មេឃុំ​មួយ​រូប​រង​ការ​ចោទ​ថា គេចវេះ​មិន​បំភ្លឺ​រឿង​បាត់បង់​ព្រៃឈើ​រាប់​រយ​ហិកតារ​នៅ​លំផាត់

0:00 / 0:00

ការ​កាប់​រុករាន​ទន្ទ្រាន ឈូស​ឆាយ​ព្រៃ​អភិរក្ស និង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ គឺជា​ប្រធានបទ ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នៅ​ចំពោះ​មុខ អាជ្ញាធរ​ស្រុក មេឃុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ជួយ​រក​ដំណោះស្រាយ​។ ក៏ប៉ុន្តែ​ក្តី​កង្វល់​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បំភ្លឺ​ទេ។ ចំណែក​អាជ្ញាធរ​ឃុំ​បាន​​រត់ចេញ​ពី​វេទិកា។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជិត ១០០​នាក់​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​បង្ហាញ​ក្តី​កង្វល់​ពាក់ព័ន្ធ​បញ្ហា​អសកម្ម​ជាច្រើន ទាក់ទិន​ការបាត់បង់​ធនធានធម្មជាតិ និង​ព្រៃឈើ​ធំធេង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ពួកគេ​ថ្លែង​បែបនេះ ក្នុង​វេទិកា​សាធារណៈ ដែល​ប្រារព្ធ​ឡើង​នៅ​សាលា​ប្រជុំ​ភូមិ​សមុទ្រក្រោម កាល​ពី​ពេល​ថ្មីៗ​នេះ។

សហគមន៍​ថា មេឃុំ​សេដា លោក អង់ ប៊ុនធឿង មាន​ចេតនា​គេចវេះ​មិន​ឆ្លើយ​បំភ្លឺ នៅ​ចំពោះ​មុខ​ពលរដ្ឋ ទាក់ទិន​ការបាត់បង់​ទំហំ​ព្រៃឈើ​រាប់ពាន់​ហិកតារ ឋិត​នៅ​តំបន់​ភ្នំ​អាត ភ្នំ​ម៉ាហើល និង​តំបន់​បឹង​យក្សម៉ាយ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ហើយ​បច្ចុប្បន្ន សកម្មភាព​កាប់​ទន្ទ្រាន អារ​រំលំ​ឈើ និង​ឈូស​ឆាយ​ព្រៃ បែប​អនាធិបតេយ្យ​នៅតែ​កើតមាន​ខ្លាំងក្លា​ដដែល។

ជនជាតិ​ដើម​ភាគតិច​ទំពូន រស់នៅ​ភូមិ​សមុទ្រ​ក្រោម លោក ឆន ផល្លា ចោទ​ប្រកាន់​ថា មេភូមិ​/​មេឃុំ និង​មេ​សហគមន៍ គឺជា​មេខ្លោង​ឃុបឃិត​លក់​ដី​ព្រៃ​អភិរក្ស​អស់​ជាច្រើន​រយ​ហិកតារ ដោយ​យក​ពលរដ្ឋ​ជា​ខែល ហើយ​ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងនោះ ទៅ​តុលាការ តែ​គ្មាន​លទ្ធផល។ លោក​ថា សូម្បីតែ​ដី​ព្រៃ​ព័ទ្ធជុំវិញ​បឹង​គិរី​មង្ឃុត ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏​អាជ្ញាធរ​ឃុំ ឃុបឃិត​គ្នា​ឈូស​ឆាយ កាប់​ឈើ ទន្ទ្រាន​យក​ដី​លក់​អស់​មួយ​ផ្នែក​ដែរ៖ «ដី​ព្រៃ​របស់​រដ្ឋ​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ហើយ តែ​តុលាការ​អត់​មាន ចំណាត់​ការ​ដោះ​ស្រាយ​​ទេ ហើយ​ភស្តុតាង​ខ្ញុំ​បញ្ចូល​អស់ហើយ​ហ្នឹង ទៅ​ពិបាក​អី បើ​ព្រៃឈើ​មាន​ដួល​រលំ មាន​ផ្ទះ គេ​ធ្វើ​ឈូស​ឆាយ យក​អា​ត្រាក់ អាប៊ុល និ​អាអិច។ ភស្តុតាង​ប៉ុណ្ណឹង​ហើយ គាត់​យឺតយ៉ាវ ៣ ឆ្នាំ​ស៊ើបអង្កេត ព្រៃឈើ​ហ្នឹង​វា​អស់​អា​លីង​ហើយ អស់​រាប់ពាន់​ហិកតារ​ហ្មង»។

