ក្រុមហ៊ុន ទ្រី ភាព អំពាវនាវឲ្យសមត្ថកិច្ចរដ្ឋាភិបាល ចាត់វិធានការបង្ក្រាបលើជនខិលខូចទាំងឡាយណាដែលប្រើប្រាស់ឈ្មោះក្រុមហ៊ុន ទ្រី ភាព ក្នុងសកម្មភាពរកស៊ីជួញដូរឈើ។ ក្រុមហ៊ុនថាជនខិលខូចទាំងនោះ កំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាមរបស់ក្រុមហ៊ុន។
ស្របពេលដែលអង្គការជាតិ និងអន្តរជាតិកំពុងចោទប្រកាន់ក្រុមហ៊ុន ទ្រី ភាព ថាបានបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជា អស់ជាច្រើន ក្រោមរូបភាពរកស៊ីជួញដូរឈើនោះ ក្រុមហ៊ុន ទ្រី ភាព ក៏បានចោទប្រកាន់ថា មានជនខិលខូចប្រើប្រាស់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅរកស៊ី និងដឹកជញ្ជូនឈើខុសច្បាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ទ្រី ភាព ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ លើកឡើងថា កន្លងមកក្រុមហ៊ុនបានសង្កេតឃើញមានជនខិលខូចមួយចំនួនបានរកស៊ីជួញឈើ ព្រមទាំងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនខុសច្បាប់ ដោយយកឈ្មោះក្រុមហ៊ុន ទ្រី ភាព ដែលធ្វើឲ្យអាជ្ញាធរសមត្ថកិច្ចមានការយល់ច្រឡំ។ ក្រុមហ៊ុនថា នៅពេលដែលសមត្ថកិច្ចបង្ក្រាបទៅលើជនខិលខូចទាំងនោះ ពួកគេតែងតែប្រើឈ្មោះក្រុមហ៊ុន ទ្រី ភាព។ ប្រការនេះ ក្រុមហ៊ុនថាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់កិត្តិនាមរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន ទ្រី ភាព អំពាវនាវឲ្យសមត្ថកិច្ចរដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ចំពោះជនខិលខូចទាំងនោះ និងរឹបអូសមធ្យោបាយដឹកជញ្ជូនទាំងអស់ទុកជាសម្បត្តិរដ្ឋ។ ក្រុមហ៊ុន ទ្រី ភាព ដែលគេដឹងថា មានការគាំទ្រពីរដ្ឋាភិបាលក្នុងការរកស៊ីឈើនៅកម្ពុជា នោះ ឲ្យដឹងថា ពួកគេនឹងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទៅលើជនល្មើសទាំងអស់។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនរកស៊ីឈើដ៏ធំបំផុត និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅកម្ពុជា មួយនេះ មិនបានបញ្ជាក់ចំឈ្មោះក្រុមហ៊ុន ឬជនដែលបានយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់នោះឡើយ។
វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងតំណាងក្រុមហ៊ុន ទ្រី ភាព ដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី២៦ កុម្ភៈ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន បានថ្លែងការពារភាពស្របច្បាប់របស់ក្រុមហ៊ុន ទ្រី ភាព ក្នុងការរកស៊ីឈើនៅកម្ពុជា។
នៅពេលនេះ ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ការអំពាវនាវរបស់ក្រុមហ៊ុន ទ្រី ភាព គឺជាសិទ្ធិរបស់ក្រុមហ៊ុន និងជាការត្រឹមត្រូវ។ លោកថា ចំពោះការស្រាវជ្រាវរកជនល្មើសនោះ វាគឺជាកាតព្វកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក្រសួងកសិកម្ម នឹងចាត់វិធានការចំពោះរឿងនេះ៖ «រាល់បទល្មើសទាំងឡាយ រួមទាំងបទល្មើសព្រៃឈើ គឺគណៈមេបញ្ជាការរាជធានី-ខេត្ត ដឹកនាំដោយចៅហ្វាយខេត្តផ្ទាល់ជាអ្នកទទួលខុសត្រូវ។ ចំពោះក្រសួងកសិកម្ម វិញ គឺរដ្ឋបាលព្រៃឈើដែលឋិតនៅក្រោមគណៈមេបញ្ជាការរាជធានី-ខេត្ត ក្នុងការចាត់វិធានការផ្សេងៗ»។
អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីដើមខែកុម្ភៈ រកឃើញថា លោកឧកញ៉ា ទ្រី ភាព គឺជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ ដែលកាងដោយក្រុមមន្ត្រីយោធា ប៉ូលិស និងមន្ត្រីគយ ក្នុងការបោសសម្អាតឈើគ្រញូងរបស់ខ្មែរពីតាមខេត្តនានា ហើយដឹកជញ្ជូនតាមកប៉ាល់ទៅកាន់កំពង់ផែក្រុងហុងកុង។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង កត់សម្គាល់ថា ការអំពាវនាវរបស់ក្រុមហ៊ុន ទ្រី ភាព នៅពេលនេះ ធ្វើឡើងគ្រាន់តែដើម្បីលាក់បាំងចំពោះអ្នកដែលមិនសូវដឹងស៊ីជម្រៅពីការកាប់ឈើនៅកម្ពុជា ប៉ុណ្ណោះ។ លោក អ៊ូច ឡេង ថ្លែងថា ក្រុមហ៊ុនផ្សេងៗជាច្រើនសុទ្ធតែបានកាប់ប្រមូលឈើលក់ទៅឲ្យក្រុមហ៊ុន ទ្រី ភាព ហើយក្រុមហ៊ុននេះដឹកឈើទាំងនោះទៅលក់បន្តនៅប្រទេសវៀតណាម ប្រទេសចិន និងប្រទេសមួយចំនួនទៀត។ លោក អ៊ូច ឡេង យល់ថា នេះ គឺជារចនាសម្ព័ន្ធរឹងមាំមួយ ដែលបានធ្វើឲ្យព្រៃឈើនៅកម្ពុជា ហិនហោច។ លោកថា រដ្ឋាភិបាលគួរតែចាត់វិធានការទៅលើក្រុមហ៊ុន ទ្រី ភាព ដែលជាមេខ្លោងជាមុនសិន មុននឹងឈានដល់ការចាត់វិធានការលើអ្នកផ្សំគំនិតផ្សេងទៀត៖ «គាត់បានចេញសេចក្តីប្រកាសមួយនៅខេត្តមណ្ឌលគិរី កាលពីឆ្នាំមុន ប៉ុន្តែមេការឈើនៅក្នុងខេត្តនេះ សុទ្ធតែជាមេការចេញពីក្រុមហ៊ុន ទ្រី ភាព ទាំងអស់។ ពួកគេរកស៊ីជាមួយគ្នា»។
របាយការណ៍របស់អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៣ បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព មានដីសម្បទានសេដ្ឋកិច្ចជិត ៧ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តក្រុងចំនួន១២ ក្នុងប្រទេសកម្ពុជា ហើយដីទាំងនោះភាគច្រើនជាប្រភេទដីព្រៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។