បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​ទំនាស់​ដីធ្លី​នៅ​ឆ្នាំ​២០១៣

បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តែ​ជា​រឿង​ក្តៅ​គគុក​នៅ​ក្នុង​ឆ្នាំ​២០១៣។ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​លំនៅឋាន យល់​ឃើញ​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ហ៊ាន​ក្លាហាន​ក្រោក​តស៊ូ​ប្រឆាំង​ទាមទារ​ផ្ទះ​សម្បែង​ពី​ការ​រំលោភ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន។
ដោយ ទេព សុរ៉ាវី
2013.12.28
ព្រៃ​ឈើ​ព្រៃឡង់ ៦១០ អ្នកស្រី អៀង ពិសី បណ្ដាញ​សហគមន៍​ព្រៃឡង់ ប្រចាំ​ខេត្ត​ស្ទឹងត្រែង ឈរ​ក្បែរ​ផ្ទាំង​រូបភាព​កាប់​ព្រៃ​ឈើ និង​រូបភាព​ដើរ​ល្បាត​ព្រៃឡង់​ការពារ​ព្រៃ​ឈើ កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
Photo: RFA

រីឯ​អង្គការ​ដែល​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​វិញ ដាស់​តឿន​ទៅ​រដ្ឋាភិបាល​ថា យ៉ាង​យូរ ២​ឆ្នាំ​ខាង​មុខ​ទៀត ព្រៃ​ឈើ​នៅ​កម្ពុជា ច្បាស់​ជា​វិនាស​ហិនហោច​អស់​គ្មាន​សល់ ប្រសិន​បើ​អ្នក​នយោបាយ ជាពិសេស​បក្ស​កាន់​អំណាច​ពុំ​មាន​ឆន្ទៈ​ទប់ស្កាត់ និង​ការពារ​ទេ​នោះ។

ទំនាស់​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​របស់​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ការ​ធ្លាក់​ចុះ​ជាង ៥០​ដង បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មើល​ឃើញ​ថា ពលរដ្ឋ​ដែល​រងគ្រោះ​បាន​ដឹង​ពី​សិទ្ធិ​លំនៅឋាន និង​ហ៊ាន​ក្រោក​ឈរ​តវ៉ា​ប្រឆាំង​ចំពោះ​ការ​បណ្ដេញ​ចេញ​ដោយ​ខុស​ច្បាប់​របស់​អាជ្ញាធរ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១២ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បណ្ដេញ​ពលរដ្ឋ​ចំនួន ៦១១​គ្រួសារ​ពី​លំនៅឋាន ក្រោម​រូបភាព​អភិវឌ្ឍន៍។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ការ​បណ្ដេញ​ចេញ​មាន​ចំនួន ១២​គ្រួសារ គឺ ៨​គ្រួសារ​នៅ​ក្នុង​សង្កាត់​ព្រែកឯង ក្នុង​ខណ្ឌ​មានជ័យ ហើយ ៤​គ្រួសារ​ទៀត គឺ​ស្ថិត​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក។

«សំឡេង»

លោក​បន្ត​ថា ឥទ្ធិពល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក៏​បាន​ជះ​ឥទ្ធិពល​ខ្លាំង​នៃ​ការ​ថមថយ​នោះ​ដែរ។ ក្នុង​ដំណាក់​កាល​នោះ អាជ្ញាធរ​ហាក់​បង្អង់​ដៃ​បន្តិច ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ឡើង​វិញ​ក្នុង​ការ​បោះ​ឆ្នោត។ យ៉ាង​ណា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ទំនង​ជា​អាច​កក្រើក​ឡើង​វិញ​នៅ​ឆ្នាំ​២០១៤។

០៩-មករា-២០១១: អ្នក​ភូមិ​បឹងកក់ តវ៉ា​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​បញ្ចប់ បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក មិន​មាន​ដំណោះស្រាយ។
០៩-មករា-២០១១: អ្នក​ភូមិ​បឹងកក់ តវ៉ា​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​បញ្ចប់ បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក មិន​មាន​ដំណោះស្រាយ។
RFA/Tin Zakariya

តាម​ការ​សិក្សា​របស់​លោក មាន​ពលរដ្ឋ​មិន​តិច​ជាង ២​ពាន់​គ្រួសារ​ទេ ដែល​រស់​នៅ​ក្នុង​សហគមន៍​ព្រែកលៀប ជ្រោយចង្វា និង​ព្រែកតាសេក ក្នុង​សង្កាត់​ឫស្សីកែវ អាច​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​រួច​ហើយ ដើម្បី​វិនិយោគ​ធ្វើ​ជា​ក្រុង​រណប។

ជា​គោលការណ៍ រដ្ឋាភិបាល​អាច​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ឲ្យ​បាន​យ៉ាង​តិច ១០០​សហគមន៍​ក្នុង​មួយ​ឆ្នាំៗ។ រីឯ​ទិន្នន័យ​ឆ្នាំ​២០១២ របស់​សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ថា មាន​សហគមន៍​មិន​ទាន់​រៀប​រយ​ជាង ៦០០​សហគមន៍ ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ និង​កែលំអ។

អ្នក​បឹងកក់ លើក​បដា​ដែល​ជា​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ដី​ទំហំ ១២,៤៤​ហិកតារ នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៣។
អ្នក​បឹងកក់ លើក​បដា​ដែល​ជា​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ដី​ទំហំ ១២,៤៤​ហិកតារ នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Sochivy

មន្ត្រី​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត ឲ្យ​ដឹង​ថា ក្រោយ​ការ​បោះ​ឆ្នោត​ភ្លាម សន្ទុះ​នៃ​ការ​តវ៉ា​រឿង​ដីធ្លី​ចាប់​ផ្ដើម​កក្រើក​ខ្លាំង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួម​មាន​ខេត្ត​ឧត្តរមានជ័យ កោះកុង តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និង​ភ្នំពេញ សរុប ៣៦​ករណី។ ទំនាស់​ដី​ចាស់​នៅ​តែ​បន្ត រីឯ​ទំនាស់​ដីធ្លី​ថ្មី​ក៏​កើត​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ជា​សញ្ញា​អាច​កើត​មាន​បដិវត្តន៍​ដីធ្លី​នៅ​ទូទាំង​ប្រទេស​នា​ពេល​ខាង​មុខ។

«សំឡេង»

បន្ថែម​លើ​នេះ ប្លង់​ដី​ដែល​ពលរដ្ឋ​ទទួល​បាន​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​វាស់វែង​ដីធ្លី​តាម​បទ​បញ្ជា​លេខ​០១ របស់​រដ្ឋាភិបាល ក៏​មិន​មាន​ប្រសិទ្ធភាព​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​កម្ពុជា ដែរ។ ពលរដ្ឋ​ខ្លះ​ដែល​បាន​ទទួល​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ហើយ​នោះ នៅ​តែ​ទទួល​រង​ការ​ឈូស​បំផ្លាញ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ដែល​មាន​ខ្នង​បង្អែក​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។

«សំឡេង»

ការ​ទាមទារ​រ៉ាំរ៉ៃ​របស់​ស្ត្រី​មេ​ផ្ទះ​នៅ​សហគមន៍​បឹងកក់ ជិត ៧​ឆ្នាំ ក្នុង​ការ​ប្រើ​សិទ្ធិ​ទាមទារ​រក​យុត្តិធម៌​ដោយ​សន្តិវិធី ដើម្បី​កាន់​កាប់​ដី​លំនៅឋាន​របស់​ខ្លួន កំពុង​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​ជន​រងគ្រោះ​ដីធ្លី​ឯ​ទៀត​យក​គំរូ​តាម។

«សំឡេង​ចម្រៀង»

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី ឲ្យ​ដឹង​ថា សហគមន៍​បឹងកក់ បាន​ចែក​រំលែក​បទ​ពិសោធន៍ និង​ជួយ​ពង្រឹង​សមត្ថភាព​ឲ្យ​សហគមន៍​ឯ​ទៀត​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី ក្លាហាន​ហ៊ាន​ប្រើ​សិទ្ធិ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដោយ​សន្តិវិធី។ ជិត ៤០​សហគមន៍​ពី​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ រួម​ទាំង​សហគមន៍​បឹងកក់ ផង បាន​ចង​ក្រង​ជា​ក្រុម​សហគមន៍​មាន​ទំនាស់​ដីធ្លី ដើម្បី​រួម​គ្នា​ជួយ​ផ្លាស់​ប្ដូរ​យោបល់ ឬ​ប្រវាស់​កម្លាំង​គ្នា​នៅ​ពេល​ដែល​មាន​ការ​តវ៉ា ឬ​ការ​តស៊ូ​មតិ​ជាដើម។

«សំឡេង»

អតីត​សហគមន៍​ដី​ក្រហម​មួយ​រូប ដែល​រងគ្រោះ​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ កាល​ពី​ឆ្នាំ​២០០៩ យល់​ឃើញ​ថា អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​រងគ្រោះ​ដោយ​ការ​បាត់​បង់​ដីធ្លី និង​ផ្ទះ​សម្បែង។

«សំឡេង»

ក្រៅ​ពី​ទំនាស់​ដីធ្លី ការ​បាត់​បង់​ព្រៃ​ឈើ​តាម​រូបភាព​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ក៏​កំពុង​ធ្វើ​ឲ្យ​កម្ពុជា ប្រឈម​នឹង​ការ​បាត់​បង់​ព្រៃ​ឈើ​ក្នុង​រយៈពេល ១ ទៅ ២​ឆ្នាំ​ទៀត។

តាម​របាយការណ៍​របស់​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា បច្ចុប្បន្ន គម្រប​ព្រៃ​ឈើ​ទាំង​មូល​នៅ​សល់​ប្រមាណ ២៨% នៃ​ផ្ទៃ​ព្រៃ​ឈើ​សរុប​ដែល​មាន​ចំនួន ១០​លាន​ហិកតារ។ តំបន់​ព្រៃ​ឡង់ ដែល​លាត​សន្ធឹង​ទំហំ​ជាង ១​លាន​ហិកតារ (១.០៤៩.៦៥៤​ហិកតារ) ត្រូវ​បាន​រដ្ឋាភិបាល​ពុះ​ច្រៀក​ដី​គម្រប​ព្រៃ​ឈើ​ជាង ៩​សែន​ហិកតារ ឲ្យ​ក្រុមហ៊ុន​ចំនួន​៣៤ វិនិយោគ​រុក​រក​រ៉ែ និង​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម ដែល​ភាគ​ច្រើន​ក្រុមហ៊ុន​ទាំង​នោះ​ជា​ក្រុមហ៊ុន​វៀតណាម។ សព្វថ្ងៃ ព្រៃ​ឡង់ នៅ​សល់​ព្រៃ​ជាង ១៨​ម៉ឺន​ហិកតារ (១៨០.៤០៩​ហិកតារ)។

ព្រៃ​នៅ​តំបន់​ប៊ូស្រា ខេត្ត​មណ្ឌលគិរី ដែល​ឈ្មួញ​ចូល​កាប់​បំផ្លាញ។ រូបថត​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៣
ព្រៃ​នៅ​តំបន់​ប៊ូស្រា ខេត្ត​មណ្ឌលគិរី ដែល​ឈ្មួញ​ចូល​កាប់​បំផ្លាញ។ រូបថត​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៣
RFA/Vann Vichar

ព្រៃ​ឈើ​ឧទ្យាន​ជាតិ​តំបន់​ព្រៃ​ការពារ និង​ដែន​ជម្រក​សត្វ​ព្រៃ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ឆ្នាំ​១៩៩៣ ដែល​មាន​ជាង ៣​លាន​ហិកតារ (៣.៤០២.២០០​ហិកតារ) សព្វថ្ងៃ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ដី​ផ្តល់​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង ១​លាន​ហិកតារ (១.១៤១.៨០៨​ហិកតារ)។

រីឯ​ព្រៃ​តំបន់​ការពារ​សរុប​ជាង ១​លាន​ហិកតារ (១.៣៥០.០០០​ហិកតារ) សព្វថ្ងៃ​ត្រូវ​បាន​ប្រើប្រាស់​អស់​ទំហំ​ជាង ៩​សែន​ហិកតារ (៩០៤.៨៩១​ហិកតារ)។

សរុប​ទៅ ព្រៃ​ឈើ​ដែល​បាន​ប្រើប្រាស់​អស់​មក​ដល់​ឆ្នាំ​២០១៣ នេះ មាន​ចំនួន​ជាង ៧​លាន​ហិកតារ (៧.១១៤.០៩០​ហិកតារ) ឬ​គិត​ជា​ភាគរយ ព្រៃ​ឈើ​បាត់​បង់​អស់ ៧១% បើ​ប្រៀបធៀប​នឹង​គម្រប​ព្រៃ​ឈើ​សរុប​ដែល​មាន ១០​លាន​ហិកតារ នៅ​ចន្លោះ​ឆ្នាំ​១៩៧៣ រហូត​ដល់​ឆ្នាំ​១៩៩២។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ុច ឡេង ចាត់​ទុក​ការ​បាត់​បង់​ព្រៃ​ឈើ​អស់​ជាង ៧១% នេះ ជា​វិនាសកម្ម​ព្រៃ​ឈើ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​មាន​វិធាន​ការ​ទប់ស្កាត់​ជា​បន្ទាន់។

«សំឡេង»

របាយការណ៍​ដដែល​របស់​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដដែល សិក្សា​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​គម្រប​ព្រៃ​ឈើ និង​តំបន់​ការពារ នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ជិត ១​លាន​ហិកតារ (៩០៤.៨៩១​ហិកតារ) ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​របស់​យុវជន​ស្ម័គ្រចិត្ត ដើម្បី​ប្រមូល​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​ការ​បែង​ចែក​ដី​ឲ្យ​ពលរដ្ឋ មិន​មាន​តម្លាភាព ហើយ​ភាគ​ច្រើន​ដី​ព្រៃ​កាត់​ឲ្យ​នោះ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​មាន​លុយ និង​អំណាច។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​កិច្ច​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ។

«សំឡេង»

មាន​មូលហេតុ​៥ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​ឃើញ​ថា នាំ​ឲ្យ​មាន​កើត​ការ​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​គំហុក។ ទី​១ គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ទី​២ ផែន​ការ​អភិវឌ្ឍន៍​គម្រោង​ថាមពល​វារីអគ្គិសនី។ ទី​៣ តម្លៃ​ឈើ​នៅ​ក្នុង​ទីផ្សារ​មាន​ហាងឆេង​ខ្ពស់ និង​សម្បូរ​ដោយ​សិប្បកម្ម​កែច្នៃ​ឈើ។ ទី​៤ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់​ដែល​មាន​ព្រៃ​ឈើ និង​ទី​៥ ការ​ផ្លាស់​ប្ដូរ និង​ការ​សាងសង់​មូលដ្ឋាន​កង​កម្លាំង​ប្រដាប់​អាវុធ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។