"លោក សៅ សុខា នឹង​ក្លាយ​ជា​មនុស្ស​ទី​២​បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​មិន​ហ៊ាន​ស្លាប់​រឿង​ព្រៃឈើ"

ដោយ​ ថន ថារ៉ូ
2019.07.21
សៅ សុខា ព្រៃឈើ ២០១៦ ៨៥៥ អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA

ស្រប​ពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន មិន​ហ៊ាន​ស្លាប់​ក្រោយ​បរាជ័យ​រឿង​ការពារ​ព្រៃឈើ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ម្ដង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ទាល់តែ​បាន។ លោក សៅ សុខា អះអាង​ថា ទោះបីជា​ជនល្មើស​មាន​តំណែង​ប៉ុនណា​ក៏ដោយ ក៏​លោក​បញ្ជា​ឱ្យ​ចាប់​ទាំងអស់។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ គ្មាន​ជំនឿ​លើ​បទបញ្ជា​នេះ​ទេ និង​ថា លោក សៅ សុខា នឹង​មាន​ភាព​អាម៉ាស់​ដូច​លោក ហ៊ុន សែន ដែរ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក សៅ សុខា បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ លោក​អះអាង​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា យុទ្ធនាការ​លើក​នេះ លោក​បញ្ជា​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស​ចាប់​ជនល្មើស​ទាំងអស់​មិន​ថា ជន​នោះ​មាន​តំណែង​ធំ​ប៉ុនណា​នោះ​ទេ ប្រសិនបើ​ហ៊ាន​លួច​កាប់​ឈើ​នឹង​ត្រូវ​ចាប់​ផ្ដន្ទាទោស​តាមច្បាប់ ដោយ​មិន​លើកលែង​នោះ​ឡើយ៖ «អីចឹង​គឺ​ជន​ទាំងឡាយ​ណា​ដែល​លូកដៃ​ចូល​បញ្ហា​នេះ​គឺ​ចាប់​កសាង​សំណុំរឿង​ហើយ​ពិនិត្យមើល​នីតិវិធី​ច្បាប់​មិនមែន​ផាក​ពិន័យ​ជា​ប្រាក់ ដូចដែល​ធ្លាប់​ធ្វើ​កន្លងមក​ទេ​។​លើក​នេះ​ចាប់​មនុស្ស​រឹបអូស​យក​ឈើ បំផ្លាញ​ចោល​មធ្យោបាយ​ទ្រព្យសម្បត្តិ​ទាំងអស់ ដោយ​សុំ​ទៅ​តុលាការ​រឹប​យក​មក​ដាក់​ជា​សម្បត្តិ​ជាតិ​ទាំងអស់។ មើល​វា​មុខរឹង​ប៉ុនណា អា​អ្នក​រកស៊ី​នឹង​ថែមទៀត ឱ្យ​វា​ចេញ​មក​វិញ ឱ្យ​វា​ទៅ​រក​ស៊ី​ស្អី​ទៀត​មើល វា​ចេះ​ដាំ​ស្ពៃ​ដាំ​អី​អត់»

លោក សៅ សុខា បន្ថែម​ទៀត​ថា មាន​ព្រៃឈើ​គឺ​មាន​លុយ ហើយ​ប្រសិនបើ​បាត់បង់​ព្រៃឈើ​ក៏ដូចជា​ការបាត់បង់​ចំណូល​របស់​ជាតិ​ដែរ។

មេ​ប៉េអិម​រូប​នេះ ជា​មនុស្ស​ទី​ពីរ​ហើយ បន្ទាប់ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដែល​ហ៊ាន​ប្រកាស​ក្ដែងៗ​ថា នឹង​យក​ជីវិត​ទៅ​ប្ដូរ​ប្រសិនបើ​មិន​អាច​ការពារ​ព្រៃឈើ​បាន។

ទោះជា​យ៉ាងណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ព្រះសង្ឃ​ដែល​ធ្វើ​ការងារ​ផ្នែក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ លើកឡើង​ថា បទល្មើស​ព្រៃឈើ​កើតឡើង​ជា​រៀងរាល់ថ្ងៃ និង​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ជាង​មុន ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​នៅ​រស់​ដដែល ដោយ​មិន​ឃើញ​លោក​អាករ​សម្លាប់​ខ្លួន​តាម​ការ​សន្យា​នោះ​ឡើយ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍ថា លោក សៅ សុខា នឹង​ដើរ​តាម​កន្លង​លោក ហ៊ុន សែន ពោល​គឺ​គ្រាន់តែ​ជា​និយាយ​សំដី​ក្អេងក្អាង​សម្ដែង​អំណាច​របស់​ខ្លួន ដើម្បី​ឱ្យ​គេឯង​គោរព​កោតខ្លាច​ប៉ុណ្ណោះ​។ លោក​ជឿ​ថា បទល្មើស​ព្រៃឈើ​មិន​អាច​ទប់ស្កាត់​បានទេ ល្គឹកណា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​បណ្ដោយ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ឱ្យ​បន្ត​កាប់​ឈើ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ៖ «ខ្ញុំ​គិត​ថា​លោក សៅ សុខា​មិនបាច់​រហូតដល់​សម្លាប់​ខ្លួន​ទេ សូម​ឱ្យ​លោក​អនុវត្ត​ច្បាប់​ដែល​មាន ដែល​អនុម័ត​ដោយ​រដ្ឋសភា​នោះ​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ទៅ យើង​គិត​បទល្មើស​ព្រៃឈើ និង​ការ​ប្រមូល​យក​ថវិកា​ដែល​ជនល្មើស​ប្រមូល​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​និង​ធ្វើ​ការ​ដាំ​ដើមឈើ​ឡើងវិញ ធ្វើ​តែ​ប៉ុណ្ណឹង​ទៅ​វា​គ្រប់គ្រាន់​ហើយ»

