ព្រះសង្ឃការពារព្រៃឈើក្នុងសហគមន៍សង្ឃរុក្ខវ័ននៅ ខេត្តឧត្ដរមានជ័យព្រួយបារម្ភអំពីការហិនហោចសត្វព្រៃ ដោយសារក្រុមព្រានព្រៃលួចដាក់អន្ទាក់ចាប់សត្វនៅក្នុងព្រៃសហគមន៍ជារៀងរាល់ថ្ងៃ។ ព្រះអង្គលើកឡើងថា ជនល្មើសធ្វើសកម្មភាពបាន ដោយសារអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ធូររលុង ។
ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកានៅថ្ងៃទី១៥ មិថុនាថា ព្រះសង្ឃ និងពលរដ្ឋនៅក្នុងសហគមន៍មិនអាចការពារសត្វព្រៃទាំងនោះបានទេ ល្គឹកណាអាជ្ញាធរនៅតែអនុវត្តច្បាប់ធូររលុងដូចសព្វថ្ងៃនោះ។ ព្រះអង្គបន្តថា ជនល្មើសមានគ្នាជាច្រើននាក់ បានចូលទៅលួចដាក់អន្ទាក់និងបរបាញ់សត្វព្រៃនៅក្នុងសហគមន៍នៅចំណុចភូមិបាក់នឹម និងភូមិថ្មីឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង នោះរួមមានប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ព្រះតេជព្រះគុណបន្ថែមថា សត្វព្រៃដែលជនល្មើសលួចទាក់ចាប់ ភាគច្រើនជាប្រភេទសត្វកម្រ មានដូចជាសត្វឆ្លុះ ខ្ទីង រមាំង ជ្រូកព្រៃ និងខ្លាឃ្មុំតូច ជាដើម ហើយបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យព្រះអង្គពិបាកក្នុងការការពារ៖ «កន្លែងនោះហើយដែលអាត្មាជួបអន្ទាក់និងបានដើរសារអន្ទាក់ តែក្រោមមកគេដាក់ថ្មីទៀត ដល់ដើរសារកន្លែងផ្សេងដល់កន្លះខែក្រោយគេដាក់ថ្មីទៀត។ជនល្មើសយើងស្គាល់ហើយ និងធ្លាប់បញ្ជូនទៅប៉ូលិសឃុំហើយ តែគាត់មិនឈប់នៅតែធ្វើដដែល ពេលខ្លះច្បាប់គាត់ថាជាប្រភេទសត្វកម្រ គាត់ធ្វើការពិន័យពួកគាត់ទៅធ្វើឱ្យជនល្មើសមិនរាងចាល និងមិនខ្លាចច្បាប់ » ។
(ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន)
ព្រះតេជព្រះគុណ ប៊ុន សាលួត បន្តថា ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងសហគមន៍បានចុះល្បាតព្រៃជាប្រចាំដែរ ប៉ុន្តែមិនអាចទប់ស្កាត់បាន ដោយសារអាជ្ញាធរអនុវត្តច្បាប់ធូររលុង និងមិនសូវសហការជាមួយសហគមន៍។
ឆ្លើយតបនឹងបញ្ហានេះប្រធានបរិស្ថានខេត្តឧត្ដរមានជ័យលោក ភួង លីណា ទទួលស្គាល់ថា កន្លងមកពិតជាមានប្រជាពលរដ្ឋលួចបរបាញ់និងដាក់អន្ទាក់ចាប់សត្វព្រៃក្នុងសហគមន៍សង្ឃរុក្ខវ័នខ្លះមែន ដោយសារចន្លោះប្រហោងដែលសមត្ថកិច្ចមិនបានចុះល្បាតព្រៃមួយរយៈពេលខ្លីប៉ុណ្ណោះ។លោកបន្តថា កន្លងមកអាជ្ញាធរពាក់ព័ន្ធក៏បានចុះបង្ក្រាបនិងចាប់បានជនល្មើសជាច្រើននាក់បញ្ជូនទៅដោះស្រាយនៅតុលាការរួចមកហើយ៖ «នៅក្នុងករណីនេះមន្ត្រីយើងជារៀងរាល់ខែដែលយើងបានដើរសារអន្ទាក់ដែលព្រានបានដាក់គឺ ច្រើនណាស់ទាំងមន្ត្រីការពារព្រៃឈើនិងទៅជាមួយសហគមន៍ ហើយជាមួយគ្នានេះបទល្មើសសត្វ ក៏យើងធ្លាប់ចាប់ជនសង្ស័យបញ្ជូនទៅតុលាការផងដែរ » ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន លើកឡើងថា សហគមន៍សង្ឃរុក្ខវ័នជាតំបន់សំបូរព្រៃឈើនិងមានសត្វព្រៃរស់នៅច្រើនជាងគេនៅក្នុងឧត្ដរមានជ័យ។ លោកបន្តថាប្រជាពលរដ្ឋរស់នៅតំបន់នោះរាប់ពាន់គ្រួសារ បានទាញយកអនុផលពីព្រៃឈើមួយនេះ ដូចជាការនេសាទត្រីជាលក្ខណៈគ្រួសារ និងបោចវរិ៍ដកផ្សិតលក់បានប្រាក់ចំណូលរាប់ម៉ឺនរៀលក្នុងមួយថ្ងៃៗ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា ពលរដ្ឋដែលទាញអនុផលព្រៃឈើនៅព្រៃសង្ឃរុក្ខវ័ននឹងជួបបញ្ហាជាមិនខានទេ នៅពេលដែលធនធានធម្មជាតិទាំងនេះហិនហោចអស់នៅពេលខាងមុខ ដោយសារតែអាជ្ញាធរនៅតែអនុវត្តច្បាប់ធូររលុងដូចសព្វថ្ងៃនោះ៖ «ហើយជាពិសេសសមត្ថកិច្ចដែលប្រចាំការនៅតំបន់នោះ ធ្វើយ៉ាងម៉េចកុំឱ្យមានបែបអាកន្ទេលធំប្រឡំដេក ព្រោះកន្លងមកបទល្មើសកើតមានហើយគាត់មិនចាត់ការទេ ចាត់បានតែអ្នកក្រីក្រតូចតាច បើអីចឹងទេធ្វើយ៉ាងម៉េចដាក់ទោសច្បាស់ចំពោះអ្នកប្រព្រឹត្តបទល្មើសនោះទៅហើយមួយទៀតធ្វើម៉េចការអនុវត្តច្បាប់ឱ្យធ្ងន់ធ្ងរបន្តិចកុំឱ្យចាប់បញ្ជូនទៅហើយដោះលែងទៅវិញៗ និងឱ្យមានតម្លាភាពស្មោះត្រង់ » ។
ព្រៃសង្ឃរុក្ខវ័នមានផ្ទៃដីជាង ៣ម៉ឺនហិកតារ ស្ថិតក្នុងស្រុកអន្លង់វែង ស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកាឲ្យដឹងថា ផលវិបាករបស់សហគមន៍ គឺអ្នកការពារមានគ្នាតិចមិនគ្រប់គ្រាន់សម្រាប់ការពារព្រៃឈើនិងការពារសត្វព្រៃឱ្យបានគង់វង្ស ដែលធ្វើឲ្យមិនអាចចុះល្បាតឲ្យបានគ្រប់ទីកន្លែង។ ព្រៃមួយនេះមានសត្វកម្រជាច្រើនប្រភេទរស់នៅយ៉ាងច្រើនកុះករ ដូចជាទន្សោង ឈ្លូស ជ្រូកព្រៃ រមាំង ស្វា និងសត្វផ្សេងៗ ជាច្រើនទៀត។ ក្រៅពីនេះក៏ជាតំបន់សំបូរត្រីទឹកសាបជាច្រើនប្រភេទដែរ ព្រោះមានស្ទឹង អូរ និងអាងស្តុកទឹកដ៏ធំនៅក្នុងព្រៃសហគមន៍នេះ។ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកាថា សព្វថ្ងៃសហគមន៍សង្ឃរុក្ខវ័នបានចិញ្ចឹមពលរដ្ឋរាប់ពាន់គ្រួសារ ដែលអាចនេសាទត្រីរកប្រាក់ចន្លោះពី៥ម៉ឺនទៅជាង ១០ម៉ឺន ក្នុងមួយថ្ងៃ ដោយមិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។