ការ​វិនិយោគ​រ៉ែ​មាស​នៅ​កម្ពុជា (ភាគ​២)

ដោយ សាន សែល
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ក្នុង​ភូមិ​ដាលវាលឡែង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូបថត​​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ក្នុង​ភូមិ​ដាលវាលឡែង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូបថត​​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ នៅ​ភូមិ​ដាលវាលឡែង ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី បញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​ដែល​ទៅ​រុក​រក​រ៉ែ​មាស​នៅ​សហគមន៍​របស់​ពួក​គាត់ មិន​បាន​ពិភាក្សា និង​សួរ​យោបល់​អ្នក​ភូមិ​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុមហ៊ុន​អង្គរ​ហ្គោល (Angkor Gold) ដែល​កំពុង​រុក​រក​រ៉ែ​មាស​នៅ​ទីនេះ អះអាង​ថា ខ្លួន​តែងតែ​បាន​ជជែក​ពិភាក្សា​ជាមួយ​ប្រជា​សហគមន៍។ មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា រាល់​គម្រោង​រុក​រក និង​ធ្វើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ ត្រូវ​តែ​ឆ្លង​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន។ ក៏ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ការ​ឃ្លាំ​មើល​ការ​វិនិយោគ​លើ​ធនធាន​ធម្មជាតិ បង្ហាញ​គន្លឹះ​ដោះស្រាយ​ការ​ខ្វែង​គំនិត​រវាង​ក្រុមហ៊ុន និង​ប្រជាជន​មូលដ្ឋាន ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពី​ការ​ធ្វើ​គម្រោង​វិនិយោគ​ធនធាន​រ៉ែ។

ក្រុមហ៊ុន​អង្គរ​ហ្គោល អះអាង​ថា រាល់​គម្រោង​រុក​រក​រ៉ែ​របស់​ខ្លួន គឺ​តែង​ជជែក​ពិភាក្សា​ជាមួយ​អ្នក​ភូមិ​ដើម្បី​យល់​ដឹង​ពី​តម្រូវការ​របស់​អ្នក​ភូមិ។ អ្នកស្រី ឌីលែន វីកស៍ (Delaye Weeks) បញ្ជាក់​ថា នឹង​ផ្តល់​ការងារ​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត សាងសង់​បង្គន់ ផ្តល់​ការ​បង្រៀន​ភាសា​អង់គ្លេស និង​សេវា​សុខភាព​ដល់​សហគមន៍​ដែល​មាន​ការ​វិនិយោគ​ទៅ​ដល់៖ «ពួក​គាត់​អាច​មក​ធ្វើ​ការ​ជាមួយ​យើង ហើយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​មិន​ចាំបាច់​ចំណាក​ស្រុក​ទេ។ នៅ​រាល់​សហគមន៍​ដែល​យើង​ចូល​ទៅ​រុក​រក​រ៉ែ យើង​បង្កើត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ដែល​មាន​វត្តមាន​អ្នក​ភូមិ។ ប៉ុន្តែ​យើង​មិន​បង្ខំ​អ្នក​ភូមិ​ទេ។ ប្រសិន​បើ​ពួក​គាត់​មិន​ចង់​និយាយ​ជាមួយ​យើង ជា​ការ​សម្រេច​របស់​ពួក​គាត់។ យើង​ធ្វើ​តាម​ច្បាប់ ហើយ​ក៏​មិន​រំលោភ​សិទ្ធិ​អ្នក​ភូមិ​ដែរ។ យើង​គោរព​សិទ្ធិ​ពួក​គាត់ គោរព​ច្បាប់​ប្រទេស​នេះ។ ប៉ុន្តែ​យើង​មិន​បង្ខំ​ឲ្យ​អ្នក​ភូមិ​មក​រក​យើង​នោះ​ទេ។ យើង​ដើរ​ទៅ​រក​ពួក​គាត់ ហើយ​យើង​តាមដាន​ដំណើរការ​នេះ ហើយ​ប្រសិន​បើ​អ្នក​ភូមិ​ចង់​សហការ​ជាមួយ​យើង យើង​នឹង​ធ្វើ​ការងារ​ជួយ​ផ្នែក​ទឹក​ស្អាត អនាម័យ អប់រំ សុខភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព ឬ DPA ដែល​ធ្វើ​ការងារ​ផ្នែក​គ្រប់គ្រង​ធនធាន​ធម្មជាតិ លោក ម៉ម សម្បត្តិ សង្កេត​ឃើញ​ថា ប្រជាជន​ភាគច្រើន​នៅ​កម្ពុជា ខក​ចិត្ត​ជា​រឿយៗ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​គម្រោង​វិនិយោគ ដូចជា​ការ​បណ្ដេញ​ចេញ និង​ការ​ដណ្ដើម​យក​ដីធ្លី។ លោក​ថា ប្រជាជន​អស់​សេចក្តី​ទុក​ចិត្ត​លើ​ក្រុមហ៊ុន៖ «កាលណា​មិន​ធ្វើ​តាម​សន្យា​ទេ ធ្វើ​ប្រជាជន​បាត់បង់​ជំនឿ ហើយ​មិន​មែន​ជា​ដៃគូ​ដែល​រស់នៅ​ជាមួយ​គ្នា​ពី​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ មិន​មែន ១​ឆ្នាំ ៥​ឆ្នាំ​ទេ ជួនកាល ១០​ឆ្នាំ ២០​ឆ្នាំ ៣០​ឆ្នាំ រហូត​ដល់ ៥០​ឆ្នាំ។ វា​អាស្រ័យ​លើ​បរិមាណ​ដែល​រ៉ែ​នៅ​ទីនោះ​មាន»

លោក​បន្ថែម​ថា ក្រុមហ៊ុន​គួរ​ធ្វើ​តាម​អ្វី​ដែល​បាន​សន្យា​ជាមួយ​ប្រជាជន ក្នុង​ការ​ធានា​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ភូមិ​ប្រសើរ​ឡើង ហើយ​ធានា​មិន​ប៉ះពាល់​ដល់​បរិស្ថាន ប្រពៃណី​របស់​អ្នក​ភូមិ ប្រសិន​បើ​ក្រុមហ៊ុន​ចង់​កសាង​ទំនុក​ចិត្ត​ជាមួយ​ប្រជាជន​ឡើង​វិញ៖ «ដូច្នេះ​កន្លែង​នេះ ខ្ញុំ​លើក​ទឹក​ចិត្ត​ហើយ​លើក​ទឹក​ចិត្ត​ទៀត​ថា ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ ត្រូវ​តែ​ធ្វើ​គំរូ​ល្អ។ គំរូ​ល្អ ពី​អនុម័ត​នូវ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម តាម​រយៈ​សាងសង់​ផ្លូវ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​តូច អាច​ឲ្យ​ក្មេងៗ​ទៅ​រៀន​បាន ឲ្យ​ក្មេងៗ​ស្រីៗ​អាច​ប្រើ​ទឹក​ស្អាត​បាន មាន​ការ​បង្រៀន​ប្រជាជន បណ្ដុះបណ្ដាល​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច ដើម្បី​ឲ្យ​គាត់​ក្លាយ​ជា​ផ្នែក​សង្វាក់​ផលិតកម្ម​ក្នុង​ក្រុមហ៊ុន ពីព្រោះ​ខ្ញុំ​ឃើញ​ថា វិស័យ​រ៉ែ​ប្រើ​ធនធាន​មនុស្ស​ពី​បរទេស ដោយ​រឿង​បច្ចេកទេស​ខ្ពស់។ យើង​ទទួល​ស្គាល់​ថា វា​បច្ចេកទេស​ខ្ពស់ ទោះ​បី​យ៉ាង​ណា យើង​ជឿជាក់​ថា​ប្រជាជន​ជនជាតិ​ដើម​ភាគតិច គាត់​ឆ្លាត​ដែរ។ ដូច្នេះ​ការ​បង្រៀន ការ​កសាង​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស វា​ជា​ផ្នែក​មួយ​បាន​ល្អ​ទាំង​ពីរ ពី​ការ​ធ្វើ​ការងារ​ជាមួយ​នឹង​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​ដែរ។ នេះ​ជា​ការ​កសាង​ទំនុក​ចិត្ត។ ហើយ​ចុង​ក្រោយ​បំផុត​នោះ គឺ​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន មាន​ចីរភាព ដោយសារ​ភាគី​ទាំងឡាយ​សប្បាយ​ចិត្ត​ទាំងអស់​គ្នា»

ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) ស្ថិត​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) ស្ថិត​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth RFA/Chuop Sereyroth

ក្រុមហ៊ុន​មេស្កូ​ហ្គោល (Mesco Gold) ជា​ក្រុមហ៊ុន​បរទេស​មួយ​ទៀត​ដែល​បាន​ទិញ​សិទ្ធិ​អភិវឌ្ឍន៍ និង​ជីក​យក​រ៉ែ​មាស​នៅ​ទីតាំង​មួយ​ក្នុង​ខេត្ត​រតនគិរី ពី​ក្រុមហ៊ុន​អង្គរ​ហ្គោល កាល​ពី​ឆ្នាំ​២០១៣។ ក្រុមហ៊ុន​មេស្កូ​ហ្គោល នៅ​ឆ្នាំ​២០១៦ ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ ស្ថិត​ក្រោម​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ថ្មី។

នេះ​ជា​ទីតាំង​ក្រុមហ៊ុន​មេស្កូ​ហ្គោល នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ ឥឡូវ​ក្រុមហ៊ុន​មេស្កូ​ហ្គោល កំពុង​សាងសង់​សំណង់​ដើម្បី​ចុះ​ទៅ​ក្រោម​ដី​យក​រ៉ែ​មាស ដើម្បី​ពិនិត្យ និង​រ៉ែ ផលិត​ជា​មាស។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេស្កូ​ហ្គោល (Mesco Gold) លោក ហ្គលវ៉ាដេ (Gulwade) បាន​បញ្ជាក់​ថា ពួក​គេ​មាន​ទំនុក​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ ដោយសារ​តែ​ពួក​គេ​បាន​ធ្វើ​ត្រឹមត្រូវ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុក​រក និង​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នេះ។ ហើយ​ពួក​គេ​បាន​អះអាង​ថា បាន​ជជែក និង​ដោះស្រាយ​បញ្ហា​សំណង​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផង​ដែរ៖ «វិស័យ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា នឹង​មាន​អនាគត​ល្អ។ យើង​កំពុង​ទាញ​យក​នៅ​ទីនេះ និង​រុក​រក​នៅ​តំបន់​ផ្សេង​ទៀត។ ប្រជាជន​នៅ​ម្តុំ​នេះ​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិនិយោគ​របស់​យើង​មុន​គេ ដោយ​ការ​ទទួល​បាន​ការងារ​ធ្វើ។ តម្លៃ​មាស​មាន​ទីផ្សារ​ល្អ។ តម្លៃ​វា​នៅ​ថេរ​លើ​ទីផ្សារ​អន្តរជាតិ។ យើង​មិន​ព្រួយ​បារម្ភ​រឿង​គ្មាន​ទីផ្សារ​លក់​មាស​នោះ​ទេ។ យើង​អាច​លក់​នៅ​ទីណា​ក៏​បាន​ដែរ។ ខ្ញុំ​មើល​ឃើញ​ថា អនាគត​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​តំបន់​នេះ ហើយ​រដ្ឋាភិបាល​ក៏​នឹង​បាន​ប្រាក់​ចំណូល​ពី​យក​ពន្ធ»

នៅ​ទីតាំង​នេះ ក្រុមហ៊ុន​នឹង​ជីក​យក​រ៉ែ​មាស​ពី​ផ្ទៃដី​ទំហំ​មួយ​គីឡូម៉ែត្រ​ការ៉េ។ លោក ហ្គលវ៉ាដេ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​ក្នុង​ស្រុក។

អ្នក​បកប្រែ​ភាសា​នៅ​ក្រុមហ៊ុន បាន​បង្ហាញ​យើង​ពី​ផែនទី​នៃ​ការ​ជីក​យក​រ៉ែ​មាស ដែល​នឹង​ជីក​លុង​ដី​ម្តង​មួយ​ដុំ​រាង​ចតុកោណកែង ទៅ​ក្រោម​ដី​ជម្រៅ​ពី ៣០​ម៉ែត្រ​ដល់ ១០០​ម៉ែត្រ។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ភូមិ​ពាក់ ស្រុក​អូរយ៉ាដាវ ដែល​ក្រុមហ៊ុន​មេស្កូ​ហ្គោល កំពុង​រៀបចំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស អ្នក​ភូមិ​ប្រាប់​ថា ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន និង​អាជ្ញាធរ​បោកប្រាស់ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​គម្រោង​វិនិយោគ​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ឯកជន។ ពួក​គាត់​បាន​ថ្លែង​ថា ជីវភាព​របស់​ពួក​គាត់​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ និង​ពិបាក​ជាង​មុន នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់ ជាពិសេស​រ៉ែ​មាស​ដែល​ពួក​គាត់​ធ្លាប់​ទៅ​រុក​រក ឥឡូវ​នេះ​មិន​អាច​រក​បាន​ទេ។

លោក រម៉ាស់ ហិន ធ្លាប់​ជា​តំណាង​សហគមន៍។ លោក​ថា អាជ្ញាធរ​បាន​បោកប្រាស់​អ្នក​ភូមិ ដោយ​ឲ្យ​ផ្ដិត​មេដៃ​ដើម្បី​ងាយស្រួល​តាមដាន​សកម្មភាព​អ្នក​ភូមិ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ថ្នល់ ក៏ប៉ុន្តែ​ក្រោយ​មក អាជ្ញាធរ​អះអាង​ថា អ្នក​ភូមិ​បាន​ផ្ដិត​មេដៃ​យល់ព្រម​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន។ លោក រម៉ាស់ ហិន ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​បាន​យល់ព្រម​ផ្តល់​សំណង​ឲ្យ​អ្នក​ភូមិ​ចំនួន ២.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ថ្នូរ​នឹង​ដី​មួយ​ហិកតារ។ តែ​លោក​ថា អ្នក​ភូមិ​ទទួល​បាន​តែ ១.៥០០​ដុល្លារ​ប៉ុណ្ណោះ៖ «ក្រុមហ៊ុន​នឹង​ចង់​ធ្វើ​ផ្ទះ​ពេទ្យ សាលារៀន។ បើ​វា​ធ្វើ​ចឹង​ហើយ សាលា​ក៏​មាន ផ្ទះ​ពេទ្យ​ក៏​មាន ធ្វើ​ផ្លូវ​ក៏​ធ្វើ​ឲ្យ តែ​មុន​នឹង​ធ្វើ​យ៉ាង​ម៉េច វា​មិន​អស់​ដី​យើង។ វា​យក​អស់​រហូត​ចឹង»

លោក រម៉ាស់ ហិន អតីត​តំណាង​សហគមន៍ នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ធ្វើ​ជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
លោក រម៉ាស់ ហិន អតីត​តំណាង​សហគមន៍ នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ធ្វើ​ជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth RFA/Chuop Sereyroth

អ្នក​ភូមិ​ម្នាក់​ទៀត (អ្នក​លក់​អីវ៉ាន់​សុំ​លាក់​អត្តសញ្ញាណ) ឲ្យ​ដឹង​ថា៖ «ខួង​យក ៣០​ឆ្នាំ​អី ចុះ​កូន​ចៅ​ខ្ញុំ​បាន​អី? គេ​មិន​ដែល​ហៅ​យើង​ទៅ​ធ្វើ​ផង»

យើង​បាន​ព្យាយាម​ទាក់ទង​តំណាង​សាលា​ខេត្ត​រតនគិរី ជាច្រើន​លើក​ច្រើនសា ដើម្បី​ឆ្លើយ​បំភ្លឺ​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​នេះ ក៏ប៉ុន្តែ​យើង​មិន​អាច​ទាក់ទង​បាន​ទេ។

ទោះ​បី​ជា​យ៉ាង​ណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ប៉េង ណាវុធ បាន​ថ្លែង​កាល​ពី​ដើម​ខែ​កុម្ភៈ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​រាជធានី​ភ្នំពេញ ថា​បើ​សិន​ជា​មាន​ផល​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ ទោះ​មាន​ផល​ចំណេញ​ប៉ុនណា ក៏​ក្រសួង​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​ដែរ ហើយ​ក្រសួង​ជំរុញ​ការ​ប្រើ​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ជា​ធំ៖ «ការ​បញ្ជ្រាប​ព័ត៌មាន​ទៅ​ប្រជាជន ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​នៃ​គម្រោង​នោះ។ តើ​វា​មាន​ផល​អវិជ្ជមាន​យ៉ាង​ម៉េច​ខ្លះ? នោះ​ហើយ​ដែល​ប្រជាជន​ត្រូវ​ដឹង។ នៅ​ពេល​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​កន្លែង​របស់​ខ្លួន តើ​វា​មាន​ផល​អវិជ្ជមាន​របៀប​ម៉េច? ប៉ុន្តែ​ត្រូវ​មាន​ដំណោះស្រាយ។ ផ្នែក​នៃ​ដំណោះស្រាយ ជា​ផ្នែក​សំខាន់។ ផល​អវិជ្ជមាន​នេះ ត្រូវ​មាន​ដំណោះស្រាយ​របៀប​ម៉េច ដើម្បី​ឲ្យ​ដំណើរការ​វា​ធ្វើ​ទៅ​បាន»

ទន្ទឹម​គ្នា​នេះ លោក​ទទួល​ស្គាល់​ថា ក្រសួង​មិន​ទាន់​បាន​ចុះ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ពេញលេញ​នៅ​ឡើយ។

ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា ចំណូល​ពី​វិស័យ​រ៉ែ​កំពុង​កើន​ឡើង។ នៅ​ឆ្នាំ​២០១៣ រដ្ឋ​ទទួល​បាន​ចំណូល​ប្រមាណ ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​នៅ​ឆ្នាំ​២០១៧ នេះ ចំណូល​ពី​វិស័យ​រ៉ែ​នឹង​កើន​ឡើង​ដល់​ជាង ១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​យ៉ាង​ណា ព័ត៌មាន​លម្អិត​ស្ដីពី​ចំណូល​ពី​វិស័យ​រ៉ែ នៅ​បិទ​បាំង​នៅ​ឡើយ បើ​ទោះ​ជា​ក្រសួង​រ៉ែ ប្រកាស​ថា​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​ក៏ដោយ។

ក្រុមហ៊ុន​មេស្កូ​ហ្គោល ឲ្យ​ដឹង​ថា ខ្លួន​បាន​បង្កើត​ការិយាល័យ​មួយ​នៅ​ជិត​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី សម្រាប់​តំណាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ធ្វើ​ការ​ពិនិត្យ​តាមដាន​វាយ​តម្លៃ​កំណត់​យក​ពន្ធ​រ៉ែ​មាស ដែល​នឹង​យក​បាន។ ក្រុមហ៊ុន​នេះ​ពន្យល់​ថា នៅ​ពេល​ជីក​កាយ​ដី​រ៉ែ​មាស​ហើយ នឹង​យក​កាក​ដី​ពី​ការ​ចម្រាញ់​យក​មាស​លាយ​នឹង​ស៊ីម៉ងត៍ ទៅ​ចាក់​បញ្ជិត​រណ្ដៅ​ដី​ដែល​ជីក​កាយ​យក​រ៉ែ​វិញ។

ក៏ប៉ុន្តែ​លោក ម៉ម សម្បត្តិ ព្រួយ​បារម្ភ​ថា ការ​ប្រើ​ជាតិ​គីមី​ដូចជា​បារត និង​ជាតិ​គីមី​ផ្សេង​ទៀត​ដើម្បី​លាង​រ៉ែ ធ្វើ​ឲ្យ​ពុល​ដី ពុល​ទឹក ប៉ះពាល់​សុខភាព​ប្រជាជន។ លោក​ថា បញ្ហា​គ្រប់គ្រង​ជាតិ​គីមី គ្រប់គ្រង​កាក​សំណល់​អាចម៍​រ៉ែ​ជា​រឿង​សំខាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាជន៖ «ក្រុមហ៊ុន​អាច​អនុវត្ត​ដោយ​ចីរភាព ដោយសារ​ភាគី​ទាំងឡាយ​សប្បាយ​ចិត្ត​ទាំងអស់​គ្នា។ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ដោយ​ចីរភាព មាន​លក្ខណៈ​ត្រឹមត្រូវ សហគមន៍​ក៏​ទទួល​បាន​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​នោះ​ផង ហើយ​រដ្ឋាភិបាល​ក៏​សប្បាយ​ចិត្ត​ឃើញ​ក្រុមហ៊ុន​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​រឿង​សិទ្ធិ​មនុស្ស រឿង​បរិស្ថាន។ នេះ​ហើយ​ជា​ការ​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ដទៃ​ទៀត មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​តាម​លំអាន​ល្អ​បែប​នេះ​ឯង»

ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ ក្រុមហ៊ុន​មេស្កូ​ហ្គោល ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គ្រោង​សាងសង់​អាង​ទឹក​ដាក់​ជាតិ​គីមី​សម្រាប់​លាង​រ៉ែ​ច្រើន​ផ្សេង​គ្នា ហើយ​មាន​កន្លែង​ស្តុក​ជាតិ​ពុល​ពី​ការ​លាង​រ៉ែ​ដោយ​សុវត្ថិភាព មិន​ឲ្យ​សាយភាយ​ប៉ះពាល់​ដល់​សុខភាព។ ចំពោះ​អាចម៍​ដី​ដែល​នៅ​សល់​ពី​ការ​រែង​រក​រ៉ែ​មាស ក្រុមហ៊ុន​នឹង​លាយ​ដី​នោះ​ជាមួយ​ស៊ីម៉ងត៍ យក​ទៅ​បំពេញ​ប្រហោង​នៅ​បាត​ដី​ដែល​បាន​កាយ។

លោក ក្លាន ពិល ថ្លែង​ដោយ​ភ្នែក​សម្លឹង​មើល​ទៅ​ថ្នល់​ថា អ្នក​ភូមិ​នៅ​ដាលវាលឡែង ដែល​ជនជាតិ​ដើម​ភាគតិច​ចង់​បាន​សិទ្ធិ​ដូច​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ​ដែរ៖ «ចង់​ឲ្យ​រដ្ឋាភិបាល​មុន​នឹង​ផ្តល់​សិទ្ធិ​វិនិយោគ ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ធ្វើ​ម៉េច​ឲ្យ​គាត់ សិក្សា​ជាមួយ​ជនជាតិ​ដើម​ភាគតិច វាយ​តម្លៃ​ផល​ប៉ះពាល់។ ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ហ្នឹង មាន​អី​ខ្លះ ទី​មួយ។ ទី​ពីរ សំខាន់​ឲ្យ​យើង​ជា​ជនជាតិ​ភាគតិច ឲ្យ​យើង​មាន​សិទ្ធិ​សម្រេច​ចិត្ត​ប្រគល់​ឲ្យ​គេ។ បើ​មិន​ចឹង​ទេ យើង​នឹង​ស្វែងរក​អង្គការ​ដៃគូ​ផ្សេងៗ​ជួយ​យើង។ ធ្វើ​ម៉េច​ឲ្យ​ច្បាប់​យើង​អនុវត្ត​មាន​ប្រសិទ្ធភាព ដូច​ច្បាប់​ទូទៅ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល