សកម្មជន​បរិស្ថាន ចោទ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ថា គំរាមកំហែង​និង​ដាក់​សម្ពាធ​គ្រួសារ​ខ្លួន ឲ្យ​បញ្ឈប់​សកម្មភាព​តស៊ូ​មតិ​ការពារ​បរិស្ថាន

ដោយ ខែ សុណង
2020-09-03
Share
ឡុង គន្ធា កញ្ញា ឡុង គន្ធា យុវជន​ចលនា​មាតា​ធម្មជាតិ
រូប៖ Screenshot/Mother Nature Cambodia

សកម្មជន​បរិស្ថាន​ម្នាក់ គឺ​កញ្ញា ឡុង គន្ធា ចោទ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ខេត្តកំពង់ចាម ថា គំរាមកំហែង និង​បំភិតបំភ័យ​ដល់​គ្រួសារ​របស់​នាង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​កញ្ញា​បញ្ឈប់​សកម្មភាព​តស៊ូមតិ​ផ្នែក​បរិស្ថាន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​យុវតី ឡុង គន្ធា ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា នឹង​ធ្វើ​ដំណើរ​ថ្មើរ​ជើង ចេញ​ពី​រមណីយដ្ឋាន​វត្តភ្នំ ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ជួប​លោក នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា នេះ លើក​បញ្ហា​ជុំវិញ​ការ​លុប​បឹង​តាមោក ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន បញ្ហា​ទឹក​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ និង​ការ​បាត់បង់​ជីវចម្រុះ​ក្នុង​បឹង​ធម្មជាតិ​មួយ​នេះ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ប្រកាន់​ជំហរ​ថា កញ្ញា​នឹង​បន្ត​សកម្មភាព​ដើរ​ទៅ​ជួប​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍន៍​បឹងតាមោក និង​ស្នើ​សុំ​ឲ្យ​លោក​បញ្ឈប់​សកម្មភាព​លុប​បឹង​ធម្មជាតិ​នេះ បើ​ទោះ​ជា​អាជ្ញាធរ​ធ្វើ​ឲ្យ​គ្រួសារ​នាង​មាន​ការ​ភ័យខ្លាច​ក្ដី។

កញ្ញា ឡុង គន្ធា អះអាង​ថា មេភូមិ​ខែលជ័យ និង​មន្ត្រី​ប៉ូលិស​ឃុំ​អូស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ទៅ​ផ្ទះ​សាច់ញាតិ​នាង ឲ្យ​ហៅ​ម្ដាយ​នាង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កាល​ពី​រសៀល​ថ្ងៃ​ទី០២ ខែកញ្ញា ដោយ​ប្រាប់​ម្ដាយ​នាង​ឲ្យ​ហៅ​កញ្ញា​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ និង​ណែនាំ​ឲ្យ​កូន​បញ្ឈប់​សកម្មភាព​នេះ។ ក្រៅ​ពី​នេះ ក៏​បាន​សួរ​នាំ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នាង អតីត​កន្លែង​ធ្វើការ​និង​បច្ចុប្បន្ន ស្នាក់នៅ​កន្លែង​ណា​ជាមួយ​នរណា និង​បាន​កត់ត្រា​ទុក​ទៀត​ផង។ គន្ធា និយាយ​ថា ជាង​នេះ​ទៅ​ទៀត សមត្ថកិច្ច​បាន​ចោទ​នាង​ចំពោះ​មុខ​ម្ដាយ​ថា នាង​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ និង​ជឿ​តាម​មិត្ត​ភក្តិ​អូសទាញ ដែល​ប្រឈម​នឹង​ផ្លូវច្បាប់៖ «គាត់​ភ័យ​គាត់​ឆាត​មក​ផង គាត់​អង្វរ​ផង​អី​ផង​ឲ្យ​យើង​ទៅ​វិញ​ទាំង​យាយ​ទាំង​អី គាត់​ភ័យ​គាត់​ព្រោះ​លឺ​គេ​ប្រាប់​ថា ខ្ញុំ​ទៅ​ធ្វើ​អី​ខុស​ច្បាប់ តាម​មិត្តភ័ក្ដិ​តាម​អី។ សកម្មភាព​អាជ្ញាធរ​គឺ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ដើម្បី​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ការ​ភ័យ​ខ្លាច ឲ្យ​មក​បង្អាក់​សកម្មភាព​របស់​ខ្ញុំ វា​ជា​រឿង​រឿង​មួយ​ដែល​មិន​សមស្រប​សោះ​ដែល​អាជ្ញាធរ​គាត់​ទៅ​និយាយ​បែប​ហ្នឹង បំភិតបំភ័យ​ដល់​អ្នក​ផ្ទះ​របស់​ខ្ញុំ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង មេភូមិ​ខែលជ័យ លោក ថ្លាង ទូច និង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរស្វាយ តាម​ទូរស័ព្ទ​ជា​ច្រើន​ដង​តែ​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី២ ខែកញ្ញា។

យុវតី ឡុង គន្ធា គ្រោង​ស្លៀកពាក់​ពណ៌​ស ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ចេញ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ នៅ​វេលា​ម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​សុំ​ជួប​លោក លើក​ឡើង​ជុំវិញ​បញ្ហា​លុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់ស្រូវ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន បញ្ហា​ទឹក​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ និង​ការ​បាត់បង់​ជីវចម្រុះ​ក្នុង​បឹង​ធម្មជាតិ​នេះ។

