សកម្មជន៖ អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ផ្គើន​នឹង​បទ​បញ្ជា​លោក ហ៊ុន សែន ករណី​ឆ្នេរ​ព្រែកត្រែង

0:00 / 0:00

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ការ​ចាក់​ដី​លុប​ឆ្នេរ កើត​មាន​ជាច្រើន​កន្លែង នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ទៀត ដូច្នេះ​ការ​មិន​អើពើ​ចំពោះ​ករណី​ឆ្នេរ​ព្រែកត្រែង នឹង​ក្លាយ​ជា​គំរូ​អាក្រក់​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទៀត ឱ្យ​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​បន្ត​ទៅ​ទៀត​។ ពួកគេ​ស្នើ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ពិនិត្យមើល​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់ក្រោម ទាក់ទង​នឹង​បទបញ្ជា​របស់​លោក​ដែល​តម្រូវ​ឱ្យ​មាន​ការ​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ឱ្យ​បាន​ស្អាត​ដូចដើម​វិញ។

អ្នកការពារ​បរិស្ថាន និង​អង្គការ​សង្គមស៊ីវិល អះអាង​ថា ករណី​ឆ្នេរ​ព្រែកត្រែង ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ម្ចាស់​ក្រុមហ៊ុន​មាន​ឥទ្ធិពល​ខ្លាំង រហូតដល់​ថ្នាក់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​របប​ក្រុងភ្នំពេញ​ខ្លាច មិន​ហ៊ាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​រំលោភ​យក​ដី​ឆ្នេរ។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​បន្ត​ភាព​ស្ងប់ស្ងាត់​ចំពោះ​ដី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចាក់​លុប និង​គ្មាន​ចំណាត់ការ​លើ​ភាគី​ក្រុមហ៊ុន។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​ឆ្នេរ​ព្រែកត្រែង​នេះ​ឡើយ​។ កញ្ញា​បន្ត​ថា បើ​ក្រុម​មន្ត្រី​ចង់​ដោះស្រាយ រឿង​នេះ​មិន​ពិបាក​នោះ​​ឡើយ ដោយសារ​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ គឺជា​អំពើ​ល្មើសច្បាប់ ហើយ​ករណី​នេះ​ថែមទាំង​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង៖ «ប្រសិនបើ​ក្រុមហ៊ុន​មិន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អាជ្ញាធរ ឬក៏​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេច​តេជោ​ទេ រឿង​ហ្នឹង​បាន​ដោះស្រាយ​រួច​មក​ហើយ អត់​ត្រូវ​អូស​បន្លាយ​ពេល​៦ - ៧ ខែ​ហើយ នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ​។ អ៊ីចឹង​គឺ​ច្បាស់​ណាស់​ថា ក្រុមហ៊ុន​យាយ​ភូ ឬក៏​អ្នក​មាន​អំណាច​ក្នុង​ក្រុមហ៊ុន​ហ្នឹង គឺ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង»។

ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ម្ចាស់​ក្រុមហ៊ុន ស៊ូ​កា​កូ អ៊ី​ន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប បឹងកក់​កណ្ដាល​ក្រុងភ្នំពេញ​ដ៏​ចម្រូងចម្រាស់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន និង​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ដើម្បី​សុំ​ការ​ឆ្លើយបំភ្លឺ​ជុំវិញ​រឿង​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​របប​ក្រុងភ្នំពេញ លោក ថោង ខុន អះអាង​ថា គឺជា​សកម្មភាព​ល្មើសច្បាប់។ ចំណែក​សាធារណជន​វិញ ក៏បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រឿង​នេះ​ដែរ រហូតដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ចុះទៅ​កាយ​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​នោះ​ចេញ​វិញ ដើម្បី​រក្សា​ឆ្នេរ​ធម្មជាតិ​ឱ្យ​បាន​ដូចដើម។

ទោះជា​យ៉ាងណា បទបញ្ជា​នេះ​ហាក់​មាន​ប្រសិទ្ធភាព​តែមួយ​ចម្អិន​កំពឹស​ប៉ុណ្ណោះ ពោល​គឺ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​លោក ជា សុផារ៉ា ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ និង​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ចាក់​លុប។ ក៏ប៉ុន្តែ​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​រួច​នោះ គឺ​នៅ​ដដែល ហើយ​ភាគី​ក្រុមហ៊ុន​ក៏​រួចខ្លួន​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។ ជាច្រើន​ខែ​មកនេះ ករណី​នេះ​ហាក់​បាន​ស្ងប់ស្ងាត់​ដែល​ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន​បារម្ភ​ថា អាជ្ញាធរ​កំពុង​ធ្វើ​ឱ្យ​ដី​នោះ ក្លាយ​ជា​ដី​ស្របច្បាប់​របស់​ក្រុមហ៊ុន​វិញ។

កញ្ញា ផេង ស្រីស ថ្លែង​ទៀត​ថា ក្រុម​មន្ត្រី​កំពុង​ផ្គើន និង​មិន​ឱ្យ​តម្លៃ​ដល់​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ឡើយ ទាក់ទង​នឹង​ករណី​ឆ្នេរ​ព្រែកត្រែង​នេះ​។ កញ្ញា​ស្នើ​ឱ្យ​លោក ហ៊ុន សែន ពិនិត្យមើល​ករណី​នេះ​ឡើងវិញ និង​ជាពិសេស​ពិនិត្យមើល​ការ​បំពេញ​មុខងារ​របស់​មន្ត្រី​ថ្នាក់ក្រោម​៖ «ប្រសិនបើ​មិន​ឱ្យ​តម្លៃ ឬក៏​មិនបាន​គោរព​នូវ​បទបញ្ជា​របស់​សម្ដេច សម្ដេច​គួរតែ​ពិចារណា​ឡើងវិញ​ដែរ​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​បង្គាប់​របស់​គាត់ ព្រោះ​រឿង​នេះ​មិនមែន​ជា​រឿង​ដែល​មិន​អាច​ដោះស្រាយ​បានទេ​។ ខ្ញុំ​បញ្ជាក់​ឡើងវិញ​ថា ជា​រឿង​ដែល​អាច​ដោះស្រាយ​បាន ហើយក៏​វា​អត់​ត្រូវការ​ចំណាយ​ពេល​រហូត​ដល់​ ៦ - ៧ខែ ដើម្បី​ដោះស្រាយ​រឿង​តូចតាច​ប៉ុណ្ណឹង​ដែរ»។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ករណី​ឆ្នេរ​ព្រែកត្រែង​នេះ លោក ជា សុផារ៉ា បាន​ប្រគល់ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជា​អ្នក​ដោះស្រាយ​ហើយ​។

​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន បានទេ​នៅ​ថ្ងៃទី១០ មីនា ក៏ប៉ុន្តែ​លោក​ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ប្រកាន់​ជំហរ​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ ក៏ប៉ុន្តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​ជា​មុន​សិន។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម ​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ កត់សម្គាល់​ថា ករណី​ចាក់​ដី​លុប​សមុទ្រ និង​រំលោភ​យក​ដី​ឆ្នេរ​បែបនេះ កើតមាន​ជាច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​បន្ត​ថា មន្ត្រី​ជំនាញ​ច្រើនតែ​ព្រងើយកន្តើយ ឬ​ពេលខ្លះ​ថែមទាំង​ជួយ​សម្របសម្រួល​ឱ្យ​មាន​ការប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​បែបនេះ​ទៀត​ផង ដោយសារ​ពួកគេ​ទទួល​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​យល់ថា ករណី​ឆ្នេរ​ព្រែកត្រែង​នេះ​មិន​អាច​ដោះស្រាយ​បាន ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​ជា​មនុស្ស​មាន​ឥទ្ធិពល និង​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ប្រមុខ​រដ្ឋាភិបាល។

លោក​បន្ថែម​ថា មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ព្រមទាំង​ស្ថាប័ន​អយ្យការ​ផង ត្រូវ​តែ​មាន​ចំណែក​ទទួលខុសត្រូវ​រឿង​នេះ ព្រោះ​ពួកគេ​បាន​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ចាក់​ដី​លុប​ឆ្នេរ​កើតឡើង ហើយ​មិន​ចាត់ការ​លើ​បទល្មើស​នោះ៖ «ស្ថាប័ន​តុលាការ គឺ​អយ្យការ​ជា​អ្នកទទួលខុសត្រូវ​ធំ​បំផុត ព្រោះ​អយ្យការ ឬ​ព្រះរាជអាជ្ញា ជា​អ្នក​តំណាង​ឱ្យ​ផលប្រយោជន៍​ជាតិ។ អ៊ីចឹង​ការ​ចាក់ដី​ហ្នឹង​ត្រូវតែ​ចោទប្រកាន់​អ្នក​ប្រព្រឹត្ត​ល្មើស ដើម្បី​នាំ​ខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ទន្ទឹម​នឹង​នេះ​ស្ថាប័ន​ពីរ​ក៏​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ពង្រឹង​នីតិវិធី​ច្បាប់​ដែរ គឺ​ក្រសួង ​ (​ រៀបចំ​ដែនដី​ )​ នគរូបនីយកម្ម និង​ក្រសួងបរិស្ថាន»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា លោក​កំពុង​រៀបចំ​បណ្ដឹង​បរិហារ​ផ្លូវការ​មួយ​ចំនួន​ទាក់ទង​នឹង​បទល្មើស​បំផ្លិចបំផ្លាញ​បរិស្ថាន​តំបន់​ឆ្នេរ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ហើយ​ក្នុង​នោះ​ក៏​រួមមាន​ទាំង​ករណី​ឆ្នេរ​ព្រែកត្រែង​នេះ​ផង​ដែរ​។ លោក​បន្ថែម​ថា បន្ទាប់ពី​រៀបចំ​រួចរាល់ លោក​នឹង​យក​បណ្ដឹង​បរិហារ​ទាំងនោះ​ទៅ​ដាក់​នៅ​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​ប្ដឹង​ពី​ការ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​កើតឡើង ហើយ​គ្មាន​ចំណាត់ការ​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អាជ្ញាធរ​ជំនាញ។

​ចំណែក​ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​វិញ អះអាង​ថា ក្នុង​រវាង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​នេះ ពួកគេ​នឹង​នាំគ្នា​យក​ឧបករណ៍​ទៅ​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​នោះ​ចេញ​ដោយ​ខ្លួនឯង ក្នុង​ករណី​ដែល​អាជ្ញាធរ​នៅតែ​ព្រងើយកន្តើយ​ចំពោះ​រឿង​នេះ​តទៅទៀត​។ ពួកគេ​បន្ថែម​ថា នេះ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​បំផុត​សម្រាប់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​មិនបាន​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​ទុក​ឱ្យ​ពួកគេ​ជា​យុវជន​មកពី​រាជធានី​ភ្នំពេញ​ជា​អ្នកធ្វើ​កិច្ចការ​នេះ​ជំនួស​អាជ្ញាធរ​ទៅវិញ។

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥លាន​រៀល ទៅ ១៥០​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។