អ្នក​ភូមិ​តាម​ដង​ទន្លេ​ក្នុង​ខេត្ត​បី​មិន​ចង់​បាន​ទំនប់​វារីអគ្គិសនី

អស់​រយៈពេល ១១​ឆ្នាំ​ហើយ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​នៅ​ខេត្ត​រតនគិរី ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី បាន​រង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់ ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​សេសាន សេកុង និង​ទន្លេ​ស្រែពក។
ដោយ រដ្ឋា វិសាល
2013-03-26
Share
តវ៉ា វារីអគ្គិសនី ៣០៥ ប្រជាពលរដ្ឋ​ហែ​ក្បួន​លែង​កូន​ត្រី និង​ស្រែក​ជ័យឃោស​រំលឹក​គុណ​ទន្លេ និង​អំពាវនាវ​សុំ​កុំ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ក្នុង​ខួប​លើក​ទី១១ នៃ​បណ្ដាញ​សហគមន៍​ទន្លេ​បី នៅ​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Ratha Visal

ប្រជាពលរដ្ឋ​តែងតែ​អំពាវនាវ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ផល​ប៉ះពាល់ ឬ​បញ្ឈប់​ផែនការ​សាងសង់​ទំនប់​បន្ថែម​ទៀត ដែល​អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ច្រើន​ឡើង​ដល់​ជីវភាព​រស់នៅ និង​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ។

មនុស្ស​ប្រមាណ​ជាង ១០០​នាក់ ជា​តំណាង​សហគមន៍​បណ្ដាញ​ការពារ​ទន្លេ​បី នៅ​ថ្ងៃ​ច័ន្ទ ទី២៥ ខែ​មីនា ឆ្នាំ​២០១៣ បាន​នាំគ្នា​ហែ​ក្បួន​យក​កូន​ត្រី​ទៅ​លែង​ក្នុង​ទន្លេ ដោយ​មាន​ស្រែក​ជ័យឃោស​រំលឹក​គុណ​ទន្លេ និង​អំពាវនាវ​សុំ​កុំ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ ដែល​បង្ក​ផល​ប៉ះពាល់​អាយុ​ជីវិត​ផល​ដំណាំ ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ និង​ធនធាន​ធម្មជាតិ មច្ឆជាតិ នៅ​ក្នុង​ទន្លេ។

ពិធី​នេះ រៀបចំ​ឡើង​ដោយ​សហគមន៍​ការពារ​ទន្លេ​ស្រែពក នៅ​ក្នុង​បុណ្យ​ខួប​បណ្ដាញ​ការពារ​ទន្លេ​សេកុង ស្រែពក សេសាន លើក​ទី១១ ស្ថិត​ក្នុង​ភូមិ​ដី​ឡូត៍ ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី។

តំណាង​សហគមន៍​រស់នៅ​តាម​ដង​ទន្លេ​សេសាន លោក សុខ ខឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​ពី​ប្រទេស​វៀតណាម ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ជា​បន្តបន្ទាប់​ពី​តំបន់​ខ្សែ​ទឹក​ខាង​លើ​មក ផល​ប៉ះពាល់​ជាច្រើន​បាន​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​តាម​ដង​ទន្លេ។ លោក​បន្ត​ថា ការ​កសាង​ទំនប់​សេសាន​ក្រោម​២ បន្ថែម​ទៀត គឺ​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ៖ «រាល់​ថ្ងៃ កំពុង​មាន​ទុក្ខ​ដោយសារ​វារីអគ្គិសនី​កំពុង​តែ​សាងសង់។ យើង​ជា​អ្នក​ដង​ទន្លេ​ដូច​គ្នា បើ​យើង​បាត់​បង់​ទន្លេ គឺ​យើង​បាត់​បង់​អ្វីៗ​ទាំងអស់។ វា​មាន​បញ្ហា​ច្រើន​យ៉ាង​ចាប់​តាំង​ពី​យើង​រុះរើ​ភូមិ​ឋាន»

ដូច​គ្នា​នេះ​ដែរ តំណាង​សហគមន៍​រស់នៅ​តាម​ដង​ទន្លេ​ម្នាក់​ទៀត គឺ​អ្នកស្រី រម៉ាស់ វឿន បាន​កត់​សម្គាល់​ថា ទំនប់​វារីអគ្គិសនី​បាន​បង្ក​ឲ្យ​ទឹក​ទន្លេ​ប្រែប្រួល​គុណភាព និង​ចរន្ត​ទឹក​ហូរ​ឡើង​ស្រក​មិន​ទៀង​ទាត់ ធ្វើ​ឲ្យ​ធនធាន​ក្នុង​ទន្លេ​មាន​បន្លែ​ធម្មជាតិ មច្ឆជាតិ ជីវចម្រុះ​ក្នុង​ទន្លេ​ថយ​ចុះ ទឹក​ជំនន់​ធ្ងន់ធ្ងរ​លិច​ផ្ទះ​សម្បែង ខូចខាត​ផល​ដំណាំ ទ្រព្យ​សម្បត្តិ បាត់​បង់​អាយុ​ជីវិត​ប្រជាពលរដ្ឋ និង​សត្វ​ពាហនៈ​ទៀត​ផង៖ «តាម​ដង​ទន្លេ​យើង ត្រី​អស់​រលីង ដាក់​មង​ក៏​មិន​បាន អណ្ដែត​ទៅ​រហែក​អស់ ដល់​ព្រឹក​ទៅ​មើល​អស់​រលីង អណ្ដែត​អស់ មាន​ក្រឡាប់​ទូក​ទៀត វា​លំបាក​ការ​រកស៊ី ទឹក​ប្រែប្រួល​រហូត យើង​រក​បន្លែ​ក៏​មិន​បាន»

របាយការណ៍​របស់​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ គឺ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សរុប​៤៨ ក្នុង​នោះ​ទំនប់​ចំនួន​២៦ បាន​សាងសង់​រួច​ហើយ។

អ្នក​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មាច មៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយសារ​មាន​ផល​ប៉ះពាល់​ជាច្រើន​ទាក់ទិន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ទើប​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​តាម​ដង​ទន្លេ​នាំគ្នា​ចងក្រង​ជា​បណ្ដាញ​សហគមន៍​ការពារ​ទន្លេ និង​ប្រារព្ធ​ខួប​បង្កើត​សហគមន៍​ការពារ​ទន្លេ​រៀង​រាល់​ឆ្នាំ ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ ការពារ​ទន្លេ​ឲ្យ​បាន​ប្រសើរ៖ «ទឹក​ទំនប់​មក​ពី​លើ​ភ័យ​ប៉ុណ្ណឹង។ បើ​ទំនប់​សេសាន​ក្រោម​២ បិទ​ទៀត មិន​ដឹង​គាត់ តើ​ភ័យ​ប៉ុណ្ណា? រាជ​រដ្ឋាភិបាល​គួរ​ពិចារណា​ខ្លួន​ឯង ព្រោះ​ផែនការ​នេះ​រដ្ឋាភិបាល​ជា​អ្នក​អនុម័ត»

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ​ថា រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ផល​ប៉ះពាល់​ទាំងអស់​នោះ​ហើយ ជាពិសេស​ផល​ប៉ះពាល់​ដែល​ធ្លាប់​កើត​មាន​កន្លង​ទៅ។ លោក​បន្ត​ថា ប្រការ​សំខាន់ គឺ​ប្រជាពលរដ្ឋ​សហគមន៍​បណ្ដាញ​ការពារ​ទន្លេ ត្រូវ​ពង្រឹង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ដោយ​ពលរដ្ឋ​ខ្លួន​ឯង៖ «បើ​ធ្វើ​ទៅ​ប៉ះ​ប្រជាជន មិន​មែន​សុខ​ចិត្ត​ឲ្យ​ធ្វើ​ទេ ច្បាស់​ជា​សិក្សា​ផល​ប៉ះពាល់​ហើយ គ្រាន់​តែ​ចំណុច​ខ្លះ​យើង​ដោះ​ដូច​គ្នា អាច​ផ្តល់​ថវិកា​ឲ្យ​គាត់​បាន​រស់នៅ​ស្រួល»

រាជ​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ចំនួន​៨ នៅ​តាម​ដង​ទន្លេ​សេកុង ស្រែពក និង​សេសាន ក្នុង​នោះ​បាន​យល់​ព្រម​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ដើម​ឆ្នាំ​២០១៣។ ក៏ប៉ុន្តែ សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ទន្លេ​ទាំង​បី​បាន​លើក​ពាក្យ​ស្លោក​ថា ប្រជាពលរដ្ឋ​ចង់​បាន​ទន្លេ​មិន​ចង់​បាន​ទំនប់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល