ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនចំនួន២ ក្នុងចំណោមក្រុមហ៊ុន៣ ត្រូវបានរដ្ឋាភិបាលផ្តល់ការវិនិយោគឲ្យក្រុមហ៊ុនទាំងនោះទទួលបានសម្បទានដីសេដ្ឋកិច្ចជិតពាក់កណ្ដាលផ្ទៃដីដែលមាននៅឧទ្យានជាតិគិរីរម្យ។
សំឡេងពលរដ្ឋ៖ «ខ្ញុំធ្លាប់រស់នៅនេះដែរ ប៉ុន្តែខ្ញុំទើបតែបានទៅថ្ងៃនេះ ជាពិសេសគឺសម្បត្តិជាតិ ជាពិសេស គឺតែហៅថាចម្ការតែមួយ ដែលធ្វើបាត់បង់ឈូសឆាយអស់រលីង»។
អស់រយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ ឧទ្យានជាតិគិរីរម្យ គឺជាជម្រកសត្វព្រៃដ៏សុខសាន្ត និងជាទីតាំងសម្រាប់ការប្រមូលអនុផលព្រៃឈើតាមបែបលក្ខណៈគ្រួសារក្នុងតំបន់ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅទីនោះមិនដូច្នេះឡើយ ជាងពាក់កណ្ដាលនៃផ្ទៃដីសរុបរបស់ឧទ្យានជាតិមួយនេះ ត្រូវបានរដ្ឋាភិបាលពុះច្រៀកជាផ្នែកៗ ហើយបានដាក់ជួលរយៈពេលយូរឆ្នាំឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគវិញ។
អ្នកភូមិម្នាក់ដែលជាអតីតមន្ត្រីយោធាប្រចាំនៅតំបន់ភ្នំគិរីរម្យ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា ថា គួរឲ្យសោកស្ដាយដែលរដ្ឋាភិបាលសម្រេចផ្ដល់ការវិនិយោគភ្នំនេះឲ្យទៅក្រុមហ៊ុនឯកជន។ លោកគិតថា ភ្នំគិរីរម្យ នេះ ត្រូវបានអតីតព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គបានចាត់ទុកជាតំបន់ត្រូវការពារដោយព្រះរាជក្រឹត្យរួចហើយ៖ «គួរណាស់តែគិតឃើញថា កន្លែងណាមួយជារបស់រដ្ឋ ហើយព្រះបិតាយើងស្ដេចហ្នឹង សម្ដេច សីហនុ ហ្នឹង គឺគាត់ទទួលស្គាល់ថា តំបន់នេះគឺជាតំបន់ឧទ្យានជាតិណា។ មិនមែនទៅឲ្យក្រុមហ៊ុនចូលឡើងមកឈូសឆាយវិនិយោគនៅកន្លែងនេះទេ»។
កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានកំណត់តំបន់គិរីរម្យដែលមានផ្ទៃដីជាង ៣ម៉ឺនហិកតារ ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងដើម្បីបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។ ភ្នំគិរីរម្យ ដែលស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស។
ប៉ុន្តែថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិនៃការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ទីតាំងឧទ្យានជាតិនេះជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន៣ វិនិយោគរយៈពេលយូរឆ្នាំ ដែលពុះច្រៀកជាកង់ៗ។ ក្នុងនោះមានក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនវិនិយោគភ្នំបូកគោ អង្គរវត្ត និងសាំង ស៊ូគីម៉ិច ក្រុមហ៊ុន អេធូអេ (Asia To Asia) របស់ជប៉ុន និងគម្រោងផ្នែកសាសនារបស់មហាឧបាសិកា ញ៉ឹក ប៊ុនថា។
ជាប់ទាក់ទិនបញ្ហានេះ ក្នុងអំឡុងឆ្នាំ២០០៩ ក្រុមហ៊ុនរបស់ លោក សុខ គង់ បានឈូសឆាយចម្ការតែដែលមានផ្ទៃដីជាច្រើនហិកតារគ្មានសេសសល់ និងក្រោយមក ផ្ទៃដីនៅក្បែរនោះបានបង្កើតជាសួនបន្លែ ហើយបង្ហូរទឹកដែលមានជាតិគីមីចូលទៅក្នុងទំនប់ធម្មជាតិ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រភពទឹកនៅផ្នែកខាងក្រោមថែមទៀត។

ចំណែកក្រុមហ៊ុន អេធូអេ របស់ជប៉ុន វិញ ដែលទទួលសិទ្ធិវិនិយោគលើផ្ទៃដីជាង ២ពាន់ហិកតារ កំពុងផ្ដើមឈូសឆាយផ្លូវកាត់ពីឃ្លាំងប្រាក់ ទម្លាយមកដល់អូរត្រសេក។ ទន្ទឹមនឹងនេះ គម្រោងផ្នែកសាសនារបស់មហាឧបាសិកា ញ៉ឹក ប៊ុនថា ត្រូវគេទម្លាយឲ្យដឹងថា នឹងប្រើប្រាស់ផ្ទៃដីដែលមានព្រៃចំនួន ១២៦ហិកតារ ដើម្បីធ្វើសក្ការបូជាតាមបែបព្រះពុទ្ធសាសនា។
បើទោះជាក្រុមហ៊ុនទាំងនេះអះអាងថា ការវិនិយោគនឹងមិនប៉ះពាល់ដល់ព្រៃធម្មជាតិនេះក្ដី តែមន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថានចាត់ទុកថា នឹងមិនអាចទៅរួចឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបរិស្ថានប្រចាំតំបន់ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ គិតថា គេមិនអាចជឿបានទេថា ការវិនិយោគនេះនឹងមិនប៉ះពាល់ចំពោះព្រៃធម្មជាតិ។ លើសពីនេះ ការដាក់ទុនវិនិយោគនេះ ទំនងជាសម្លឹងឃើញផលប្រយោជន៍ព្រៃឈើជាជាងការរក្សាលំនឹងព្រៃធម្មជាតិទាំងនេះឲ្យនៅដូចដើមថែមទៀតផង៖ «នៅក្នុងទាំងអស់នេះ វាសុទ្ធតែជីវចម្រុះ។ តើយើងគិតថា គេធ្វើយ៉ាងម៉េចមិនឲ្យប៉ះពាល់ បើកន្លែងសុទ្ធតែប្រភពធនធានទាំងអស់ហ្នឹង? អ៊ីចឹងអានេះ គឺសម្រាប់ខ្លួនខ្ញុំ ខ្ញុំគិតថាពិបាកណាស់ យើងឲ្យតម្លៃថា វាមិនប៉ះពាល់ ព្រោះធម្មតា សូម្បីតែយើងធ្វើដំណើរផ្លូវតូចមួយ ម៉េចវាមានការប៉ះពាល់ ចុះទម្រាំការអភិវឌ្ឍដែលមានវិសាលភាពដ៏ធំ»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការប្រតិកម្មពីក្រុមហ៊ុនរបស់ លោក សុខ គង់ និងគម្រោងផ្នែកសាសនារបស់មហាឧបាសិកា ញ៉ឹក ប៊ុនថា បានទេ។
ប៉ុន្តែ ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន អេធូអេ របស់ជប៉ុន ដែលទទួលសិទ្ធិវិនិយោគភ្នំគិរីរម្យ នេះផង លោក ឪម វ៉ាន់ដាវុន អះអាងថា ការដាក់ទុនវិនិយោគនៃក្រុមហ៊ុនរបស់លោក គឺមិនប្រាថ្នាការទាញយកអនុផលព្រៃឈើពីតំបន់វិនិយោគនេះឡើយ។ លោកបញ្ជាក់ថា ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលក្រុមហ៊ុននេះមើលឃើញ គឺសក្ដានុពលព្រៃឈើដែលអាចបង្កើតឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ៖ «ក្រុមហ៊ុន គឺឥតបានគិតគូរព្រៃឈើ ឬក៏បំផ្លាញអីទេកន្លែងនេះ គឺគិតគូរតែរក្សាទុក និងដាំបន្ថែមនៅពេលណាដែលឈើណាមានតម្លៃ»។
