សមត្ថកិច្ច​រក​ឃើញ​ទីតាំង​ជីក​រ៉ែ​មាស​ខុស​ច្បាប់​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​រតនគិរី

0:00 / 0:00

ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​រតនគិរី បាន​រក​ឃើញ​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​មួយ​កន្លែង​ដែល​ប្រើប្រាស់​ម៉ាស៊ីន​កិន​រ៉ែ​មាស និង​កម្មករ​វៀតណាម និង​ខ្មែរ កំពុង​ជីក​រក​មាស​ក្នុង​តំបន់​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ អង្គរ ហ្គ្រល (Angkor Gold) នៃ​ប្រទេស​អូស្ត្រាលី។

ក្រុម​សមត្ថកិច្ច បាន​រឹប​អូស​ម៉ាស៊ីន​កិន​រ៉ែ​មាស និង​គ្រឿង​សម្ភារៈ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​នេះ ក៏ប៉ុន្តែ​មិន​មាន​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ។

មន្ត្រី​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត ស៊ើប​អង្កេត​រក​ជន​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​មួយ​កន្លែង ដែល​ពាក់ព័ន្ធ​ភរិយា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ឈ្មោះ ម៉ម គឹមឆេង ជា​អនុប្រធាន​ការិយាល័យ​កណ្ដាល​មធ្យោបាយ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា បន្ទាប់​ពី​ស្ត្រី​មួយ​រូប​មិន​ប្រាប់​ឈ្មោះ ប៉ុន្តែ​ត្រូវ​គេ​ស្គាល់​ថា​ជា​ភរិយា​មន្ត្រី​ប៉ូលិស​ឈ្មោះ ម៉ម គឹមឆេង ចេញ​មុខ​ទទួល​ស្គាល់​ថា ទីតាំង​ជីក​យក​មាស និង​គ្រឿង​សម្ភារៈ​ទាំងអស់​ជា​របស់​ខ្លួន ក៏ប៉ុន្តែ​ស្ត្រី​នោះ​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​កន្លែង​ធ្វើ​អាជីវកម្ម​មាស​ខុស​ច្បាប់ ២ ទៅ ៣​កន្លែង​ទៀត ដែល​ស្ត្រី​នោះ​អះអាង​ថា នៅ​តំបន់​ភ្នំ​ជិត​គ្នា​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា ការ​ចេញ​មុខ​របស់​ស្ត្រី​រូប​នេះ គឺ​ជា​សាក្សី​សំខាន់​សម្រាប់​ជា​មូលដ្ឋាន​ស៊ើប​អង្កេត​ករណី​នេះ។ លោក​កត់​សម្គាល់​ថា ក្នុង​ការ​ស៊ើប​អង្កេត​បឋម​របស់​អង្គការ​លោក​រក​ឃើញ​ថា ទីតាំង​ជីក​រក​មាស​ខុស​ច្បាប់​នេះ មាន​ពាក់ព័ន្ធ​មនុស្ស​ជាច្រើន ក្នុង​នោះ​ក៏​មាន​ក្រុម​ពាក់ព័ន្ធ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​អាច​ជា​អ្នក​ឃុបឃិត​ផង​ដែរ៖ «ទៅ​ដល់​យើង​ឃើញ​មាន​ការ​អះអាង​ជាច្រើន កម្មករ​ខ្លះ​ថា​ជា​របស់​ខ្លួន ខ្លះ​ថា​ជា​របស់​មេ។ អ៊ីចឹង​យើង​ឃើញ​ថា ការ​ជីក​មាស​នៅ​ទីតាំង​នោះ​មាន​ការ​រៀបចំ មាន​ការ​ចាត់​តាំង មាន​ខ្សែ​រយៈ មាន​ខ្នង​បង្អែក​ជាច្រើន»

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា បុគ្គលិក​ក្រុមហ៊ុន អង្គរ ហ្គ្រល មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត រួម​ទាំង​ប៉ូលិស​មូលដ្ឋាន បាន​ទៅ​ដល់​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ​ឃើញ​មាន​រោង​ប្រក់​សំពត់​កៅស៊ូ​ចំនួន​៤ នៅ​ចំណុច​ភ្នំ​ក្រូច និង​តាម​មាត់​អូរ​ជាប់​ជ្រលង​ភ្នំ​នេះ។ នៅ​ទីនោះ ជនជាតិ​វៀតណាម ៤​នាក់ បាន​ជម្លៀស​ខ្លួន​ឡើង​ភ្នំ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ទៅ​ដល់​អណ្ដូង​រ៉ែ​មួយ​ដែល​ពួក​គេ​កំពុង​ជីក។ នៅ​រោង​ចំនួន​ពីរ​ទៀត មាន​កម្មករ​ខ្មែរ​ប្រមាណ ៦​នាក់ កំពុង​ស្នាក់នៅ​ក្នុង​រោង​នោះ។

តំណាង​ក្រុមហ៊ុន អង្គរ ហ្គ្រល លោក ម៉ា សំអាត ទទួល​ស្គាល់​ថា អណ្ដូង​ជីក​រ៉ែ​មាស​ថ្មី​មួយ​កន្លែង​ជម្រៅ​ជាង ១០​ម៉ែត្រ មុខ​កាត់​ជាង ១​ម៉ែត្រ ត្រូវ​គេ​ជីក​ប្រមាណ​បី​ថ្ងៃ បន្ទាប់​ពី​ក្រុមហ៊ុន​ដក​ចេញ​ពី​ការដ្ឋាន​ស្រាវជ្រាវ​រ៉ែ​នៅ​តំបន់​នោះ។ លោក​អះអាង​ថា ក្រុម​ជនល្មើស​ព្យាយាម​ជា​ថ្មី ជីក​រ៉ែ​មាស​នៅ​តំបន់​នោះ បើ​ទោះ​បី​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​ក្រុម​អ្នក​ជីក​មាស​អនាធិបតេយ្យ​កាល​ពី​ខែ​ឧសភា កន្លង​ទៅ​ក្តី៖ «បួន​ថ្ងៃ​យើង​បាន​ដក​ចេញ​ពី​ទីតាំង​ហ្នឹង។ បួន​ថ្ងៃ​មុន​យើង​កំពុង​ខួង​នៅ​ទីតាំង​ហ្នឹង គាត់​អត់​មាន​សកម្មភាព​ទេ។ ខ្ញុំ​ឮ​ព័ត៌មាន​ហ្នឹង​ក៏​ភ្ញាក់​ផ្អើល​ដែរ។ ខ្ញុំ​ទើប​ដក​ចេញ គាត់​ចូល​មក​ធ្វើ សំខាន់​កន្លែង​ហ្នឹង​ជីក​ថ្មី។ គាត់​អត់​ប្រាប់​ឈ្មោះ​ទេ ប៉ុន្តែ​ប៉ូលិស​ថា​ប្ដី​គាត់​ឈ្មោះ ឆេង ធ្វើ​ប៉ូលិស គាត់​ថា​កម្មសិទ្ធិ​ហ្នឹង​ជា​របស់​គាត់ បើ​ចាប់ៗ​ទៅ​ចាប់​ទាំងអស់​គ្នា ឲ្យ​ចាប់​ម៉ាស៊ីន​ផ្សេង​ទៀត»

បុរស​ម្នាក់​កំពុង​ស្នាក់នៅ​ក្នុង​រោង​មួយ​ជិត​រោង​ដាក់​ម៉ាស៊ីន​កិន​រ៉ែ​មាស ឈ្មោះ ជុំ ស្រ៊ាង អះអាង​ថា ជនជាតិ​វៀតណាម បាន​មក​ជួល​ដី​នោះ​ពី​គាត់​ជា​ម្ចាស់​ដី ដើម្បី​ជីក​រក​មាស​ប្រមាណ​បី​ថ្ងៃ​កន្លង​ទៅ​នេះ។ លោក ជុំ ស្រ៊ាង បដិសេធ​ថា​កម្មករ​ខ្មែរ​ដែល​ស្នាក់នៅ​ក្នុង​រោង មិន​មែន​ជា​អ្នក​ជីក​មាស​ទេ គឺ​កម្មករ​ធ្វើ​ចម្ការ​ដែល​គាត់​ជួល​មក​ពី​ខេត្ត​ក្រចេះ៖ «គេ​សុំ​ដី​ខ្ញុំ​ធ្វើ ខ្ញុំ​អត់​ដឹង​ស្អី​ដែរ គេ​ថា​បាន​ផល​បាន​គេ​ឲ្យ​ខ្ញុំ​ចាយ។ លោក រិទ្ធិ គេ​មក​ទាក់ទង​ខ្ញុំ គេ​ថា​ឲ្យ​កូន​ចៅ​គេ​ចុះ​មក ទើប​មក​បី​បួន​ថ្ងៃ គ្នា​គេ ៤​នាក់ អត់​ឮ​និយាយ​ខ្មែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ម គឹមឆេង សុំ​បំភ្លឺ​ករណី​ស្ត្រី​ជា​ភរិយា​របស់​លោក ដែល​អះអាង​ជា​ម្ចាស់​គ្រឿង​សម្ភារៈ​ជីក​មាស​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។

យ៉ាង​នេះ​ក្តី ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក វ៉ាន់ សាវាត បញ្ជាក់​ថា លោក​ចាត់​មន្ត្រី​ប៉ូលិស​ចុះ​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ស្នងការ​ប៉ូលិស។ ដោយឡែក​អធិការ​ប៉ូលិស​ស្រុក​លំផាត់ លោក សូយ ថាវ បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​ប៉ូលិស​កំពុង​កសាង​សំណុំ​រឿង​នេះ​ដូច​គ្នា៖ «ឥឡូវ​យើង​បញ្ជា​ឲ្យ​ចុះ​ទៅ​ហើយ យើង​រាយការណ៍​ឲ្យ​ស្នងការ»

តំបន់​ភ្នំ​ក្រូច ជា​តំបន់​មាន​រ៉ែ​មាស។ កន្លង​ទៅ គេ​ឃើញ​រណ្ដៅ​ជីក​យក​រ៉ែ​មាស​នៅ​តាម​ជើង​ភ្នំ​មក​កិន​រែង​យក​មាស ហើយ​បង្ហូរ​សារធាតុ​គីមី និង​ដី​កខ្វក់​ចូល​ទៅ​អូរ​ធម្មជាតិ ដែល​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​នៅ​តំបន់​ជិត​នោះ​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។