដ្ឋអាចជួយចេញ៥០ភាគរយបាន គឺវាល្អ ពីព្រោះកន្លងមក អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគាត់ទទួលខុសត្រូវលើការបង់ដោយខ្លួនឯង គឺចំនួនច្រើនណាស់។ ប៉ុន្តែបើឱ្យគាត់បង់លុយលើរបបផ្សេងទៀត គឺនឹងធ្វើឱ្យគាត់ចេញលុយផ្ទាល់ខ្លួនកាន់តែច្រើនថែមទៀត»។
ការលើកឡើងរបស់សហជីពកម្មករដូចនេះ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថល កាលពីថ្ងៃទី១៦ ខែធ្នូ សម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមអនឡាញ។ រដ្ឋាភិបាលក៏កំពុងលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ដែលជាអ្នករកកម្រៃតាមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ម័គ្រចិត្តចុះឈ្មោះ ឱ្យបានច្រើនថែមទៀតផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញផលប្រយោជន៍នៃការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងបញ្ជីការងាររបស់រដ្ឋនេះ ពីអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បាននៅឡើយនៅថ្ងៃទី១៨ ខែធ្នូ។
ក៏ប៉ុន្តែយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចេញកាលពីថ្ងៃទី១៤ ខែធ្នូ ក្នុងមាត្រា១៦ចែងថា រូបវន្តបុគ្គល ដែលបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានរបបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពពីក្រសួងស្ថាប័នពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ។
បើទោះបីជាយ៉ាងនេះក្តី ក៏អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លះ នៅមិនទាន់ពេញចិត្តចំពោះសេវា ដែលរដ្ឋបានផ្ដល់ឱ្យពួកគេ តាមរយៈការចុះឈ្មោះទៅក្នុងបញ្ជីការងាររបស់រដ្ឋនោះនៅឡើយទេ។
អ្នករត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវទេសចរ ទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាបម្នាក់ លោក ប្រាក់ សារ៉ាន់ មានប្រសាសន៍ថា កន្លងមកក្រុមរបស់លោក ក៏ធ្លាប់ទៅចុះឈ្មោះនៅក្នុងបញ្ជីការងាររបស់រដ្ឋដែរ នៅពេលដែលរដ្ឋប្រកាសចុះឈ្មោះសាកល្បង។ លោកថា ក្នុងការចុះឈ្មោះសាកល្បង ថ្វីត្បិតតែអ្នករកកម្រៃពីសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលប្រយោជន៍ផ្នែកសេវាថែទាំសុខភាពពីបេឡាជាតិសន្តិសុខសង្គមរបស់រដ្ឋក្តី ក៏ពួកគាត់នៅតែមានបញ្ហាជាច្រើនទៀត ដូចជារដ្ឋមិនបានផ្ដល់គោលនយោបាយលើប្រាក់ធានារ៉ាប់រងលើគ្រោះថ្នាក់ក្នុងពេលធ្វើការងារ និងប្រាក់ខែនៅពេលចូលនិវត្តន៍ ឱ្យដូចបុគ្គលិកធ្វើការនៅតាមក្រុមហ៊ុននិងបុគ្គលិករបស់រដ្ឋនៅឡើយ។
លោក ប្រាក់ សារ៉ាន់៖ «ពួកខ្ញុំកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺរដ្ឋអត់មានជួយលើសេវាធានារ៉ាប់រងពេលគ្រោះថ្នាក់ការងារទេ។ ពួកខ្ញុំកំពុងដាក់សំណើទៅរដ្ឋាភិបាលថាបន្ទាប់ពីពួកយើងបានប្រើសេវាថែទាំសុខភាពរបស់ប.ស.ស ហើយគឺយើងនឹងទាមទារឱ្យមានលក្ខខណ្ឌមួយសមរម្យ ដូចជាពេលចាស់ទៅ សូមឱ្យទទួលបានប្រាក់ខែសម្រាប់និវត្តន៍ជន ឱ្យសមរម្យដូចគេដទៃដែរ»។
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធម្នាក់ បន្ទាប់ពីបានចុះឈ្មោះក្នុងបញ្ជីការងាររបស់រដ្ឋរួចហើយ គឺតម្រូវឱ្យបង់ប្រាក់ចំនួនជាង ១ម៉ឺន ៥ពាន់ (១៥.៦០០)រៀល ទៅឱ្យផ្នែកបេឡាជាតិសន្តិសុខសង្គមរបស់រដ្ឋក្នុង១ខែៗ។
ទាក់ទងនិងបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( IDEA) លោក វន់ ពៅ យល់ថា ពលរដ្ឋមួយចំនួនអាចពិបាកក្នុងការរកប្រាក់ទៅបង់ឱ្យបេឡាជាតិសន្តិសុខសង្គមជាប្រចាំខែ ដើម្បីទទួលបានការធានាលើសេវាថែទាំសុខភាពពីរដ្ឋ។ លោកថា បញ្ហានេះក៏អាចនឹងធ្វើឱ្យពលរដ្ឋប្រឈមនិងការពិបាក នៅពេលដែលពួកគេរកប្រាក់ចំណូលបានមិនទៀងទាត់។
លោក វន់ ពៅ៖ «ទន្ទឹមនឹងការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រដ្ឋាភិបាលគួរតែមានគោលនយោបាយច្បាស់លាស់ថា តើរដ្ឋត្រូវបំពេញកាតព្វកិច្ចបែបណា? ក្នុងនាមជាអាជ្ញាធររបស់រដ្ឋ ដើម្បីជួយឱ្យពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនោះរស់នៅមានជីវភាពសមរម្យ មានមុខរបរដែលរកទទួលទានបាន មានភ្ញៀវទេសចរឡើងវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋរកកម្រៃបាននិងមានលទ្ធភាពយកប្រាក់ទៅបង់ឱ្យ(បសស)។ រដ្ឋត្រូវតែធ្វើឱ្យប្រសើរនូវចំណុចទាំងឡាយនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានប្រាក់យកទៅបង់(បសស)ហើយ (បសស) ក៏មានលុយកាន់តែច្រើន ហើយក៏បង្កើនសេវាសម្រាប់សមាជិក ឱ្យកាន់តែច្រើនថែមទៀត។ នេះជាចំណុចសំខាន់ណាស់»។
អង្គការអន្តរជាតិខាងការងារ ( ILO) បានកំណត់និយមន័យថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាអង្គភាពតូចៗដែលផលិតនិងចែកចាយទំនិញនិងអ្នកបំរើសេវាកម្មផ្សេងៗដូចជាផ្នែករត់តុ ជាងកាត់សក់ កសិករ អ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូឌុបជាដើម។
តាមសារព័ត៌មានក្នុងស្រុក កម្ពុជាថ្មី ដែលដកស្រង់របាយការណ៍របស់រដ្ឋាភិបាលមកផ្សាយថាបច្ចុប្បន្ននេះ កម្ពុជាមានកម្លាំងពលកម្មសរុប ប្រមាណជិត ៨(៧,៩)លាននាក់។
ក្នុងចំណោមនោះ កម្លាំងពលកម្មដែលបំរើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជិត ២ (១,៧)លាននាក់ និងអ្នកធ្វើការជាមួយសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ៦(៦,២)លាននាក់។
ចំណែករបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីឆ្នាំ២០២២បង្ហាញថា ការងារនៅកម្ពុជាជាង ៩០ភាគរយជាការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈអ្នកទាំងនេះ ពុំមានប្រាក់ចំណូលស្ថិតស្ថេរ ពុំមានលក្ខខណ្ឌការងារសមរម្យ ពុំទទួលបានកិច្ចគាំពារសង្គម និងគ្មានតំណាងសហជីពនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
