ក្រសួង​បរិស្ថាន​គ្រោង​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្រិត​ថ្នាក់​មត្តេយ្យ​សិក្សា

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ក្រសួង​បរិស្ថាន ចាត់​ទុក​ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​អាទិភាព​របស់​ជាតិ។ ទន្ទឹម​គ្នា​នេះ ដើម្បី​ឆ្លើយ​តប​នឹង​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ គ្រោង​នឹង​ដាក់​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ ចាប់​ពី​កម្រិត​ថ្នាក់​មត្តេយ្យ​សិក្សា​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ លើក​ឡើង​ថា ការ​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់​ពី​កម្រិត​ថ្នាក់​មត្តេយ្យ​សិក្សា គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ថ្មី​មួយ ក្នុង​ការ​ការពារ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ធានា​និរន្តរភាព​ស្បៀង​នៅ​កម្ពុជា។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី «ការ​ចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ» នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ មាន​ប្រសាសន៍​ថា កម្ពុជា ងាយ​រងគ្រោះ​បំផុត ទោះ​បី​កម្ពុជា ចូលរួម​តិចតួច​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រែប្រួល​អាកាសធាតុ​ក៏ដោយ។ លោក​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​បាន​អនុម័ត​កម្មវិធី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក៏​បញ្ហា​នេះ​នៅ​តែ​ជា​ក្តី​កង្វល់​របស់​វិស័យ​កសិកម្ម​កម្ពុជា។

លោក​ថា ក្នុង​នាម​ជា​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ក្រសួង​បរិស្ថាន កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាម​រយៈ​ការ​អប់រំ​ទាំង​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ។ ជាង​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​បន្ត​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ ដាក់​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​សិក្សា ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​កុមារ​តាំង​ពី​ថ្នាក់​តូច ឲ្យ​បាន​យល់​ដឹង​ពី​ការ​ប្រែប្រួល​អាកាសធាតុ៖ «ខ្ញុំ​ចឹង​ឃើញ​កម្មវិធី​សិក្សា​នេះ នឹង​ធ្វើ​ឲ្យ​កុមារ​តូចៗ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​កុមារ​តាំង​ពី​ថ្នាក់​តូច ឲ្យ​ពួក​គេ​ចេះ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ»

ចំណែក​ឯ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា សាទរ​ចំណាត់​ការ​នេះ ព្រោះ​វា​ជា​ដំណើរ​ថ្មី​មួយ រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។ លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា ទទួល​រង​ឥទ្ធិពល​ពី​បញ្ហា​នេះ ដែល​បង្ក​ឲ្យ​មាន​របប​ទឹក​ភ្លៀង​មិន​ទៀងទាត់ ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​ខ្យល់​ព្យុះ​ជាដើម។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ពីរ​ផ្នែក​សំខាន់ គឺ​ផ្នែក​បរិស្ថាន​ត្នោត និង​ផ្នែក​បរិស្ថាន​បៃតង៖ «ផ្នែក​បរិស្ថាន​ត្នោត រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដោត​លើ​ការ​អនុវត្ត​ទីក្រុង ទាំង​លក្ខណៈ​ការ​ដឹក​ជញ្ជូន​ជា​សាធារណៈ ទាក់ទង​ការ​សន្សំ​ថាមពល​អគ្គិសនី និង​ផ្នែក​បរិស្ថាន​បៃតង ស្នើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សហគមន៍​ព្រៃ​ឈើ សហគមន៍​នេសាទ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​ឲ្យ​ការ​គ្រប់​និរន្តរភាព​បរិស្ថាន​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ដើម្បី​បញ្ជាក់​បន្ថែម​ពី​កម្មវិធី​សិក្សា ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ក្រសួង​កន្លង​មក បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

យ៉ាង​ណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ពី​ដំណើរ​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់​ពី​កម្រិត​ថ្នាក់​មត្តេយ្យ​សិក្សា​ជាក់លាក់​បាន​នៅ​ឡើយ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​របស់​ក្រសួង​ទាំង​ពីរ កំពុង​ពិភាក្សា​ពី​បញ្ហា​នេះ។

ក្រៅ​ពី​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ថ្នាក់​មត្តេយ្យ​សិក្សា ក្រសួង​បរិស្ថាន គ្រោង​នឹង​រៀបចំ​អភិរក្ស​តំបន់​ទេសចរណ៍​ទាំង​វប្បធម៌ និង​ប្រព័ន្ធ​ជីវចម្រុះ​ឡើង​វិញ ដោយ​ផ្ដោត​លើ​ទីតាំង​បី​សំខាន់ៗ គឺ​ទី​១ នៅ​របៀង​ឦសាន​ជាប់​ព្រំដែន​ឡាវ។ ទី​២ របៀង​ជីវចម្រុះ​ខាង​ជើង​ទន្លេ​សាប ជាប់​ព្រំដែន​ថៃ ដែល​មាន​ខេត្ត​ព្រះវិហារ កំពង់ធំ សៀមរាប និង​ទី​៣ របៀង​ខាង​ត្បូង​បឹង​ទន្លេ​សាប រួម​មាន តំបន់​បូកគោ គិរីរម្យ ភ្នំ​ក្រវាញ និង​កោះកុង។

ជាង​នេះ​ទៀត ក្រសួង​បរិស្ថាន ក៏​បាន​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ឆ្នាំ​២០១៤-២០២៣ ដែល​មាន​ចក្ខុ​វិស័យ​កសាង​កម្ពុជា ឆ្ពោះ​ទៅ​រក​សង្គម​មួយ​ដែល​បៃតង បញ្ចេញ​កាបូនិច ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ សមធម៌ ចីរភាព និង​ពឹង​ផ្អែក​លើ​ចំណោះ​ដឹង​ជា​គោល ក្នុង​គោលដៅ​ធានា​បាន​នូវ​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង​អាហារ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។