ចំណែក​ព្រះសង្ឃ​ដែល​ស្រលាញ់ និង​តែងតែ​ចុះ​ល្បាត​ការពារ​ព្រៃឈើ​និង​ធនធានធម្មជាតិ ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ថ្វីត្បិតតែ​លោក សៅ សុខា អួត​ក្អេងក្អាង​បែបនេះ​ក្ដី ក៏​ព្រះអង្គ​នៅតែ​គ្មាន​ជំនឿ​ថា លោក​ហ៊ាន​ស្លាប់​ខ្លួន​ដូច​ការ​លើកឡើង​ដែរ។ ព្រះតេជព្រះគុណ បន្ត​ថា ព្រះអង្គ​បាន​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ និង​តែង​ប្រទះឃើញ​ដើមឈើ​ជាច្រើន​កន្លែង​ត្រូវ​បាន​ជនល្មើស​លួច​កាប់​ថ្មីៗ ដោយ​មិន​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ៖ «ដូច្នេះ​បើ​យើង​គិត​ថា សន្យា​វា​ផ្សារភ្ជាប់​នឹង​ការអនុវត្ត វា​មិនមែន​ត្រឹមតែ​លោក សៅ សុខា​ទេ​សុំ​ឱ្យ​បើក​ចិត្ត​ទូលំទូលាយ​ដល់​សកម្មជន​បរិស្ថាន សកម្មជន​ព្រៃឈើ​អង្គការ​សង្គម​ស៊ីវិល​និង​អ្នកសារព័ត៌មាន​ត្រូវតែ​មាន​សិទ្ធិ​ចូល​ទប់ស្កាត់​ការពារ​ហើយ​នឹង​យក​ព័ត៌មាន​ទាំងអស់​នោះ។ ប៉ុន្តែ​ការពិត​អត់​ទេ គឺ​ពេល​យើង​ចុះទៅ​ថត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ម្ដងៗ គឺ​មាន​ការរារាំង​រហូត​ចុះទៅ​ល្បាត​ព្រៃ​នឹង​ត្រូវ​សុំច្បាប់​ឯណា​ឯ​ណី​ទៅទៀត»

របាយការណ៍​ក្រសួងកសិកម្ម​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រសួង​ប្រមូល​ចំណូល​ពី​អនុផល​ព្រៃឈើ​បាន​ជាង ២​លាន​ដុល្លារ​អាមេរិក។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា មាន​ក្រុមហ៊ុន​ចំនួន ៥ ដែល​បាន​នាំចេញ​ផលិតផល​គ្រឿង​សង្ហារិម និង​រាន​ទេវតា​ធ្វើ​ពី​ឈើ​នាំចូល និង​ឈើ​កែច្នៃ ទៅ​ក្រៅ​ប្រទេស ព្រមទាំង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ ឱ្យ​ក្រុមហ៊ុន​ចំនួន ៣ និង​ផ្ដល់​អាជ្ញាប័ណ្ណ​នាំចូល​អនុផល​ព្រៃឈើ​ឱ្យ​ក្រុមហ៊ុន ២​ផ្សេងទៀត។

លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​ថា ចំណូល​ដែល​បាន​ក្រសួង​ប្រមូល​បាន​តិចតួច មិន​សម​នឹង​ព្រៃឈើ​កាប់​ទន្ទ្រាន​រាល់ថ្ងៃ​នេះ​ទេ។ លោក​យល់​ថា ការ​ចាប់​ដុត​ឡាន ដុត​ឈើ និង​ចាប់​មនុស្ស​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ជា​ការ​សម្ញែង អំណាច​ថ្មី​មួយទៀត​របស់​សមត្ថកិច្ច ដើម្បី​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ​កុំ​ឱ្យ​រិះគន់ របប​ដឹកនាំ​សព្វថ្ងៃ​ប៉ុណ្ណោះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ទៀត​ថា ព្រៃឈើ​នៅ​កម្ពុជា​អាច​នឹង​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅតែ​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ដូច​សព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។