សហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសកម្មជនបរិស្ថានអះអាងថា ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) នៅតែបន្តលួចបន្លំកាប់ឈើពីខាងក្រៅ ដឹកចូលការដ្ឋានរបស់ក្រុមហ៊ុន ដើម្បីអារច្រៀកធ្វើអាជីវកម្មរួចដឹកចេញក្រៅ។ ពួកគេអះអាងថា បច្ចុប្បន្ន មានកម្មកររាប់រយនាក់ កំពុងកាប់ឈើ និងដឹកជញ្ជូនឈើស្ទើរគ្រប់តំបន់ជាប់ព្រៃឡង់ និងមានឈើខ្លះទៀតដឹកចេញពីព្រៃឡង់ ចូលបរិវេណក្រុមហ៊ុននេះ។
មន្ត្រីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើអះអាងថា អាជ្ញាធរខេត្តកំពុងចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនេះហើយ។
សហគមន៍ព្រៃឡង់ថា ឈើប្រភេទ ផ្ចឹក រាំង ឈ្លីក ត្រាច និងត្បែង មានមុខកាត់ចាប់ពី២តឹកឡើងទៅ ដុះព័ទ្ធតំបន់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងដុះតាមស្រែចម្ការរបស់ពលរដ្ឋនៅឃុំរៀបរយ របស់ស្រុករវៀង កំពុងទទួលរងការកាប់បំផ្លាញ ពីសំណាក់ក្រុមកម្មកររបស់ក្រុមហ៊ុន ធីង៉ាអភិវឌ្ឍន៍ និងវិនិយោគ ដើម្បីដឹកជញ្ជូនចូលរោងអារឈើខ្នាតធំ របស់ក្រុមហ៊ុននេះ។
សហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ឱ្យដឹងនៅថ្ងៃទី១០ មីនា ថា ជារៀងរាល់ថ្ងៃមានគោយន្តជាង ១០០គ្រឿង និងរថយន្តកែច្នៃ ៥០គ្រឿង រួមទាំងកម្លាំងកម្មកររាប់រយនាក់ កំពុងសម្រុកកាប់ឈើគ្រប់ប្រភេទជាប់ព្រៃឡង់ ។ លោកថា ឈើធំៗ ដែលដុះតាមដីស្រែចម្ការរបស់ពលរដ្ឋ ត្រូវគេកាប់ធ្វើអាជីវកម្ម ដោយពុំមានផ្ដល់សំណងអ្វីទាំងអស់។ ចំណែកដើមឈើផលិតជ័រទឹករបស់ពលរដ្ឋមួយចំនួនទៀតនៅតំបន់នោះ ក៏ទទួលរងការកាប់បំផ្លាញដែរ៖ «អាកន្លែងណាក៏កាប់ដែរ អត់មានរើសទេ មួយជុំវិញវាលស្រែកាប់ទាំងអស់។ ឡានដឹកជញ្ជូនច្រើនឡាន គ្រប់ច្រកអស់ហើយឡាន ហើយយើងអត់ទាន់រាប់ក្រឡេថង ( គោយន្ត ) រយគ្រឿងដែលក្រឡេថង ( គោយន្ត ) គេកាប់អាមួយម៉ែត្រកន្លះ ទៅ ២ម៉ែត្រ ដឹកដាក់កន្លែងក្រុមហ៊ុនតែមួយហ្នឹងឯង។ ឡានអាប៉ាកុង៥០ គ្រឿងគោយន្តបន្តកន្ទុយគ្នាដឹកឈើ។ ប្រសិនបើអាជ្ញាធរ និងក្រសួងពាក់ព័ន្ធមិនឈឺឆ្អាលរឿងការពារហ្នឹង ប្រហែលជាមិនយូរទេ គង់តែរលាយហើយព្រៃហ្នឹង។ អត់ឱ្យចូលទេ តំបន់ព្រៃក្រាស់ គេអត់ឱ្យចូលទេ។ អ្នកកាប់ឈើចូលបាន ឃើញកាឡេថងដឹក ចូលទៅកាប់បាននោះ»។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បដិសេធមិនធ្វើអធិប្បាយរឿងនេះទេ ដោយលោកបង្វែរឱ្យសួរនាយករដ្ឋបាលសាលាខេត្តវិញ៖ «បាទ ចាំខ្ញុំឱ្យនាយរដ្ឋបាល ចួបនាយករដ្ឋបាលទៅ គេស្គាល់ហើយ»។
ចំណែកនាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង ក៏មិនអាចទាក់ទងបានដែរ ដោយលោកពុំទទួលទូរស័ព្ទ។
រីឯអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ថ្លែងថា អាជ្ញាធរខេត្ត ដែលជាសេនាធិការរបស់គណៈកម្មការជាតិ កំពុងចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃ ហើយលោកជំរុញឱ្យសហគមន៍ព្រៃឡង់ ត្រូវផ្តល់ព័ត៌មាននេះ ទៅអាជ្ញាធរខេត្តឱ្យចុះអន្តរាគមន៍ និងអនុវត្តច្បាប់។ លោកបញ្ជាក់ថា ឱ្យតែមានបទល្មើសព្រៃឈើ មន្ត្រីជំនាញនឹងចាត់វិធានការទៅតាមច្បាប់ទាំងអស់៖ «យើងឃើញថា គណៈកម្មការថ្នាក់ជាតិ ក៏អាជ្ញាធរហ្នឹងក៏ជាសមាជិកគណៈកម្មការដែរ ដូច្នេះគាត់ធ្វើការរាល់ថ្ងៃ គាត់រាយការណ៍រាល់ថ្ងៃ។ ចំពោះរបាយការណ៍អីផ្សេង ខ្ញុំមិនដឹងទេ តែចំពោះរបាយការណ៍ដែលពាក់ព័ន្ធជាមួយហ្នឹងគាត់ គឺគាត់បង្ក្រាបបានជាបន្តបន្ទាប់គ្រប់ខេត្តទាំងអស់។ បាទ ! សូមឱ្យគាត់ទាក់ទងទៅផ្ទាល់ទៅ កាលណាមានបទល្មើសគឺបង្ក្រាបហើយ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១០ មីនា។
