មន្ត្រីអាវុធហត្ថស្រុកសណ្ដាន់កោះហៅសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំម្នាក់ មកសួរនាំ បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីឈ្មួញឈើ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីនេះឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យអ្នកការពារព្រៃឈើក្លាយជាជនរងគ្រោះ ដោយសារតែសកម្មភាពការពារធនធានធម្មជាតិ។
មន្ត្រីអាវុធហត្ថស្រុកសណ្ដាន់ បានកោះហៅ សមាជិកសហគមន៍ព្រៃឡង់ លោក ចាន់ ធឿន មកសួរនាំជាង ១ម៉ោង នៅព្រឹកថ្ងៃទី៦ សីហា ក្រោយពីអ្នកការពារព្រៃឈើរូបនេះ បានថតគោយន្តដឹកឈើខុសច្បាប់ កាលពីចុងខែកក្កដាកន្លងទៅ។ ចំណែក បណ្ដាញសហគមន៍ព្រៃឡង់ ២០នាក់ បាន លើកគ្នាឃ្លាំមើល នៅស្នាក់ ការមន្ត្រីអាវុធហត្ថ ស្រុកសណ្ដាន់។
សមាជិកសហគមន៍ព្រៃឡង់ លោក ចាន់ ធឿន ឱ្យដឹងថា ឈ្មួញឈើឈ្មោះ សេង យ៉ាងគួ បានប្តឹងលោកក្នុងសំណុំរឿងព្រហ្មទណ្ឌ និងទាមទារប្រាក់សំណង ២ ពាន់ដុល្លារ។ លោកបញ្ជាក់ថា លោក សេង យ៉ាងគួ គឺជាកូនមេបញ្ជាការរងកងអាវុធហត្ថខេត្តកំពង់ធំ និងជាឈ្មួញរកស៊ីឈើ ច្រើនឆ្នាំមកហើយ។ លោកបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកបានថតគោយន្តដឹកឈើចេញពីព្រៃឡង់ ហើយឈ្មួញឈើរូបនេះ បានស្ទុះប្រទាញប្រទង់ ដណ្ដើមទូរស័ព្ទពីលោក រួចក៏ប្តឹងលោក ទៅមន្ត្រីអាវុធហត្ថ ៖ «ចោទខ្ញុំពីបទថា ខ្ញុំកាក់កាឡេថង ( គោយន្ត ) ថា គេដឹកឈើធ្វើផ្ទះ ហើយទាញយកទូរស័ព្ទថត និងទាញកាំបិតគំរាមគេ។ រាល់ថ្ងៃអស់ហើយឈើនៅព្រៃឡង់ដឹកឈើរាល់ថ្ងៃ បានខ្ញុំយកទូរស័ព្ទថតបង្ហោះទេ និងផ្ញើបណ្ដាញព្រៃឡង់»។
ឆ្លើយតបការលើកឡើងនេះ ដើមបណ្តឹង លោក សេង យ៉ាងគួ និយាយថា មូលហេតុដែលលោកប្តឹង ដោយសារសកម្មជនព្រៃឡង់រូបនេះ បានថតរូប លោកដឹកឈើធ្វើផ្ទះបន្តិចបន្តួច ។ លោកថា ឈើដែលដឹកតាមគោយន្តនោះ លោកទិញពីពលរដ្ឋនៅមូលដ្ឋាន មិនមែនជាឈើ ដឹកចេញពីព្រៃឡង់នោះទេ។ បន្ថែមពីនេះទៀត លោកមិនចង់ឱ្យមានរឿងវែងឆ្ងាយនោះទេ ប្រសិនបើ សហគមន៍ព្រៃឡង់ឯកភាពសម្របសម្រួលបញ្ចប់រឿង ត្រឹមអាវុធហត្ថស្រុកសណ្ដាន់ ៖ «ប្តឹងគាត់ពីបទ គាត់មកថតខ្ញុំ ដោយសារគ្មានការអនុញ្ញាតពីខ្ញុំ។ ដឹកឈើក្នុងភូមិតើ ឈើជជុស ដែលអ្នកភូមិគេលក់អស់ហើយ នៅសល់ ខ្ញុំសុំទិញគេ។ បើសិនគាត់ ព្រមសម្របសម្រួល ខ្ញុំព្រមនៅកន្លែងហ្នឹងហើយ បើសិនជាគាត់មិនព្រម ស្រេចតែសមត្ថកិច្ចគេបញ្ជូនទៅទៀត»។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្ដាន់ លោក លក វង្ស បញ្ជាក់យ៉ាងខ្លីថា ភារកិច្ចរបស់សមត្ថកិច្ច ត្រូវតែកោះហៅមកសួរនាំ ក្រោយពីទទួលពាក្យបណ្ដឹង។ លោកថា សំណុំរឿងនេះ មិនទាន់ចប់នៅឡើយទេ ព្រោះភាគីសងខាងមិនទាន់សម្របសម្រួលគ្នា ហើយលោកបានដោះលែង សកម្មជនព្រៃឡង់ទៅផ្ទះវិញហើយ៖ «គេប្ដឹង យើងហៅសួរនាំ មានអី ! តែប៉ុណ្ណឹងតើ។ បើអត់មានពាក់ព័ន្ធអី ឱ្យទៅវិញហើយ បើប្រជាជនគេប្ដឹងយើងត្រូវតែសួរនាំ»។
ប្រធានបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព មើលឃើញថា អ្នកការពារព្រៃឈើ បានក្លាយជាជនរងគ្រោះ ដោយសារតែការពារធនធានធម្មជាតិទៅវិញ។ ចំណែក អ្នករកស៊ីឈើខុសច្បាប់បែរជាប្ដឹងអ្នកការពារព្រៃឈើ ដោយសារតែប៉ះពាល់ប្រយោជន៍របស់ខ្លួន៖ «ពាក្យបណ្ដឹងហ្នឹងបទល្មើស ខាងដឹកឈើ គាត់ទៅដាក់ពាក្យបណ្ដឹង តែមន្ត្រីសមត្ថកិច្ចក៏មិនបានស្រាវជ្រាវ ឱ្យច្បាស់ថា ជនរងគ្រោះជាអ្នកណា ? ហើយជនរងគ្រោះ គឺជាបណ្ដាញព្រៃឡង់ ជាអ្នកដែលជួយការពារ ធនធានធម្មជាតិ។ ប៉ុន្តែពេលនេះ វាទៅជា ខាងបទល្មើសខុសច្បាប់ ទៅខាងបណ្ដឹង ដែលគេចោទយើងរឿងអីផ្សេងៗ»។
ឯមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា អ្នករកស៊ីឈើខុសច្បាប់ភាគច្រើន មានខ្នងបង្អែកអ្នកមានអំណាចកាងការពារ។ លោកថា អាជ្ញាធរគួរតែស៊ើបអង្កេតរឿងនេះ ឱ្យច្បាស់លាស់ និងត្រូវអនុវត្តច្បាប់ លើអ្នកដែលដឹកឈើខុសច្បាប់ផងដែរ៖ «ឈ្មួញទាំងអស់ហ្នឹង គេរកស៊ីមកដល់ពេលនេះ មានស្គាល់ ឬមានខ្នង ឬបានសូកប៉ាន់ ទៅមន្ត្រីនគរបាលយុត្តិធម៌ ដែលទទួលខុសត្រូវ រឿងព្រៃឈើហ្នឹងហើយ។ បើសិនជា ឈ្មួញហ្នឹង មិនមានអាងសមត្ថកិច្ចនៅពីក្រោយទេ ប្រាកដជាមិនហ៊ានប្រើបណ្ដឹងហ្នឹងទេ»។
ក្រុមស្នូលព្រៃឡង់ខេត្តកំពង់ធំ បន្ថែមថា ពួកគេនឹងបន្តឃ្លាំមើលដំណើរការ សំណុំរឿងនេះ ហើយពួកគេប្ដេជ្ញាថា នឹងថតរូបបទល្មើសព្រៃឈើគ្រប់រូបភាព បើទោះបីជារងការគំរាមកំហែងក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។