​ជនជាតិ​ដើម​ភាគតិច​ទំពូន រស់នៅ​ភូមិ​កែងសាន់ លោក ខាំ និន សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា ក្រុម​សហគមន៍​បាន​ស្រែក​តវ៉ា និង​ដាក់​បណ្ដឹង​បរិហារ​ទៅ​តុលាការ​ច្រើន​ករណី​ក្ដី ក៏​ប៉ុន្តែ​មិន​ត្រូវ​បាន​ស្ថាប័ន​ណាមួយ​យកចិត្តទុកដាក់​ដោះស្រាយ​ទេ។ មក​ទល់​ពេល​នេះ​ទំហំ​ព្រៃឈើ​រាប់ពាន់​ហិកតារ ដែល​ជា​កន្លែង​អ្នកភូមិ​អាស្រ័យ​ផល បែប​ប្រពៃណី និង​រក​អនុ​វ​ផល​ព្រៃឈើ ត្រូវ​បាន​បាត់បង់​ទាំង​ស្រុង​។ លោក​ថា សូម្បីតែ​វាលស្មៅ សម្រាប់​ឃ្វាលគោ​ក្របី ក៏​ប្រឈម​ការ​បាត់​បង់​អស់​ដែរ​៖ «ពួក​ខ្ញុំ​រាល់ថ្ងៃ​ចង់​អស់សង្ឃឹម ប៉ុន្តែ​យើង​នៅតែ​តវ៉ា ដី​សហគមន៍​គេ​រំលំ​អស់ហើយ ពាយ​អស់​ហើយ ចង់​អស់ហើយ ដី​១​ពាន់​ហិកតារ​ហ្នឹង វា​ដាច់​ហើយ​។ មាន​ពី​ណា​ទេ មានតែ​បក្សពួក​មេភូមិ និង​បក្ស​មេ​សហគមន៍ មានតែ​បក្សពួក​ហ្នឹង​មាន​ពី​ណា​ហ៊ាន​ធ្វើ»។

អាស៊ីសេរី​បាន​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធឿង ដើម្បី​សុំ​ការ​អធិការ​ជុំវិញ​ការចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី២៣ កក្កដា។

អភិបាលស្រុក​លំផាត់ លោក នូ ថេរ បញ្ជាក់​ថា​យ៉ាង​ខ្លី​ថា អាជ្ញាធរ​បាន​ប្ដឹង​សហគមន៍​មូលដ្ឋាន ១៨​នាក់ ទៅ​តុលាការ ទាក់ទិន​នឹង​ការ​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន។ តែ​យ៉ាង​ណា​​លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត ករណី​ពលរដ្ឋ​ចោទ​មេភូមិ​/​មេឃុំ និង​មេ​សហគមន៍ ជា​មេខ្លោង​លក់​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​នោះ​ទេ៖ «វា​អត់​មាន​ឃើញ​រឿង​ហ្នឹង មានតែ​អាជ្ញាធរ​ប្ដឹង​សហគមន៍ ១៨​នាក់ វា​កាប់​ដី​រាន​ព្រៃ​របស់​បរិស្ថាន។ បង​ឯង​ចង់​ដឹង​ទាក់ទង​តុលាការ​ទៅ»។

នាយក​រដ្ឋបាល​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក សាន សានី អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ស៊ើបអង្កេត​សកម្មភាព​កាប់​រុករាន​ព្រៃ​អភិរក្ស​ដោយ​ខុស​ច្បាប់​​ទាំងនោះ ក៏ប៉ុន្តែ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​ជាក់លាក់​នៅឡើយ​ទេ​។ លោក​ថា ដី​ព្រៃ​នៅ​តំបន់​នោះ​មាន​ផ្នែក​ខ្លះ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ខណៈ​មាន​ក្រុមហ៊ុន​ចំនួន ៦ បាន​ទទួល​សិទ្ធិ​វិនិយោគ​ដី​នៅ​តំបន់​នោះ៖ «យើង​សុំ​កម្លាំង​ភូមិ និង​ឃុំ​ចូលរួម​ដើម្បី​យើង​ចង់​ស្រាវជ្រាវ​រក​អ្នកទិញ​។ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​មែនពិត ក៏ប៉ុន្តែ​ដី​ក្រុមហ៊ុន​ខ្លះ គេ​ប្រគល់​​ឱ្យ​កសិកម្ម​គ្រប់គ្រង»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ដី​ព្រៃ​អភិរក្ស​ដែល ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ បែរជា​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ឃុបឃិត​លក់ដូរ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ការស៊ើបអង្កេត​។ លោក​ថា ការបាត់បង់​ព្រៃឈើ​ធំធេង​នេះ ជា​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​រដ្ឋ និង​ក្រសួង​បរិស្ថាន ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ទាក់ទិន​ការ​បណ្ដែត​បណ្តោយ និង​មិន​អនុវត្ត​ច្បាប់៖ «ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​មាន​កម្រិត​ខ្សោយ​។ សហគមន៍​ចូលរួម​ល្បាត និង​ដាក់​បណ្ដឹង តែ​លទ្ធផល​យើង​អាច​និយាយ​បាន​ថា ស្មើ​សូន្យ»។

សហគមន៍​ថា មក​ទល់​ពេល​នេះ​ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ភូមិ​/​ឃុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ៦​ករណី​មក​ហើយ ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​តុលាការ​ដោះស្រាយ​នោះ​ទេ បើ​ទោះ​បី​ជា ពួកគេ​រក​ឃើញ​ឯកសារ និង​ភស្តុតាង​ជាច្រើន​មាន​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ និង​មេ​សហគមន៍ ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​អភិរក្ស និង​ឈើ​មូល​មាន​តម្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។