យ៉ាងណាក៏ដោយចុះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជាលេខ០១ ម្ដងរួចមកហើយ កាលពីខែឧសភា ឆ្នាំ២០១២ កន្លងទៅ។ បទបញ្ជាដែលមានខ្លឹមសារ ៤ចំណុចសំខាន់ៗមានជាអាទិ៍ ត្រូវផ្អាកបណ្ដោះអាសន្ននូវរាល់ការផ្ដល់សម្បទានដីសេដ្ឋកិច្ច។ ក្រសួង ស្ថាប័ន និងអាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ និងលក្ខខណ្ឌទាំងឡាយណានៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។ ក្រុមហ៊ុនដែលបានគោលការណ៍ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន និងតាមកិច្ចសន្យា ដូចជា កាប់ព្រៃឈើ ទន្ទ្រានដីបន្ថែម ឬទុកដីទំនេរសម្រាប់លក់ជាដើម ត្រូវដកហូតសម្បទានដីសេដ្ឋកិច្ចនោះមកវិញ ហើយដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ ជាងនេះទៀត ចំពោះសម្បទានដីសេដ្ឋកិច្ចដែលអនុញ្ញាតរួចហើយពីរដ្ឋាភិបាលមុនចេញបទបញ្ជានេះ ត្រូវបន្តអនុវត្តតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលមានស្រាប់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាផ្ទាល់របស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម ស៊ីហនុ ព្រះអង្គហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយ ជុំវិញការផ្ដល់សម្បទានដីសេដ្ឋកិច្ចលើតំបន់ដែលមានព្រះរាជក្រឹត្យនេះ។ ទោះជាបែបណា ការកាត់តំបន់មួយដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ គួរគេធ្វើឡើងតាមនីតិវិធីនៃព្រះរាជក្រឹត្យវិញដែរ៖ «ជាគោលការណ៍ អ្វីដែលកើតឡើងដោយព្រះរាជ្យក្រឹត្យ ត្រូវតែមានការកែតាមព្រះរាជ្យក្រឹត្យដែរ អាហ្នឹងគឺជាគោលការណ៍វាអ៊ីចឹង។ ដូចតែងតាំងមន្ត្រីរាជការតាមព្រះរាជ្យក្រឹត្យ ដើម្បីដកត្រូវតែតាមព្រះរាជ្យក្រឹត្យដែរ។ ដូច្នេះ ខ្ញុំស្រពិចស្រពិលដែរកន្លែងហ្នឹង ហេតុអីបានអ្វីដែលព្រះករុណាលោកបានឡាយព្រះហស្តទៅលើព្រះរាជ្យក្រឹត្យមួយ ទៅជារាជរដ្ឋាភិបាលសម្រេចធ្វើអនុក្រឹត្យ ដើម្បីកាត់ជាដីសម្បទាន អាហ្នឹងខ្ញុំវាស្រពិចស្រពិលដែរ រឿងហ្នឹង»។
នាយកគ្រប់គ្រងប្រចាំតំបន់នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ជា ទិត្យ អះអាងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគនៅភ្នំគិរីរម្យ ទាំងនេះ មានច្បាប់អនុញ្ញាត និងគោលការណ៍ត្រឹមត្រូវពីរាជរដ្ឋាភិបាល។ លោក ជា ទិត្យ ច្រានចោលសេចក្ដីរាយការណ៍ថា មានការកាប់ព្រៃឈើនៅលើឧទ្យានជាតិគិរីរម្យ នេះ ដោយចាត់ទុកថា បច្ចុប្បន្ន ជំនាញរបស់លោកទប់ស្កាត់ ពុំអនុញ្ញាតឲ្យធ្វើអាជីវកម្មទេ៖ «ក្រុមហ៊ុនគេធ្វើនេះហើយ គេមានច្បាប់មានទម្លាប់របស់គេ បានគេធ្វើ»។
ផ្ទុយពីការលើកឡើងនេះ សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើប្រណីតដែលនៅសេសសល់ចុងក្រោយនៅក្នុងតំបន់ កំពុងមានសកម្មភាពយ៉ាងសកម្មទៅវិញ។ ចំណែកប្រភេទឈើធ្នង់ និងឈើប្រណីតដទៃទៀត ដូចជា ឈើគ្រញូង ផង នៅអមសង្ខាងផ្លូវឡើងទៅភ្នំគិរីរម្យ ត្រូវគេកាប់ផ្ដួលនៅសល់តែគល់ ហើយនិងចុងប៉ុណ្ណោះ។ នេះមិនទាន់រាប់ពីឈើដែលនៅឆ្ងាយផ្លូវនៅឡើយផង។
ពលរដ្ឋនៅក្នុងតំបន់ទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហានេះថា គឺជាបន្ទុករបស់ជំនាញបរិស្ថាន។ ពេលខ្លះ មន្ត្រីបរិស្ថានក៏ជាអ្នកអនុវត្តធ្វើអាជីវកម្មព្រៃឈើដោយផ្ទាល់ដែរ។
បញ្ហាដាច់ដោយឡែកមួយទៀត ក្រៅពីការប្រឈមទាំងនេះ ប្រជាពលរដ្ឋឃុំចំបក់ ដែលរស់នៅក្រោមប្រភពទឹកពីភ្នំគិរីរម្យ ចម្ការតែ ព្រួយបារម្ភថា ពួកគាត់នឹងត្រូវប៉ះពាល់សុខភាព បើក្រុមហ៊ុនរបស់ លោក សុខ គង់ វិនិយោគពិតមែន។
ពលរដ្ឋនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក នុត ចាម និយាយថា ប្រសិនបើក្រុមហ៊ុន លោកឧកញ៉ា សុខ គង់ ដំណើរការអាជីវកម្មក្នុងពេលខាងមុខនេះ ប្រជាពលរដ្ឋជាង ៧០០គ្រួសារ រស់នៅផ្នែកខាងក្រោម ដែលប្រើប្រាស់ទឹកពីភ្នំគិរីរម្យ នឹងប៉ះពាល់សុខភាពទាំងមនុស្ស សត្វ និងដំណាំដាំដុះ។ ជាងនេះទៀត ចំណូលដែលបានមកពីវិស័យទេសចរណ៍ធម្មជាតិចំបក់ទឹកធ្លាក់នៅផ្នែកខាងក្រោម នឹងត្រូវបាត់បង់៖ «នៅពេលខ្ញុំឮថាខែមួយ គេចាប់ផ្ដើមម្ដងទៀត ខ្ញុំបារម្ភនៅប្រជាពលរដ្ឋភូមិឃុំរបស់ខ្ញុំ ដោយសារពួកខ្ញុំហ្នឹង គឺប្រើប្រាស់ទឹកហ្នឹងមកពីចម្ការតែ។ អ៊ីចឹងបើគេមកធ្វើម្ដងទៀត ប្រហែលជាអាចប៉ះពាល់ដល់ប្រជាជនរបស់ខ្ញុំ»។
ទន្ទឹងនឹងបញ្ហាផ្ទុះឡើងស្ទើរគ្រប់រឿង និងគ្រប់ច្រកល្ហកក្នុងអាណត្តិទីបួន ជាពិសេសរឿងវិវាទដីធ្លី ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រើសរើសការធ្វើកំណែទម្រង់ដីធ្លី ជាយុទ្ធសាស្ត្រនៃកម្មវិធីនយោបាយរបស់លោកដែរ។ នេះប្រហែលជាលោកនាយករដ្ឋមន្ត្រីមើលឃើញថា ហិង្សាដីធ្លីជាចំណុចរសើបសម្រាប់ការបោះឆ្នោតខាងមុខហើយមើលទៅ។ គោលនយោបាយថ្មីនេះ បានធ្វើឲ្យ លោក ហ៊ុន សែន សម្រេចផ្អាកបណ្ដោះអាសន្នរឿងសម្បទានដីសេដ្ឋកិច្ចតែម្តង។
បញ្ហានេះ ត្រូវបានសង្គមស៊ីវិលដែលឃ្លាំមើលការវិវាទដីធ្លីនៅកម្ពុជា គិតថា គោលនយោបាយកំណែទម្រង់រឿងដីធ្លីនេះ ទំនងជាពុំមានប្រសិទ្ធភាព ហើយអាចកាត់បន្ថយជម្លោះបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។