រដ្ឋសភា​មិន​បញ្ជូន​សំណើ​លោក សុន ឆ័យ ទាក់ទង​បញ្ហា​អាជីវកម្ម​ខ្សាច់​ទៅ​ក្រសួង​រ៉ែ

ដោយ យ៉ង ចាន់តារា
2017-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Morm Moniroth

រដ្ឋសភា​សម្រេច​មិន​បញ្ជូន​សំណើ​របស់​លោក សុន ឆ័យ ទៅ​ក្រសួង​រ៉ែ និង​ថាមពល ឡើយ ដោយ​សំអាង​ថា មាត្រា​យោង​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​លិខិត​ស្នើ​នោះ មិន​ពាក់ព័ន្ធ​នឹង​គ្នា។ ផ្ទុយ​ពី​នេះ លោក សុន ឆ័យ និង​អ្នក​វិភាគ​នយោបាយ​អះអាង​ថា សំណើ​បែប​នេះ​របស់​អ្នក​តំណាងរាស្ត្រ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ចោទ​សួរ​មន្ត្រី​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១ សីហា ថា មូលហេតុ​ដែល​រដ្ឋសភា​មិន​បញ្ជូន​លិខិត​របស់​លោក សុន ឆ័យ ទៅ​ក្រសួង​រ៉ែ និង​ថាមពល នោះ គឺ​ដោយសារ​តែ​សំណើ​មួយ​ចំនួន​ដែល​លោក សុន ឆ័យ បាន​សរសេរ​ក្នុង​លិខិត​នោះ មិន​មាន​ចែង​នៅ​ក្នុង​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ប្រព័ន្ធ​ស្ទឹង​នៃ​ខេត្ត​កោះកុង របស់​ក្រសួង​រ៉ែ និង​ថាមពល។

លើស​ពី​នេះ រដ្ឋសភា​គិត​ថា​លិខិត​នោះ​មាន​លក្ខណៈ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការងារ​របស់​រដ្ឋាភិបាល ដូច្នេះ​ទើប​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ​មិន​បញ្ជូន​ទៅ«អត់​បញ្ជូន​ទៅ​ទេ បើ​បញ្ជូន​ទៅ វា​ដូចជា​អនុញ្ញាត​ឲ្យ​រដ្ឋសភា​ចូល​ជ្រៀតជ្រែក​កិច្ច​ការងារ​របស់​រដ្ឋាភិបាល។ វា​ខុស​ទៅ​នឹង​រដ្ឋាភិបាល ខុស​នឹង​គោលការណ៍​បែងចែក​អំណាច​របស់​រដ្ឋធម្មនុញ្ញ»

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​រដ្ឋសភា ដើម្បី​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ពី​គម្រោង​សកម្មភាព​នៃ​ការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​តាតៃ និង​ការ​ដក​ចេញ​គ្រឿងចក្រ និង​សម្ភារៈ​ទាញ​យក​ខ្សាច់​ខ្នាត​មធ្យម និង​ខ្នាត​ធំ​ទូទាំង​ខេត្ត​កោះកុង។

លិខិត​ស្នើ​ថ្មី​នេះ គឺ​យោង​តាម​មាត្រា​៦៩ និង​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ក្នុង​វេទិកា​សិក្ខាសាលា​រួម​គ្នា​លើក​ទី​៧ ស្ដីពី​បទពិសោធន៍​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​ថវិកា​ជាតិ និង​ការ​គ្រប់គ្រង​វិនិយោគ​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Brach Chev
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ក្នុង​វេទិកា​សិក្ខាសាលា​រួម​គ្នា​លើក​ទី​៧ ស្ដីពី​បទពិសោធន៍​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​ថវិកា​ជាតិ និង​ការ​គ្រប់គ្រង​វិនិយោគ​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Brach Chev

ក្នុង​លិខិត​នោះ លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល លុប​បំបាត់​ទាំងស្រុង​នូវ​វត្តមាន​គ្រឿងចក្រ សម្ភារៈ និង​កប៉ាល់​ដឹក​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ខេត្ត​កោះកុង រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​កោះ​ស្មាច់ ព្រម​ទាំង​លុប​បំបាត់​ទាំងស្រុង​នូវ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង ដែល​មិន​មាន​បញ្ជាក់​ក្នុង​សារាចរ​របស់​ក្រសួង។ លោក​ក៏​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពន្យល់​ឲ្យ​លម្អិត​អំពី​យន្តការ​ដែល​បាន​បង្កើត​ឡើង ដើម្បី​ធានា​ថា បម្រាម និង​សារាចរ​ថ្មី​ដែល​ក្រសួង​ទើប​ដាក់​ចេញ នឹង​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក សុន ឆ័យ បញ្ជាក់​ថា ការ​តាមដាន និង​ឃ្លាំ​មើល​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ គឺ​ជា​ការ​អនុវត្ត​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​តួនាទី​របស់​អ្នក​តំណាងរាស្ត្រ។ លោក​មិន​យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋសភា​សម្រេច​បែប​នេះ​ឡើយ ហើយ​លោក​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ«អ្វី​ដែល​យើង​ធ្វើ​នេះ គឺ​មិន​មែន​ដើម្បី​រក​រឿង​រក​ហេតុ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទេ តែ​ជា​ការ​ជួយ​ជំរុញ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​បំពេញ​ការងារ​បាន​ត្រឹមត្រូវ ហើយ​ជា​ការងារ​ជួយ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែរ ព្រោះ​កូន​ចៅ​គាត់​ខ្លះ​ដែល​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស ហើយ​មិន​ទទួល​ខុស​ត្រូវ​នោះ គឺ​ថា​ភ្នែក​របស់​ពលរដ្ឋ និង​តំណាងរាស្ត្រ​ជា​អ្នក​ជួយ​តម្រង់​ទិស​ពួក​គាត់»

លោក សុន ឆ័យ ទាមទារ​ឲ្យ​រដ្ឋសភា​ឆ្លើយតប​មក​លោក​វិញ​ជា​លាយលក្ខណ៍​អក្សរ អំពី​មូលហេតុ​ដែល​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ មិន​ព្រម​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល នោះ។ អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​រូប​នេះ អះអាង​ថា លោក​មិន​បញ្ឈប់​ការ​ទាមទារ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ត្រឹម​នេះ​ទេ ហើយ​លោក​គ្រោង​នឹង​លើក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​ណា​មួយ​នៃ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការ​មិន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទៅ​មន្ត្រី​រដ្ឋាភិបាល ឬ​ការ​មិន​ឆ្លើយតប​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​លិខិត​របស់​តំណាងរាស្ត្រ គឺ​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ចោទ​សួរ​ដេញដោល​ប្រមុខ​រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួក​គេ​ត្រូវ​តែ​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងនោះ«ជា​គោលការណ៍ គឺ​អំណាច​ទប់​អំណាច​ដល់​ពេល​យើង​មិន​ឲ្យ​សភា​ទៅ​ត្រួត​ពិនិត្យ​មើល​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល នោះ​គឺ​ខុស​នឹង​គោលការណ៍​បែងចែក​អំណាច​ផង និង​គោលការណ៍​អំណាច​ទប់​អំណាច។ នេះ​សម្រេច​សង្រួម​មក គឺ​ទៅ​ជា​របប​ផ្ដាច់ការ មិន​មែន​ប្រជាធិបតេយ្យ សេរី ពហុបក្ស»

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ត្រង់​មាត្រា​៩៦ ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រដ្ឋាភិបាល ដោយ​សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ប្រគល់​ជូន​តាម​រយៈ​ប្រធាន​រដ្ឋសភា។ ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​នាយក​រដ្ឋមន្ត្រី អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល ៧​ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​សំណួរ។

ទោះ​បី​ជា​យ៉ាង​ណា អស់​រយៈពេល​ជាង​មួយ​ខែ​ទៅ​ហើយ​ដែល​លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ស៊ុយ សែម ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​នានា​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​សកម្មជន​បរិស្ថាន​គិត​ថា កម្ពុជា អាច​នឹង​ខាតបង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ ក្រៅ​ពី​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី រយៈពេល ៨​ឆ្នាំ។ តែ​មក​ទល់​នឹង​ពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​តំណាងរាស្ត្រ​រូប​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

លោករដ្ឋមន្ត្រី ស៊ុយ​ សែម ប្រហែលជាមានខ្នងក្រាស់ហើយមើលទៅ បានជាមិនអើពើ សោះកន្តើយនិងរឿងនេះ ឬមួយក៏រឿងនេះវាជាសម្លរក្រពឹសទាក់ទងនិងវរជនគ្រាក់ៗ បានជារដ្ឋសភាធ្វើដូច្នេះ ។​ យើងគ្រាន់តែរំលឹកថា ទង្វើបែបនេះ រដ្ឋសភារំលោភរដ្ឋធម្មនុញ្ញផង (មាត្រាទិ៩៦)និង បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាផង​​ (មាត្រាទី៣២) ។ យើងសុំធ្វើសំណួរថាតើសម្ដេចប្រធានលោកយល់ថាដូចម្ដេចដែរ​ ពីសំណាក់ស្ថាប័័ននិតិបញ្ញត្តិ?

Aug 01, 2017 09:53 PM

គេហទំព័រ​ទាំងមូល