លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​ការពារ​ព្រៃឈើ ខណៈ​ការ​បាត់បង់​ព្រៃ​យ៉ាង​គំហុក​ក្រោម​ដៃ​ខ្លួន

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ដាំ​ដើមឈើ និង​ស្រឡាញ់​ដើមឈើ ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​មនុស្ស និង​សត្វ។ សកម្មជន​ព្រៃឈើ​ថា នេះ​ជា​រឿង​គួរ​ឱ្យ​មោទនភាព​ដែល​មេដឹកនាំ​កម្ពុជា ចេះ​ស្រឡាញ់​ព្រៃ​ឈើ និង​​បំផុស​​ពលរដ្ឋ​ឱ្យ​ដាំ​ដើមឈើ ប៉ុន្តែ​រឿង​ដែល​អភ័ព្វ​នោះ គឺ​អ្នកដឹកនាំ​រដ្ឋ​បច្ចុប្បន្ន គ្មាន​សមត្ថភាព​ថែរក្សា​ព្រៃឈើ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ថែរក្សា​ការពារ​ព្រៃឈើ និង​​បរិស្ថាន​​ធម្មជាតិ​​ឱ្យ​​បាន​​គ្រប់ៗ ​គ្នា ដើម្បី​ការរស់នៅ​របស់​ខ្លួន សហគមន៍ ជីវិត​សត្វព្រៃ និង​ប្រព័ន្ធ​ជីវចម្រុះ​។ បន្ថែម​ពី​លើ​នេះ លោក​ចង់​ឱ្យ​ពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូល​រួម​​បណ្ដុះ​គំនិត​ស្រឡាញ់​ដើមឈើ និង​ដាំ​ដុះ​ដើមឈើ​ឡើងវិញ​ផង​ដែរ​។ លោក​ថ្លែង​បែបនេះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​៩ កក្កដា ដែល​ជា​ថ្ងៃបុណ្យ “​រុក្ខទិវា​” ឬ​ហៅ​ថា ទិវា​ដាំ​ដើមឈើ។

លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព ៣​សន្លឹក ក្នុង​នោះ​មួយ​សន្លឹក​បង្ហាញ​ពី​ព្រះរាជ​សកម្មភាព​ដាំ​ដើមឈើ​របស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ហើយ​រូប​ពីរ​សន្លឹក​ផ្សេងទៀត បង្ហាញ​ពី​រូបលោក និង​ភរិយា ដាំ​ដើមឈើ និង​ស្រោច​ទឹក​ដើម​ឈើ។ លោក​បាន​ឆ្លៀត​រំឭក​ពី​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបរមរតនកោដ្ឋ ដែល​បាន​បង្កើត​ថ្ងៃបុណ្យ “​រុក្ខទិវា​” នៅ​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​១៩៥២ ដើម្បី​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​បណ្ដុះ​គំនិត​ស្រឡាញ់ និង​ថែរក្សា​សម្បត្តិ​ព្រៃឈើ និង​បរិស្ថាន​​ធម្មជាតិ។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ដែល​​បាន​​ថែ​រក្សា​​ការពារ និង​​ដាំ​​ដុះ​​ដើម​ឈើ​​កាន់​តែ​​ច្រើន​​ឡើង​​នៅ​​ទូទាំង​​ប្រទេស។

ទោះជា​យ៉ាងណា អ្នកការពារ​បរិស្ថាន និង​ព្រៃឈើ អះអាង​ថា សម្បត្តិ​ព្រៃឈើ​កម្ពុជា​​កំពុង​​ឈាន​​ទៅ​​​រក​​ការ​​វិនាស​​ហិនហោច​ដោយ​​ស្នាដៃ​​មន្ត្រី​ក្រោម​ឱវាទ​លោក ហ៊ុន សែន នេះ​ឯង។

​សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ជឿជាក់​ថា ស្រប​ពេល​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក កំពុង​ប្រារព្ធ​ទិវា​ដាំ​ដើមឈើ​នេះ ក្រុម​ឈ្មួញ​កំពុង​សប្បាយ​នឹង​ការ​កាប់​ព្រៃឈើ​ឥត​ឈប់ឈរ​នៅ​ក្នុង​តំបន់​ការពារ មាន​ជាអាទិ៍​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ជាដើម​។ លោក​អះអាង​ថា ឈើ​ដែល​កាប់​បាន​នោះ ត្រូវ​គេ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំង​ឡាន​ៗ ហូរហែ​ឥត​ដាច់ ដោយមាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​ជំនាញ៖ «គ្រាន់តែ​ចង់​ប្រាប់​ថា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​ហ្នឹង គឺ​កំពុងតែ​បំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ​។ ហើយ​អ្នក​ដែល​បំផ្លាញ​ទាំងអស់​ហ្នឹង គឺ​សុទ្ធតែ​ជា​អ្នក​ក្រោម​ឱវាទ​របស់​គាត់​ទាំងអស់ ហើយ​គាត់​ប្រាកដជា​ដឹង​ច្បាស់​ហើយ​ថា អ្នក​ណា​ខ្លះ​ដែល​ជា​មេ​ឈ្មួញ អ្នកណា​ខ្លះ​ដែល​កំពុងតែ​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ហ្នឹង»។

កម្ពុជា​បាន​ជាប់​ឈ្មោះថា ជា​ប្រទេស​ដែល​មាន​ការបាត់បង់​ព្រៃឈើ​យ៉ាង​គំហុក នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០១៤។ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ម៉ារីឡេនដ៍ (University of Maryland) សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​១៩៧០ កម្ពុជា​មាន​ព្រៃឈើ​ចំនួន ៧២% នៃ​ផ្ទៃដី​សរុប ក៏ប៉ុន្តែ បាន​ធ្លាក់​មក​នៅ​ត្រឹម​ជាង​៤០% ក្នុង​ឆ្នាំ​២០១៤ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦ យ៉ាងហោចណាស់​ព្រៃឈើ​ទំហំ​ជាង ២​សែន​ហិកតារ នៅ​តំបន់​ភូមិភាគ​ឦសាន ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម។

ចំណែក អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ហៅ​កាត់​ថា EIA វិញ បាន​រកឃើញ​ថា ចាប់ពី​ខែ​តុលា​ឆ្នាំ ២០១៧ ដល់​ខែ​មីនា ២០១៨ ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ មាន​ចំនួន​ជាង​១ លាន ១​សែន ម៉ែត្រ​គីប គិត​ជា​ទឹកប្រាក់​មានតម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​។ អង្គការ​អន្តរជាតិ​មួយ​នេះ​អះអាង​ថា ឈើ​ទាំងនោះ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​បង់លុយ​ឱ្យ​អាជ្ញាធរ​ព្រំដែន និង​ក្រុម​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​កិច្ចការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

លោក ហេង ស្រស់ ថ្លែង​ថា លោក​សប្បាយចិត្ត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​នាំ​គ្នា​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ទាំង​ដែល​ពួកគាត់​មិនមែន​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​។ ក៏ប៉ុន្តែ​លោក​យល់ថា ប្រសិនបើ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មិន​រកស៊ី​ឈើ ឬ​កាង​បទល្មើស​កាប់​ឈើ​ទេ​នោះ កម្ពុជា​ប្រហែលជា​មិន​ចាំបាច់​ដាំ​ដើមឈើ​ឡើងវិញ​ឡើយ​។ សកម្មជន​ព្រៃឈើ​រូប​នេះ ថ្លែង​ទៀត​ថា លោក​គ្មាន​ជំនឿ​លើ​ការ​អះអាង​របស់​លោក ហ៊ុន សែន ក្នុង​ការ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​​ទៀត​នោះ​ឡើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី​បាន​បរាជ័យ​ជាច្រើន​ដង​រួច​មក​ហើយ​ចំពោះ​ការសន្យា​របស់​ខ្លួន​ក្នុង​បញ្ហា​នេះ៖ «ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​កំពុងតែ​យកចិត្តទុកដាក់​ដាំ​ដើមឈើ ហើយ​មួយវិញទៀត គឺ​យើង​​គ្រាន់តែ​​ចង់​ប្រាប់​ទៅ​ទាំង​ក្រសួង​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បើ​កូនចៅ​របស់​គាត់​នៅ​ខាងក្រោម​ឱវាទ​របស់​គាត់​មិន​កាប់​ព្រៃឈើ ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ខ្មែរ​មិន​ចាំបាច់​ដាំ​អី​ទៀត​ទេ»។

ក្រសួង​បរិស្ថាន​ធ្លាប់​បាន​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៦ កម្ពុជា​នៅ​មាន​គម្រប​ព្រៃឈើ​ជាង ៤៥% នៃ​​ផ្ទៃដី​​សរុប​។ ក្រសួង​អះអាង​ទៀត​ថា ផ្ទៃដី​គម្រប​ព្រៃឈើ​អាច​នឹង​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​មាន​ការ​ដាំដុះ​កូនឈើ​ឡើងវិញ បូក​រួម​ទាំង​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ការ​រុករាន​ដី​ព្រៃ។

ទោះជា​យ៉ាងណា សកម្មជន​បរិស្ថាន​អះអាង​ថា គម្រប​ព្រៃឈើ​ពិតប្រាកដ អាច​មាន​ត្រឹម​ចន្លោះ​ពី​ជាង​ ២០% ទៅ​​ជាង​ ៣០% ប៉ុណ្ណោះ ពីព្រោះ​បច្ចុបន្ន​នេះ បទល្មើស​ព្រៃឈើ​គ្មាន​ការ​ថមថយ​ឡើយ ស្រប​ពេល​ដែល​តំបន់​ព្រៃ​ការពារ​ជាច្រើន​កន្លែង ត្រូវ​បាន​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។