កញ្ញា ឡុង គន្ធា បន្ត​ថា មូលហេតុ​ដែល​នាង​ស្លៀក​ស​នេះ គឺ​ជា​ការ​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​បឹង​ធម្មជាតិ​នានា​កន្លង​មក រួម​ទាំង​បឹង​តា​មោក​ផង។ កញ្ញា​ថា សកម្មភាព​របស់​កញ្ញា​ពុំ​មែន​ជា​អំពើ​ល្មើស​ច្បាប់​នោះ​ទេ តែ​គ្រាន់​ជា​ក្នុង​នាម​ពលរដ្ឋ​សាមញ្ញ​សុំ​ជួប​អ្នក​ដឹកនាំ​ប្រទេស​ថ្លែង​ពី​ទុក្ខ​កង្វល់​ប៉ុណ្ណោះ៖«ព្រោះ​អី​គាត់​ស្រលាញ់​យុវជន ស្រលាញ់​ប្រជារាស្ត្រ ស្រលាញ់​បរិស្ថាន អ៊ីចឹង​ខ្ញុំ​ចង់​ទៅ​ជួប​គាត់​និយាយ​ពី​ទុក្ខ​កង្វល់​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ឃើញ​អំពី​ការ​លុប​បឹង​តា​មោក​ហ្នឹង​ណា។ បើ​និយាយ​ទៅ​គាត់​ដូច​ជា​ឪពុកម្ដាយ​របស់​យើង​ខ្ញុំ​ជា​កូន​សុំ​ជួប​ឪពុកម្ដាយ​ខ្លួន​ឯង និយាយ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​នេះ»

នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​បែប​នេះ ថា​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ទៅ​លើ​ក្រុម​គ្រួសារ​កញ្ញា ឡុង គន្ធា ក្នុង​គ្រា​ដែល​នាង​អនុវត្ត​សិទ្ធិ​ដែល​មាន​ចែង​និង​ធានា​ដោយ​ច្បាប់៖«បើ​យើង​មើល​ទិដ្ឋភាព​ច្បាប់​របស់​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដាក់​សំណើ​ដាក់​សំណូមពរ​ទៅ​ស្ថាប័ន​ណា​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​អ្វី​មួយ​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​របស់​គាត់​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​ជាតិ​និង​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ»

រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ លុប​ផ្ទៃ​បឹង​តា​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ ជិត​ ៣រយ (២៩៨.៥៤) ហិកតារ​បន្ថែម​ទៀត ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី២២ មិថុនា ថា ផ្ទៃ​បឹង​ដែល​ត្រូវ​លុប​នេះ នឹង​ត្រូវ​រៀបចំ​ទៅ​ជា​អគ្គបញ្ជាការដ្ឋាន​កងយោធពល ខេមរភូមិន្ទ និង​ប្រើប្រាស់​ជាទី​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរ​អង្វែង។

ផ្ទៃ​បឹង​តា​មោក សរុប​មាន​ទំហំ​ជាង​បី​ពាន់ (.២៣៩) ហិកតារ។ ផ្ទៃ​បឹង​នេះ ត្រូវ​បាន​រដ្ឋាភិបាល សម្រេច​លុប ចំនួន ៧ដង​រួច​មក​ហើយ ក្នុង​ទំហំ​សរុប​ជាង ២១៤ហិកតារ ដើម្បី​ប្រគល់​ឲ្យ​ស្ថាប័ន​រដ្ឋ និង ឈ្មួញ​ឯកជន។

ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ផ្ទៃ​បឹង​តា​មោក នឹង​ត្រូវ​លុប​ត្រង់​កន្លែង​ណា ដែល​ជា​ជម្រក​មូស​ប៉ុណ្ណោះ។ ឯ​ផ្ទៃ​បឹង ស្ដុក​ទឹក នឹង​មិន​លុប​ទេ ហើយ​សន្យា​ជីក​ជម្រៅ​ឲ្យ​ជ្រៅ​ជាង​នេះ​ថែម​ទៀត។

សមាគម​ធាងត្នោត ធ្លាប់​ចេញ​ផ្សាយ​របាយការណ៍ កាល​ពី​ខែ​មករា ថា បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ជា​បឹង​មួយ​ធំ​ជាង​គេ​​ ក្នុង​រាជធានី​ភ្នំពេញ​ មាន​ប្រជាជន​រស់​នៅ​ជុំវិញ​បឹង​នេះ ចំនួន ៣១៩គ្រួសារ មាន​ភូមិ​ចំនួន​១៩ នៃ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ។ បឹង​នេះ អាច​ការពារ​ទឹក​ជំនន់ និង​ជា​អាង​ស្តុក​ទឹក​ស្អាត​លក្ខណៈ​ធម្មជាតិ ដែល​មាន​ធនធាន​ត្រី និង​បក្សី​ផង។ ពលរដ្ឋ រស់​នៅ​ជុំវិញ​បឹង​នេះ ប្រកប​របរ​ធ្វើ​ស្រែ រក​ត្រី ដាំ​ដំណាំ និង​ខ្លះ​ជា​កម្មករ​រោងចក្រ។

ឯ​ក្រុម​សកម្មជន​ស្រលាញ់​បរិស្ថាន​បង្ហាញ​ក្ដី​បារម្ភ និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​ផ្ទៃ​បឹង​តា​មោក និង​បឹង​ផ្សេង​ទៀត ក្នុង​ក្រុង​ភ្នំពេញ ដោយ​ស្នើ​ឲ្យ​លើក​យក​គម្រោង​សាងសង់​ផ្សេងៗ ទៅ​ធ្វើ​នៅ​ទីតាំង​ផ្សេង ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​បរិស្ថាន និង​ផល​លំបាក​លិចលង់​ទីក្រុង​ភ្នំពេញ​នៅ​រដូវ​វស្សា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល