ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨​ដុល្លារ «មិន​អាច​ជួយ​ឱ្យ​កម្មករ​មាន​ជីវភាព​ប្រសើរ​ឡើយ»

0:00 / 0:00

ក្រុម​កម្មករ​រោងចក្រ និង​សហជីព​ចាត់​ទុក​ការ​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​គោល​ប្រចាំ​ខែ​របស់​កម្មករ​ចំនួន ២០៨ដុល្លារ​ថា នៅ​តែ​ជា​ចំនួន​តិចតួច និង​មិន​អាច​ជួយ​ឱ្យ​កម្មករ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើយ។ រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​រោងចក្រ​ចំនួន ២០៨​ដុល្លារ ចាប់​ពី​ខែ​មករា ឆ្នាំ២០២៥​នេះ ដែល​កើន​ឡើង ៤​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ២០២៤។

ក្រុម​កម្មករ​រោងចក្រ​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ​នៅ​តែ​ត្អូញត្អែរ​ទៅ​លើ​ការ​ចំណាយ​ប្រចាំ​ខែ ទោះ​បី​ជា​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ចំនួន ២០៨ដុល្លារ​ក្នុង​មួយ​ខែ។ កម្មករ​ចាត់​ទុក ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨ដុល្លារ​គឺ​ជា​ចំនួន​ថ្លៃ​កម្លាំង​ពលកម្ម​ដែល​ទាប បើ​ធៀប​នឹង​តម្លៃ​បន្ទប់​ជួល​ប្រចាំ​ខែ និង​មុខ​ទំនិញ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ខ្ពស់។

កម្មករ​រោង​ចក្រ​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ​លោកស្រី សឹម សុខា ចាត់​ទុក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨​ដុល្លារ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​នោះ​មិនមែន​ជា​កាដូ​សម្រាប់​ឱ្យ​កម្មករ​ទទួល​បាន​ជីវភាព​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ២០២៥ នេះ​ទេ។ លោកស្រី​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី០១ ខែ​មករា​ថា ក្នុង​ខែ​ខ្លះ​លោកស្រី​ខិតខំ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ទាំង​ឈឺ​ទាំង​ជា ដោយសារ​តែ​ប្រាក់​ឈ្នួល​គោល​កម្មករ​មាន​ចំនួន​តិច ហើយ​បើ​លោកស្រី​មិន​ប្រឹងប្រែង​ធ្វើ​ការ​បន្ថែម​ម៉ោង​នោះ គឺ​មិន​ទប់ទល់​ថ្លៃ​ចំណាយ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ថ្លៃ​បន្ទប់​ជួល និង​បំណុល​ធនាគារ​ប្រចាំ​ខែ​បាន​នោះ​ទេ។

លោកស្រី សឹម សុខា គ្មាន​ក្ដី​រំភើប​ចំពោះ​រដ្ឋាភិបាល​ដែល​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ចំនួន ៤​ដុល្លារ​សម្រាប់​ឆ្នាំ២០២៥​នេះ​ទេ ហើយ​លោកស្រី​បញ្ជាក់​ថា ក្រុម​កម្មករ​នឹង​បន្ត​ប្ដេជ្ញា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ខ្ពស់​ជាង​នេះ។

លោកស្រី សឹម សុខា៖«ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ២០២៥ ២០៨​ដុល្លារ​ហ្នឹង​គឺ​នៅ​តែ​តិច ពួក​ខ្ញុំ​មិន​ទាន់​ទទួល​ស្គាល់​ទេ ដោយសារ​តែ​ប្រាក់​ឈ្នួល​ប៉ុណ្ណឹង​នៅ​តែ​តិច​ដោយសារ​តែ​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ ណា​មួយ​ទៀត ២០៨ដុល្លារ​បើ​យើង​ថែម​ម៉ោង​តិចតួច​ទៀត​អាច​បាន ២រយ​ដុល្លារ​ជាង​ទេ។ មិន​ថា​កម្មករ​ផ្សេង មិន​ថា ខ្ញុំ​ទេ​ប៉ះពាល់​ខ្លាំង​ទី​មួយ​ចំណាយ​លើ​ម្ហូប​ប្រចាំ​ថ្ងៃ ថ្លៃ​ផ្ទះ​ជួល​មួយ​ខែ ៥០ដុល្លារ នៅ​ទឹក​ភ្លើង​ទៀត។ ប្រាក់​ឈ្នួល​ទោះ​យ៉ាង​ណា នៅតែ​ទាមទារ​បន្ត​ទៀត​ព្រោះ​អី​វា​នៅ​តែ​ទាប ហើយ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ហ្នឹង​កំណត់​ទីផ្សារ​ឱ្យ​បាន​ច្បាស់លាស់ ពួក​ខ្ញុំ​ពិបាក​រស់​នៅ​ណាស់​ពេល​ខ្លះ​ជីវភាព​អត់​សមរម្យ​កន្លែង​ទេ​មក​ដល់​រាល់ថ្ងៃ»។

