អង្គការ​អភិរក្ស​សត្វ​ព្រៃ​ស្នើ​ប្រជាពលរដ្ឋ​ឈប់​ទទួល​ទាន​មុខ​ម្ហូប​ចម្អិន​ពី​សត្វ​ព្រៃ

ដោយ ស្ងួន អមរា
2018-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ប្រចាំ​ប្រទេស​កម្ពុជា (WWF-Cambodia) បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បញ្ឈប់​ទទួល​ទាន​មុខ​ម្ហូប​ដែល​ចម្អិន​ពី​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​រួម​គ្នា​អភិរក្ស​សត្វព្រៃ​ដែល​ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស។

អ្នក​ស្រាវជ្រាវ​របស់​អង្គការ WWF ប្រចាំ​កម្ពុជា បាន​រក​ឃើញ​ថា មាន​សត្វ​ទន្សោង​គោព្រៃ​មួយ​ហ្វូង​ធំ​កំពុង​មាន​វត្តមាន​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ។

មន្ត្រី​អង្គការ WWF បាន​ឲ្យ​ដឹង​ថា សត្វ​ទន្សោង​គោព្រៃ​ដែល​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​សង់​ធ្វើ​រូប​សំណាក​សម្គាល់​អត្តសញ្ញាណ​ខេត្ត​នៅ​លើ​រង្វង់​មូល​កណ្ដាល​ក្រុង​សែនមនោរម្យ​រាល់​ថ្ងៃ​នេះ គឺ​មិន​ទាន់​ផុត​ពូជ​នោះ​ទេ។

​សមាជិក​ស្រាវជ្រាវ​របស់​អង្គការ WWF បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចុះ​ល្បាត​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី កាល​ពី​សប្ដាហ៍​មុន​នេះ បាន​ឃើញ​សត្វ​ទន្សោង​គោព្រៃ​មួយ​ហ្វូង​ធំ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​ចំនួន​សត្វ​ទន្សោង​ទាំង​នោះ​ឲ្យ​ពិត​ប្រាកដ​ទេ។

បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឬ ផេក (Page) ផ្លូវការ​របស់​អង្គការ WWF បាន​បង្ហោះ​រូបថត និង​រូប​វីដេអូ​ឃ្លិប​នៃ​សត្វ​ទន្សោង​គោព្រៃ​មួយ​ហ្វូង និង​បាន​បញ្ជាក់​ថា រូបថត​សត្វ​ទន្សោង​ទាំង​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ថត​បាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក កាល​ពី​សប្ដាហ៍​មុន ក្នុង​ពេល​ពួកគាត់​កំពុង​ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ត្រង់ Line Transect ដើម្បី​កត់ត្រា​ចំនួន​សត្វ​ក្នុង​តំបន់​ការពារ។

មន្ត្រី​អង្គការ WWF ប្រចាំ​កម្ពុជា បង្ហាញ​ក្តី​រំភើប​នៅ​គ្រា​ពួកគេ​បាន​ឃើញ​ហ្វូង​សត្វ​ទន្សោង​គោព្រៃ​មិន​ទាន់​ផុត​ពូជ និង​មាន​ចំនួន​ច្រើន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដែល​អង្គការ​នេះ​កំពុង​អភិរក្ស​នា​ខេត្ត​មណ្ឌលគិរី។

អង្គការ WWF ចាត់​ទុក​ការ​បង្ហាញ​ខ្លួន​នៃ​សត្វ​ទន្សោង​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌលគិរី ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការងារ​អភិរក្ស​ដែល​មាន​ការ​ចូល​រួម​ពី​រាជរដ្ឋាភិបាល អង្គការWWF កម្ពុជា និង​ដៃគូ​អភិរក្ស​នានា។

​មន្ត្រី​អង្គការ​អភិរក្ស​សត្វព្រៃ បាន​ស្នើ​ដល់​សាធារណជន​ទូទៅ ពិសេស​ក្រុម​មនុស្ស​ដែល​និយម​ទទួល​ទាន​មុខម្ហូប​ចម្អិន​ពី​សាច់​សត្វព្រៃ ឲ្យ​បញ្ឈប់​ទទួល​ទាន​មុខម្ហូប​ចំអិន​ពី​សត្វ​ព្រៃ​ជា​បន្ត​ទៀត ដើម្បី​រួម​គ្នា​អភិរក្ស​ការពារ​សត្វព្រៃ​គ្រប់​ប្រភេទ​ឲ្យ​បាន​គង់វង្ស និង​សម្បូរ​បែប​ដូច​ពេល​មុន​វិញ។

ងាក​មក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ឯ​ណោះ​វិញ បាន​រិះគន់​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន ដែល​ព្រងើយកន្តើយ​មិន​ព្រម​រួម​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព។ អ្នកស្រី​អះអាង​ថា អាហារ​ចម្អិន​ពី​សាច់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវ​គេ​ជួញដូរ និង​ដាក់​ជា​ចំហ​នៅ​តាម​ហាង​ផឹកស៊ី និង​ភោជនីយដ្ឋាន​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​សមត្ថកិច្ច​មិន​ចុះ​បង្ក្រាប​ទេ ពិសេស​នៅ​ខេត្ត​ព្រះសីហនុ។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ​បាន​កត់សម្គាល់​ថា នៅ​តាម​ភោជនីយដ្ឋាន ពិសេស​ហាង​ផឹក​ស៊ី​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ មាន​លក់​មុខ​ម្ហូប​ចម្អិន​ពី​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​ទេ​កន្លង​មក៖ «រឿង​ការ​បរបាញ់ ឬ​ការ​សម្លាប់​សត្វព្រៃ​ដែល​ជា​ធនធាន​ដ៏​កម្រ​មួយ គឺ​នៅ​ក្នុង​ច្បាប់​របស់​កម្ពុជា​យើង បាន​ចូល​ជា​ធរមាន​រួច​ហើយ ហើយ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ឲ្យ​សាធារណជន ប្រជាពលរដ្ឋ និង​អ្នក​ប្រកប​មុខ​របរ​លក់​ដូរ​នៅ​តាម​ភោជនីយដ្ឋាន​ផ្សេងៗ ចូល​រួម​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​លើក​កម្ពស់​ថែរក្សា​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ​ឲ្យ​គង់វង្ស ព្រោះ​ជា​ធនធាន​ដ៏​កម្រ ដែល​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​បច្ចុប្បន្ន​ស្ទើរ​តែ​បាត់បង់ ឬ​ផុត​ពូជ​អស់​ទៅ​ហើយ»

មន្ត្រី​អង្គការ WWF បាន​ឲ្យ​ដឹង​ថា កន្លង​មក​នេះ សត្វ​ទន្សោង​ពិត​ជា​បាន​រង​ការ​គំរាមកំហែង​ដោយសារ​បាត់បង់​ជម្រក​ដែល​បណ្ដាល​មក​ពី​បទ​ល្មើស​កាប់​ព្រៃឈើ​ខុស​ច្បាប់ ការ​ទាញ​យក​ធនធាន​រ៉ែ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ការ​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ ការ​ដាក់​អន្ទាក់ និង​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ជាដើម។

​មន្ត្រី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ឬ​ហៅ​ថា WWF-Cambodia បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​ទាំង​អស់​ត្រូវ «រួម​គ្នា​ការពារ​សត្វ​ព្រៃ​ឈើ មិន​បរិភោគ​សាច់​សត្វ​ព្រៃ និង​មិន​ប្រើប្រាស់​ឈើ​ប្រណិត» ដើម្បី​ថែរក្សា​ការពារ​សត្វព្រៃ​គ្រប់​ប្រភេទ​ឲ្យ​បាន​គង់វង្ស​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល