ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ និងអ្នកឃ្លាំមើលបរិស្ថាន អះអាងថា សកម្មភាពកាប់ឈើទាំងតូច/ធំ ដុតធ្វើធ្យូងលក់ កំពុងកើតមានយ៉ាងពេញទំហឹង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឋិតនៅចន្លោះខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកោះកុង។ អ្នកភូមិថា អាជីវកម្មកាប់ឈើដុតធ្វើធ្យូងលក់នេះ បណ្ដាលឱ្យឈើប្រណិតមានមុខកាត់ចាប់ពី ១តឹកឡើងទៅ និងឈើមិនទាន់គ្រប់អាយុ វិនាសមហន្តរាយនៅថ្ងៃខាងមុខ។
អ្នកឃ្លាំមើលបរិស្ថាន និងពលរដ្ឋរស់នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្ហាញការសោកស្តាយ ពីអាជីវកម្មកាប់ឈើ ដុតធ្វើធ្យូងលក់កំពុងកើតមានជាច្រើនកន្លែងក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ ពួកគេអះអាងថា ថ្វីត្បិតមួយរយៈនេះ បទល្មើសកាប់ឈើទ្រង់ទ្រាយធំស្ងប់ស្ងាត់បន្តិចក្ដី ក៏ប៉ុន្តែសកម្មភាពអារឈើក្នុងព្រៃ និងការដឹកជញ្ជូនឈើ ចេញពីព្រៃអភិរក្សនៅពេលយប់ នៅតែកើតមានជាហូរហែ រីឯការបង្ក្រាបរបស់អាជ្ញាធរពាក់ព័ន្ធមានតិចតូច និងធ្វើឡើងម្ដងម្កាលប៉ុណ្ណោះ។
ពលរដ្ឋរស់នៅឃុំតាសាល ស្រុកឱរ៉ាល់ ថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងនៅថ្ងៃទី ២២ មករាថា សកម្មភាពកាប់ឈើទាំងតូចទាំងធំ ដុតធ្វើធ្យូងលក់ ក្នុងព្រៃអភិរក្ស កំពុងកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាប។ លោកថា ឈើប្រណិតដូចជា ផ្ចឹក សុក្រំ បេង ចំបក់ ឈើទាល និងនាងនួនជាដើម ដែលមានទំហំចាប់ពី១តឹកឡើងទៅ ត្រូវបានគេកាប់ដុតធ្វើធ្យូងដោយគ្មានការទប់ស្កាត់។ លោកថា ការបណ្ដោយឱ្យមានអាជីវកម្មឡធ្យូងរាប់រយកន្លែងក្នុងព្រៃអភិរក្សបែបនេះ គឺនាំឱ្យវិនាសហិនហោចព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ បន្ទាប់ពីឈើមូលធំៗ ត្រូវគេកាប់ធ្វើអាជីវកម្មស្ទើរគ្មានសល់៖ «មានការព្រួយបារម្ភណាស់ឡធ្យូងអីហ្នឹង ចុងសំអាតបណ្ដោយ ប៉ុនកដៃកជើងវាកម្ទេចចោលចុងក្រោយតែម្ដង រឿងឡធ្យូងហ្នឹង។ ក្នុងព្រៃអភិរក្សបើនិយាយទៅ វារាប់រយរាប់ពាន់។ វានៅមួយក្រុមៗ ៥០ ទៅ ៦០ឡអ៊ីចឹងទៅ ១០ឡអ៊ីចឹងទៅ កន្លែងណាផ្ដុំទៅវាច្រើនអ៊ីចឹងទៅ ។ ឡធ្យូងបើនិយាយឱ្យចំទៅ ឋិតក្នុងដែនជម្រកទាំងអស់»។
បុរសដដែលបន្ថែមថា អ្នកភូមិមួយចំនួនរស់នៅឃុំតាសាល និងឃុំត្រពាំងជោរ បានចាប់យក អាជីវកម្មដុតធ្យូងលក់ក្នុងព្រៃអភិរក្សជាមុខរបរអាជីពចិញ្ចឹមជីវិត ហើយពួកគេត្រូវបង់លុយជាប្រចាំ ឱ្យមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ ទើបអាចដំណើរការអាជីវកម្មនេះបាន។ លោកបារម្ភថា បើអាជ្ញាធរមិនទប់ស្កាត់អាជីវកម្មកាប់ឈើដុតធ្វើធ្យូងក្នុងព្រៃអភិរក្សនេះទេ នោះកូនឈើប្រណិតដែលមានក្នុងព្រៃអភិរក្សមួយនេះនឹងប្រឈមការបាត់បង់ទាំងស្រុងនៅពេលអនាគត៖ «ខ្ញុំក៏ដូចប្រជាពលរដ្ឋដែរក៏ព្រួយបារម្ភរឿងឡធ្យូងហ្នឹង បើសិនជាកាប់ត្រឹមគ្រឿងផ្ទះវាមិនសូវហិនហោចប៉ុន្មានទេ ប៉ុន្តែសំខាន់ពលរដ្ឋបារម្ភបំផុតរឿងឡហ្នឹងហ្មង។ ពួកឡហ្នឹងដាក់ខែ ដូចថាឡធំប៉ុន្មាន ២០ម៉ឺន ទៅ ១០០ដុល្លារ ទាំងម៉ាស៊ីនអីចឹងទៅ។ ប្រសិនថា អត់មានការបង់លុយអ៊ីចឹងទេ គឺធ្វើអត់បានទេ»។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន អះអាងថា ក្រុមពលរដ្ឋដែលកាប់ឈើដុតធ្វើធ្យូងលក់ ក្នុងព្រៃ សុទ្ធសឹងតែបង់លុយឱ្យមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតទើបអាចប្រកបរបរនេះបាន។ លោកបារម្ភថា ប្រសិនបើក្រសួងបរិស្ថានមិនអនុវត្តច្បាប់ លើអាជីវកម្មដុតធ្យូងលក់នេះទេ ព្រៃឈើទាំងតូចទាំងធំ នឹងរលាយហិនហោចនៅរយៈពេលដ៏ខ្លីខាងមុខ។ លើសពីនេះ ក្រុមពលរដ្ឋរាប់រយគ្រួសារបានបោះតង់ក្នុងព្រៃ កាប់ឈើដុតធ្វើធ្យូងលក់ ជាច្រើនឆ្នាំមកហើយ ដែលបណ្ដាលឱ្យព្រៃការពារធម្មជាតិមួយនេះបាត់បង់បន្តិចម្តងៗ៖ «ឈើគឺគ្រប់ប្រភេទ តាំងពី ផ្ចឹក សុក្រំ រាំង ហើយចំបក់ ឈើទាលគឺគេកាប់ យកទៅធ្វើជាឡធ្យូង ចាប់ប៉ុនកំភួនជើងទៅ នៅពេលអស់ឡធ្យូងហើយ អស់ព្រៃឈើ។ អស់ព្រៃឈើហើយ បន្តកាប់រានទន្ទ្រានដី តំបន់ការពារលក់ជាបន្តបន្ទាប់»។
អាស៊ីសេរីបានបានព្យាយាមទាក់ទង នាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល លោក ជា យុទ្ធា និង ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឯម សុគុណ ដើម្បីសុំការបំភ្លឺរឿងនេះ តែមិនអាចទាក់ទងបានទេនៅថ្ងៃទី២២ មករា។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា ក្រុមពលរដ្ឋពុំមានសិទ្ធិធ្វើអាជីវកម្ម ឡធ្យូងនៅក្នុងព្រៃការពារធម្មជាតិនោះទេ ព្រោះវាប៉ះពាល់ដល់តំបន់អភិរក្ស និងកូនឈើតូចៗ។ លោកថា ពលរដ្ឋដែលដឹងរឿងរាវនេះ អាចរាយការណ៍ទៅមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ដើម្បីឱ្យមន្ត្រីជំនាញចាត់វិធានការរឿងនេះ ប្រសើរជាងផ្តល់ដំណឹងទៅប្រព័ន្ធផ្សព្វផ្សាយ៖ «និយាយរួមគាត់មិនមានសិទ្ធិធ្វើឡធ្យូងនៅកន្លែងហ្នឹងទេ ដោយសារតែវាប៉ះពាល់ដល់តំបន់អភិរក្ស ហើយតំបន់ការពារ។ អ៊ីចឹងបើសិនជាគាត់ ដាក់ឡធ្យូងនៅតំបន់នោះតែងតែធ្វើឱ្យប៉ះពាល់តំបន់ការពារធម្មជាតិ ជាពិសេសគឺ ការកាប់ឈើ ឬមួយក៏កាប់កូនឈើនៅកន្លែងហ្នឹងធ្វើជាធ្យូង»។
ឆ្លើយតបរឿងនេះ ពលរដ្ឋអះអាងថា អ្នកភូមិតែងតែរាយការណ៍ ពីអាជីវកម្មឡធ្យូងទាំងនេះទៅមន្ត្រីបរិស្ថាន ដែលឈរជើងនៅតំបន់នោះ ជាញឹកញាប់ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ព្រោះម្ចាស់អាជីវកម្មឡធ្យូងភាគច្រើន សុទ្ធសឹងបង់លុយប្រចាំខែ ឱ្យមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅតំបន់នោះ។ អ្នកភូមិថា ប្រសិនបើពលរដ្ឋមិនបង់លុយឱ្យមន្ត្រីជំនាញពាក់ព័ន្ធទេ ពួកគាត់មិនអាចធ្វើអាជីវកម្មដុតឡធ្យូងក្នុងព្រៃបានទេ៖ «គាត់បានត្រឹមតែរាយការណ៍ ប៉ុន្តែក្នុងដែនជម្រកអ៊ីចឹងគាត់បានសំណូមពរទៅខាងបរិស្ថានដែរ តែមើលទៅវានៅតែធម្មតាដដែល។ ឧសកូរ៉េ និងឡធ្យូងវាកាប់ ប៉ុនកជើង ប៉ុនភ្លៅអីហ្នឹង សុក្រំ ស្អីៗសុទ្ធកាប់ទាំងអស់។ និយាយឱ្យចំទៅ វាដាក់ខែឡធ្យូងអ៊ីចឹងទៅ ដល់អ៊ីចឹងគេអត់បង្ក្រាបទេ។ លុះត្រាណាតែកម្លាំងខាងណា ខាងណី ចូលអ៊ីចឹងទៅ គេបិទមួយប្រាវអ៊ីចឹងទៅ»។
តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលឋិតនៅចន្លោះខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ជាតំបន់ការពារដោយព្រះរាជ្យក្រឹត្យ មានផ្ទៃដីរាប់សែនហិកតារ។ ព្រៃអភិរក្សមួយនេះ ទទួលរងការកាប់ឈើមានតម្លៃ និងកាប់រានទន្ទ្រានព្រៃយកដីធ្វើចម្ការ ជាច្រើនឆ្នាំមកហើយ។

លោក ជា ហ៊ាន បន្ថែមថា ដើមឈើទាំងតូចទាំងធំនៅក្នុងព្រៃអភិរក្សនេះ គឺជាវត្ថុធាតុដើម ដែលពលរដ្ឋកាប់ដុតធ្វើធ្យូង យកទៅលក់នៅទីផ្សារខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ លោកថា ថ្វីត្បិតតែអាជីវកម្មនេះ មើលពីខាងក្រៅទ្រង់ទ្រាយតូចក្តី ប៉ុន្តែពលរដ្ឋភាគច្រើនដែលរស់នៅ ឃុំត្រពាំងជោរ និងឃុំតាសាល បានចាប់យកមុខរបបនេះ ចិញ្ចឹមជីវិត ជាច្រើនឆ្នាំមកហើយដែលនាំឱ្យវិនាសហិនហោចកូនឈើតូចៗ និងឈើមិនទាន់គ្រប់អាយុនៅក្នុងតំបន់នោះ៖ «យើងមានការសោកស្ដាយ ប៉ុន្តែអ្នកបំផ្លាញ និងអ្នកដែលទទួលផលប្រយោជន៍ គឺគេអត់មានស្ដាយស្រឡោះ អ្វីដែលធនធានធម្មជាតិរបស់យើងដែលមាន។ តាមគោលដៅ មន្ត្រីបរិស្ថាន ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ លោកអត់ខ្វល់ពីការបាត់បង់ព្រៃឈើទេ គាត់ចងអង្រឹងយកតែលុយប៉ុណ្ណោះ និងប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកសូកប៉ាន់ពីបទល្មើសព្រៃឈើ ទើបធ្វើឱ្យជនល្មើសមិនខ្លាច»។
លោក ជា ហ៊ាន បន្ថែមថា មិនត្រឹមតែក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាលទេ ដែលមានអាជីវកម្មកាប់ឈើ ដុតធ្វើធ្យូងលក់រាប់រយកន្លែងបែបនេះ នៅឯក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងឯណោះវិញ ក៏មានអាជីវកម្មកាប់ឈើដុតធ្វើធ្យូងលក់យ៉ាងអនាធិបតេយ្យបែបនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។