ចំណែកម្ចាស់ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ គឺលោកជំទាវ សេង គាង និង លោក ជា ពៅ ប្រធានក្រុមប្រឹក្សាភិបាល ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ច មានទំហំជាង ៦ពាន់ហិកតារ (៦.០៦០) កាលពីឆ្នាំ ២០០៨ ឋិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្រុមហ៊ុននេះ វិនិយោគ ដំណាំ អាកាស្យា និងដំណាំកសិ-ឧស្សាហកម្មផ្សេងទៀត ដោយបែងចែកជា ៥អនុតំបន់។ ប៉ុន្តែរហូតដល់មកពេលនេះ សហគមន៍ព្រៃឡង់ថា ក្រុមហ៊ុននេះមិនឃើញ អភិវឌ្ឍន៍ និងដាំដំណាំអ្វីជាដុំកំភួននៅឡើយទេ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ មានមន្ទិលថា ហេតុអ្វីបានជាក្រសួងកសិកម្ម គណៈកម្មការជាតិ និងរដ្ឋាភិបាល មិនចាត់វិធានច្បាប់ លើក្រុមហ៊ុនដែលកំពុងបំផ្លាញព្រៃឈើខ្នាតធំនេះ។ លោកថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍ និងវិនិយោគ មានម្ចាស់ភាគហ៊ុនជាជនជាតិវៀតណាម ហើយក្រុមហ៊ុននេះ កំពុងមានតម្រូវការឈើចាំបាច់ សម្រាប់ដឹកទៅលក់នៅប្រទេសវៀតណាម ព្រោះប្រទេសវៀតណាម សព្វថ្ងៃខ្វះឈើសម្រាប់ផ្គត់ផ្គង់ទៅបណ្ដាប្រទេសលោកខាងលិច៖ «ចំពោះព្រៃឡង់ទៀតសោត គាត់ថា មិនឱ្យចូលគឺសុទ្ធតែតំបន់ស្នូលហ្នឹង ព្រៃស្នូលហ្នឹង មិនមែនស្នូលសម្រាប់ពលរដ្ឋ ពុំមែនស្នូលអីទេ គឺសុទ្ធតែស្នូលសម្រាប់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនវាឃើញ តំបន់ព្រៃឡង់ តំបន់ស្នូលហ្នឹងហើយ បានវាចូលទៅកាប់ ដឹកពីតំបន់ស្នូលឱ្យក្រុមហ៊ុន។ អ៊ីចឹងហើយ ពលរដ្ឋឃើញនូវទង្វើអាក្រក់របស់មន្ត្រី និងទង្វើអាក្រក់របស់ក្រុមហ៊ុន មានតែដាច់ចិត្តឱ្យមន្ត្រីរបស់ខ្លួនហ្នឹងធ្វើការហាមឃាត់ មិនឱ្យមានការចូលទៅឃើញអំពី ទង្វើអាក្រក់របស់ក្រុមឈ្មួញទាំងអស់ហ្នឹង។ ទាំងឈ្មួញទាំងក្រសួង ទាំងមន្ត្រីទាំងអស់ហ្នឹង សុទ្ធតែចូលដៃជើងជាមួយគ្នា កាប់និងដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ »។
លោក ហេង ស្រស់ បន្ថែមថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនអនុវត្តច្បាប់លើ ក្រុមហ៊ុននេះទេមានន័យថា ស្ថាប័នកំពូលថ្នាក់ជាតិទាំងនេះ កំពុងបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនឯកជនមួយនេះ បំផ្លាញព្រៃឈើនិងធនធានធម្មជាតិនៅកម្ពុជា។ លោកសង្កេតឃើញថា សកម្មភាពកាប់ឈើ និងអាជីវកម្មឈើខ្នាតធំ របស់ក្រុមហ៊ុននេះ ពុំឃើញមាន ប្រព័ន្ធត្រួតពិនិត្យ ឬតាមដានឱ្យបានដិតដល់នោះទេ។
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ បង្ហាញការសោកស្តាយ ដែលបាត់បង់ធនធានធម្មជាតិដ៏ធំសម្បើមនេះ បើទោះបីជាពួកគេរកឃើញ ភស្តុតាងជាច្រើនដែលបង្ហាញថា ក្រុមហ៊ុននេះ កាប់ឈើខុសច្បាប់ក្នុងព្រៃឡង់ និងឈើនៅជាប់ព្រៃឡង់ក្តី ក៏ប៉ុន្តែមកទល់ពេលនេះពុំឃើញមានស្ថាប័នណាមួយ ចុះអនុវត្តច្បាប់ និងស៊ើបអង្កេតនៅឡើយទេ។ ពួកគេអះអាងថា ក្រសួងកសិកម្ម បានរួមចំណែក បំផ្លាញព្រៃឈើនិងធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជា តាមរយៈផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជន ធ្វើអាជីវកម្មឈើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។