បណ្ដាញសហគមន៍ព្រៃឡង់ទទួលបានរង្វាន់ពីសាកលវិទ្យាល័យនៅអាមេរិក
2017.01.31

គម្រោងរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលមានឈ្មោះថា “ព្រៃឡង់ ជាព្រៃរបស់យើង” បានទទួលរង្វាន់ “កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិក ឆ្នាំ២០១៧” របស់សាកលវិទ្យាល័យ យ៉ែល (Yale University’s International Society of Tropical Foresters Innovation prize) សហរដ្ឋអាមេរិក។
សកម្មជនបរិស្ថាន និងជាតំណាងសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ លោក ផៃ ប៊ុនលាង បានអញ្ជើញមកធ្វើបទបង្ហាញប្រកួតយករង្វាន់នេះនៅសាកលវិទ្យាល័យ យ៉ែល នៅក្នុងរដ្ឋខនណិកទីកាត់ (Connecticut)។ លោកសង្ឃឹមថា រង្វាន់នេះបានជំរុញ និងលើកទឹកចិត្តលោកឲ្យបន្តធ្វើការរួមគ្នាជាមួយបណ្ដាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត ឲ្យបានកាន់តែប្រសើរជាងមុនថែមទៀត តាមរយៈការចែករំលែកនូវបទពិសោធន៍ ដែលលោកបានសិក្សាពីគម្រោងជោគជ័យនានា និងបន្តជំរុញឲ្យរដ្ឋាភិបាលទទួលស្គាល់ការងាររបស់បណ្ដាញព្រៃឡង់នេះនៅក្នុងប្រទេសកម្ពុជា។
រង្វាន់ស្ដីពី "កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិក ឆ្នាំ២០១៧" នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលសហគមន៍ព្រៃឡង់ទទួលបានការលើកទឹកចិត្តពីសហគមន៍នៅបរទេស។ រង្វាន់នេះបង្កើតឡើងដើម្បីទទួលស្គាល់ និងផ្តល់កិត្តិយសដល់គម្រោងពហុវិស័យល្អបំផុតមួយ ដែលបង្ហាញពីគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការប្រើប្រាស់ និងអភិរក្សធនធានក្នុងតំបន់ត្រូពិកប្រកបដោយនិរន្តរភាព និងមានតម្លៃជាទឹកប្រាក់សរុបចំនួន ៣ពាន់ដុល្លារអាមេរិក។
សកម្មជនបរិស្ថាន និងជាតំណាងសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ លោក ផៃ ប៊ុនលាង បានអញ្ជើញមកធ្វើបទបង្ហាញអំពីគម្រោងរបស់បណ្ដាញសហគមន៍ព្រៃឡង់របស់លោក ដែលមានឈ្មោះថា “ព្រៃឡង់ជាព្រៃរបស់យើង” ដើម្បីប្រកួតយករង្វាន់នេះនៅសាកលវិទ្យាល័យ យ៉ែល នៅក្នុងរដ្ឋខនណិកទីកាត់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា កន្លងមកនេះ។
លោកមានប្រសាសន៍លាយឡំនឹងអារម្មណ៍ត្រេកអរ ប្រាប់អាស៊ីសេរីក្រោយពេលទទួលបានរង្វាន់នេះថា លោកសប្បាយចិត្តដែលបណ្ដាញរបស់លោកមានការទទួលស្គាល់ពីអន្តរជាតិយ៉ាងច្រើននៅក្នុងពិភពលោក៖ «យើងធ្វើការទៅលើការការពារព្រៃឈើ ហើយជាអ្នកតស៊ូមតិសម្រាប់ផលប្រយោជន៍របស់សង្គមជាតិផងដែរ...»។
