អ្នកវិភាគ​និង​សង្គម​ស៊ីវិល​គាំទ្រ​របាយការណ៍​ធនាគារ​ពិភពលោក​រឿង​គុណភាព​ការងារ​នៅ​កម្ពុជា

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​បាន​លើកឡើង​ថា គុណភាព​ការងារ និង​ភាព​ចម្រុះ នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវការ​គោលនយោបាយ​ថ្មី​ដើម្បី​ទាក់ទាញ​អត្ថប្រយោជន៍​ពី​ទីផ្សារ​សកល​ទៅ​ថ្ងៃ​អនាគត​ជា​បន្ថែម​ទៀត​។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​កំពុង​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ។

អ្នកវិភាគ និង​មន្ត្រី​សហជីព​គាំទ្រ​របាយការណ៍ ធនាគារពិភពលោក ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ដែល​មាន​ចំណងជើង​ថា «​អនាគត​ការងារ​នៅ​កម្ពុជា និង តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នា​ពេល​ខាងមុខ» ដែល​បាន​បង្ហាញ​ថា ការងារ​ប្រមាណ ៨​លាន នៅ​កម្ពុជា​មាន ៦៣​ភាគរយ​ជា​ការ​មាន​លក្ខណៈ​ប្រពៃណី​ដែល​ផ្ដល់​ប្រាក់​កម្រៃ​ទាប​។ ចំណែក ៣៧​ភាគរយ ផ្សេង​ទៀត​ជា ការងារ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ និង​ផ្ដល់​អត្ថ​ប្រយោជន៍ បន្ថែម​ដល់​កម្មករ។

ធនាគារ​ពិភពលោក បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៧​ចំណុច ដើម្បី​ឱ្យ​កម្ពុជា​ឈាន​សម្រេច​នូវ​យុទ្ធសាស្ត្រ​នេះ រួមមាន​៖ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស សម្រួល​ដំណើរការ​នីតិវិធី​រលូន ជួយ​ដល់​អាជីវកម្ម​តាម​គ្រួសារ​ឱ្យ​ពង្រីក​ផលិតភាព គាំទ្រ​បណ្ដាញ​ត​ភ្ជាប់​រវាង​ក្រុមហ៊ុន វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​សម្រាប់​នាំចេញ កសាង​ប្រព័ន្ធ​អភិវឌ្ឍន៍​ជំនាញ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ឯករាជ្យ ភាព​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​និង​អត្រា​ប្ដូរ​ប្រាក់។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​បង្កើន​នូវ​ទំនាក់ទំនង​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត​នោះ វា​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ រាល់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ដោយសារតែ​កន្លងមក កម្ពុជា​ពិបាក​រក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស លើកលែងតែ​ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​កាបូប​ចេញ៖ «រដ្ឋាភិបាល​បច្ចុប្បន្ន មិន​បាន​តម្រង់​ទិស​ហើយ​មិន​បាន​សម្លឹង​មើល​នៅ​លើ​ទីផ្សារ​ពិភពលោក​ហើយ​មក​អប់រំ យុវជន ចង្អុលបង្ហាញ​ឱ្យ​ចាប់​យក​ជំនាញ​នេះ ជំនាញ​នោះ​ដើម្បី​រក​ទីផ្សារ​ទៅ​ខាង​មុខ។ ត្រង់​ចំណុច​ហ្នឹង​យើង​នៅ​​មាន​ការ​ខ្វះខាត​ប្រសិនបើ​យើង​ធ្វើការ​កែលំអ​តែ​បន្តិច​ហើយ​យើង​បណ្ដុះបណ្ដាល​ការអប់រំ ពេល​ហ្នឹង​យើង​អាច​ស្រូប​បាន​ការ​វិនិយោគ​មកពី​បរទេស​ច្រើន»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានទេ កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា។ ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍​ថា កម្ពុជា​កំពុង​ហ្វឹកហ្វឺន វិជ្ជាជីវៈ​ជំនាញ​ខាង​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម ដើម្បី​ឱ្យ​ឆ្លើយតប​ក្នុង​សម័យកាល​បដិវត្ត​ឧស្សាហកម្ម​ទំនើប៖ «អ្វី​ដែល​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ​រៀបចំ​ធ្វើ​យ៉ាងម៉េច ពីព្រោះ​យើង​កំពុងតែ​ចូល​ក្នុង​បដិវត្ត​ឧស្សាហកម្ម ៤ . ០ នេះឯង ហើយ​នៅ​ក្នុង​ហ្នឹង​ចង់​ជម្រាប​ជូន​ពិពិធកម្ម​នៃ​ពាណិជ្ជកម្ម គឺ​កម្ពុជា​នឹង​មិន​ស្ថិតនៅ​ពាណិជ្ជកម្ម​ឈរ​លើ​មូលដ្ឋាន​កាត់ដេរ ឬក៏​កម្មន្តសាល​នោះ​ទេ​គឺ​យើង​បាន​ដើរ​ចេញ​ពី​ហ្នឹង»។

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃ​ចំពោះ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ មាន​ប្រសាសន៍​ថា តម្លៃ​ការងារ​នៅ​កម្ពុជា​ក៏​ត្រូវ​មានការ​ធានា​ឱ្យ​មាន​សមធម៌​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រៀបធៀប​ជាមួយ​នឹង​តម្លៃ​ការងារ​ទៅ​នឹង​ទីផ្សារ​ដែល​អាច​ឱ្យ​កម្មករ កម្មការិនី​រស់​​បាន​សមរម្យ​នៅ​ក្នុង​ទិដ្ឋភាព​រួម៖ «វិស័យ​ការងារ វិស័យ​សេដ្ឋកិច្ច​ជាដើម រដ្ឋាភិបាល​ត្រូវតែ​ជម្រះ​ឱ្យ​បាន​នូវ​តម្លាភាព​នៃ​ការអនុវត្ត​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ពិសេស​គឺ​ការ​ទម្រង់​កម្ចាត់​អំពើពុករលួយ​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ បក្សពួកនិយម​ក៏​ត្រូវ​ឱ្យ​នៅ​ឆ្ងាយ​អំពី​ការអនុវត្ត​ច្បាប់ ហើយ​ផ្ដល់​ឧកាស​ចំពោះ​វិនិយោគ​ដែល​គេ​មក​រក​ស៊ីក្នុង​លក្ខខណ្ឌ​សុចរិត​ត្រឹមត្រូវ ដើម្បី​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ហ្នឹង គួរតែ​ផ្ទល់​​ឱកាស​ក្នុង​លក្ខខណ្ឌ​មួយ​ត្រឹមត្រូវ​ច្បាស់លាស់»។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការងារ​រួមចំណែក​បង្កើត​ការងារ​មាន​គុណភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មក​ដល់​ឆ្នាំ​២០១៥ មួយ​ភាគ​បី​នៃ​ការងារ​មាន​ប្រាក់​ឈ្នួល​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជន​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។