សហគមន៍​ព្រៃ​ឡង់​បន្ត​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម PNT

រថយន្ត​ច្នៃ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ភីអ៊ិនធី (PNT) ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ចូល​ដី​សម្បទាន​របស់​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២១។
រថយន្ត​ច្នៃ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ភីអ៊ិនធី (PNT) ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ចូល​ដី​សម្បទាន​របស់​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២១។ (រូប៖ សហគមន៍ព្រៃឡង់ផ្ដល់ឱ្យ)

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​នៅ​តែ​កើត​មាន​ឡើង ហើយ​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ក៏បាន​ប្រទះឃើញ​ករណី​នេះ​ដូច​គ្នា។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួក​គេ និង​មន្ត្រី​ឧទ្យានុរក្ស​បាន​រួមគ្នា​ចុះ​ល្បាត​ព្រៃ ហើយ​ប្រទះឃើញ​ឈើ​ហ៊ុប​ធំៗ រាប់​រយ​ដើម​ក្នុង​តំបន់​អភិ​រក្ស ត្រូវ​បាន​កម្មករ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) កាប់​ផ្ដួល​ធ្វើអាជីវកម្ម​នៅ​រយៈ​ពេល ៣សប្តាហ៍​ចុង​ក្រោយ​នេះ។

ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​ភស្តុតាង​ជា​ថ្មី​ទៀត ដែល​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ខ្នាត​ធំ​កំពុង​កើតមាន​យ៉ាង​ពេញ​ទំហឹង ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី។ ប្រជា​សហគមន៍​ហ៊ាន​អះអាង​បែប​នេះ ដោយសារ​តែ​ពួក​គាត់​បាន​ចុះ​ស្រាវជ្រាវ និង​ល្បាត​ព្រៃ​កាលពី​ពេល​ថ្មីៗ នេះ​ហើយ​បាន​ប្រទះឃើញ​រថយន្ត​ច្នៃ ៤គ្រឿង​រណា​យន្ត និង​គោយន្ត​ជា​ច្រើន​គ្រឿង​ទៀត ដែល​ជា​មធ្យោបាយ​ក្នុង​ការ​កាប់​ឈើ​ក្នុង​ដែន​ការពារ​មួយ​នេះ។

ក្រុម​ស្នូល​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក ឃុត សឿម ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ មេសា​ថា ពួក​លោក និង​មន្ត្រី​បរិស្ថាន​បាន​ធ្វើដំណើរ​ដល់​ទីតាំង​កាប់​ឈើ​ឋិតនៅ​ចំណុច​វាលស្រែ​អាចម៍​ដែក និង​ចំណុច​អូរ​ធ្នង់ ហើយ​រក​ឃើញ​គល់ឈើ​រាប់​រយ​ដើម ដែល​មាន​មុខ​កាត់ ៦តឹក​ឡើង​ទៅ ត្រូវ​គេ​កាប់​ផ្ដួល​យក​ដើម​ដឹក​ទៅ​បាត់ និង​មាន​ចម្រៀក​ឈើ​ខ្លះ​ទៀត មិន​ទាន់​ដឹក​ចេញពី​ព្រៃ​នៅ​ឡើយ។ លោក​ថា កម្មករ​របស់​ក្រុមហ៊ុន​មាន​វិទ្យុ​ទាក់ទង​ស្ទើរ​គ្រប់​ដៃ ហើយ​ពួកគេ​បាន​ចង​អង្រឹង និង​បោះ​ជំរំ​ក្នុង​ព្រៃ​មិន​ក្រោម ១០កន្លែង​នោះ​ទេ ដើម្បី​កាប់​ឈើ​លក់។ លោក​បញ្ជាក់​ថា ដើម​ឈើ​ធំៗ ត្រូវ​គេ​ដឹក​តាម​គោយន្ត និង​រថយន្ត​ច្នៃ​ជា​ច្រើន​គ្រឿង ចូល​ទៅ​ក្នុង​ដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ភីអ៊ិនធី៖ «ពេល​មន្ត្រី​បរិស្ថាន​គាត់​ចុះ​ឃើញ​ឈើ​កាប់ គាត់​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ ? មុនដំបូង​គាត់​ក៏​មិន​ជឿ​ថា មាន​ឈើ​ដួល​ដល់​ប៉ុណ្ណឹង​ដែរ។ ដល់​ពេល​ទៅ​ឃើញ​ជាក់​ស្ដែង​គាត់​ហួសចិត្ត​ដែរ​គាត់​ថា កាប់​ឈើ​មែន។ មុនដំបូង​គាត់​ឃើញ​ផ្សាយ​ផ្សាយ​រឿង​មិន​ពិត ដល់​ពេល​ទៅ​ឃើញ​រឿង​ពិត​មែន។ កម្មករ​គេ​ប្រើ​អ្នក​ភូមិ និង​អ្នក​នៅ​ជិតៗ ហ្នឹង​ច្រើន​ណាស់​រោង​សម្រាប់​គេ​នៅ ១០កន្លែង »។

កម្មជន​ដដែល​បន្ថែម​ថា ក្រុមហ៊ុន​មាន​រោងចក្រ​អារ​ច្រៀក​ឈើ ៤គ្រឿង និង​មាន​រថយន្ត​ច្នៃ ៤គ្រឿង កំពុង​ធ្វើ​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម នៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​មន្ត្រី​ឧ​ទ្យានុរក្ស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។ លោក​ថា ពលរដ្ឋ​មូលដ្ឋាន​ខ្លះ​បាន​ស៊ី​ឈ្នួល​អារ​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន​ក្នុង​មួយ​ម៉ែត្រ​គូប​តម្លៃ ៩ម៉ឺន​រៀល រីឯ​អ្នក​ដឹកជញ្ជូន​ឈើ ពួក​គេ​ទទួល​បាន​កម្រៃ​ក្នុង​ម៉ែត្រ​គូប តម្លៃ ១៩ម៉ឺន​រៀល៖ «ហួសចិត្ត​បំផុត និង​សោក​ស្ដាយ​បំផុត​នូវ​ព្រៃ​ឈើ​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ខំ​ការពារ​ព្យាយាម​ចង់​ការពារ​យូរ​មក​ហើយ ហើយ​ការពារ​បន្តបន្ទាប់មក​ហើយ​នៅ​ពេល​ឃើញ​ដួល​អ៊ីចឹង ខ្ញុំ​ស្ដាយ​ណាស់​សម្បត្តិ​ជាតិ​របស់​យើង »។

កាលពី​ថ្ងៃ​ទី១៩ មេសា ប្រជា​សហគមន៍​ព្រៃ​ឡង់ ៨នាក់ មេការ​ក្រុមហ៊ុន ភីអ៊ិនធី ម្នាក់ និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន ១០នាក់ ដឹក​នាំ​ដោយ​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​បាន​រួមគ្នា​ចុះ​ល្បាត​ព្រៃ​ពេញ​មួយ​ថ្ងៃ។ ក្រុម​មន្ត្រី និង​អ្នកល្បាត​បាន​ប្រទះ​ឃើញ​ដើម​ឈើ​ធំៗ ជា​ច្រើន​ដើម ភាគ​ច្រើន​ជា​ដើម​ច្បោះ​ជ័រ​ទឹក ត្រូវ​គេ​កាប់​រំលំ​ធ្វើ​អាជីវកម្ម។

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក មាស ញឹម និង​មេការ​ក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២១ មេសា។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ និង​ព្រះរាជអាជ្ញា​កំពុង​ស៊ើប​អង្កេត​ករណី​នេះ។ លោក​បដិសេធ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដោយ​លោក​រុញ​ឱ្យ​សួរ​តំណាង​អយ្យការ​វិញ។ តែ​យ៉ាង​ណា​លោក​សន្យា​ថា នៅ​ពេល​ស៊ើប​អង្កេត​ចប់​សព្វគ្រប់​អាជ្ញាធរ​នឹង​ប្រាប់​លទ្ធផល​រឿង​នេះ៖ «ព្រោះ​ការងារ​ហ្នឹង​ការ​ស៊ើប​អង្កេត គឺ​ពាក់ព័ន្ធ​នឹង​អយ្យការ ហើយ​អាជ្ញាធរ​ជា​អ្នក​ធ្វើ អ៊ីចឹង​សូម​សួរ​ទៅ​អយ្យការ​ទៅ »។

ចំណែក​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ វិញ លោក​ថ្លែង​ថា សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ ជា​ករណី​ពិសេស ដែល​តំណាង​អយ្យការ​បាន​បញ្ជូន​សំណុំ​រឿង ទៅ​ចៅក្រម​ស៊ើបសួរ​រួច​ហើយ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។ លោក​ព្រមាន​ថា ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​ណា អនុវត្ត​ផ្ទុយពី​កិច្ចសន្យា​វិនិយោគ ពួក​គេ​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៖ «អត់​មាន​ទុកចោល​នៅ​អយ្យការ​ទេ គឺ​រុញ​ទៅ​តុលាការ​តែ​ម្ដង។ ពាក្យ​ថា ក្រុមហ៊ុន​គឺ​មាន​ច្បាប់ បើ​សិន​ជា​គេ​បំពាន​ច្បាប់​ខុស​ពី​គោល​ការណ៍ ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​អា​ហ្នឹង ជា​អំពើ​ល្មើស​ដែរ។ ចាំ​មើល​ផុត​ពី​កូវីដ១៩ ផុត​ពី​វិធានការ​ទប់​ស្កាត់​រីក​រាលដាល​ជំងឺ​កូវីដ​ហ្នឹង។ ឥលូវ​គ្មាន​ពី​ណា​ចេញ​ទៅ​ណា​រួច​ទេ »។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៧.៩០០​ហិកតារ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១០ ក្រោម​កិច្ច​សន្យា​រយៈ​ពេល ៧០ឆ្នាំ។ ក្នុង​កិច្ច​សន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ទៅ​វិញ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤គ្រឿង​ឋិត​ក្នុង​ស្រុក​រវៀង ជាប់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ។

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ហេង ស្រស់ ឱ្យ​ដឹង​ថា ប្រជា​សហគមន៍​រក​ឃើញ​ញ​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ភីអ៊ិនធី បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ ដែល​ទាមទារ​ឱ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ជាតិ ឬ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ។ លោក​សង្ស័យ​ថា ករណី​ដែល​ក្រុមហ៊ុន​នៅ​តែ​អាច​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​បាន​នេះ ទំនង​ជា​មានការ​ឃុបឃិត​គ្នា​ជា​ចង្កោម​រវាង​ឈ្មួញ និង​ក្រុម​អាជ្ញាធរ​ក្នុង​ទម្រង់​ជា​អំពី​ពុក​រលួយ៖ «ទាមទារ​ឱ្យ​អាជ្ញាធរ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង​អស់ ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ ក្នុង​អំឡុង​ពេល​កូវីដ​ហេតុ​អ្វី​បាន​ជា​មាន​ការ​បិទ​ខ្ចប់ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​នៅ​មាន​ការ​ចរាចរ​ឈើ​ចេញ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ អ៊ីចឹង​ហើយ អាជ្ញាធរ​ត្រូវ​តែ​ចេញ​មុខ​ទទួល​ខុស​ត្រូវ និង​ចេញ​មុខ​បកស្រាយ​ឱ្យ​ច្បាស់លាស់ ការ​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តំបន់​ព្រៃ​ឡង់​ហ្នឹង »។

ប្រជា​សហគមន៍​ព្រៃ​ឡង់​ឱ្យ​ដឹង​ថា ពួកគាត់​មិន​អាច​ទប់​ទឹកភ្នែក​បាន​ទេ ព្រោះ​ស្ដាយ​ស្រណោះ​ដើម​ឈើ​ធំៗ ដែល​ត្រូវ​គេ​កាប់​ផ្ដួល​នៅ​ក្នុង​តំបន់​អភិ​រក្ស​របស់​​​ក្រសួង​បរិស្ថាន។ ពួកគេ​ស្រមៃ​ថា ប្រសិន​បើ​អាជ្ញាធរ​ភ្ញាក់​ខ្លួន ឈប់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​រឿង​បទ​ល្មើស​ព្រៃ​ឈើ ហើយ​ងាក​មក​ការពារ​ព្រៃ​ឈើ​ឱ្យ​បាន​ត្រឹមត្រូវ​វិញ នោះ​ព្រៃ​ឡង់​អាច​នឹង​គង់វង្ស​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។