ឧកញ៉ា ៣​នាក់​គេច​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​បទល្មើស​ព្រៃឈើ

ដោយ យន់ សាមៀន
2019.08.31
អេង ហ៊ី ៦២២ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
Photo courtesy of Eng Hy Facebook

ឧកញ៉ា ៣​រូប ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ បាន​គេច​ខ្លួន​មិន​ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​។ អ្នកនាំពាក្យ​តំណាង​អយ្យការ​ខេត្ត​នេះ​អះអាង​ថា តុលាការ​នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ តាម​ការ​អនុវត្ត​នីតិ​វិធី និង​កំពុង​ស៊ើបអង្កេត​ជា​បឋម។

ឧកញ៉ា ៣​នាក់ រួមមាន ឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង ជា​ម្ចាស់​ក្រុមហ៊ុន ម៉េងលាង និង​ឧកញ៉ា តុប វីរដា ម្ចាស់​ក្រុមហ៊ុន វិជ្ជរី ដែល​ជា​ជនសង្ស័យ​ទាក់ទិន​សំណុំរឿង បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ មិន​បាន​បំភ្លឺ​ជូន​តំណាង​អយ្យការ​ឡើយ។

អ្នកនាំពាក្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា​ថា មនុស្ស ២០​នាក់ ដែល​អយ្យ​ការ​កោះ​ហៅ​កន្លងទៅ បាន​ចូលខ្លួន​មក​បំភ្លឺ​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​មិន​ចូល​បំភ្លឺ។ លោក​ថា អ្នក​ដែល​មិន​ចូល​បំភ្លឺ អយ្យការ​នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ អនុវត្ត​ច្បាប់ ដើម្បី​ស្វែងរក​បទល្មើស​ព្រៃឈើ​។ លោក​មិន​បញ្ជាក់​លម្អិត​ថា មាន​ជនសង្ស័យ​ប៉ុន្មាន​នាក់​ទេ ដែល​ចូលខ្លួន​បំភ្លឺ ក្នុង​ចំណោម មនុស្ស ២០​នាក់ ព្រោះ​លោក​ថា ករណី​នេះ ជា​កិច្ចការ​សម្ងាត់​របស់​អយ្យ​ការ៖ «បើ​គាត់​គេចវេះ​យើង​នៅតែ​មាន​នីតិវិធី​បន្ត ព្រោះ​យើង​ត្រូវការ​ស៊ើបអង្កេត​ទៅ​លើ​បទល្មើស​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​​ក៏ដូចជា ជំនាញ​កងរាជអាវុធហត្ថ គឺថា អាច​ចាប់ និង​នាំខ្លួន បង្ខំ​បុគ្គល​ហ្នឹង​មក​ធ្វើការ​ស្ដាប់​ចម្លើយ​។ និយាយ​រួម នីតិវិធី​ធ្វើ​បន្តបន្ទាប់​នេះ គឺ​ថា អ្នកណា​ដែល​មាន​ការ​ពាក់ព័ន្ធ​យើង​ក៏​បាន​បើក​ការ​ស៊ើបសួរ បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្តបន្ទាប់​ហើយ ក៏​មាន​ការ​ឃុំខ្លួន​ខ្លះ​ហើយ ហើយក៏​មានការ​ដាក់​ឱ្យ​ឋិត​ក្រោម​ការពិនិត្យ​របស់​តុលាការ»

កាល​ពី​ចុងខែ​កក្កដា​កន្លង​ទៅ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​បាន​កោះហៅ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថៅកែ​ជនជាតិ​ចិន ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រមាណ ២០​នាក់​ទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ទាក់ទិន​សំណុំរឿង​ប្រមូល​ផល អនុផល​ព្រៃឈើ គ្មាន​លិខិត​អនុញ្ញាត។

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុម​ឧកញ៉ា​រត់គេច​ខ្លួន ឈ្មោះ វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង និង​ឧកញ៉ា តុប វីរដា គឺជា​មេខ្លោង​ធ្វើ​ជំនួញ​ឈើ​ខ្នាត​ធំ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មក​ហើយ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឋិត​ក្នុងស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ឧកញ៉ា​ទាំង ៣​រូប ដើម្បី​សុំ​ការបំភ្លឺ​សំណុំ​រឿងនេះ បានទេ​នៅ​ថ្ងៃទី​៣១ សីហា​។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ប្រាប់​ថា វិធានការ​ចំពោះ ការ​មិន​ចូល​ទៅ​បំភ្លឺ​តុលាការ​របស់​ឧកញ៉ា​ទាំងនេះ ជា​សមត្ថកិច្ច​របស់​តុលាការ នឹង​អនុវត្ត​នីតិវិធី​បន្ត៖ «នោះ​គឺជា​សមត្ថកិច្ច​របស់​តុលាការ អ៊ីចឹង​ការ​គេចខ្លួន​សមត្ថកិច្ច​តុលាការ នឹង​ឱ្យ​អាជ្ញាធរ​សាធារណៈ មាន​កងរាជអាវុធហត្ថ និង​នគរបាល​ជាតិ ការ​ដឹកនាំ​ជា​សមត្ថកិច្ច​របស់​តុលាការ»

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ សង្កត់ធ្ងន់​ថា ប្រសិនបើ​គណៈកម្មការ​ជាតិ និង​តុលាការ​មិន​ព្រម​ចាប់​ឧក្រិដ្ឋជន មក​ផ្ដន្ទាទោស​ទេ មានន័យថា ការអនុវត្ត​ច្បាប់​ព្រៃឈើ​នៅតែ​ធូររលុង ហើយ​ដំណោះស្រាយ​វិបត្តិ​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ​នឹង​បរាជ័យ​ម្តង​ទៀត​។ លោក​ថា បញ្ហា​នេះ​ជាការ​ទទួលខុសត្រូវ​សំខាន់​របស់​គណៈកម្មការ​ជាតិ និង​តុលាការ គឺ​មិន​ត្រូវ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ឧកញ៉ា​ទាំងនេះ​រួច ពី​សំណាញ់​ច្បាប់​ឡើយ៖ «យើង​នឹង​តាមដាន​ថា តុលាការ​នឹង​កោះហៅ​ប៉ុន្មាន​នាក់​ទៀត ហើយ​បើសិនជា តុលាការ​កោះហៅ របៀប​រាក់​កំភែល​អ៊ីចឹង​ទៀត ឱ្យ​ក្រុម​ឧក្រិដ្ឋជន និង​ជនល្មើស​រត់​រួច​ជា​កំហុស​តុលាការ និង​កំហុស​របស់​គណៈកម្មការ​ជាតិ។ ចំពោះ​ឧក្រិដ្ឋជន​ផ្សេង​ទៀតៗ យើង​នឹង​មាន​ការ​បញ្ចេញ​ឈ្មោះ​គាត់​ត​ទៀត​ថា នរណា​គេ​ជា​មេ ឧក្រិដ្ឋជន ដែល​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​ក្រៅ​ប្រទេស»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ប្រសិនបើ​ជនសង្ស័យ​ជា​ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​រត់​គេច​ខ្លួន តំណាង​អយ្យការ​ត្រូវតែ​ចេញ​លិខិត​បញ្ជា​ឱ្យ​នាំ​ខ្លួន​។ លោក​សង្ឃឹមថា តុលាការ​នឹង​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ត្រឹមត្រូវ​តាមច្បាប់ ចៀសវាង​ប្រព្រឹត្ត​អំពើពុករលួយ៖ «អ្នក​ដែល​កោះហៅ​ខ្លះ ពន្យារ​ពេល តែ​មាន​ឧកញ៉ា ៣​នាក់​គេចខ្លួន គេ​រក​ទៅផ្ទះ​អត់​ឃើញ​។ អ៊ីចឹង​អ្នក​គេចខ្លួន​គេ​នឹង​តាម​ស្រាវជ្រាវ យក​មក​នាំ​ខ្លួន»

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ហាញ​ថា ក្រុមហ៊ុន​ចំនួន ៦ ប្រឈម​ដក​អាជ្ញាប័ណ្ណ​រួមមាន ក្រុមហ៊ុន​ម៉ាស្ទ័រខេសិន ក្រុមហ៊ុន​ចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុន​វិជ្ជរី ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និង​ក្រុមហ៊ុន​ណេងណា។ សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ឧកញ៉ា និង​ជនសង្ស័យ​ទាំង ២០​នាក់ ដែល​តុលាការ​កោះហៅ​នោះ មាន​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ជាមួយ​ក្រុមហ៊ុន​ទាំងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។