មន្ត្រីក្រសួងរ៉ែ និងថាមពលអះអាងថា កម្ពុជាកំពុងសិក្សាស្វែងរកថាមពលផ្សេងទៀតដូចជា ឧស្ម័នធម្មជាតិ ធ្យូងថ្ម និងព្រះអាទិត្យ ជាជាងសាងសង់ទំនប់វារីអគ្គិសនី ក្នុងរយៈពេល ១០ឆ្នាំទៀត។
អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា (Victor Jona) ប្រាប់ទីភ្នាក់ងារព័ត៌មាន (Reuters)ថា ការផ្អាកសាងសង់ទំនប់វារីអគ្គីសនីនេះ ដោយសារតែ មានការសិក្សាមួយធ្វើឡើងដោយ ទីប្រឹក្សា ជប៉ុន ដែលបានផ្តល់អនុសាសន៍ឱ្យកម្ពុជាស្វែងរកប្រភពថាមពលប្រភពផ្សេងទៀត។
លោក វិចទ័រ ហ្សូនា ថា តាមគម្រោងរយៈពេល ១០ឆ្នាំ ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០៣០ កម្ពុជានឹងមិនសាងសង់ទំនប់វារីអគ្គិសនីទេ។ សកម្មជនបរិស្ថានធ្លាប់បានព្រមានថា ទំនប់វារីអគ្គិសនីនឹងបណ្ដាលឱ្យមានគ្រោះមហន្តរាយដល់មច្ឆាជាតិ និង ស្រែចម្ការនៅតាមដងទន្លេមេគង្គក្រោម ដែលមានប្រវែង ប្រមាណ ពីរពាន់ បីរយ និងកៅសិប គីឡូម៉ែត្រ ដែលអាចប៉ះពាល់ដល់ពលរដ្ឋប្រមាណ ៦០លាននាក់។
កាលពីឆ្នាំ២០១៩ កម្ពុជា បានជួបប្រទះកង្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរដោយសារតែ តម្រូវការកើនឡើង បណ្ដាលមកពីកំណើននៃការសាងសង់ ស្របពេលមានការវិនិយោគទុនពីចិន។ មន្ត្រីរដ្ឋាភិបាលអះអាងថា កង្វះអគ្គិសនីដោយសារតែ កម្ពស់ទឹកទំបន់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គក្រោម និងតាមដៃទន្លេមេគង្គ មានកម្រិតទាប។ កម្ពុជាប្រើប្រាស់ អគ្គិសនីបានមកពីទំនប់វារីអគ្គិសនី ប្រមាណ ៤៨ភាគរយ។ កាលពីឆ្នាំ ២០១៩ កម្ពុជាបានទិញភ្លើងអគ្គិសនី ប្រមាណ ២៥ភាគរយ ពីប្រទេសវៀតណាម និងថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។