ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការកាប់បំផ្លាញព្រៃឈើនៅតែបន្តយ៉ាងគំហុក ហើយកម្ពុជា បានក្លាយជាប្រទេសទី១០ក្នុងពិភពលោកដែលរងការបាត់បង់ព្រៃឈើខ្លាំងជាងគេបំផុតក្នុងឆ្នាំ២០១៩កន្លងមក។ បញ្ហានេះធ្វើអោយពលរដ្ឋដែលប្រកបមុខរបរដើរបេះឃ្មុំព្រៃធម្មជាតិលក់ ព្រួយបារម្ភពីការបាត់បង់មុខរបរ ដែលបន្សល់ពីដូនតានេះនៅក្នុងពេលដ៏ខ្លីខាងមុខ បើទោះជាមន្ត្រីរដ្ឋាភិបាលបានអះអាងថា មន្ត្រីឧទ្យានុរក្សរបស់ខ្លួនបានប្រឹងប្រែងការពារ និងទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងយកចិត្តទុកដាក់បំផុតក៏ដោយ។
លោក យ៉ាំង ភន អាយុ ៤៧ឆ្នាំ រស់នៅក្នុងភូមិអំពែភ្នំ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រកបមុខរបរដើរបេះឃ្មុំព្រៃធម្មជាតិលក់ កំពុងព្រួយបារម្ភពីការបាត់បង់មុខរបរដែលបន្សល់ពីដូនតានេះនៅក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុត។
រៀងរាល់ម៉ោង៥កន្លះព្រឹក លោក ភន ព្រមទាំងអ្នកភូមិមួយចំនួនទៀតដែលប្រកបរបដើរបេះឃ្មុំព្រៃធម្មជាតិលក់បានរៀបចំបង្វិចបាយម្នាក់មួយស្បោងចងភ្ជាប់នឹងម៉ូតូ ជាមួយនឹងសម្ភារៈមួយចំនួនទៀតចាកចេញពីភូមិ ដើម្បីទៅយកឃ្មុំដែលនៅឆ្ងាយពីភូមិរបស់ពួកគេ។ នៅម៉ោង៥ល្ងាច លោក និងមិត្តភក្ភិដែលដើររកឃ្មុំនាំគ្នាចាកចេញពីព្រៃដើម្បីវិលត្រឡប់មកផ្ទះរៀងខ្លួនវិញ។ ការរកឃ្មុំតាមបែបធម្មជាតិពឹងលើព្រេងសំណាងនេះជូនកាលក៏អាចរកឃ្មុំបានពី៥ទៅ៦ផ្លិតត្រឡប់មកផ្ទះវិញ។ ជូនកាលក៏មកផ្ទះវិញដោយដៃទទេផងដែរ។
ការដើរពនេចររកឃ្មុំក្នុងព្រៃរបស់លោក ភន គឺចាប់ផ្តើមពីចំណុចភ្នំឱរ៉ាល់ អមលាំង ហើយបន្តរហូតដល់កណ្តាលព្រៃជ្រៅក្នុងខេត្តកោះកុង។ បច្ចុប្បន្នក្រុមរបស់លោកមិនអាចរកឃ្មុំនៅក្បែរភូមិដូចកាលពីមុនបានទៀតនោះទេ ដោយសារតែព្រៃឈើត្រូវបានឈ្មួញកាប់បំផ្លាញអស់ដោយពុំមានសមត្ថកិច្ចទប់ស្កាត់៖ «ពិបាករកពិបាកវាអស់ព្រៃឈើទៅ។ ទៅ ទៅព្រៃជ្រៅ ទៅព្រៃរនាមព្រៃអីបានមាន វាខុសប្លែកគ្នាប៉ុន្មានឆ្នាំចុងក្រោយវាអស់ព្រៃ ពីមុនវាមានព្រៃច្រើនវានៅកៀកៗផ្លូវស្រួលរក ឥឡូវព្រៃវានៅកប់ជ្រៅៗ ទាល់តែទៅតាមភ្នំ តាមជ្រលងដងអូរ»។
កំពុងប្រមូលផ្លិតឃ្មុំដាក់ក្នុងកញ្ច្រែង លោក ភន ថ្លែងថា អ្នកភូមិរបស់លោកមានច្រើនគ្រួសារដែលដើររកបេះឃ្មុំយកមកលក់។ ពួកលោកចាប់ផ្តើមរបរនេះតពីដូនតាមក ព្រោះមុខរបរដែលមិនចំណាយដើមទុនមួយនេះធ្វើឲ្យជីវភាពធូរធារ ស្របពេលដែលមនុស្សភាគច្រើនឲ្យតម្លៃទៅលើឃ្មុំធម្មជាតិ។ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកលោកព្រួយបារម្ភបំផុតនោះគឺការបាត់បង់ព្រៃ ពីព្រោះព្រៃគឺជាជម្រករបស់សត្វឃ្មុំ ហើយសត្វឃ្មុំគឺជាប្រភពចំណូលផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក។
លោកថាជាទូទៅលោករកបានឃ្មុំចង្អេរ។ ឃ្មុំចង្អេរមានទឹកច្រើនគឺប្រមាណជាបីទៅបួនលីត្រ ហើយទឹកឃ្មុំ ដែលលោកលក់ឲ្យទៅអតិថិជនគឺមួយលីត្រតម្លៃ១០ម៉ឺនរៀល។ លោកថាតម្លៃនេះមិនថ្លៃនោះទេបើធៀបទៅនឹងការលះបង់ ភាពហត់នឿយ និងការប្រឈមគ្រោះថ្នាក់របស់ពួកលោកចូលទៅក្នុងព្រៃ៖ «ពិបាករឿងដើរកាត់ព្រៃ ឡើងដើមឈើខ្ពស់ៗ ពិបាករកខ្លាំងណាស់»។
លោកថាប៉ុន្មានឆ្នាំចុងក្រោយនេះ ការឈូសឆាយបំផ្លាញព្រៃឈើពីសំណាក់អ្នកវិនិយោគ និងអ្នកមានអំណាច តាមរយៈការទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល និងឈ្មួញរកស៊ីព្រៃឈើ គឺកំពុងតែបំផ្លាញមុខរបរដែលជាឆ្នាំងបាយរបស់ពួកលោក។
នៅមិនឆ្ងាយពីគ្នាប៉ុន្មាន លោក ឃិន វណ្ណៈ ជាអ្នកដើររកឃ្មុំតាំងពីកុមារភាពនោះបានលើកឡើងថា បច្ចុប្បន្នឃ្មុំពិបាករកខ្លាំងណាស់ ពីព្រោះឃ្មុំចេះតែខើចទៅតាមព្រៃ។ អ្នករកឃ្មុំរូបនេះអះអាងថា កាលពីទសវត្ស៩០ ក្នុងពេលព្រៃឈើនៅច្រើន គឺពួកលោកមិនចាំបាច់ចូលទៅជ្រៅនោះទេ ក៏អាចរកឃ្មុំបានច្រើនដែរក្នុងមួយថ្ងៃៗ។ ប៉ុន្តែបច្ចុប្បន្ននេះលោកត្រូវចេញដំណើរពីផ្ទះចំងាយប្រមាណជាង ៨០ទៅជាង១០០គីឡូម៉ែត្រគឺរហូតដល់ខេត្តកោះកុង ដើម្បីស្វែងរកសំបុកឃ្មុំថ្មីៗ៖ «រកឃ្មុំពិបាក ពិបាកហ្មងបង តស៊ូណាស់ ស៊ូយើងត្បុលរកព្រៃ រកវា»។
ចំណែកឯ លោក ប៊ុន សុផាត អាយុ៥២ឆ្នាំ ដែលប្រកបរបរដើរបេះឃ្មុំព្រៃធម្មជាតិលក់តាំងពីឆ្នាំ១៩៨២ កំពុងតែរែកផ្លិតឃ្មុំលក់ថ្លែងថា លោកដើរស្ទើរតែគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជាដើម្បីបេះឃ្មុំលក់។ ដោយសារតែឃ្មុំថយចុះពីមួយថ្ងៃទៅមួយថ្ងៃ លោកកំពុងព្រួយបារម្ភថាទៅថ្ងៃអនាគតលោកមិនដឹងថានឹងប្រកបមុខរបរអីទៀតនោះទេដើម្បីផ្គត់ផ្គង់គ្រួសារ។ លោកថាព្រៃឈើគឺជាជម្រកឃ្មុំ ប៉ុន្តែព្រៃឈើស្រុកខ្មែរកំពុងតែបាត់បង់។ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតមានឡើងស្ទើរគ្រប់កន្លែងនៅកម្ពុជា។ ៖«អញ្ចឹងវាខើចអ្នករកខ្លះទៅ ឃ្មុំវាក៏អស់ទៅ អាហ្នឹងយើងគិតតាមហ្នឹងទៀតធ្វើម៉េចបើគេវាអភិវឌ្ឍន៍អញ្ចឹង។»

កន្លងមកកម្ពុជាគឺជាប្រទេសដែលគេឲ្យតម្លៃថាមានទឹកឃ្មុំព្រៃល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារអាកាសធាតុ និងស្ថានភាពភូមិសាស្ត្រ។ ទឹកឃ្មុំ និងកូនឃ្មុំ នៅតែមានតម្លៃលើទីផ្សារ ដោយគេយកវាទៅធ្វើឱសថផ្សេងៗប្រកបដោយប្រសិទ្ធភាព និងជាអាហារប្រកបដោយឱជារសទៀតផង។
លោក អេរិច ហ្គូរិន (Eric Guerin) ទីប្រឹក្សាអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមឃ្មុំ ដោយចីរភាព របស់អង្គការ ហ្គ្រេត (Gret) មានប្រសាសន៍តាមសារអេឡិចត្រូនិកថាឃ្មុំនៅប្រទេសកម្ពុជាមាន៤ប្រភេទ គឺឃ្មុំចង្អេរ ឃ្មុំរូង(ពង្រួត) ឃ្មុំផ្លិត ដែលចែកចេញជាពីរគឺឃ្មុំពណ៌ក្រហម និងឃ្មុំពណ៌ខ្មៅ។ លោកថាការធ្លាក់ចុះចំនួនឃ្មុំនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញដោយកត្តា៤យ៉ាងគឺទី១ការប្រើប្រាស់ថ្នាំពុល ទី២ ការកាប់បំផ្លាញព្រៃឈើ ទី៣ការប្រែប្រួលអាកាសធាតុ និងទី៤ការយកឃ្មុំអស់ទាំងកូន។ លោកថា៖ «ឃ្មុំជាអ្នកចូលរួមបង្កបង្កើនព្រៃឈើផងដែរ ដូច្នេះហើយទើបគេនិយាយថា គ្មានឃ្មុំគ្មានព្រៃ គ្មានឃ្មុំគ្មានរុក្ខជាតិ។»
លោកថាដើម្បីអភិរក្សឃ្មុំនៅកម្ពុជាគឺត្រូវអភិរក្ស ឬស្តារព្រៃធម្មជាតិឡើងវិញ លើកកម្ពស់កសិកម្មបរិស្ថាន គឺកាត់បន្ថយការប្រើថ្នាំសម្លាប់សត្វល្អិត និងដាំដំណាំមានផ្កាចម្រុះច្រើន។ លើកទឹកចិត្តដល់ការប្រមូលផលទឹកឃ្មុំប្រកបដោយនិរន្តរភាពដោយចៀសវាងការបរិភោគកូនឃ្មុំ និងលើកកម្ពស់ការចិញ្ចឹមឃ្មុំដែលជាដើមកំណើតរបស់ខ្មែរជាដើម។
តាមការសិក្សារបស់កម្មវិធី អឹមអេសអឹមអ៊ី (MSME) របស់USAIDអំពីតម្រូវការទឹកឃ្មុំក្នុងស្រុកបង្ហាញថាក្នុងមួយឆ្នាំតម្រូវការទឹកឃ្មុំមានប្រមាណ៥០០តោន ហើយតាមការប៉ាន់ប្រមាណនេះ បង្ហាញដែរថានាពេលបច្ចុប្បន្នកសិករប្រមូលបានទឹកឃ្មុំប្រមាណ៥០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភត្រា ថ្លែងថា មកដល់ពេលនេះមន្ទីរ និងអាជ្ញាធរដែនដីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនការយាមកាម និង ចុះអប់រំដល់ប្រជាជនរស់នៅសហគមន៍ក៏ដូចជាប្រជាជនដែលប្រកបរបររកឃ្មុំសូមឲ្យចូលរួមការពារធ្វើយ៉ាងណាកុំឲ្យមានភ្លើងឆេះព្រៃដូចឆ្នាំកន្លងទៅ។ លោកថាក្រសួងបរិស្ថានតាមរយៈមន្ត្រីឧទ្យានុរក្សទាំង ១២០០នាក់របស់ខ្លួនដែលឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង៦៩កន្លែង ក្នុងទំហំផ្ទៃដី៧,៣លានហិកតារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការការពារ គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះដែលនៅសល់។លោកបន្តថាក្រសួងបរិស្ថានបានដាក់ចុះគោលនយោបាយលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាសហគមន៍ដោយព្យាយាមកាត់ផ្តាច់មុខរបរចាស់របស់ពួកគាត់ដែលចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វមកជាការផ្តល់សេវាកម្មក្នុងវិស័យអេកូទេសចរណ៍ បង្កើតជារបងរឹងមាំទប់ស្កាត់បទល្មើសធម្មជាតិ។
សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ បានលើកឡើងថាអ្នកដើររកឃ្មុំពុំមែនជាអ្នកបំផ្លាញព្រៃឈើនោះទេ ព្រោះពួកគេអាស្រ័យផលចិញ្ចឹមគ្រួសារដោយសារតែព្រៃឈើ។ បើអត់ព្រៃឈើអត់មានឃ្មុំ ដូច្នេះពួកគាត់ក៏បាត់បង់មុខរបរចិញ្ចឹមគ្រួសាររបស់គេផងដែរ។
លោកថា៖ «មន្ត្រីក្រសួងបរិស្ថានគួរតែទទួលស្គាល់ថា ខ្លួនដាក់ពង្រាយមន្ត្រីរបស់ខ្លួនដល់កន្លែងណាគឺបទល្មើសព្រៃឈើនឹងមានដល់កន្លែងនោះ។ មន្ត្រីទាំងនោះមិនទៅការពារព្រៃឈើនោះទេ គឺពួកគេទៅកាងបទល្មើសព្រៃឈើ»។
ទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវរួម (Joint Research Center, JRC) របស់គណៈកម្មការអឺរ៉ុប និងទិន្នន័យបម្រែបម្រួលព្រៃឈើសាកល (Global Forest Change) របស់សាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) នៃសហរដ្ឋអាមេរិក រកឃើញថា មានការកើនឡើងមិនធ្លាប់មានពីមុនមក នូវការបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជា។ គិតចាប់ពីឆ្នាំ២០០០ មក កម្ពុជាបានបាត់បង់គម្របព្រៃឈើដល់ទៅ ២៦% ស្មើនឹង ២លាន ៣សែនហិកតារ។ ដោយឡែក គ្រាន់តែក្នុងឆ្នាំ២០១៩ ដែនជម្រកសត្វព្រៃព្រៃឡង់ បានបាត់បង់ព្រៃរហូតដល់ទៅ ៧ពាន់ ៥រយហិកតារ គឺស្មើនឹងការកើនឡើងដល់ទៅ ៧៣% ពីឆ្នាំ២០១៨ ដែលមានន័យថា ក្នុង ១ម៉ោង ដែនជម្រកសត្វព្រៃព្រៃឡង់នេះ បាត់បង់ព្រៃស្មើនឹងទំហំធំជាងតារាងបាល់ទាត់មួយ។ តួលេខនេះធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទី១០ ក្នុងពិភពលោកដែលរងការបាត់បង់ព្រៃឈើខ្លាំងជាងគេបំផុតក្នុងឆ្នាំ២០១៩ គឺរហូតដល់ទៅជាង ៦ម៉ឺន៣ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។