
តំណាងសហគមន៍ការពារព្រៃឈើភូមិតាកាម៉ាល់ (អតីតភូមិតងកាម៉ាល់) ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថា សមាជិកសហគមន៍មួយចំនួន បានកាប់ឈើប្រណីតក្នុងព្រៃសហគមន៍ធ្វើអាជីវកម្មខុសច្បាប់ កើតមានច្រើន ប៉ុន្តែសហគមន៍អះអាងថា ពួកគាត់អស់លទ្ធភាពទប់ស្កាត់ ដោយសារសមាជិកសហគមន៍ដែលប្រព្រឹត្តបទល្មើសខ្លះជាមន្ត្រីមូលដ្ឋាន។
ប្រធានសហគមន៍ការពារព្រៃឈើតាកាម៉ាល់ អះអាងថា នឹងលាលែងពីតំណែង ដោយសារមិនអាចបង្ក្រាបបទល្មើសឈើប្រណីតក្នុងព្រៃសហគមន៍ឲ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី១៥ ខែកញ្ញា ប្រធានសហគមន៍ បានធ្វើដំណើរមកការិយាល័យសមាគមអាដហុក (ADHOC) ដើម្បីផ្តល់ព័ត៌មានពីសកម្មភាពកាប់ឈើប្រណីតក្នុងព្រៃសហគមន៍ និងស្នើសុំឲ្យមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយនេះ ជួយប្រឹក្សាយោបល់ទាក់ទិនគម្រោងលាលែងពីតំណែងដឹកនាំការពារព្រៃឈើបន្តទៀត។
ប្រធានសហគមន៍ លោក មឿង យ៉ាយ រៀបរាប់ថា នៅសប្ដាហ៍ក្រោយលោកនឹងកោះប្រជុំសមាជិកសហគមន៍ ដើម្បីស្នើសុំលាលែងចេញពីតំណែង ឬស្នើសុំយោបល់ប្រគល់ព្រៃសហគមន៍ទៅឲ្យមន្ត្រីព្រៃឈើវិញ ប្រសិនសមាជិកសហគមន៍នៅតែបន្តកាប់ឈើបំពានច្បាប់ និងលក្ខន្តិកៈសហគមន៍។ ម្យ៉ាងវិញទៀត លោកថា សមាជិកសហគមន៍ខ្លះសំអាងមានតួនាទីជាមន្ត្រីមានអំណាចក្នុងមូលដ្ឋាន បានចូលព្រៃកាប់ឈើលក់ទៅឲ្យឈ្មួញ បើទោះបីសហគមន៍ចាប់បាន និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ច្រើនលើកយ៉ាងណាក្តី ក៏ពួកគេមិនខ្លាចញញើត៖ «គេចូលកាប់ហ្នឹងយូរហើយ ឥឡូវវាច្រើនពេក។ គេកាប់លក់ឲ្យឈ្មួញខ្លះនៅអូរជុំ ខ្លះនៅខេត្ត គេទៅទិញដល់ក្នុងព្រៃតែម្តង ប៉ុន្តែយើងចាប់អត់បាន។ អ្នកទិញយើងអត់ឃើញម្ចាស់ អ្នកកាប់យើងអត់ធ្វើស្អីគេបាន»។
កាលពីថ្ងៃទី១៥ ខែកញ្ញា សមាជិកសហគមន៍ ៦នាក់ ត្រូវបានមន្ត្រីក្រុមប្រឹក្សាកោះហៅឲ្យចូលទៅបំភ្លឺ ពីករណីចោទប្រកាន់រឿងលួចកាប់ឈើក្នុងព្រៃសហគមន៍។ ជនជាប់សង្ស័យ ៥នាក់ បានសារភាព និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចកាប់ឈើនេះ។
ទាក់ទិនករណីនេះដែរ មេឃុំអូរជុំ លោកស្រី ខាញ់ សាវី បញ្ជាក់ឲ្យដឹងថា សកម្មភាពលួចកាប់ឈើក្នុងព្រៃសហគមន៍តាកាម៉ាល់ កើតមានច្រើនករណីបណ្ដាលមកពីសមាជិកសហគមន៍មួយចំនួនធំ គឺជាអ្នកប្រព្រឹត្តិដោយខ្លួនឯង។ លោកស្រីបន្តថា បានចាត់វិធានការផ្សព្វផ្សាយអប់រំពីច្បាប់ព្រៃឈើ ជូនសហគមន៍ដែលបានប្រព្រឹត្តខុសរួចហើយ។ ហេតុនេះ វិធានការផ្លូវច្បាប់នឹងត្រូវយកមកអនុវត្ត ប្រសិនសហគមន៍នៅតែបន្តលួចកាប់ឈើខុសច្បាប់នេះតទៅទៀត៖ «ពួកគាត់បញ្ជាក់ថា នៅមានច្រើនទៀតនៅក្នុងភូមិតងកាម៉ាល់ ហើយគាត់ច្រណែនដែរ ហេតុអ្វីធ្វើកិច្ចសន្យាតែពួកគាត់ ៥នាក់។ ពួកខ្ញុំថាធ្វើតាមជំហានសិន បើសិនមានការប្រព្រឹត្តទៀតឲ្យរាយការណ៍»។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក វង សុកសិរី មានប្រសាសន៍បញ្ជាក់ថា សហគមន៍មិនបានរាយការណ៍ ឬសុំកិច្ចអន្តរាគមន៍ជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើសហគមន៍នោះនៅឡើយ។ យ៉ាងណា លោកថានឹងចាត់មន្ត្រីចុះអង្កេតករណីនេះ៖ «យើងមាននិយាយក្នុងកិច្ចព្រមព្រៀង អាចដកព្រៃហ្នឹងទុកជាសម្បត្តិរដ្ឋវិញ អាចពិន័យជាដើម»។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា សហគមន៍ភូមិតាកាម៉ាល់ ជាសហគមន៍ទីបីដែលសម្ដែងទុទ្ទិដ្ឋិនិយមសុំលាលែងពីតំណែង ដោយសារតែមិនអាចបញ្ឈប់សកម្មភាពកាប់ឈើខុសច្បាប់ពីសមាជិកសហគមន៍ខ្លួនឯងបាន។ យ៉ាងណាមិញ លោកបានលើកទឹកចិត្តឲ្យប្រធានសហគមន៍ បន្តដឹកនាំការពារព្រៃឈើបន្តទៀត ដោយរឹតបន្តឹងការអនុវត្តច្បាប់ព្រៃឈើ ប្រសិនសមាជិកសហគមន៍នៅតែប្រព្រឹត្តខុស ជាជាងប្រើប្រាស់វិធានការបែបប្រពៃណីដោះស្រាយបទល្មើសព្រៃឈើ៖ «អ្វីដែលគាត់ទប់ស្កាត់មិនបាន គឺអ្នកភូមិដូចគ្នា ជាប្រពៃណីវប្បធម៌កន្លងមក គាត់ច្រើនតែដោះស្រាយបទល្មើសព្រៃឈើក្រៅប្រព័ន្ធតុលាការ តាមរយៈប្រជុំផ្សព្វផ្សាយ តាមរយៈចាស់ទុំភូមិ គឺមិនមានប្រសិទ្ធភាពទប់ស្កាត់បទល្មើសព្រៃឈើទេ»។
ព្រៃសហគមន៍តាកាម៉ាល់ មានផ្ទៃដីជាង ១៣០ហិកតារ។ លក្ខន្តិកៈសហគមន៍ចែងថា ប្រសិនសហគមន៍មិនអាចការពារព្រៃអភិរក្សរបស់ខ្លួនបាន ត្រូវប្រគល់ព្រៃនោះទៅឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។