ក្រុមគ្រួសារសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងមន្ត្រីសង្គមស៊ីវិលគ្រោងធ្វើពិធីរំឮក ខួបគម្រប់៨ឆ្នាំនៃមរណភាពរបស់លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា។ ការធ្វើពិធីរំឭកខួបនេះ ដើម្បីបន្តទាមទារយុត្តិធម៌ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី ដែលបានត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ ខណៈលោកកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅខេត្តកោះ កុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ មន្ត្រីរដ្ឋាភិបាល ឆ្លើយតបថា សំណុំរឿងនេះ បានបិទបញ្ចប់ និងបានផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ជូនគ្រួសារជនរងគ្រោះរួចហើយ។
ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា សំណុំរឿងបាញ់សម្លាប់សកម្មជនបរិស្ថានដ៏លេច ធ្លោ លោក ឈុត វុទ្ធី គឺមិនទាន់មានយុត្តិធម៌ពេញលេញនៅឡើយទេ ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ហើយទាមទារឲ្យរដ្ឋាភិបាលបន្តស្វែងរកឃាតកពិតមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលក្រុមគ្រួសារលោក ឈុត វុទ្ធី គ្រោងរៀបចំពិធីបុណ្យខួប៨ឆ្នាំនៃការស្លាប់របស់លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា ខាងមុខ ។
កូនប្រុស លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ប្រាប់អាស៊ីសេរីថា ពិធីបុណ្យខួបគម្រប់៨ឆ្នាំនៃការស្លាប់របស់ឪពុកលោកនេះ នៅមិនទាន់ដឹងថា នឹងប្រារព្ធនៅទីណានៅឡើយទេ ដោយសារស្ថានភាពនយោបាយតាន់តឹង និងមានវិបត្តិជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា លោក រំពឹងថា បុណ្យខួបឆ្នាំ នេះប្រហែលជានឹងធ្វើឡើងនៅទីកន្លែងដែលលោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់៖ « ខ្ញុំធ្វើបុណ្យខួបនេះ ជាមួយសកម្មជនបរិស្ថាននានា និងសហគមន៍ ដែលស្រឡាញ់រាប់អានគាត់ ដែលគោរពស្រឡាញ់វីរភាពរបស់គាត់ ដើម្បីរំឭកគុណនូវបុព្វ ហេតុដែលគាត់បានបម្រើការពារព្រៃឈើ ហើយមកដល់ពេលនេះរយៈពេល ៨ឆ្នាំ ក៏យើងមិនទាន់ទទួលបានយុត្តិធម៌ ដូច្នេះពួកយើងត្រូវបន្តទាមទារយុត្តិធម៌សម្រាប់គាត់ទៀត » ។
កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី រូបនេះ ពិនិត្យឃើញថា រយៈពេល៨ឆ្នាំនេះ រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឆន្ទៈពិតប្រាកដក្នុងការស្វែងរកឃាតកពិតមកផ្ដន្ទាទោសតាមច្បាប់នោះទេ ពីព្រោះ ថា ទាំងអាជ្ញាធរ និងតុលាការ មិនដែលបានជូនដំណឹង ឬកោះហៅក្រុមគ្រួសារលោកទៅសួរនាំអ្វី នោះទេ គឺស្ងាត់សូន្យតែម្ដង៖ « ខ្ញុំគិតថា តុលាការស្រុកខ្មែរអត់ឯករាជ្យ ហើយអ្វីដែលខ្ញុំរង់ចាំ នោះ គឺប្រសិនបើមានការផ្លាស់ប្ដូររដ្ឋាភិបាលថ្មី មានការផ្លាស់ប្ដូរតុលាការថ្មី ខ្ញុំគិតថា យុត្តិធម៌នឹងមានសម្រាប់ឪពុកខ្ញុំ ។អន្តរកាលនេះ យើងឃើញថា ការស្លាប់ សូម្បីតែលោកពូ ជា វិជ្ជា បណ្ឌិត កែម ឡី ក៏មិនទាន់រកយុត្តិធម៌ឃើញដែរ » ។
លោក ឈុត វុទ្ធី គឺជាប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ក្នុងរថយន្តរបស់លោកកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈលោក និងអ្នកកាសែតពីររូបទៀត បានចូលទៅស៊ើបអង្កេត និងថតរូបភាពគំនរឈើរបស់ក្រុមហ៊ុនកាប់ឈើ ដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)។
របាយការណ៍ស៊ើបអង្កេតដំបូងរបស់កងរាជអាវុធហត្ថ បង្ហាញថា ឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី គឺជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា ហើយបន្ទាប់មក លោក អ៊ិន រតនា បាន «បាញ់ សម្លាប់ខ្លួនឯង» ចំនួន ២គ្រាប់។ កាលណោះ ក្រុមអង្គការសង្គមស៊ីវិល បានរិះគន់របាយការណ៍នោះ ថា ជាការរៀបចំឆាកល្ខោនមួយ ដើម្បីបិទបាំងសំណុំរឿង ព្រោះពួកគេ មិនជឿថាជាការសម្លាប់ ខ្លួនឯងនោះទេ ព្រោះសាកសពលោក អ៊ិន រតនា ត្រូវគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ខុសកន្លែងគ្នា។ បន្ទាប់មក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបង្កើតគណកម្មាធិការចំរុះមួយដឹកនាំដោយលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ដើម្បីធ្វើការស៊ើបអង្កេតជាថ្មី ឡើងវិញ។ របាយការណ៍ស៊ើបអង្កេតរបស់គណកម្មាធិការចំរុះ បានរកឃើញផ្សេងថា បន្ទាប់ពីលោក អ៊ិន រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី នោះ គឺមានសន្តិសុខក្រុមហ៊ុនធីមប៊ើរហ្គ្រីន ម្នាក់ឈ្នោះ រ៉ាន់ បូរ័ត្ន បានស្ទុះទៅទាញកាំភ្លើងចេញពី លោក អ៊ិន រតនា ដើម្បីកុំឲ្យបាញ់ទៀត ហើយការប្រទាញប្រទង់គ្នានោះ បានធ្វើរាល់កៃកំាំភ្លើង ផ្ទុះពីរគ្រាប់ត្រូវ លោក អ៊ិន រតនា តែម្តង។ ក្រុមអង្គការសង្គម ស៊ីវិល នៅតែមិនជឿលើការស៊ើបអង្កេតថ្មីនេះ ព្រោះជាធម្មតាគ្មានមធ្យោបាយណាដែលកាំភ្លើងដ៏វែងរបស់លោក អ៊ិន រតនា អាចបែរ ១៨០ ដឺក្រេ ហើយបណ្តាលឲ្យបាញ់ត្រូវកន្លែងពីរផ្សេងគ្នា ដោយមួយនៅទ្រូង ឯមួយទៀតនៅចំត្រង់ពោះលោក អ៊ិន រតនានោះទេ។
ជាលទ្ធផល សំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ គឺមានតែសន្តិសុខក្រុមហ៊ុនធីមប៊ើរហ្គ្រីនម្នាក់គត់ ត្រូវបានតុលាការខេត្តកោះកុង កាលពីខែឧសភា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល៦ ខែ ក្រោមបទចោទពីបទប៉ុនប៉ងមនុស្សឃាតដោយអចេតនា ។តុលាការ ក៏សម្រេចមិនចាត់ការទៅលើសំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី បន្តទៀតឡើយ ដោយសំអាងថា ឃាតក ដែលបាញ់សម្លាប់ លោក ឈុត វុទ្ធី ក៏បានស្លាប់ ដូច្នេះបណ្តឹងអាជ្ញាក៏រលត់ដែរ។
