តុលាការ​ខេត្ត​មណ្ឌល​គិរី​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ឱ្យ​ចូល​បំភ្លឺ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ កោះ​ហៅ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​សំណុំរឿង​ ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជិត​ ៨ពាន់​ហិកតារ (៧.៧៤១) ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​សង្ឃឹម​ថា​ តុលាការ​នឹង​ចាត់​វិធានការ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

អ្នក​ឃ្លាំមើល​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ដីកា​កោះ​ហៅ​លោក ឡោ រស្មី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ ដើម្បី​វែកមុខ​មន្ត្រី​ខិលខូច​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ប្រព័ន្ធ​ ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ពួកគេ​រំពឹង​ថា​ តុលាការ​ នឹង​អនុវត្ត​ច្បាប់​លើ​មន្ត្រី​កំពូលៗ ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​​ឈ្មួញ​ទុច្ចរិត​ និង​ក្រុមហ៊ុន​ បំផ្លាញ​ព្រៃឈើ​ រំលោភ​ដីធ្លី​ និង​ផ្ដួចផ្ដើម​ឲ្យ​កើតមាន​វិបត្តិ​ដីធ្លី​ធំធេង​រវាង​សហគមន៍​ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​ភាគ​ឦសាន។

កាលពី​ថ្ងៃ​ទី៥ សីហា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ហៀង សុភក្ត្រ បាន​កោះហៅ​ អនុ​រដ្ឋ​លេខា​ក្រសួង​កសិកម្ម​ លោក​ ឡោ​ រស្មី​ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២១ សីហា​ខាងមុខនេះ​ ពាក់​​ព័ន្ធ​នឹង​ការ​ អនុញ្ញាត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​​ឲ្យ​ក្រុមហ៊ុន​ ផេស៊ីហ្វិកហ្គេន យ៉ញ-ស្តុក ខមភេនី លីមីធីត មាន​ទំហំ​ជិត ៨ពាន់​ហិកតារ (៧.៧៤១)។

ទោះ​យ៉ាងណា​ ក្នុង​ដីកា​នេះ​ ពុំ​បាន​បញ្ជាក់​លម្អិត​ពី​ទី​តាំង​ក្រុមហ៊ុន​ និង​ការ​ផ្ដល់​ដី​សម្បទាន​ ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន​ និង​ធនធាន​ធម្មជាតិ​កម្រិត​ណា​នោះ​ទេ។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក​ ស៊ឹង​ សែន​ករុណា​ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ​ ជា​សញ្ញា​ល្អ ដែល​តុលាការ​ចាត់​វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ ដែល​រួមចំណែក​ធ្វើឲ្យ​បាត់​បង់​ធនធាន​ធម្មជាតិ​ធំធេង​ រំលោភ​សិទ្ធិ​ពលរដ្ឋ​ និង​ជា​ប្រភព​នាំឲ្យកើត​មាន​ជម្លោះដីធ្លី​។ លោក​សង្ឃឹមថា​ តុលាការ​ខេត្ត​មណ្ឌលគិរី​ នឹង​ស៊ើបអង្កេត​ដំណើររឿង​នេះ​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដើម្បី​ស្ដារ​មុខ​មាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឡើងវិញ​៖ «មន្ត្រី​ជាន់​ខ្ពស់​រូប​ណា​ក៏​ដោយ ដែល​ផ្ដល់​សិទ្ធិ​ទៅ​លើ ទ្រព្យ​សម្បត្តិ និង​ធនធាន​របស់​ជាតិ​ទាំង​អស់​ហ្នឹង​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ ដែល​មិន​ស្រប​តាម​ច្បាប់​ទាំង​អស់​ហ្នឹង គួរ​តែ​ត្រូវ​យក​មក​ផ្ដន្ទាទោស អនុវត្ត​តាម​ច្បាប់​របស់​ប្រទេស​យើង។ យើង​ក៏​ចង់​ឃើញ​ដែរ​ថា វិធានការ​ទាំង​អស់​ហ្នឹង អាច​ធ្វើ​ឲ្យ​មាន​ការ​ស្ការ​មុខ​មាត់ របស់​ប្រព័ន្ធ​យុត្តិធម៌ របស់​កម្ពុជា​ឡើង​វិញ​ដែរ។ បាត់បង់​ជំនឿ​ពី​ពលរដ្ឋ និង​មតិ​ជាតិ និង​អន្តរជាតិ​ខ្លាំង​ណាស់ »

