កម្មករ​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព និង​ការ​រំលោភ​សិទ្ធិ ខណៈ​ការ​នាំ​ចេញ​របស់​ថៅកែ​បន្ត​កើន​ឡើង

0:00 / 0:00

កម្មករ​ត្អូញត្អែរ​ពី​ជីវភាព​កាន់តែ​លំបាក ចំណែក​ស្ថានភាព​ការងារ និង​ការ​រំលោភសិទ្ធិ​នៅ​កន្លែង​ការងារ​នៅតែ​យ៉ាប់យ៉ឺន ស្របពេល​ថៅកែ​អះអាង​ថា ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​កើន​ឡើង​ជាង ២០ភាគរយ​នៅ​រយៈពេល​៥ខែ​ដើម​ឆ្នាំ២០២៤។ សហជីព​ឯករាជ្យ និង​កម្មករ​ជំរុញ​ដល់​រដ្ឋាភិបាល និង​ថៅកែ​ឱ្យ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​ បញ្ចុះតម្លៃ​ទំនិញ​គ្រប់មុខ​នៅ​លើ​ទីផ្សារ និង​គោរព​សិទ្ធិ​ការងារ។

ក្រុម​កម្មករ​លើកឡើង​ថា ប្រសិនបើ​ស្ថានភាព​នៃ​ការនាំចេញ​ផលិតផល​ក្នុង​​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​កើនឡើង​នោះ ថៅកែ​ត្រូវ​គិតគូរ​អំពី​សុខទុក្ខ ជាពិសេស​ត្រូវ​គោរព​សិទ្ធិ​កម្មករ​នៅ​កន្លែង​ការងារ ​ព្រមទាំង​ដំឡើង​ប្រាក់ខែ​គោល​ឱ្យ​កម្មករ​រស់នៅ​សមរម្យ​ផង។

កម្មករ​រោងចក្រ​កាត់ដេរ​ដាប់ប៊ែលយូ អែនឌី ខេមបូឌា​(W&D Cambodia ) លោក សឿង ប្រុស ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា ថា ការ​នាំចេញ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​កើន​ផ្តល់​ផល​ចំណេញ​ទៅ​ដល់​ថៅកែ ចំណែក​កម្មករ​វិញ​រស់​នៅ​លំបាក​លំបិន​ដោយសារ​ប្រាក់​ឈ្នួល​ទាប ការ​ចំណាយ​កើន​ឡើង​ដូចជា​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ជាដើម។ មិនតែប៉ុណ្ណោះ​លោក​ឱ្យ​ដឹង​ថា កម្មករ​ត្រូវ​បាន​ថៅកែ​ដាក់​បន្ទុក​ឱ្យ​ធ្វើការ​ច្រើន​ជាង​ពេល​មុន ហើយ​អ្នកខ្លះ​ត្រូវ​រង​ការ​គំរាមកំហែង ឬ​ប្រឈម​នឹង​ការបញ្ឈប់​ពី​ការងារ​ជាដើម។

លោក សឿង ប្រុស៖«ចំនួន​នៃ​ផលិតផល​​កើត​ឡើង​ជាក់ស្តែង​ហើយ តែ​កម្មករ​នៅក្នុង​រោងចក្រ​ក៏​នៅ​រង​ការគាបសង្កត់ ការ​បំបិទ​សិទ្ធិ​សេរីភាព​ដដែល ពីព្រោះ​វា​អត់​សមភាព​គ្នា​រវាង​កម្លាំង​ពលកម្ម​របស់​កម្មករ​និង​ការនាំចេញ​កើនឡើង​នេះ វា​កើនឡើង ​តែ​សិទ្ធិ​សេរីភាព និង​អត្ថប្រយោជន៍​របស់​កម្មករ​អត់​សូវ​ទទួល​បាន​ទេ យើង​ចំណាយ​កម្លាំង​ច្រើន​តែ​ទទួល​បាន​ប្រាក់​ខែ​តិច»។

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​នៅ​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ លោកស្រី ជិន សារ៉េត រៀបរាប់​ថា កម្មករ​ខិតខំ​ធ្វើការងារ​ឱ្យ​ថៅ​ទទួល​បាន​ប្រាក់​ចំណេញ​ជា​រៀងរាល់​ឆ្នាំ តែ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​តែ ២០៤ដុល្លារ​ក្នុង​មួយ​ខែ ដោយ​មិន​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​ឲ្យ​បាន​សមរម្យ​ទេ។ លោកស្រី​ស្នើ​ដល់​រដ្ឋាភិបាល និង​ថៅកែ​ជួយ​ដំឡើង​ប្រាក់ខែ​ឱ្យ​បាន​សមរម្យ​ជាង​សព្វថ្ងៃ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​កម្មករ។

លោកស្រី ជិន សារ៉េត៖«ខ្ញុំ​ស្នើ​ដល់​រដ្ឋាភិបាល​រាល់ថ្ងៃ​ហ្នឹង​សូម​យកចិត្ត​ទុកដាក់​ខ្វាយខ្វល់​សុខទុក្ខ​របស់​ពលរដ្ឋ ក៏​ដូចជា​កម្មករ​ដែល​ព្រួយបារម្ភ​រឿង​​អត់​មាន​ការងារ​ធ្វើ​ឱ្យ​គាត់​មើលឃើញ​ពី​ចំណុច​ហ្នឹង​ផង ហើយ​និយាយ​ទៅ​ទាក់ទង​នឹង​ក្រសួង​ការងារ​ហ្នឹង​សូម​មើល​សុខទុក្ខ​ដោយ​ផ្ទាល់​របស់​កម្មករ ការ​ត្អូញត្អែរ ទុក្ខ​លំបាក ​ម្នាក់ៗ​ដល់​ពេល​ចេញ​ពី​ធ្វើការ​ម៉ោង​៤​អ៊ីចឹង​គឺ​ទឹកមុខ​អត់​សប្បាយ​ចិត្ត គិត​ច្រើន​ទៅ​​កើត​ជា​ឈឺ»។

ការ​ប្រតិកម្ម​របស់​កម្មករ​នេះ បន្ទាប់​ពី​ប្រធាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក​ថា ការផលិត ការនាំចេញ និង​ការ​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​ឆ្នាំ២០២៤​បាន​កើន​ឡើង។ ក្នុង​នោះ​ការ​នាំចេញ​ស្បែក​ជើង និង​ផលិត​ផល​ធ្វើដំណើរ​នៅ​រយៈពេល​៥ខែ​ឆ្នាំ២០២៤ បាន​កើន​ឡើង​ជាង​២៥ភាគរយ(២៥.៣៣%) បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០២៣ ចំណែក​ការនាំចេញ​សម្លៀកបំពាក់​កើន​ឡើង​ប្រមាណ ២៣ភាគរយ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​កើន​ឡើង​នេះ​ដោយសារ​កម្ពុជា​មាន​ស្ថិរ​ភាព​នយោបាយ និង​មាន​សន្តិភាព​ពេញលេញ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌសង្កេត​ឃើញ​ថា ថ្វីត្បិត​ថៅកែ​នាំ​ទំនិញ​ចេញ​តាម​គ្រោងទុក តែ​កម្មករ​នៅតែ​ទទួល​ប្រាក់​ឈ្មួល​តិចតួច​ដោយ​ធ្វើការ​លើស​លទ្ធភាព ខាត​ផលប្រយោជន៍​ផ្សេងៗ រួម​ទាំង​រង​ការរំលោភ​សិទ្ធិ​នៅ​កន្លែង​ការងារ​ជាដើម។ អ្នកស្រី​មើលឃើញ​ថា បញ្ហា​នេះ​បាន​ទុក​ឱ្យ​កម្មករ​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ដោយសារ​តែ​ចំណូល​ដែល​រក​បាន ពុំ​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​គ្រួសារ​ឱ្យ​បាន​គ្រប់គ្រាន់។ អ្នកស្រី​យល់​ថា​បើ​ស្ថានភាព​នាំ​ចេញ​ក្នុង​វិស័យ​កាត់ដេរ​មាន​ភាព​ល្អ​ប្រសើរ​ដូច្នេះ​លទ្ធផល​នេះ​នឹង​ក្លាយ​ជា​ហេតុផល​សម្រាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ថៅ​រោងចក្រ​ដំឡើង​ប្រាក់ឈ្នួល​គោល​សម្រាប់​ឆ្នាំ២០២៥​ខាងមុខ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​កម្មករ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«បើសិន​និយោជក ឬ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា កំណើន​នៃ​ការ​នាំ​ចេញ​ក្នុង​ឆមាស ឬ​ត្រីមាស​មាន​ការ​កើន​ឡើង ខ្ញុំ​គិត​ថា វា​ជា​កត្តា​រួម​ចំណែក​សំខាន់​នៅពេល​យើង​ជជែក​រឿង​ប្រាក់​ឈ្នួល​របស់​កម្មករ ពីព្រោះ​យើង​នឹង​ចាប់ផ្តើម​ជជែក​គ្នា​នៅ​ខែកក្កដា ខែសីហា​ខាង​មុខ​នេះ អ៊ីចឹង​នៅពេល​ខាង​មុខ​នេះ​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​ទទួល​ស្គាល់​ចំណុច​ហ្នឹង ហើយ​បន្ទាប់​នឹង​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​ទៅ​តាម​អ្វី​ដែល​សហជីព​ស្នើ ឬ​សំណូមពរ​ដល់​រដ្ឋាភិបាល​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ២០២៥​ដល់​កម្មករ»។

ការ​ចរចា​ប្រាក់​​ឈ្នួល​​ដល់​​កម្មករ​​និយោជិត​​ក្នុង​​វិស័យ​​ឧស្សាហកម្ម​​​វាយនភណ្ឌ ​កាត់ដេរ ផលិត​​ស្បែក​ជើង និង​ផលិតផល​​ធ្វើ​ដំណើរ​​ជា​រៀង​រាល់​ឆ្នាំ សហជីព​តែងតែ​ទាមទារ​ដំឡើង​ច្រើន​ជាង​​បច្ចុប្បន្ន តែ​ភាគី​រដ្ឋាភិបាល​និង​រោងចក្រ​ថា​មិនអាច​ដំឡើង​បាន​ច្រើន​ឡើយ។ ជាក់ស្តែង​កាល​ពី​ចុង​ឆ្នាំ២០២៣ ក្រសួង​ការងារ និង​ក្រុម​និយោជក ឬ​ថៅកែ​ចរចា​សម្រេច​ដំឡើង​​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុងឆ្នាំ២០២៤ ត្រឹមតែ​២០៤ដុល្លារ​ក្នុង​មួយ​ខែ ។ កម្មករ​ចាត់​ទុក​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​មិន​ទាន់​សមស្រប​ដើម្បី​ឱ្យ​ពួកគេ​មាន​ជីវភាព​ប្រសើរ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។