លោក ឆឺយ ឧត្តមរស្មី និយាយថា សំណុំរឿងឃាតកម្មលើឪពុករបស់លោក បានបញ្ចប់ទៅដោយ ភាពអយុត្តិធម៌បំផុត ហើយបន្សល់ទុកនៅសំណួរ និងការសង្ស័យជាច្រើន។ លោក សង្កេតឃើញ ថា ការស៊ើបអង្កេតតាំងពីថ្ងៃទីមួយនៃការស្លាប់នោះមក គឺអាជ្ញាធររដ្ឋាភិបាល មិនបានធ្វើការដោយ ហ្មត់ចត់ត្រឹមត្រូវនោះទេ។ លោក ជឿថា ឃាតកម្មនេះ មានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីយោធាជា ច្រើននាក់ទៀត៖ « រឿងនេះមិនមែនមានតែកងរាជអាវុធហត្ថទេ គឺមានទាហានពីរ នាក់ទៀត ដែលជិះម៉ូតូមកតាមក្រោយ ហើយទាហានពីរនាក់នេះ ជិះម៉ូតពីរគ្រឿង ដូចជាមានគ្រឿង ស្រវឹង និងមានកាំភ្លើង AK 47 ម្នាក់មួយដើមទៀត ។ កាលកើតដំបូងនោះ នៅកន្លែងនោះ មានរ៉ាន់ បូរ័ត្ន មាន លោក អ៊ិន រតនា និងឪពុករបស់ខ្ញុំ ព្រមទាំងមានកងម្លាំងអីមិនដឹងទេ តែគ្រាន់តែមាន ស៊ីវិលពីរទៅ៣នាក់ទៀត ដូច្នេះប្រហែលជាគ្នា៥ទៅ៦នាក់ណោះ។ ពេលដែលឪពុកខ្ញុំរៀបនឹង ចេញពីកន្លែងនោះ ស្រាប់តែឡានរបស់គាត់អត់ដិតអាគុយ ហើយគាត់បានឲ្យជនជាតិកាណាដា ម្នាក់ទៅតអាគុយ ។បន្ទាប់មកមានទាហានពីរនាក់នោះ មកដល់ហើយ ក៏ដកកាមេរ៉ាពីឪពុកខ្ញុំ ហើយគេថា ឲ្យទៅកោះកុង ។ ឪពុកខ្ញុំ ក៏អត់មាត់ដែរ ហើយព្យាយាមបញ្ឆេះឡាន ពេលនោះ ស្រាប់តែមានការបាញ់ប្រហារមួយគ្រាប់ចំឪពុករបស់ខ្ញុំ។ មានអ្នកកាសែតពីរនាក់បានរត់ចេញ ប្រហែលពីរនាទី ហើយត្រឡប់មកវិញ ស្រាប់តែលោក អ៊ិន រតនា បានដេកសម្លាប់មុខឡានតែម្ដង។ ខ្ញុំគិតថា ទាហានពីរនាក់នោះ មានជាប់ពាក់ព័ន្ធ តែពេលនេះ អត់ឃើញតុលាការកោះហៅទាហាននោះ មកសួរនាំទេ ហើយឥឡូវបាត់មុខទាហានពីរនាក់នោះហើយ » ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ ខែមេសាថា ការលើកឡើងរបស់ក្រុមគ្រួសារ លោក ឈុត វុទ្ធី គឺជារឿងរបស់ពួកគាត់ ប៉ុន្តែអាជ្ញាធរ មិនដឹងថា ត្រូវធ្វើបែបណាទៀតនោះទេ ដោយសារសំណុំរឿងឃាតកម្មនេះ បានបិទបញ្ចប់ជាយូរ មកហើយ៖ « គាត់ចង់រក និងចាប់ឃាតកឯណាទៀត ខ្ញុំមិនដឹងធ្វើម៉េចដែរ។ គាត់ដាក់ពាក្យប្ដឹងទៀតទៅ។ បើគាត់មិនសុខចិត្តទេនោះពេលគេចាប់មនុស្សកាត់ទោស និងផ្តន្ទា ទោស ម៉េចក៏មិនប្ដឹងឧទ្ធរណ៍ប្ដឹងអី ព្រោះច្បាប់ទម្លាប់មានតើ។ គាត់ដើរតែស្រែកថា មិនសុខចិត្តៗ តើដឹងទៅរកទេវតាណា ធ្វើឲ្យគាត់សុខចិត្តបាន » ។
ការអះអាងរបស់ លោក ឆាយ គឹមខឿន នៅពេលនេះ គឺផ្ទុយពីការអះអាងរបស់លោក កាលពីឆ្នាំ ២០១៩ ដែលថា សំណុំរឿងនេះ នៅតែស្ថិតក្នុងការស៊ើបអង្កេតដដែល ហើយ លោក មិនដឹងថា ត្រូវការពេលវេលាប៉ុន្មានទៀតនោះទេ។
