តំណាង​សហគមន៍​​នៅ​កំពង់ឆ្នាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី​បង្កើត​សហគមន៍​ព្រៃឈើ

ដោយ ជិន ជេដ្ឋា
2015.12.12
តំណាង​សហគមន៍​ ស៊ីវ សែត ៦២០ តំណាង​សហគមន៍​ភ្នំ​បាណន់ ភូមិ​ត្រពាំងម្លូ ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង លោក ស៊ីវ សែត ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Chin Chetha

តំណាង​សហគមន៍ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​ស្ថាប័ន​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ពន្លឿន​នីតិវិធី​កំណត់​ផ្ទៃ​ដី​បង្កើត​សហគមន៍​ព្រៃ​ឈើ។ ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់​ពី​មាន​សមត្ថកិច្ច​នគរបាល និង​ពលរដ្ឋ​សរុប​ប្រមាណ ១០​គ្រួសារ ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​ដែល​អ្នក​ភូមិ​ធ្លាប់​ប្រើប្រាស់​ជា​យូរ​មក​ហើយ ហើយ​គ្រោង​ដាក់​ជា​ដី​ព្រៃ​សហគមន៍​ជា​ផ្លូវការ​នោះ។

ផ្ទៃ​ដី​ព្រៃ​សហគមន៍​ភ្នំ​បាណន់​ទំហំ​ជិត​២០០​ហិកតារ(១៥៤.៣៩)​ដែល​អ្នកភូមិ​ត្រពាំង​ម្លូ នៃ​ឃុំ​ក្រាំង​ស្គារ​ជាង​១០០​គ្រួសារ នាំគ្នា​បង្កើត​គណៈ​កម្មការ​គ្រប់គ្រង ក្រោម​ការ​ជ្រោមជ្រែង​របស់​សមាគម​មួយ​កាល​ពី​ចុង​ឆ្នាំ​២០០៤​នោះ បាន​ក្លាយ​ជា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​មិន​ទាន់​អាច​ដោះស្រាយ​ចេញ។ ក្រុម​ពលរដ្ឋ​នៅ​តែ​ទាមទារ​ដី​ទំហំ​៦​ហិកតារ​ដែល​បាន​កាប់​បំផ្លាញ​ដោយ​បុគ្គល​មួយ​ចំនួន​មក​ដាក់​ជា​ព្រៃ​សហគមន៍​វិញ។

តំណាង​សហគមន៍​ភ្នំ​បាណន់ លោក ស៊ីវ សែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា អាជ្ញាធរ​ឃុំ​មិន​ទាន់​ឯកភាព​លើ​លិខិត​ភ្ជាប់​ស្នាម​មេដៃ​ចំនួន ១២៥​ស្នាម​មេដៃ​របស់​អ្នក​ភូមិ​ត្រពាំងម្លូ ដែល​នាំ​គ្នា​ផ្ដិត​ជា​ថ្មី​ទៀត ដើម្បី​សុំ​បង្កើត​ព្រៃ​សហគមន៍​ផ្លូវ​ការ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​នោះ​ទេ។ លោក​ថា សំណើ​នេះ​​ធ្វើ​​តាម​រយៈ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ ​រហូត​ដល់​ថ្នាក់​ជាតិ ដើម្បី​កំណត់​ផ្ទៃ​ដី​​ងាយ​ស្រួល​នឹង​គ្រប់គ្រង៖ «កម្លាំង​ដែល​ចូល​រួម (អ្នក​ចូល​រួម​ទាមទារ​ដី​បាត់​បង់​មក​វិញ) ថ្មី​មាន​ចំនួន ១២៥​គ្រួសារ​ឯ​ណោះ! (ជិន ជេដ្ឋា៖ ពូ​មាន​វិធានការ​អ្វី​បន្ត​ទៀត​ដែរ?) វិធានការ​បន្ដ​នឹង​អញ្ជើញ​អភិបាល​ស្រុក និង​ស្ថាប័ន​ជាតិ​ជួយ​ចុះ​ដោះ​ស្រាយ»

លោក ស៊ីវ សែត បញ្ជាក់​ថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ មេឃុំ​ក្រាំងស្គារ លោក គង់ សំអ៊ីម មិន​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​នេះ​ទេ ដោយ​សំអាង​ថា បើ​​សហគមន៍​កំណត់​យក​ផ្ទៃដី​ជាង ១០០​ហិកតារ​ដដែល មិន​ព្រម​កាត់​ផ្ទៃ​ដី​ប៉ះពាល់​ចេញ នោះ​ជម្លោះ​នៅ​តែ​អូស​បន្លាយ។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​បង្ហាញ​ជំហរ​ថា បើ​គេ​មិន​ដក​ហូត​ដី​ដែល​បាត់បង់​មក​ដាក់​សហគមន៍​វិញ​ទេ នោះ​ពួកគាត់​ក៏​អាច​ចូល​ទៅ​ចាប់​ដី​នៅ​ទី​នោះ​បាន​ដែរ។

ឆ្លើយ​តប​បញ្ហា​នេះ អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ទឹកផុស និង​បច្ចុប្បន្ន​ជា​អភិបាល​ស្រុក លោក ម៉េង ហាក់ បញ្ជាក់​យ៉ាង​ខ្លី​មុន​ចុច​ផ្ដាច់​ទូរស័ព្ទ​ថា ក្រុម​ការងារ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចុះ​ទៅ​វាស់វែង​កំណត់​ទំហំ​ដី​ព្រៃ​សហគមន៍ និង​វាស់​កាត់​ដី​ដែល​មាន​ផល​ប៉ះពាល់​ចេញ ហើយ​មាន​បញ្ហា​យ៉ាង​ណា​ទៀត​នោះ​នឹង​ត្រូវ​ដោះស្រាយ​បន្ត៖ «គួរ​ឲ្យ​ទៅ​គាត់ (ពលរដ្ឋ និង​សមត្ថកិច្ច​ប៉ូលិស​សរុប ១០​គ្រួសារ) ប៉ុណ្ណា ហើយ​ទុក​ប៉ុណ្ណា​តែ​ប៉ុណ្ណឹង​ទេ។ អត់​អី​ទេ ការងារ​ហ្នឹង​យើង​នៅ​ធ្វើ​ការ​សម្របសម្រួល​បន្ត។ អធ្យាស្រ័យ​ប៉ុណ្ណឹង​សិន​ចុះ!»

នាយិកា​អង្គការ​សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ អ្នកស្រី សរ សាត មាន​ប្រសាសន៍​ថា ជា​បទពិសោធន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន ឬ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ពន្យល់​ឲ្យ​ប្រជា​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​ដី​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​សហគមន៍​នោះ​យល់​ច្បាស់​ពី​សារប្រយោជន៍​នៃ​ការ​បង្កើត​ព្រៃ​សហគមន៍។

អ្នកស្រី​ថា ពេល​នោះ​អ្នក​មាន​ដី​អាច​បន្ត​ធ្វើ​ស្រែចម្ការ​នៅ​ក្នុង​ដែន​ដែល​បាន​កំណត់​រួច​ហើយ​នោះ​បាន ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រូវ​ចេញ​ប្លង់​កម្មសិទ្ធិករ ឬ​ឲ្យ​អ្នក​ទាំង​នោះ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​បន្ថែម​ទៀត​នោះ​ទេ៖ «សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋាភិបាល​គួរ​មាន​វិធានការ​យ៉ាង​ម៉េច​ជំរុញ​សហគមន៍​ព្រៃឈើ​ហ្នឹង​វា​កើត​ទៅ ព្រោះ​មិន​តិច​ឆ្នាំ​អង្គការ AEC ធ្វើ​តាំង​ពី​ឆ្នាំ​២០០១ តាំង​ពី​ព្រៃឈើ​នៅ​ច្រើន រហូត​ដល់​ក្រុមហ៊ុន​ឈូស​ឆាយ​នៅ​តិចតួច​នៅ​តែ​តស៊ូ ធ្វើ​ម៉េច​ឲ្យ​ប្រជា​ជន​ចេះ​ការពារ​ព្រៃ»

កាល​ពី​ឆ្នាំ​២០០៩ តំណាង​សហគមន៍​ និង​អ្នកភូមិ​ត្រពាំងម្លូ នៃ​ក្រាំងស្គារ ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​រដ្ឋបាល​ព្រៃ​ឈើ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​បំផ្លាញ​ព្រៃ​សហគមន៍ ប៉ុន្តែ​គ្មាន​លទ្ធផល។ ពួកគេ​ក៏​ធ្លាប់​ដង្ហែ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ចំនួន ១០៥​ស្នាម​មេដៃ តាម​រទេះ​គោ​យន្ត​ចំនួន ៤​គ្រឿង​ ចេញ​ពី​ភូមិ​ត្រពាំងម្លូ ឆ្ពោះ​ទៅ​សាលា​ស្រុក​ទឹកផុស ដើម្បី​ដាក់​ញត្តិ​ជូន​អភិបាល​ស្រុក​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។