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​រោងចក្រ​ស្បែកជើង អ.ជី ហ្វ៊ូតវែរ (Foodwear) ក្នុង​ខេត្ត​កណ្ដាល​លោកស្រី ផែន ស្រីរ័ត្ន ថ្លែង​ថា ប្រាក់​ឈ្នួល​ដែល​រដ្ឋាភិបាល​ដំឡើង​ឱ្យ​កម្មករ​ត្រឹមតែ ៤ដុល្លារ​សម្រាប់​ឆ្នាំ២០២៥ គឺ​នៅ​តែ​ជា​ចំនួន​តែ​តិចតួច និង​មិន​អាច​ជួយ​សម្រួល​បន្ទុក​របស់​កម្មករ​ដែល​មាន​ជីវភាព​ក្រីក្រ និង​កំពុង​មាន​បំណុល​ធនាគារ​បាន​នោះ​ទេ។

លោកស្រី ផែន ស្រីរ័ត្ន៖«គ្រាន់​តែ​ឡើង ៤ដុល្លារ​មុខ​ទំនិញ​នៅ​ក្បែរ​រោងចក្រ​ឡើង​លើស​ប្រាក់​ឈ្នួល​ហ្នឹង​ទៀត សូម្បីតែ​ផ្ទះ​ជួល​ក៏​ទាមទារ​ឡើង​ដែរ​គ្រាន់តែ​ដឹង​ថា ប្រាក់​ឈ្នួល​ឡើង ២០៨​ដុល្លារ​ហ្នឹង។ អ្នក​ខ្លះ​គាត់​ឈប់ អ្នក​ខ្លះ​ទៅ​ធ្វើ​សំណង់​គេ​ថា ធ្វើ​សំណង់​បាន​ជាង​រោងចក្រ។ ខ្ញុំ​មិន​ដឹង​រត់​ទៅ​ណា​ខ្ញុំ​កម្លាំង​ខ្សោយ​ធ្វើ​សំណង់​មិន​កើត​ដូច​គេ មាន​តែ​តស៊ូ​ធ្វើ​ការ​រោងចក្រ​បន្ត»។

ក្រុម​កម្មករ​រោងចក្រ និង​សហជីព​ឯករាជ្យ​ធ្លាប់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​គោល​សម្រាប់​កម្មករ​ក្នុង​រង្វង់ ២១៨​ដុល្លារ ដើម្បី​សម្រួល​ការ​រស់នៅ​របស់​កម្មករ​ដែល​ភាគច្រើន​មាន​ជីវភាព​ទាំង​ត្រដាបត្រដួស និង​វ័ណ្ឌក​នឹង​បំណុល​ធនាគារ។ ទោះជាយ៉ាងណា ក្រសួង​ការងារ​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០២៥ និង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ខែ​មករា នេះ​ចំនួន ២០៨ដុល្លារ សម្រាប់​កម្មករ​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី១ ខែមករា ដោយ​សារ ចាត់​ទុក​ប្រាក់​ឈ្នួល​គោល​ចំនួន ២០៨​ដុល្លារ​ថា ជា​កាដូ​សម្រាប់​កម្មករ​ក្នុង​ឆ្នាំ២០២៥ នេះ។