លោកបន្តថា រង្វាន់នេះគឺជាផ្នែកមួយនៃការទទួលស្គាល់នូវគម្រោងបង្កើតថ្មីប្រកបដោយលក្ខណៈច្នៃប្រឌិត ជាមួយនឹងការកសាងនូវភាពជាដៃគូចម្រុះប្រកបដោយយុទ្ធសាស្ត្រក្នុងសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
នេះជាលើកទីមួយហើយសម្រាប់លោក ផៃ ប៊ុនលាង ដែលត្រូវបានបណ្ដាញសហគមន៍ព្រៃឡង់របស់លោក និងអង្គការដៃគូនានា គាំទ្រលោកឲ្យមកចូលរួមក្នុងការប្រកួតប្រជែងយករង្វាន់នេះ។
កាលពីខែធ្នូ ឆ្នាំ២០១៥ បណ្ដាញសហគមន៍ព្រៃឡង់ក៏ធ្លាប់បានទទួលពានរង្វាន់គំនិតផ្ដួចផ្ដើមអេក្វាទ័ររបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP Equator Initiative Prize) នៅឯសន្និសីទក្រុងប៉ារីស ប្រទេសបារាំង និងពានរង្វាន់មូលនិធិអាឡិចស៊ែនឌ័រ សូរូស (Alexander Soros Foundation) កាលពីឆ្នាំ២០១៣ ផងដែរ។
លោក ផៃ ប៊ុនលាង ជាសកម្មជនបរិស្ថានម្នាក់ដែលតែងតែបានដឹកនាំ និងចូលរួមយ៉ាងសកម្មអស់រយៈពេលជាង ១៦ឆ្នាំមកហើយ ក្នុងកិច្ចការអភិរក្ស និងការពារព្រៃឈើក្នុងតំបន់ព្រៃឡង់ពីការរុករាន និងការកាប់បំផ្លាញខុសច្បាប់។
លោកមានប្រសាសន៍ថា ក្រុមរបស់លោកធ្លាប់ទទួលរងនូវការគំរាមកំហែងរាប់មិនអស់ពីសំណាក់ក្រុមអ្នកមានអំណាច ប្រាក់កាស និងអាជ្ញាធរជាបន្តបន្ទាប់។ ទោះយ៉ាងណាក៏ដោយ លោកថាក្រុមរបស់លោកនៅតែមិនរួញរា និងភ័យខ្លាចចំពោះការគំរាមកំហែងនោះឡើយ៖ «តាមការពិត ១៦ឆ្នាំជាងនេះដែលខ្ញុំបានចូលរួមនៅក្នុងបណ្ដាញ ដែលជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងបណ្ដាញការពារ យើងមានគោលជំហរច្បាស់លាស់ទៅលើការការពារព្រៃ ត្រូវបានគំរាមកំហែង ជាក់ស្តែងតាមទូរស័ព្ទ តាមសម្ដីផ្សេងៗជាច្រើន។ ប៉ុន្តែពួកខ្ញុំបាទមិនត្រូវការខ្លាចទេ ដោយសារយើងស្រឡាញ់ពិតប្រាកដ ព្រោះព្រៃនេះជាព្រៃរបស់យើងទាំងអស់គ្នា។ យើងនៅតែព្យាយាមធ្វើឲ្យឃើញ ឲ្យសង្គមឃើញថាយើងចង់បានព្រៃឲ្យនៅល្អ ហើយជាព្រៃរបស់ខ្មែរផងដែរ»។
គម្រោង “ព្រៃឡង់ជាព្រៃរបស់យើង” គឺជាគម្រោងរួមគ្នាមួយរវាងបណ្ដាញសហគមន៍ព្រៃឡង់ និងដៃគូដែលពាក់ព័ន្ធមួយចំនួនទៀត រួមមានដូចជា អង្គការ Denmission អង្គការស្ពានដើម្បីសន្តិភាព បណ្តាញកសាងសន្តិភាពសហគមន៍ ក្រុមហ៊ុន Web Essentials និងសាកលវិទ្យាល័យ កូពែនហាហ្គែន (University of Copenhagen) នៃប្រទេសដាណាម៉ាក (Denmark)។
គម្រោងនេះបានបង្កើតឲ្យមានឡើងនូវកម្មវិធីប្រើប្រាស់ក្នុងទូរស័ព្ទដៃឆ្លាតវៃ (ស្មាតហ្វូន) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្តល់នូវព័ត៌មានជាក់លាក់នានា ពាក់ព័ន្ធនឹងសញ្ញាណនៃការរុករានដីព្រៃ ការសឹករិចរិលព្រៃឈើ រូបភាព ទីតាំង និងពេលវេលានៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់។ល។ ព័ត៌មានដែលប្រមូលបានពីកម្មវិធីនេះ ត្រូវបានបណ្ដាញសហគមន៍ព្រៃឡង់យកមកប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដនៃបទល្មើសព្រៃឈើ ក៏ដូចជាចូលរួមទប់ស្កាត់ប្រឆាំងនឹងបទល្មើសព្រៃឈើទាំងនេះ និងបង្កើនប្រសិទ្ធភាព អភិរក្សព្រៃឡង់ជារួមផងដែរ។
ថ្វីបើបណ្ដាញសហគមន៍ព្រៃឡង់ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១ ដោយសហគមន៍ដែលរស់នៅជុំវិញតំបន់ព្រៃឡង់មកពីខេត្តចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលបានរួបរួមគ្នាតស៊ូមតិដើម្បីការពារ និងអភិរក្សព្រៃឈើរបស់ពួកគេក៏ដោយ បច្ចុប្បន្ន រដ្ឋាភិបាលនៅមិនទាន់ទទួលស្គាល់ការងារចូលរួមទប់ស្កាត់បទល្មើសព្រៃឈើរបស់បណ្ដាញសហគមន៍នេះនៅឡើយទេ។
លោក ផៃ ប៊ុនលាង បានផ្តាំផ្ញើនូវពាក្យពេចន៍មួយចំនួន និងអំពាវនាវដល់សមាជិកទាំងអស់ ត្រូវចេះទទួលខុសត្រូវ ហើយសំខាន់ជាងគេ គឺយើងចេះថែរក្សាគ្នានឹងសាមគ្គីគ្នា ដើម្បីការពារធនធានធម្មជាតិរបស់យើង៖ «ខ្ញុំក៏នឹងនាំពីពាក្យពីការប្រជុំនេះទៅជូនបងប្អូនវិញ ទៅជូនក្រុមបណ្ដាញរបស់យើងខ្ញុំវិញ។ ហើយក៏សូមផ្តាំផ្ញើម្យ៉ាងទៀត សូមជំរុញឲ្យរដ្ឋាភិបាលគួរតែទទួលស្គាល់បណ្ដាញព្រៃឡង់ ធ្វើការជាមួយគ្នាក្នុងនាមជាអ្នកស្ម័គ្រចិត្ត ក្នុងនាមជាអ្នកការពារដោយឯករាជ្យ ដើម្បីជួយការពារព្រៃ និងសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ផងដែរ»។
នេះជាលើកទី៣ ហើយដែលកម្មវិធីកិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិក នៃសាកលវិទ្យាល័យ យ៉ែល (Yale University) សហរដ្ឋអាមេរិក បានបង្កើតគំនិតផ្ដួចផ្ដើមឲ្យមានរង្វាន់នេះឡើង។
សម្រាប់ឆ្នាំ២០១៧ នេះ មានអង្គការចំនួន២៥ នៅទូទាំងពិភពលោក បានដាក់ពាក្យចូលរួមប្រកួតប្រជែងយកជ័យលាភីសម្រាប់រង្វាន់នេះ ហើយសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ មានតែបេក្ខភាពចំនួនពីរប៉ុណ្ណោះត្រូវបានជ្រើសរើសឲ្យមកចូលរួមធ្វើបទបង្ហាញប្រកួតយកជ័យលាភី ក្នុងនោះមានបេក្ខភាពមកពីប្រទេសស្រីលង្កា និងកម្ពុជា។
ទិន្នន័យកម្មវិធីឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ឆ្នាំ២០១៥ ចេញផ្សាយដោយវិទ្យាស្ថានធនធានពិភពលោក (WRI) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន និងសាកលវិទ្យាល័យម៉ារីឡែន ឲ្យដឹងថា ក្នុងចន្លោះឆ្នាំ២០០១ និងឆ្នាំ២០១៣ ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើសរុបប្រមាណ ១លាន ៤សែនហិកតារ (១,៤៤លានហិកតារ) ឬ ១៤.៤៧១គីឡូម៉ែត្រក្រឡា។ ហើយថាប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