កូនប្រុសលោកឈុត វុទ្ធី និយាយថា សកម្មជនបរិស្ថាននឹងបន្តប្រារព្ធខួប៨ឆ្នាំនៃការបាញ់សម្លាប់ឪពុករបស់លោកឱ្យខាងតែបាន បើទោះបីជាអាជ្ញាធរបានរារាំងក៏ដោយ។ សង្គមស៊ីវិលស្នើឱ្យមានការសម្របសម្រួលគ្នា និងដោះស្រាយចំពោះរឿងនេះដើម្បីចៀសវាងការប៉ះទង្គិច។
សកម្មជនបរិស្ថានលោក ឆើយ ឧត្តមរស្មី ប្រាប់អាស៊ីសេរីថា កម្លាំងមានសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃប្រមាណ១០នាក់បានរារាំងមិនឱ្យសកម្មជនបរិស្ថានប្រារព្ធខួប០៨ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនេះនៅខេត្តព្រះវិហារទេ។
លោកនិយាយថា ក្រុមសកម្មជនបរិស្ថានបានធ្វើដំណើរដោយម៉ូតូប្រមាណ ៣០នាក់ ដើម្បីទៅចូលរួមពិធីបុណ្យខួប៨ឆ្នាំ នៃការបាញ់សម្លាប់ឪពុកលោក។ ប៉ុន្តែនៅពេលទៅដល់ស្រុកកំរៀង ខេត្តព្រះវិហារ មានកម្លាំងសមត្ថកិច្ច និងមន្ត្រីក្រសួងសុខាភិបាលបានរាំងខ្ទប់ពួកគេមិនឱ្យធ្វើដំណើរទៅមុខ ដោយលើកហេតុផលថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
លោកនិយាយថា ការលើកឡើងនេះមិនត្រឹមត្រូវទេ តាមពិតរដ្ឋាភិបាលមានបំណងបិទបាំងការពិតនៃការបាញ់សម្លាប់ឪពុករបស់លោក៖ «ចំពោះខ្ញុំគិតថា នេះជាចេតនាយ៉ាងច្បាស់ដែលរដ្ឋាភិបាលមិនគាំទ្រលើរាល់សកម្មភាពក្នុងការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើ មិនគាំទ្រទៅលើវីរភាពរបស់លោក ឈុត វុទ្ធី។អ៊ីចឹងហើយខ្ញុំគិតថា រដ្ឋាភិបាលមិនមានឆន្ទៈទេក្នុងការរកយុត្តិធម៌ជូនឪពុកខ្ញុំ ហើយអ្វីដែលខ្ញុំកាន់តែសង្ស័យទៀតនោះ គឺខ្ញុំគិតថារដ្ឋាភិបាលអាចនៅពីក្រោយខ្នងនៃឃាតកម្មនេះបានជាគាត់ហាមប្រាមបែបនេះសូម្បីតែធ្វើខួប ក៏ធ្វើមិនបាន»។
ក្រុមសកម្មជនបរិស្ថានរួមទាំងលោក ឆើយ ឧត្តមរស្មី នៅថ្ងៃទី២៦ មេសានេះ គ្រោងនឹងរៀបចំគម្រប់ខួប០៨ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី នៅក្នុងខេត្តព្រះវិហារដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដនៅពីក្រោយខ្នងនៃឃាតកម្មនេះ។

សកម្មជនការពារព្រៃឈើម្នាក់ មកពីខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ដែលធ្លាក់រួមការងារជាមួយលោក ឈុត វុទ្ធី ថ្លែងថា កាលពីលោកឈុត វុទ្ធី នៅមានជីវិត លោកបានចូលរួម ចុះទប់ស្កាត់បទល្មើសព្រៃឈើ និងលើកទឹកចិត្ត ឱ្យពលរដ្ឋចេញស្រលាញ់ការពារព្រៃឈើបន្តទៀតដែលគ្រប់គ្នាឱ្យឈ្មោះលោកថា ជាវីរជនការពារព្រៃឈើ។ លោកបន្តថា រយៈពេល៨ឆ្នាំមកនេះ ខាងក្រុមគ្រួសាររបស់វីរជនការពារព្រៃឈើ នៅមិនទាន់ទទួលបានយុត្តិធម៌ ពេញលេញនោះទេ៖ «រយៈពេល០៨ឆ្នាំហើយ ដែលលោកបានលាចាកពួកយើងទៅទាំងក្តីអាល័យ ហើយយុត្តិធម៌ដែលយើងចង់បាន គឺចង់បានយុត្តិធម៌ពិតប្រាកដដែលអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកហ្នឹងត្រូវបានផ្ដន្ទាទោសឱ្យពេញលេញ ឱ្យត្រឹមត្រូវ។ ប្រសិនបើយើងបណ្ដែតបណ្ដោយបែបហ្នឹងទៅមានន័យថា អ្នកដែលចង់ប្រព្រឹត្តបទល្មើស បទឧក្រិដ្ឋអាចនឹងប្រព្រឹត្តបានជាបន្តបន្ទាប់ទៀត ហើយស្រុកខ្មែរយើងមិនអាចទទួលបានយុត្តិធម៌ទេ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ស្នើឱ្យមានការចរចា សម្របសម្រួលគ្នា រវាងក្រុមអ្នកការពារព្រៃឈើ ជាមួយខាងមន្ទីរបរិស្ថាន ដើម្បីធ្វើយ៉ាងណាឱ្យពិធីរំលឹកខួបនេះ អាចប្រព្រឹត្តទៅបាន ដោយគ្មានការប្រឈមមុខដាក់គ្នា៖ «បានអាហ្នឹងគួរតែមានការជជែកធ្វើម៉េចឱ្យមានការយល់គ្នា កុំឱ្យមានការខ្វែងគំនិតហើយយើងបែរជាម្ខាងមើលទៅម្ខាងហាក់បីដូចជាមានលាបពណ៌ដាក់ខ្មៅដាក់គ្នាទៅវិញទៅមក។ អាហ្នឹងក៏មិនមែនជាការល្អដែរសម្រាប់ទិដ្ឋភាពទាំងអស់នោះ។ពីព្រោះអ្វីក៏ដោយបើគ្មានការចូលរួមគ្រប់ពីភាគីពាក់ព័ន្ធទេ អាហ្នឹងកិច្ចការការពារវាមិនមានប្រសិទ្ធភាព១០០ % នោះទេ»។
លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ក្នុងរថយន្តរបស់លោក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈលោក និងអ្នកកាសែតពីររូបទៀត បានចូលទៅស៊ើបអង្កេត និងថតរូបភាពគំនរឈើរបស់ក្រុមហ៊ុនកាប់ឈើ ដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)។
ក្រុមសកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល នៅតែស្នើដល់រដ្ឋាភិបាលបន្តស៊ើបអង្កេតករណីឃាតកម្មមួយនេះ ដើម្បីវែកមុខរកឃាតក ដែលបញ្ជាឱ្យបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
