គ្រួសារ​គ្រោង​ធ្វើ​បុណ្យខួប​៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោក ឈុត វុទ្ធី នៅ​តំបន់​ព្រៃឡង់

ក្រុម​គ្រួសារ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ៨​ឆ្នាំ​នៃ​មរណភាព​របស់​លោក នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​តំបន់​ព្រៃ​ឡង់ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ​។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​បន្ត​ទាមទារ​យុត្តិធម៌ និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់​សម្លាប់ ខណៈ​លោក​កំពុង​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។

កូនប្រុស លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ប្រាប់​អាស៊ីសេរី​ថា ពិធី​បុណ្យខួប​៨​ឆ្នាំនេះ នឹង​មាន​ការ​ចូលរួម​ពី​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង​ប្រជា​សហគមន៍​ព្រៃឈើ​តាម​បណ្ដា​ខេត្ត​នានា ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃបុណ្យ​ខួប​នោះ ពួក​លោក​នឹង​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​រំឭក​ឡើងវិញ​នូវ​ការងារ និង​ការ​លះបង់​របស់​លោក ឈុត វុទ្ធី ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ ព្រមទាំង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល បន្ត​ស្វែងរក​ឃាតក​ពិត​ដែល​បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

ទោះជា​យ៉ាងណា លោក ឆឺយ ឧត្តមរស្មី ដែល​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បន្ត​ការងារ​ពី​ឪពុក​របស់​លោក ត្អូញត្អែរ​ថា គ្រួសារ​របស់​លោក​កំពុង​ជួបប្រទះ​បញ្ហា​ថវិកា​សម្រាប់​ធ្វើ​ពិធី​បុណ្យខួប​នេះ។ លោក សំណូមពរ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជួយឧបត្ថម្ភ​ថវិកា​សម្រាប់​ពិធីបុណ្យ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។