សកម្មជនបរិស្ថានស្នើក្រសួងពាក់ព័ន្ធបើកចំហព័ត៌មានឱ្យទូលំទូលាយ និងតម្លាភាពករណីសំណើ បូមខ្សាច់របស់ក្រុមហ៊ុន ទ្រី ភាព តាមបណ្ដោយទន្លេមេគង្គមានប្រវែងជាង ៣រយគីឡូម៉ែត្រ។ ពួកគេទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវមានទំនួលខុសត្រូវខ្ពស់រឿងនេះ និងមិនត្រូវឆ្លើយគេចវេះ ប្រសិនបើប៉ះពាល់បរិស្ថានទន្លេ នៅថ្ងៃខាងមុខ។
សកម្មជនបរិស្ថានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីគម្រោងស្រាវជ្រាវបូមខ្សាច់ ទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ទ្រី ភាព ខណៈដែលក្រសួងពាក់ព័ន្ធនៅមិនទាន់ផ្សព្វផ្សាយជាសាធារណៈ ឱ្យមានតម្លាភាព ពីគម្រោងសិក្សានេះនៅឡើយទេ។ ពួកគេថា ប្រសិនបើមានការបំពុលបរិស្ថានទៅក្នុងទន្លេមេគង្គ ដោយសារបង្ហូរប្រេង នោះវាធ្វើឱ្យប៉ះពាល់ជីវចម្រុះដែលរស់នៅក្នុងទន្លេ និងបាក់ច្រាំងទន្លេជាដើម ហើយរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវប្រសិនបើមានផលប៉ះពាល់មែននោះ គឺមិនត្រូវឆ្លើយដាក់គ្នានោះទេ។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ដែលតែងចុះឃ្លាំមើលអាជីវកម្មបូមខ្សាច់តាមដងទន្លេ ឱ្យដឹងនៅថ្ងៃទី១៥ ឧសភាថា ពួកគេនៅមិនទាន់មានជំនឿចិត្តលើប្រសិទ្ធភាពការងាររបស់អន្តរក្រសួង និងក្រុមហ៊ុន ទ្រី ភាព ថា គោរពច្បាប់បានកម្រិតណានោះទេ ជុំវិញការស្រាវជ្រាវបូមខ្សាច់តាមដងទន្លេមេគង្គ និងទន្លេបាសាក់នេះ។ លោកយល់ថា រដ្ឋាភិបាលត្រូវបើកជំហរព័ត៌មានករណីនេះទៅកាន់អង្គការជាតិ អន្តរជាតិ និងសាធារណជនឱ្យបានទូលំទូលាយ ជាពិសេសត្រូវផ្ដល់ឱកាសឱ្យពលរដ្ឋ ចូលរួមពិភាក្សាសម្រេចចិត្ត ដោយពុំមានភាពភ័យខ្លាច និងគំរាមកំហែង៖ «រដ្ឋាភិបាលត្រូវតែរកអ្នកជំនាញការណាមួយ ដែលអាចទុកចិត្តបាន ដែលចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសិក្សារួមគ្នា ជាមួយក្រុមហ៊ុនលោក ទ្រី ភាព ហ្នឹង ដើម្បីបញ្ជាក់ថា កន្លែងទីតាំងណា ដែលអាចបូមបាន និងមិនអាចបូមបាន ដើម្បីធ្វើយ៉ាងណា ពេលបូម និងក្រោយប្រតិបត្តិការបូម មានការបាក់ច្រាំង និងជីវចម្រុះទន្លេនៅក្នុងទឹក»។
សកម្មជនបរិស្ថានម្នាក់ទៀត គឺលោក ជុំ ហួរ និយាយដោយត្រង់ៗ ថា ពេលដែលឮឈ្មោះក្រុមហ៊ុន ទ្រី ភាព វិនិយោគតាមដងទន្លេ ពួកគេគ្មានជំនឿទាល់តែសោះថា ក្រុមហ៊ុននេះគោរពច្បាប់ ព្រោះកន្លងទៅ ក្រុមហ៊ុន ទ្រី ភាព ធ្លាប់មានរឿងអាស្រូវធ្វើអាជីវកម្មឈើខុសច្បាប់ស្ទើរគ្រប់តំបន់។ លោកថា ពួកគេបានសម្រេចចិត្តរួចហើយ នឹងដាក់ញត្តិទៅក្រសួងបរិស្ថាន ដោយតម្រូវឱ្យក្រសួងនេះ បំភ្លឺឱ្យច្បាស់លាស់ថា តើក្រុមហ៊ុន ទ្រី ភាព ស្នើសុំអាជ្ញាប័ណ្ណស្រាវជ្រាវបូមខ្សាច់ មានគោលបំណងអ្វីឱ្យប្រាកដ? លោកបញ្ជាក់ថា ពួកគេនឹងបន្តតាមដាន ពីប្រសិទ្ធភាពការងាររបស់ក្រសួងពាក់ព័ន្ធ ថាតើដោះស្រាយក្តីកង្វល់របស់ពួកគេបានកម្រិតណា?៖ «បទពិសោធន៍កន្លងមក ក្រុមហ៊ុន ទ្រី ភាព ហ្នឹង ឱ្យតែគាត់អភិវឌ្ឍន៍នៅកន្លែងណា គឺខ្ទេចនៅតំបន់ហ្នឹង ជាពិសេសគឺតំបន់ព្រៃឈើ ដែលសហគមន៍ព្រៃឈើកំពុងរស់នៅសព្វថ្ងៃ។ អ៊ីចឹងយើងសង្កេតឃើញថា ទង្វើទាំងអស់ហ្នឹងហើយ ដែលយើងមិនទុកចិត្តទាល់តែសោះ ហើយយើងឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុន ទ្រី ភាព សុខៗ ទៅស្នើសុំរដ្ឋាភិបាលស្ដារ និងធ្វើច្រាំងទន្លេតាមដងទន្លេមេគង្គ ? យើងពិតជាមានចម្ងល់ យើងមានចម្ងល់ ហើយយើងសិក្សារួមគ្នា វាជាក់ស្ដែងណាស់ ដែលក្រុមហ៊ុន ទ្រី ភាព គ្រាន់ជាលេសដើម្បីទាញប្រយោជន៍តាមដងទន្លេមេគង្គ ជាពិសេសព្រៃឈើនៅតាមដងទន្លេមេគង្គ»។
កាលពីថ្ងៃទី៧ ឧសភា កន្លងទៅ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសរសេរលិខិត ស្នើសុំគោលការណ៍ទៅក្រសួងធនធានទឹក បំណងអនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព ចុះសិក្សាបូមស្ដារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចច្រកព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភូមិសាស្ត្រព្រំប្រទល់ទន្លេមេគង្គ ខេត្តកំពង់ចាម ខេត្តក្រចេះ និងទន្លេបាសាក់ ដោយផ្អែកតាមយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សំណើរបស់ក្រុមហ៊ុន ទ្រី ភាព ត្រូវឆ្លងអន្តរក្រសួងជាមុនសិន ហើយបច្ចុប្បន្នឋិតក្នុងដំណាក់កាលពិចារណារបស់អន្តរក្រសួង។ លោកបញ្ជាក់ថា ក្រសួងសាមីនៅមិនទាន់បង្ហាញលទ្ធផលជុំវិញ សំណើនេះបែបណានៅឡើយទេ។ លើសពីនេះ ការសិក្សាស្រាវជ្រាវនេះ ត្រូវបូករួមទាំងបញ្ហាបរិស្ថាន បញ្ហាសុវត្ថិភាពដី និងសិក្សាពីច្រាំងទន្លេ ដើម្បីឱ្យមានតុល្យភាព៖ «ជាធម្មតាគេឱ្យសិក្សាដល់សិក្សាទៅ បានលើកការសិក្សាមកប្រាប់រាជរដ្ឋាភិបាលវិញ ដែលមានអន្តរក្រសួងមកធ្វើការពិចារណា។ អាហ្នឹងបានគេអនុញ្ញាតឱ្យធ្វើអ្វីបន្ត ដូច្នេះមិនទាន់មានអីជាក់លាក់ ឬគ្រឹះដើម្បីពិចារណានៅឡើយទេ។ អត់ទាន់ដឹងថា តើការសិក្សានោះធ្វើដូចម្ដេចដែរ»។
សកម្មជនបរិស្ថានសង្កេតឃើញថា បទពិសោធន៍កន្លងទៅក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ទាំងខ្នាតតូច និងខ្នាតធំ ឱ្យតែធ្វើអាជីវកម្មនៅកន្លែងណា តំបន់នោះចៀសមិនផុត គឺបាក់ច្រាំង។ ចំណែកក្រុមហ៊ុនបូមខ្សាច់តែងបង្ហូរប្រេងចូលក្នុងទឹក ដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ និងជីវភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកប្រចាំថ្ងៃ និងអ្នកនេសាទត្រីជាដើម។ ពួកគេបារម្ភថា គម្រោងស្រាវជ្រាវបូមខ្សាច់នេះ មិនផ្ដល់ផលចំណេញអ្វីទាំងអស់ ដល់ពលរដ្ឋមូលដ្ឋាននោះទេ ផ្ទុយទៅវិញពលរដ្ឋនឹងជួបការលំបាកផ្នែកជីវភាព និងខូចខាតដល់បរិស្ថានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។