ទោះជាយ៉ាងណា មន្ត្រី​សហជីព​ឯករាជ្យ និង​កម្មករ​រិះគន់​ថា បើ​លោក ហ៊ុន ម៉ាណែត ពិត​ជា​ចង់​ផ្ដល់​កា​ដូរ​សម្រាប់​កម្មករ​ពិត​មែន​នោះ រដ្ឋាភិបាល​គួរ​តែ​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​អាច​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ ឬអ៊ី.ប៊ី.អេ (EBA) ពី​សហភាព​អឺរ៉ុប (EU) មួយ​រយ​ភាគ​រយ​មកវិញ។

អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) បន្ថែម​ទៀត​អ្នក​ដែល​រងគ្រោះ​ខ្លាំង​នោះ​គឺ​ក្រុម​កម្មករ​នឹង​ប្រឈម​បាត់បង់​ការងារ ដោយសារ​តែ​រោងចក្រ​ជា​ច្រើន​អាច​ត្រូវ​បាន​បិទ​ទ្វារ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​កៀរគរ​អ្នក​វិនិយោគ​បរទេស ជាពិសេស​មក​ពី​បណ្ដា​ប្រទេស​លោក​សេរី​មក​បើក​រោងចក្រ​បន្ថែម​នៅ​កម្ពុជា ដើម្បី​អាច​ឱ្យ​កម្មករ​ទទួល​បាន​ការងារ​កាន់​តែ​ទូលំទូលាយ ហើយ​លោក​ជឿ​ថា ពួកគាត់​ក៏​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​បច្ចុប្បន្ន។

លោក អាត់ ធន់៖«ស្ថានភាព​ជាក់ស្ដែង​របស់​បងប្អូន​កម្មករ​គាត់​នៅ​តែ​លំបាក​ដដែល ដោយសារ​តែ​ចំនួន[ប្រាក់​ឈ្នួល​អប្បបរមា]នេះ​វា​ទាប ហើយ​ពេល​បច្ចុប្បន្ន​នេះ​ទំនិញ​ទីផ្សារ​គ្រប់​ប្រភេទ​ឡើង​ថ្លៃ ការ​ចំណាយ​នៅ​តែ​ខ្ពស់​ហេតុ​ដូច្នេះ​គាត់​នៅ​តែ​ពិបាក។ ជា​រួម​ប្រាក់​ឈ្នួល​បាន​ឡើង​ហើយ ប៉ុន្តែ​វា​មិន​ទាន់​ដល់​កម្រិត​ដែល​ពួកគាត់​អាច​រស់​នៅ​បាន​សមរម្យ​បាន​នៅ​ឡើយ​ទេ។ អ៊ីចឹង កម្មករ​នៅ​ខំប្រឹង​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​រក​ចំណូល​ផ្សេង​មក​បង្គ្រប់[ការ​ចំណាយ]»។

ទាក់ទង​នឹង​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​នេះ កាល​ពី​ដើម​ឆ្នាំ​២០១៤ កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ យ៉ាក ជីន (Yak Jin Cambodia) និង​តាម​ផ្លូវ​វ៉េងស្រេង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ក្នុង​ព្រឹត្តិការណ៍​នោះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ប្រើប្រាស់​កងកម្លាំង​ចម្រុះ​បាញ់​បង្ក្រាប​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥នាក់​បាត់បង់​ជីវិត ក្នុង​នោះ​ម្នាក់​បាន​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ។ ក្រៅ​ពី​នេះ មនុស្ស​ជាង ៣០នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ និង​ស្រាល រហូត​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ត្រូវ​ពិការ​អស់​មួយ​ជីវិត។ លើស​ពី​នេះ អង្គការ​សង្គម​ស៊ីវិល កម្មករ និង​អ្នក​នៅ​អម​សង​ខាង​ផ្លូវ​ចំនួន ២៣នាក់​បន្ថែម​ទៀត ត្រូវ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កាល​នោះ។ គិត​មក​ដល់​ពេល​នេះ សំណុំ​រឿង​បាញ់​សម្លាប់​កម្មករ និង​អ្នក​ខ្លះ​មាន​របួស​ធ្ងន់ និង​ស្រាល មិន​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់ ព្រម​ទាំង​យក​អ្នក​ប្រព្រឹត្តិ​បទល្មើស​មក​ផ្ដន្ទាទោស​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។