ទោះជាយ៉ាងណា លោក បកស្រាយឡើងវិញថា មូលហេតុដែលលោកនិយាយក្នុងឆ្នាំ២០១៩ដូច្នេះ ព្រោះសំណុំរឿងនេះ មានរយៈពេលយូរពេក ហើយលោកទើបតែស្រាវជ្រាវដឹងថា សំណុំរឿងនេះគេ បានបិទបញ្ចប់រួចហើយ។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា លោកមិនមានយោបល់ អ្វីឆ្លើយតបចំពោះការបញ្ចេញមតិ និងការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះនោះទេ ដោយលោក អះអាងថា សំណុំរឿងនេះ ត្រូវបានបិទបញ្ចប់ និងបានផ្តល់យុត្តិធម៌តាមផ្លូវច្បាប់រួចហើយ៖ « សំណុំរឿង បិទបញ្ចប់ក្រោយពេលសមត្ថកិច្ចរកឃើញជនដៃដល់ ហើយនឹងអ្នកដែលពាក់ព័ន្ធហើយអ្នកដែលពាក់ព័ន្ធនោះ គ៏ត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់រួចទៅ ហើយ។ បើនិយាយពីយុត្តិធម៌សំដៅដល់យុត្តិធម៌តាមផ្លូវច្បាប់បានន័យថា អ្វីៗបានអនុវត្តទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមានហើយពួកគាត់ចង់បានយុត្តិធម៌ក្រៅពីនេះទៀត ខ្ញុំក៏មិនមានយោបល់អ្វីដែរ ដោយមិនដឹងថាគាត់ត្រូវការយុត្តិធម៌បែបណាទៀត » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត លើកឡើងថា រយៈពេល៨ឆ្នាំមកនេះ ក្រុមគ្រួសាររបស់វីរជនការពារព្រៃឈើ នៅមិនទាន់ទទួលបានយុត្តិធម៌ ពេញលេញនោះទេ៖ « យើងនៅតែទទូចធ្វើយ៉ាងណាឲ្យមានការស៊ើបអង្កេតនិង ស្រាវជ្រាវឲ្យបានដិតដល់ដើម្បីស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី និងក្រុមគ្រួសាររបស់គាត់ ហើយនឹងដើម្បីពង្រឹងការចូលរួមកិច្ចការពារព្រៃឈើពីយុវជន និងអ្នកដែលស្រឡាញ់ព្រៃឈើតទៅទៀត » ។
រីឯប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ស ម៉ូរី ថ្លែងថា ការលើកឡើងរបស់អាជ្ញាធររដ្ឋាភិបាលក ហាក់ដូចជាមិនបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនោះទេ។ លោក ទាមទារឲ្យមានការស៊ើបអង្កេតឲ្យបាន បានត្រឹមត្រូវឡើងវិញ និងលាតត្រដាងនូវភស្តុតាងដែលគួរឲ្យជឿទុកចិត្តដល់សាធារណជន ដើម្បី លុបបំបាត់វប្បធម៌និទណ្ឌភាពដែលនៅតែបន្តមាននៅជុំវិញសោកនាដកម្មនេះ៖ « អាជ្ញាធរ ត្រូវតែបើកការស៊ើបអង្កេតសាជាថ្មីហើយក្នុងដំណើរការស៊ើបអង្កេតនេះ គួរតែមានការចូលរួមពីអង្គការសង្គមស៊ីវិលនិងអ្នកជំនាញឯករាជ្យហើយនឹងធ្វើបច្ចុប្បន្នភាព និងផ្តល់តម្លាភាពផ្នែកព័ត៌មានអំពីនីតិវិធីនៃការស៊ើបអង្កេតនោះជាប្រចាំដល់ក្រុមគ្រួសារលោក ឈុត វុទ្ធី និងសាធារណជនទូទៅ។ធ្វើបែបនេះខ្ញុំយល់ថា អាចសាធារណជនទូទៅ និងសកម្មជនបរិស្ថាន អាចជឿជាក់ និងភាពអាចទទួលយកបាន » ។
ចំពោះការប្រារព្ធពិធីបុណ្យខួប៨ឆ្នាំវិញ កូនប្រុសរបស់លោក ឈុត វុទ្ធី និងលោក ស ម៉ូរី អំពាវនាវ ឲ្យសាធារណៈជន និងយុវជន ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក ឈុត វុទ្ធី ឲ្យបានច្រើន ហើយ នឹងចូលរួមបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីរំឭកឡើងវិញនូវការងារ និងការលះបង់របស់លោក ឈុត វុទ្ធី ក្នុងកិច្ចការការពារព្រៃឈើ ព្រមទាំងចូលរួមបង្ហោះសាររួមចំណែក ស្នើសុំឲ្យរដ្ឋាភិបាល បន្តស្វែងរកឃាតកពិតដែលបាញ់សម្លាប់លោក ឈុត វុទ្ធី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។