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ អនុ​រដ្ឋ​លេខា​ក្រសួង​កសិកម្ម​ លោក​ ឡោ​ រស្មី​ និង​តំណាង​ក្រុមហ៊ុន ផេស៊ីហ្វិកហ្គេន យ៉ញ-ស្តុក ខមភេនី លីមីធីត ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​ករណី​នេះ​បាន​ថា​យ៉ាង​ណា​ នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២០ សីហា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុឌ្ឍី​ អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​ លោក​ មាស​ ប្រុស​ និង​អ្នកនាំពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី​ លោក​ សុក​ សេ​រ៉ា​ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខេត្ត​មណ្ឌលគិរី​ លោក​ ក្រើង តុលា​ កត់សម្គាល់​ថា​ ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ ភាគ​ច្រើន​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ កាត់​ឆ្វៀល​ដី​ប៉ះ​ពាល់ និង​សិក្សា​ឱ្យ​បាន​ដិតដល់​ អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​ តុលាការ​​ស៊ើប​អង្កេត​ ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់​ ស្រប​ពេល​ដែល​គណៈកម្មការ​ជាតិ​កំពុង​ប្រើ​កណ្ដាប់​ដៃ​ដែក​ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ៖ «ខ្ញុំ​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន តែ​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ដោយសារ​ឈ្មោះ​ហ្នឹង​ទី ១ ដោយសារ​ឈ្មោះ អាជ្ញាធរ​មូលដ្ឋាន មិន​ដែល​រាយការណ៍។ ប៉ះ​ពាល់​ស្រែ​ចម្ការ​របស់​គាត់ និង​ព្រៃ​តំណម​របស់​គាត់។ តំបន់​រក​ផល​អនុ​ផល​បែប​ប្រពៃណី​របស់​គាត់ ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ។ ឃើញ​ក្រុមហ៊ុន​ហ្នឹង​ដល់​ពេល​ពលរដ្ឋ​តវ៉ា​គេ​ថា ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​លាក់លៀម ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ លុយ​ហ្នឹង​ហើយ ជា​មុខ​ព្រួញ​របស់​គាត់ ធ្វើ​ឲ្យ​រំលោភ​សិទ្ធិ​ដទៃ »

ទោះ​យ៉ាងណា​ អ្នកឃ្លាំមើល​បរិស្ថាន​ លោក​ ហេង​ ស្រស់​ យល់ថា​ ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​តែម្នាក់​ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ តុលាការ​ត្រូវ​វែកមុខ​មន្ត្រី​គ្រាក់ៗ ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ការ​​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ចូល​ដៃ​ជើង​ជាមួយ​ក្រុមហ៊ុន ​ធ្វើអាជីវកម្ម​ឈើ​ខុសច្បាប់​ ផ្ទុយពី​គោលការណ៍​វិនិយោគ​។ លោក​ថា​ លោក​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ក៏​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​សំណុំរឿង​នេះ​ដែរ​៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ​ត្រូវ​ធំ​ជាង គេ​គឺ​ក្រសួង​កសិកម្ម​ហ្នឹង​តែ​ម្ដង រដ្ឋមន្ត្រី​ក្រសួង​ហ្នឹង​តែ​ម្ដង ពុំ​មែន​ចេះ​តែ​រុញ​ឲ្យ​កូន​ចៅ​ទទួល​កំហុស​ជំនួស​ទេ។ ក្រសួង​បរិស្ថាន​ក៏​ត្រូវ​តែ​ចេញ​មុខ ទទួល​ខុស​ត្រូវ​ខ្លះ​ដែរ ពុំ​មែន​ចេះ​តែ​ច្រាន​ជះ ទឹក​ដាក់​គេ​គេច​យក​រួច​ខ្លួន​ទេ។ អ្នក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ថា នៅ​ក្នុង​តំបន់​អ្នក​ឯង​មាន​ការ​លួច​កាប់​ឈើ​បំផ្លាញ​ចេញ​ពី​តំបន់​ហ្នឹង។ ហេតុ​អី បាន​ជា​បណ្ដែត​បណ្ដោយ បិទ​មាត់​ត្រចៀក បិទ​ភ្នែក មិន​ព្រម​ចេញ​ព័ត៌មាន​ណា​មួយ ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ »

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​រាប់​សែន​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង ២០ក្រុមហ៊ុន ដើម្បី​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ក្នុង​ខេត្ត​នេះ​ ក៏​ប៉ុន្តែ​មាន​ក្រុមហ៊ុន​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​កិច្ច​សន្យា​វិនិយោគ​ជា​មួយ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។