បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដាក់​ញត្តិ​មួយ​ទៀត​រំលឹក​រដ្ឋសភា​កោះហៅ​​មន្ត្រី​មក​បំភ្លឺ​រឿង​លុប​បឹង​តាមោក

ដោយ ហេង រស្មី
2019-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​​បង្ហាញ​អំពី​បឹងតាមោក ឬ បឹងកប់ស្រូវ នៅ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ
ផែនទី​​បង្ហាញ​អំពី​បឹងតាមោក ឬ បឹងកប់ស្រូវ នៅ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ
Screenshot

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ដាក់​ញត្តិ​​មួយ​ទៀត ទៅ​រដ្ឋ​សភា ដើម្បី​ស្នើ​សុំ​ឲ្យ​ពិនិត្យ​មើល​ញត្តិ​ចាស់ ដាក់​កាល​​ពី​ខែ​មិថុនា ​​ស្នើ​​​​ឲ្យ​កោះ​ហៅ​តំណាង​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ មក​សាកសួរ​ពី​គម្រោង​លុប​បឹង​តា​មោក ចំនួន​២០​ហិកតារ​ដោយ​អះអាង​ថា ដើម្បី​បង្កើត​ផ្សារ​បន្លែ និង​ចំណត​ឡាន​។ មន្ត្រី​រដ្ឋ​សភា​ ប្រាប់​​​ថា កំពុង​ដំណើរ​ការ​រៀបចំ​កោះហៅ​មន្ត្រី​របប​ក្រុង​ភ្នំពេញ។ ចំណែក​សង្គម​ស៊ីវិល យល់​ថា ការ​បំភ្លឺ​ ឬ​មិន​បំភ្លឺ មិន​អាស្រ័យ​លើ​ការ​ដាក់​ញត្តិ​របស់​គណបក្ស​នយោបាយ​ទេ គឺ​អាស្រ័យ​លើ​​ឆន្ទ​របស់​រដ្ឋសភា និង​របប​ក្រុង​ភ្នំពេញ ដែល​គួរ​គោរព​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក ឡឹក សុធារ ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​​គណៈ​កម្មការ​​ទទួល​ពាក្យ​បណ្ដឹង គឺ​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា ណែនាំ​ឲ្យ​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ​មិន​ចាំ​បាច់​ដាក់​ញត្តិ​ទី​២​ទេ ព្រោះ​រដ្ឋ​សភា កំពុង​ដំណើរ​ការ​ញត្តិ​ស្នើ​សុំ​របស់​គណបក្ស​​ប្រជាធិបតេយ្យ ដែល​ដាក់​កាល​ពី​ខែ​មិថុនា។

លោក ឡឹក សុធារ ប្រាប់​ថា ទោះ​យ៉ាង​ណា បក្ស​មូលដ្ឋាន​កំពុង​រង់​ចាំ​ និង​តាម​ដាន​មើល​។ តែ​មន្ត្រី​រដ្ឋ​សភាបាន​បង្ហើប​ថា នឹង​មាន​គម្រោង​កោះហៅ​តំណាង​រដ្ឋាភិបាល​ច្រើន​ស្ថាប័ន​មក​សាកសួរ ក្នុង​នោះ ក៏​មាន​តំណាង​សាលា​រាជធានី​ភ្នំពេញ​ដែរ៖ «ក្នុង​ពេល​នេះ យើង​ទទួល​យក​បាន​ហើយ។ ទទួល​យក​បាន​ក្នុង​ន័យ​ថា ទី​១ គឺ​រដ្ឋ​សភា​បាន​ទទួល​យក​សំណើ​​របស់​យើង ហើយ​ទី​២​រដ្ឋសភា ក៏​បាន​ចាត់​ចែង​ការងារ​តាម​ហ្នឹង​ដែរ។ លទ្ធផល​យ៉ាង​ណា​នោះ យើង​នឹង​រង់​ចាំ​លទ្ធផល​បន្ត​ទៀត ថា​តើ​ រដ្ឋ​សភា នឹង​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ណា​ខ្លះ​មក​ឆ្លើយ​បំភ្លឺ ហើយ​តើ​ការ​ឆ្លើយ​បំភ្លឺ​យ៉ាង​ម្ដេច​នោះ យើង​កំពុង​រង់​ចាំ​មើល»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាល​ពី​ថ្ងៃ​ទី​១១ មិថុនា បាន​​ដាក់​លិខិត​ស្នើ​សុំ​​ឲ្យ​រដ្ឋសភា​ឯក​បក្ស​ កោះ​ហៅ​​របប​ក្រុង​ភ្នំពេញ មក​ពន្យល់​ពី​​គម្រោង​លុប​បឹង​តា​​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែក​ព្នៅ ឲ្យ​បាន​ច្បាស់​​​លាស់​ ដើម្បី​បំបាត់​​មន្ទិល​សង្ស័យ​ ព្រោះ​បារម្ភ​ថា បឹង​ធម្មជាតិ​ចុងក្រោយ​នៅ​ភ្នំពេញ​មួយ​នេះ អាច​​ត្រូវ​លុប​ចោល​ទាំងស្រុង​ដូច​​បឹង​បឹង​កក់។

លោក ឡឹក សុធារ ប្រាប់​​ថា ការណ៍​ដែល​បក្ស​មូលដ្ឋាន ទាមទារ​ឲ្យ​រដ្ឋ​សភា កោះ​ហៅ​​​តំណាង​រដ្ឋាភិបាល​មក​សួរ​ឲ្យ​ច្បាស់ ព្រោះ​គណបក្ស​នេះ រក​ឃើញ​សកម្មភាព​ឡាន​ដឹក​ដី កំពុង​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក​ជា​​បន្តបន្ទាប់​។ គណបក្ស​នេះ​​ សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី ក្នុង​​ការ​លួច​ចាក់​ដី​ លុប​ផ្ទៃ​បឹង​ស្ងាត់ៗ ​ព្រោះ​អនុក្រឹត្យ​ឲ្យ​លុប ២០ហិកតារ ​មិន​ទាន់​​​​បញ្ជាក់​ថា ត្រូវ​លុប​ទីតាំង​ណា​​ នៃ​ផ្ទៃ​បឹង​ឲ្យ​ប្រាកដ។

អនុក្រឹត្យ​ ចុះ​​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០១៦ បង្ហាញ​ថា ​​ផ្ទៃ​បឹង​តា​មោក មាន​ទំហំ ៣.២៣៩​ហិកតារ ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ បឹង​តា​មោក​ ស្ថិត​នៅ​ខាង​លិច ឆៀង​​ខាង​ជើង រាជធានី​ភ្នំពេញ ស្ថិត​នៅ​ចន្លោះ​ ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ និង​​មាន​​ភូមិ​ចំនួន​១៩​ ព័ទ្ធ​ជុំវិញ​បឹង។ ក្រោយ​ចេញ​អនុក្រឹត្យ​នេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​ចេញ​អនុក្រឹត្យ​​កាត់​​ផ្ទៃ​បឹង​៤៥​ហិកតារ ឲ្យ​ទៅ​ម្ចាស់​ដី​វិញ ប៉ុន្តែ​​មិន​​បង្ហាញ​ថា​ ម្ចាស់​ដី​នោះ​ ជា​ពលរដ្ឋ​ ឬ​ជា​ឈ្មួញ ឬ​ឧកញ៉ា ណា​ឡើយ។

នៅ​ខែ​សីហា ឆ្នាំ២០១៨ ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ចេញ​អនុក្រឹត្យ​មួយ​ទៀត សម្រេច​​ឲ្យ​សាលា​រាជធានី​ភ្នំពេញ លុប​ផ្ទៃ​បឹង ២០​ហិកតារ​បន្ថែម​ទៀត ដើម្បី​បង្កើត​ជា​ផ្សារ​បន្លែ និង​ចំណត​រថយន្ត ដោយ​ផ្ទេរ​​ចេញ​ពី​ផ្សារ​ដើម​គ។ ទោះ​យ៉ាង​ណា អនុក្រឹត្យ​នោះ មិន​​បង្ហាញ​លំអិត​ថា ត្រូវ​លុប​ផ្ទៃ​បឹង​កន្លែង​ណា ឬ​ផ្លាស់ប្ដូរ​ទី​តាំង​ផ្សារ​បន្លែ និង​ចំណត​ឡាន​ របៀប​ណា​ទេ ខណៈ​អ្នក​លក់​នៅ​ផ្សារ​ដើម​គ ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​​លំអិត ពី​អាជ្ញាធរ​ផ្សារ​ដែរ។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់​ថា ការ​កោះ​ហៅ​ ឬ​មិន​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​មក​សួរ​នាំ គឺជា​ឆន្ទ​របស់​រដ្ឋសភា​​និង​រដ្ឋាភិបាល​​ខ្លួន​ឯង​ សុទ្ធសាធ។ តែ​យ៉ាងណា សង្គម​ស៊ីវិល​រូប​នេះ មិន​ចង់​ឃើញ​ ការ​កោះហៅ​​ ​បាន​ត្រឹម​សួរ​ ដោយ​គ្មាន​ចេញ​លទ្ធផល​វិជ្ជមាន​ឡើយ៖ «សំខាន់​ត្រង់​ថា ញត្តិ​ទី​១ ឬ​ញត្តិ​ទី​២ គាត់​បាន​ទទួល​ហើយ​ក្ដី។ ទោះ​បី​គាត់​ទទួល​យក​ញត្តិ​ទី​២​ ក៏​វា​មិន​ទាស់​ខុស​អ្វី​ដែរ ពី​ព្រោះ​តាម​ខ្ញុំ​សង្កេត​មើល​ទៅ​បើ​សិន​ជា​ញត្តិ​ក្នុង​ការ​ស្នើ​សុំ​​ឲ្យ​គណៈកម្មការ​ទី​១​​នៃ​រដ្ឋសភា​ហ្នឹង​ ឬ​ក៏​រាជរដ្ឋាភិបាល​​ក្នុង​ការ​ដោះស្រាយ​ហ្នឹង វា​អត់​មាន​អ្វី​ខុស​គ្នា​ក្រៅពី ពិភាក្សា​គ្នា​ស្វែង​រក​ដំណោះស្រាយ​សមស្រប​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី ជា​ពិសេស​ក្រុម​គ្រួសារ​ដែល​រង​ប៉ះពាល់​នោះ​ទេ»

ចំណែក​សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ​វិញ គ្មាន​ជំនឿ​ថា រដ្ឋសភា​ឯក​បក្ស​ហ៊ាន​កោះហៅ​របប​ក្រុងភ្នំពេញ​មក​សួរ​នាំ​អ្វី​ទេ ហើយ​បើ​ទោះ​ហ៊ាន​កោះហៅ​មក ក៏​គ្រាន់​ជា​ការ​សម្ដែង​ល្ខោន ​ឱ្យ​មហាជន​មើល​ដែរ​។ លោក ថុន រដ្ឋា សង្កេត​ឃើញ​​ថា គ្មាន​នរណា អាច​ហាមឃាត់​រដ្ឋាភិបាល​មិន​ឲ្យ​លុប​បឹង​បាន​ទេ ព្រោះ​សូម្បី​បឹង​ព្រែក​ទប់ ជា​បឹង​​ផ្គត់​ផ្គង​ទឹក​សាប តែ​មួយ​គត់ សម្រាប់​ខេត្ត​ព្រះសីហនុ ក៏​របប​ក្រុង​ភ្នំពេញ ឲ្យ​ឈ្មួញ​​លុប​ក្រោម​លេស​អភិវឌ្ឍន៍​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល