តុលាការ​ខេត្ត​កោះកុង​គ្រោង​បើក​សវនាការ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​លោក អាឡិច នៅ​ចុង​ខែ​កក្កដា

ដោយ ទីន ហ្សាការីយ៉ា
2019.05.01
Share on WhatsApp
Share on WhatsApp
Alejandro Gonzalez Davidson 2018 លោក​ ​អាឡិច ​ហេន​ដ្រូហ្កាន់​សាឡេស ​ដេវិធ​សុន ​(Alejandro Gonzalez Davidson) សកម្មជន​បរិស្ថាន​ ​និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។
RFA

តុលាការ​ខេត្ត​កោះកុង​គ្រោង​បើក​សវនាការ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​​ ​លោក​ អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) នៅរយៈពេល ៣ខែ​ខាង​មុខ​ទៀត​នេះ។ ​លោក អាឡិច ថ្លែង​ថា លោក​បាន​រង់ចាំ​សវនាការ​​នេះ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​សង្ឃឹមថា របប​លោក ហ៊ុន សែន នឹង​អនុញ្ញាត​ឱ្យ​លោក​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ទៅ​តតាំង​ក្តី​នេះ។

តុលាការ​ខេត្ត​កោះកុង​កំណត់​យក​ថ្ងៃ​ទី៣០ ខែ​កក្កដា វេលាម៉ោង ៨កន្លះ​ព្រឹក ជា​ថ្ងៃ​បើក​ការ​សវនាការ​សំណុំ​រឿង​លោក អាឡិច បន្ទាប់​ពី​បាន​ផ្អឹប​សំណុំ​រឿង​នេះ​ទុក​រយៈ​ពេល​ជាង ៣ឆ្នាំ ក្រោយ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត។ នេះ​បើ​យោង​តាម​ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​កោះកុង ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២៩ មេសា។

តុលាការ​តម្រូវ​ឱ្យ​លោក អាឡិច ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​នេះ​ជា​កំហិត និង​យក​ឯកសារ​ពាក់ព័ន្ធ​ទាំង​ឡាយ​ទៅ​ជាមួយ​ផង។ សមាសភាព​ជំនុំជម្រះ​រួម​មាន​ ចៅក្រម​ជំនុំ​ជម្រះ លោក កែវ សុខា តំណាង​អយ្យការ​លោក អ៊ីវ ត្រាយ និង​ក្រឡា​បញ្ជី​សវនាការ អ្នកស្រី រិន្ទ សីហា។

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិច ថ្លែង​ថា បើ​ទោះ​ជា​តុលាការ​កោះ​ហៅ​លោក​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក៏​ដោយ ក៏​លោក​យល់​ថា នេះ​ជា​ដំណើរ​ការ​មួយ​ដ៏​គួរ​ឱ្យ​អស់​សំណើច ពី​ព្រោះ​មក​ទល់​នឹង​ពេល​នេះ លោក​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ឡើយ។

លោក​យល់​ថា អាជ្ញាធរ​អាច​នឹង​កំពុង​ពិនិត្យមើល​ជម្រើស​មួយ​ចំនួន​ ពាក់ព័ន្ធ​សំណុំ​រឿង​នេះ។ លោក​ថា អាជ្ញាធរ​អាច​អនុញ្ញាត​ឱ្យ​លោក​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ក្នុង​សវនាការ ប៉ុន្តែ​តុលាការ​នឹង​កាត់​ឱ្យ​លោក​មាន​ទោស រួច​បណ្ដេញ​លោក​ចេញ​ពី​កម្ពុជា​ម្ដង​ទៀត ឬ​ក៏​អាច​​បញ្ជូន​លោក​ទៅ​ពន្ធនាគារ​ក៏​ថា​បាន។ លោក​ថា ជម្រើស​មួយ​ទៀត គឺ​តុលាការ​នឹង​មិន​រវី​រវល់​ចំពោះ​វត្តមាន​របស់​លោក ហើយ​កាត់​ក្ដី​យក​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា លោក​ថា ជម្រើស​មួយ​ណា​ក៏​ដោយ​ ក៏​នឹង​ធ្វើ​ឱ្យ​តុលាការ​ និង​របប​ក្រុង​ភ្នំពេញ មាន​ភាព​អាម៉ាស់​មុខ​ដែរ ពីព្រោះ​រឿង​នេះ​អយុត្តិធម៌​តាំងតែ​ពី​ដំបូង។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​ចង់​បាន​នោះ គឺ​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​បន្ត​សកម្មភាព​ការពារ​បរិស្ថាន​ត​ទៅ​ទៀត៖ «រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុន្មាន​ឆ្នាំ​កន្លង​មក ដូច​ជា កំពុង​តែ​វង្វេង អត់​ដឹង​អ្វី​ដែល​ជា​ស អ្វី​ដែល​ជា​ខ្មៅ អ្វី​ដែល​ប្រជាជន​ខ្មែរ​ចង់​បាន គឺ​អត់​ដឹង។ អ៊ីចឹង​ខ្ញុំ​មិន​សូវ​មាន​សង្ឃឹម​ទេ។ ខ្ញុំ​ថា ប្រហែល​ជា​អ្វី​ដែល​កើត​ឡើង​ហ្នឹង គឺ​អត់​អើពើ​ជាមួយ​ អត់​ឆ្លើយតប មិន​បដិសេធ មិន​អនុញ្ញាត​នឹង​ការ​ស្នើសុំ​របស់​ខ្ញុំ»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែង​ថា ការ​កោះហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ គឺ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ ក៏​ប៉ុន្តែ​ការ​ចូល​រួម​បាន​ ឬ​មិន​បាន​របស់​លោក​ អាឡិច គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​អាជ្ញាធរ​អន្តោប្រវេសន៍​កម្ពុជា៖ «ពាក់ព័ន្ធ​នឹង​នីតិវិធី​តុលាការ​ គឺ​យើង​តែងតែ​ចេញ​អ៊ីចឹង​ហើយ ដើម្បី​អនុវត្ត​តាម​បញ្ញត្តិច្បាប់ និង​នីតិវិធី​ដែល​មាន​ជា​ធរមាន ក៏​ប៉ុន្តែ​ត្រង់​គាត់​ចូល​បាន​ ឬ​មិន​បាន គឺ​វា​អាស្រ័យ​ទៅលើ​បញ្ញត្តិ​នៃ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​អន្តោប្រវេសន៍»

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន បដិសេធ​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់​ប្រជុំ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មិន​លើក​ទូរស័ព្ទ។

លោក អាឡិច ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ “សម​គំនិត​ក្នុង​អំពើ​គំរាម​កំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ” ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ព្រែក​អណ្ដូង​ទឹក ឃុំ​អណ្ដូង​ទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៦ ដល់​ទី២៨ ខែ​កក្កដា ឆ្នាំ២០១៥ និង​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៥។ តុលាការ​បាន​​បំបែក​សំណុំ​រឿង​នេះ​ចេញ​ពី​សំណុំ​រឿង​អតីត​យុវជន​មាតា​ធម្មជាតិ ៣នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​បែប​អនាធិបតេយ្យ​ ក្នុង​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​លោក អាឡិច តាំង​ពី​ដំណាក់​កាល​ដំបូង ព្រោះ​ទាំង​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​សុទ្ធតែ​ខកខាន ​មិន​បាន​ហៅ​សកម្មជន​រូប​នេះ មក​សាកសួរ​ឡើយ ហើយ​ក៏​រុញ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​តែ​ម្ដង។ លោក​ថា ប្រសិន​បើ​តុលាការ​បើក​សវនាការ​ដោយ​គ្មាន​វត្តមាន​លោក អាឡិច រឿង​នេះ​នឹង​កាន់​តែ​អយុត្តិធម៌ ព្រោះ​ការ​ជំនុំ​ជម្រះ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​សួរ​ដេញ​ដោល​ភាគី​ជន​ជាប់​ចោទ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ទិដ្ឋាការ ឬ​វីសា (VISA) ដល់​លោក​ អាឡិច ដើម្បី​បើក​ផ្លូវ​​ឱ្យ​សកម្មជន​បរិស្ថាន​រូប​នេះ​ មាន​ឱកាស​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព៖ «តាម​នីតិវិធី​ គេ​ទុក​រយៈ​ពេល ៣ខែ ដើម្បី​ឱ្យ អាឡិច ចូល​មក​បំភ្លឺ ឬក៏​ចូល​មក​ចំពោះ​មុខ​តុលាការ ដើម្បី​ធ្វើ​ការ​ជំនុំជម្រះ។ នីតិវិធី​ហ្នឹង វា​សម​រម្យ​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​រដ្ឋាភិបាល​ទេ ដែល​ត្រូវ​ផ្ដល់​ទិដ្ឋាការ​ដល់ អាឡិច ដើម្បី​ឱ្យ​បាន​ចូល​កម្ពុជា ដើម្បី​គាត់​មាន​សិទ្ធិ​ចូល​ទៅ​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា​ខាង​មុខ​នេះ»

លោក​ អាឡិច ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​កម្ពុជា​ កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ២០១៥ ក្រោម​​ហេតុផល​ថា ទិដ្ឋាការ​របស់​លោក​​ផុត​កំណត់​។ ក៏​ប៉ុន្តែ ​ក្រុម​អ្នក​សង្កេត​ការណ៍​ យល់​ថា ការ​បណ្ដេញ​ចេញ​នេះ ដោយ​សារ​លោក​ជា​សកម្មជន​បរិស្ថាន​លេចធ្លោ​មួយ​រូប ​ដែល​បាន​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង​។

សកម្មជន​បរិស្ថាន​រូប​នេះ​អះអាង​ថា លោក​នឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជាថ្មី​ម្ដង​ទៀត​ពី​ស្ថាន​ទូត​អេស្ប៉ាញ​នៅ​ប្រទេស​ថៃ ដើម្បី​ឱ្យ​មាន​ឱកាស​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ក្រៅ​ពី​នេះ លោក​ក៏​គ្រោង​ផ្ញើ​លិខិត​ជា​ថ្មី​ទៀត​ទៅ​ក្រសួង​មហាផ្ទៃ​ដែរ ដើម្បី​ស្នើសុំ​ឱ្យ​លោក ស ខេង ផ្ដល់​ទិដ្ឋាការ​ដល់​រូប​លោក បន្ទាប់​ពី​លិខិត​មុនៗ មិន​មាន​ការ​ឆ្លើយ​តប​ពី​ថ្នាក់​ដឹក​នាំ​រូប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។