កម្មករ និងសហជីពអះអាងថា រដ្ឋាភិបាលគួរតែអន្តរាគមន៍ជួយផ្អាកការសងបំណុលធនាគារ ទើបជារឿងប្រសើរ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាល បានបន្ថែមវិធានការមួយចំនួន ដើម្បីជួយសេដ្ឋកិច្ចកម្មករ និងវិស័យឯកជន ក្នុងវិបត្តិជំងឺកូវីដ១៩ (Covid-19)។
ការជួយឧបត្ថម្ភបន្តិចបន្តួចរបស់រដ្ឋាភិបាល មិនទាន់គ្រប់គ្រាន់ និងមិនអាចធ្វើឲ្យកម្មករ និងវិស័យឯកជន ដោះស្រាយវិបត្តិសេដ្ឋកិច្ច ក្នុងស្ថានភាពជំងឺកូវីដ១៩នេះទេ។ ពួកគាត់មានបញ្ហាប្រឈមចំពោះមុខ គឺការសងបំណុលធនាគារ ទើបជារឿងលំបាកបំផុត ក្នុងស្ថានភាពនេះ។
កម្មការិនីម្នាក់ ធ្វើការនៅរោងចក្រ ជា ស៊ីណាត (CHEA SINAT GARMENT CO., LTD) ក្នុងខណ្ឌច្បារអំពៅ លោកស្រី អែម លីលី ឲ្យដឹងថា រោងចក្រមួយចំនួន ម្ដុំលោកស្រី ធ្វើការមិនទាន់ព្យួរការងារកម្មករ ដូចកាលពីលើកមុនទេ។ ទោះយ៉ាងណា លោកស្រីមិនចង់ឲ្យរោងចក្រព្យួរការងារទេ ព្រោះលុយឧបត្ថម្ភរបស់រដ្ឋាភិបាល មិនគ្រប់លទ្ធភាពសងបំណុលធនាគារទេ។ កម្មការិនីរូបនេះ ចង់ឲ្យរដ្ឋាភិបាល រកមធ្យោបាយជួយឧបត្ថម្ភ ឲ្យបានច្រើនជាង៤០ដុល្លារ ក្នុងមួយខែ៖ «អូ ! វាមិនគ្រប់គ្រាន់ទេ ចាយវាយ៤០ដុល្លារ បន្តិចទៅវាអស់ហើយ។ ប៉ុន្តែបើគេឲ្យ ក៏យើងបានបណ្ដោះ ធូរមួយភ្លែតអ៊ីចឹងដែរ ហើយបើមិនឲ្យ អត់ហើយ។ ( ៤០ដុល្លារ ) វាមិនបានជួយស្អីទេ គ្រាន់ថា វាបណ្ដោះបានចាយបួន ប្រាំថ្ងៃ តទៀតបាន។ បើថា ឲ្យបណ្ដោះអ្វី មិនបានអ្វីទេ ៤០ដុល្លារនោះបង»។
រដ្ឋាភិបាល បានដាក់ចេញវិធានការ បន្តជួយកម្មករ ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ ក្នុងម្នាក់ ចំនួន៤០ដុល្លារ ហើយថៅកែ ត្រូវជួយឧបត្ថម្ភ លុយ ៣០ដុល្លារ សរុប៧០ដុល្លារ រយៈពេល៣ខែ ចាប់ពីខែមេសាទៅ ក្នុងករណីព្យួរកិច្ចសន្យា ឬពន្យារការព្យួរកិច្ចសន្យា ស្របតាមច្បាប់ការងារ។
រដ្ឋាភិបាល ក៏បន្តលើកលែងការបង់ពន្ធប្រចាំខែ គ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត រយៈពេល៣ខែ ចាប់ពីខែមេសាទៅដែរ។
តែម្ចាស់អាជីវកម្មទាំងនោះ នៅតែជាប់កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ (Online) សម្រាប់ការគ្រប់គ្រងអាករតម្លៃបន្ថែម (E-VAT) រៀងរាល់ខែ។ ការបង់វិភាគទាន របបសន្តិសុខសង្គម ក៏ត្រូវបន្តផ្អាកបង់ ក្នុងរយៈពេលដូចគ្នា។
ក្នុងវិស័យអាកាសចរណ៍ រដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum tax) និងអនុញ្ញាតឲ្យពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល រយៈពេល៣ខែដូចគ្នា។ រដ្ឋាភិបាល ក៏បន្តឧបត្ថម្ភសាច់ប្រាក់ជូនជនគ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តទៀតដែរ។
ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្ម មិនទាន់ពេញចិត្ត នឹងការអនុគ្រោះពន្ធ ឬការជួយឧបត្ថម្ភត្រឹមនេះទេ ព្រោះពួកគាត់ នៅតែប្រឈមការបិទអាជីវកម្មដដែល។
ម្ចាស់សណ្ឋាគារបុរីរតនៈ ខេត្តសៀមរាប លោកស្រី ជួង ណារិន ឲ្យដឹងថា លោកស្រី កំពុងពិចារណា បិទសណ្ឋាគារនេះ ដោយសារ គ្មានភ្ញៀវ និងគ្មានលទ្ធភាពជួលអគារបន្ត។ លោកស្រីឲ្យដឹងថា ត្បិតរដ្ឋាភិបាល បានជួយសម្រួលលក្ខខណ្ឌពន្ធច្រើន តែម្ចាស់សណ្ឋាគារនៅតែជាប់កាតព្វកិច្ច បង់ថ្លៃពន្ធប៉ាតង់ប្រចាំឆ្នាំដដែល។ ទន្ទឹមនឹងនេះ ម្ចាស់សណ្ឋាគារ ក៏ត្រូវបង់ថ្លៃជួលអគារដដែល ខណៈគ្មានភ្ញៀវមកស្នាក់នៅសូម្បីតែម្នាក់ ក្នុងស្ថានភាពវិបត្តិកូវីដ១៩នេះ។ លោកស្រី ចង់ឲ្យរដ្ឋាភិបាលរកយន្តការជួយដល់ម្ចាស់សណ្ឋាគារបន្ថែមទៀត ដើម្បីបន្តអាជីវកម្ម និងរក្សាការងារឲ្យបុគ្គលិក៖ «ដល់ពេលអ៊ីចឹងទៅ ផលលំបាក គឺលំបាកមែនទែនហ្មង។ ពិបាករាល់ថ្ងៃ ចង់តែបិទហ្មង។ តែថា រាល់ថ្ងៃទ្រាំ ព្រោះម្ចាស់អូតែល ( អគារ ) គាត់បានបន្ធូរដែរ។ តែថា បន្ធូរហ្នឹង ក៏ក្នុងន័យថា បើគាត់បន្ធូរតែពាក់កណ្ដាលហ្នឹង បើសិនជាបញ្ហាកូវីដនៅតែបន្ត ក៏អាចឈប់ដែរ មិនយូរទេ។ ទាល់តែគាត់ឈប់យកថ្លៃអូតែលតែម្ដង ទើបទៅរួច»។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២៦ មីនា។
ប្រធានសហព័ន្ធកម្មករវិស័យទេសចរណ៍ និង សណ្ឋាគារ លោក ម៉ម រិទ្ធី យល់ថា ការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល មិនស្មើភាពគ្នាទេ ព្រោះកម្មករ ក្នុងវិស័យផ្សេងទៀត ដូចជា កាស៊ីណូ ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករគ្រប់ប្រភេទ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ១៩ដូចគ្នា ប៉ុន្តែពួកគេទទួលជំនួយតិចតួច ឬខ្លះមិនទទួលបានតែម្តង។
លោកបន្តថា ទាំងកម្មករ និងវិស័យឯកជនទាំងអស់ ចង់ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ពន្យារការសងបំណុលធនាគារទាំងស្រុង ទើបជាចំណុចរួម។ មិនតែប៉ុណ្ណោះ លោកជំរុញឲ្យរដ្ឋាភិបាល បន្ថែមការឧបត្ថម្ភ ប្រាក់ឲ្យកម្មករឲ្យបានគ្រប់វិស័យ៖ «រឿងសំខាន់ គឺធនាគាររាល់ថ្ងៃហ្នឹង វាជារឿងសំខាន់ ព្រោះធនាគារ គេអត់លើកលែងទេ។ ទោះបី គាត់ ( ធនាគារ ) មានគោលការណ៍ថា ឥឡូវផ្អាកបង់ ប៉ុន្តែអាលុយដែលការប្រាក់ និងលុយដើមហ្នឹង យកមកគរធ្វើជាការប្រាក់ វាឡើងទ្វេគុណ ឬមួយ ក៏ឲ្យបង់តែការ ឬក៏បង់តែការប្រាក់ ឬអត់បង់ដើម សុទ្ធតែលុយ វានៅដដែលទេ។ អត់មានរឿងអ្វីជួយសម្រួលបានទេ។ ចុងក្រោយ ពេលចប់កូវីដហ្នឹង ប្រជាជនដែលបង់ធនាគារ នឹងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ហើយ ដោយសារតែអារឿងលុយ ( ជំពាក់ ) គេហ្នឹងហើយ។ តែអាហ្នឹង ជារឿងថ្ងៃអនាគត ចប់កូវីដ តែឥឡូវប្រជាជនរកលុយបង់ ( ធនាគារ ) អត់បាន»។
ទាក់ទងរឿងបំណុលនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធ្លាប់លើកឡើងថា រដ្ឋាភិបាលមិនអាចបង្គាប់ស្ថាប័នហិរញ្ញវត្ថុឱ្យព្យួរការសងបំណុលរបស់ពលរដ្ឋនោះទេ ហើយជំរុញឱ្យពលរដ្ឋដោះស្រាយបញ្ហានេះ ជាមួយស្ថាប័នផ្តល់កម្ចីទាំងនោះវិញ។ តំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ជាក់ថា អ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ១៩ អាចដាក់ពាក្យស្នើសុំរៀបចំកម្ចី ឬពន្យារពេលសងប្រាក់ដើមឡើងវិញ។
ក្នុងឆ្នាំ២០២០ រដ្ឋាភិបាល បានឧបត្ថម្ភថវិកាជាតិ សរុបប្រមាណជិតពីររយលាន (១៦០លាន)ដុល្លារអាមេរិក ដល់ពលរដ្ឋក្រីក្រ ក្នុងវិបត្តិជំងឺកូវីដ១៩។ ចំណែក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍វិញ ក្នុងឆ្នាំ២០២០ដូចគ្នា រដ្ឋាភិបាល បានឧបត្ថម្ភលុយជាតិ ឲ្យកម្មករបានជាងបីសែន (៣៤ម៉ឺន)នាក់ សរុបទឹកប្រាក់ ជាងម្ភៃ (២៣)លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។