សកម្មជន និង​ពលរដ្ឋ ស្នើ​ក្រសួង​បរិស្ថាន​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ធម្មជាតិ

ដោយ ជី វិតា
2019-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសភាព​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ថ្លា​ដូច​កញ្ចក់ នៃ​កោះកុង​ក្រៅ ខេត្ត​កោះកុង។
ទេសភាព​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ថ្លា​ដូច​កញ្ចក់ នៃ​កោះកុង​ក្រៅ ខេត្ត​កោះកុង។
រូប៖ ពី​វីឌីអូ​ជា​អង្គការ​មាតា​ធម្មជាតិ

អ្នក​ការពារ​បរិស្ថាន និង​ប្រជាពលរដ្ឋ ស្នើ​អាជ្ញាធរ​ឱ្យ​ដាក់​កោះកុង​ជា​តំបន់​ការពារ​ធម្មជាតិ ដោយ​សារ​តែ​​កោះ​នោះ​គ្រប​ដណ្ដប់​ដោយ​ធម្មជាតិ និង​មិន​ទាន់​រង​ការ​ខូច​ខាត​ពី​ការ​អភិវឌ្ឍ។ ក្រសួង​បរិស្ថាន​មិន​ទាន់​មាន​ចម្លើយ​បែប​ណា​នៅ​ឡើយ​ទេ ជុំ​វិញ​ការ​លើក​ឡើង​របស់​សកម្មជន និង​ពលរដ្ឋ​នេះ។

កោះកុង គឺ​ជា​ឈ្មោះ​កោះ​ដ៏​ធំ​មួយ​នៅ​ក្នុង​​លំហសមុទ្រ​​កម្ពុជា ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង មាន​​ចម្ងាយ​ប្រមាណ ៣០គីឡូ​ម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ។

វីដេអូ​ដែល​សកម្មជន​​បរិស្ថាន​ចែក​​ចាយ​​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ឱ្យ​ឃើញ​ថា កោះ​នេះ​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​ក្រាស់ឃ្មឹក អម​​ដោយ​ទឹកជ្រោះ​ជាច្រើន​​កន្លែង ជាពិសេស​កោះនេះ ​មាន​ឆ្នេរ​ខ្សាច់​​សក្បុស​ និង​ទឹក​​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់។


សកម្មជន​​បរិស្ថាន​នៃ​​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ដែល​​បាន​​ចុះ​ទៅដល់​ទីនោះ រៀបរាប់​ថា កោះកុង ឬ​ដែល​អ្នក​ខ្លះ​និយម​ហៅ​ថា កោះកុង​ក្រៅ​នោះ​សឹង​តែ​គ្មាន​មនុស្ស​រស់​នៅ​ ហើយ​ក៏​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​នៅឡើយ​​ដែរ។ លោក​​បន្ត​ថា ដោយសារ​តែ​មូល​ហេតុ​នេះ​ហើយ ទើប​កោះកុង​នៅ​រក្សា​លក្ខណៈ​ធម្មជាតិ​ដើម​​របស់​ខ្លួន​បាន៖ «មិន​មាន​ទឹក​​ស្អុយ​បង្ហូរ​ចូល​សមុទ្រ មិន​មាន​កាស៊ីណូ​ មិន​មាន​គំនរ​សំរាម និង​មិន​មាន​សំណង់​អាគារ​សាងសង់​រញ៉េរញ៉ៃ​ដូច​ក្រុង​ព្រះសីហនុ ប៉ុន្តែ​ទី​នេះ​ជា​ស្ថានសួគ៌​ឆ្នេរ​ខ្សាច់​សក្បុស​ មាន​ទឹក​​ថ្លា​ដូច​កញ្ចក់ ដែល​អាច​ឱ្យ​យើង​គេង​ស្ដាប់​សំឡេង​ទឹក​រលក​បាន​យ៉ាង​ស្ងប់​ស្ងាត់ កំពុង​សំងំ​លាក់ខ្លួន ស្ទើរ​តែ​មិន​មាន​ប្រជាជន​ខ្មែរ​ធ្លាប់​បាន​ស្គាល់​ពី​​ទីតាំង​ដ៏​អស្ចារ្យ​នេះ​​ទេ​ពី​មុន​មក»

លោក​​រៀប​រាប់​ទៀត​ថា កោះកុង​អំណោយ​ផល​ដល់​ដំណើរ​កម្សាន្ត​តាម​​​បែប​ធម្មជាតិ ដោយសារ​តែ​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ដ៏​សម្បូរ​​បែប។ លោក​ចង់​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​​ទស្សនា​កោះ​នេះ​ឱ្យ​បាន​កាន់​តែ​​ច្រើន​ ដើម្បី​បាន​ឃើញ​ពី​ធម្មជាតិ​ពិតៗ ហើយ​ក៏​ដើម្បី​ជួយ​ការពារ​កោះ​នេះ​ពី​ការ​បំផ្លិច​បំផ្លាញ​​​​ផង​ដែរ។ ជាពិសេស ​លោក​ចង់​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​បញ្ចូល​កោះ​ដ៏​​ធំ​​មួយ​នេះ ទៅ​ជា​តំបន់​​​ឧទ្យាន​ជាតិ ដើម្បី​ការពារ​ធម្មជាតិ​នៅ​លើ​កោះ​នោះ​​កុំ​ឱ្យ​បាត់​បង់៖ «ដោយសារ​តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ទាំងអស់​នេះ ទើប​ពួក​យើង​បង្កើត​នូវ​យុទ្ធនាការ​មួយ​​មាន​ឈ្មោះ​​ថា សង្គ្រោះ​កោះកុង​ក្រៅ ដោយ​តម្រូវ​ឱ្យ​បង​ប្អូន​ចូល​រួម​ជួយ​សង្គ្រោះ​ជាមួយ​គ្នា ដើម្បី​ជំរុញ​ឱ្យ​​ដាក់​កោះ​នេះ​ជា​តំបន់​ការពារ ឬ​ជា​ឧទ្យាន​ជាតិ»

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នឹង​ការ​​លើក​​ឡើង​នេះ​ទេ ដោយ​សារ​លោក​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់។ លោក​បញ្ជាក់​ថា លោក​នឹង​ប្រមូល​ព័ត៌មាន​បន្ថែម​អំពី​​រឿង​នេះ និង​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។

លោកស្រី ម៉ាត់ យឹមឡាស់ គឺជា​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​កោះ​ស្រឡៅ ដែល​​ស្ថិត​​នៅ​ចម្ងាយ​ជិត១០ គីឡូ​ម៉ែត្រ​ពី​​កោះកុង។ លោក​ស្រី​​បញ្ជាក់​ថា កោះកុង​​មាន​​ទេសភាព​ដ៏​​ស្រស់​ត្រកាល សក្ដិសម​ជា​រមណីយដ្ឋាន​​ទេសចរណ៍​ដ៏​ពិសេស​​មួយ។ លោក​​ស្រី​​ចង់​​ឱ្យ​មាន​ការ​អភិវឌ្ឍ​ទី​នោះ​​ឱ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​​ធម្មជាតិ ដូច​ទៅ​នឹង​កោះ​រ៉ុង ឬ​កោះ​រ៉ុង​សន្លឹម​​ក្នុង​​ខេត្ត​​ព្រះសីហនុ​យ៉ាង​ដូច្នេះ​ដែរ ក៏ប៉ុន្តែ​មិន​​មែន​អភិវឌ្ឍ​ដូច​នៅ​ក្រុង​ព្រះសីហនុ ដែល​សម្បូរ​ដោយ​អាគារ​ខ្ពស់ និង​​បំពុល​បរិស្ថាន​នោះ​ដែរ៖ «សំណូម​ពរ​ទៅដល់​ថ្នាក់ដឹកនាំ​យើង​ហ្នឹង ឱ្យ​គាត់​បង្កើត​កន្លែង​ហ្នឹង​ជា​តំបន់​ទេសចរណ៍​មួយ​​ដែល​ដូច​នៅ​កោះ​រ៉ុង​អ៊ីចឹង ព្រោះ​ថា វា​មាន​ទេសភាព​ស្អាត។ ស្អាត​មែន​កន្លែង​ហ្នឹង អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​បង្កើត​កន្លែង​ហ្នឹង​ជា​តំបន់​ទេសចរណ៍​​មួយ​ធំជាង​គេ​នៅ​កម្ពុជា​យើង​តែ​ម្តង​ទៅ ព្រោះ​ថា​នៅ​សល់​តែ​តំបន់​ហ្នឹង​មួយ​ទេ​ដែល​ព្រៃ​ឈើ​វា​ស្អាត​ជាង​​គេ»

ខេត្ត​កោះកុង មាន​ភូមិសាស្ត្រ​ប្លែក​ពី​តំបន់​ដទៃ​នៃ​ប្រទេស​កម្ពុជា ដោយ​សារ​ខេត្ត​នេះ​សម្បូរ​ព្រៃភ្នំ ជ្រោះ អូរ ស្ទឹង ដៃ​សមុទ្រ និង​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ។ កត្តា​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខេត្ត​កោះកុង​មាន​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​កន្លែង មាន​ជាអាទិ៍ ដែន​​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប ដែន​ជម្រក​​សត្វ​ព្រៃ​តា​តៃ ឧទ្យាន​​ជាតិ​បទុម​សាគរ ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ​​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​​ខាង​ត្បូង និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​​ដងពែង។

សកម្មជន​បរិស្ថាន​ជឿ​ជាក់​ថា ការ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ឧទ្យានជាតិ​ នឹង​អាច​ជួយ​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ឱ្យ​បាន​គង់វង្ស​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល