អ្នកអភិរក្សសត្វនៃ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា ឬហៅថាWCS និងរដ្ឋបាលជលផល កាលពីថ្ងៃទី ២៨ ខែមករា បានលែងសត្វអណ្ដើកហ្លួងចំនួនដប់ក្បាល (១០) ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ខេត្តព្រះសីហនុ។ សត្វអណ្ដើកហ្លួង ជាពូជសត្វកម្រ ដែល ស្ទើរតែជិតផុតពូជទៅហើយនៅលើពិភពលោក។ សត្វកម្រមួយនេះ ក៏ត្រូវបាន កម្ពុជា ជ្រើសតាំង ជាសត្វតំណាងឲ្យសត្វល្មូនរបស់កម្ពុជាផងដែរ។

ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួង របស់អង្គការសមាគមអភិរក្សសត្វព្រៃ លោក សោម ស៊ីថា ឱ្យអាស៊ីសេរីដឹងថា អណ្ដើកហ្លួង ១០ក្បាល ដែលបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញនេះ គឺត្រូវបានក្រុមអ្នកអភិរក្សប្រមូលយកមកពី តាមដងព្រែកស្រែអំបិល និងព្រែកកំពង់លើ នៅខេត្តកោះកុង និងខេត្តព្រះសីហនុ តាំងពីឆ្នាំ ២០០៦ បន្ទាប់ពីអណ្ដើកហ្លួងទាំងនេះ ទើបតែញាស់ នៅក្នុងសម្បុករបស់វា។
" អណ្ដើកទាំងអស់នេះបានមកពីកម្មវិធី ការពារសម្បុករបស់យើង ដែលយើងធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីការពារសម្បុក ហើយនៅពេលដែលយើងបានកូនញាស់មក យើងយកទៅចិញ្ចឹមក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូននៅខេត្តកោះកុង។ អឺចឹង ... កូនហ្នឹងគឺកើតនៅឆ្នាំ ២០១៣ ២០១៤ និង២០១៥។ អណ្ដើកហ្នឹងមានទម្ងន់ពី ០៨គីឡូ រហូតដល់ ១៤គីឡូ និងមានមេធំមួយ ដែលយើងលែងដែរហ្នឹងមានទម្ងន់ ២១គីឡូ "
លោក សោម ស៊ីថា បញ្ជាក់បន្ថែមថា បន្ទាប់ពីលែងសត្វអណ្ដើកទាំងនេះបានមួយចំនួន ខាងមជ្ឈមណ្ឌលអភិរក្សសត្វល្មូននៅខេត្តកោះកុង នៅសល់អណ្ដើកប្រភេទនេះចំនួន ១៩២ក្បាល និងនៅសល់ចំនួន ២៧ក្បាលផ្សេងទៀត កំពុងចិញ្ចឹម និងថែរក្សានៅមជ្ឈមណ្ឌលជីវចម្រុះ ខេត្តសៀមរាប។

នេះជាលើកទី ០៥ ហើយ ដែលអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា និងរដ្ឋបាលជលផលបានលែងសត្វអណ្ដើកហ្លួង សរុបចំនួន ៩៦ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ខណៈការលែងអណ្ដើកលើកទីមួយបានចាប់ផ្តើមនៅឆ្នាំ ២០១៥។
ទន្ទឹមនឹងត្រេកអរជុំវិញការកើនចំនួនសត្វអណ្ដើកហ្លួងក្នុងទីជម្រកធម្មជាតិនេះ អង្គការ WCS ក៏បានបង្ហាញអំពីក្តីបារម្ភរបស់ខ្លួន ចំពោះបញ្ហា ការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែក ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ការធ្វើអាជីវកម្មហួសប្រមាណ និងការបាត់បង់ទីជម្រក ដែលប៉ះពាល់ដល់អាយុជីវិត និងការបន្តពូជរបស់ពូជសត្វប្រភេទនេះ ដែលបញ្ហាទាំងអស់នេះ អាចធ្វើអោយសត្វអណ្ដើកហ្លួង ឈានទៅរកការវិនាសផុតពូជពីកម្ពុជាវិញ។
ទោះយ៉ាងណា លោក សោម ស៊ីថា ឱ្យដឹងថា បន្ទាប់ពីលែងអណ្ដើកចូលទៅធម្មជាតិវិញ ក្រុមអ្នកអភិរក្សរួមជាមួយ អាជ្ញាធរស្រុក ឃុំ មន្ត្រីមកពីមន្ទីរកសិកម្ម និងរដ្ឋបាលជលផលបានជួបប្រជុំគ្នា ដើម្បីជជែកអំពីការងារអភិរក្ស។ លោក ស៊ីថា បញ្ជាក់ថា អាជ្ញាធរស្រុក និងមន្ត្រីមកពីមន្ទីរបានប្ដេជ្ញា នៅក្នុងកិច្ចប្រជុំថានឹងជួយផ្សព្វផ្សាយ អប់រំដល់ពលរដ្ឋ ឱ្យយល់ដឹងពីកិច្ចការអភិរក្ស ឈប់ដាក់សន្ទូចខុសច្បាប់ ឬឆក់ ជាពិសេសគឺចូលរួមទប់ស្កាត់ការបូមខ្សាច់ នៅទីជម្រកធម្មជាតិរបស់អណ្ដើកប្រភេទនេះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។