សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមតុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសអតីតសកម្មជនអង្គការមាតាធម្មជាតិពីរនាក់ ទុកជាបានការដដែល។ មេធាវី និងអ្នកការពារសិទ្ធិមនុស្សខកចិត្តចំពោះការសម្រេចនេះ ដ្បិតសកម្មជនទាំងពីរនាក់ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
មេធាវីការពារក្តីឱ្យសកម្មជនមាតាធម្មជាតិ លោក សំ ចំរើន ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៦ សីហា ថា សាលាឧទ្ធរណ៍បានសម្រេចឱ្យកូនក្តីរបស់លោកជាប់ទោសបន្តទៅទៀត។ លោកថា សាលដីការបស់សាលាឧទ្ធរណ៍នេះមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ពីព្រោះពួកគេមិនមានកំហុសអ្វីឡើយ។ លោកបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្តីបន្ថែមទៀតដើម្បីប្ដឹងសាទុក្ខករណីនេះទៅតុលាការកំពូល៖ «ខ្ញុំគិតថា មិនមានអង្គហេតុណាមួយដែលអាចពាក់ព័ន្ធនឹងពិរុទ្ធភាពលើកូនក្តីទាំងពីរនាក់ហ្នឹងទេ អ៊ីចឹងហើយបានជាខ្ញុំមានអារម្មណ៍ខកចិត្ត»។
សាលាឧទ្ធរណ៍បានលើកយកករណីសកម្មជនមាតាធម្មជាតិលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ទៅជំនុំជម្រះកាលពីថ្ងៃទី៨ សីហា កន្លងទៅ។ សវនាការនោះប្រើពេលជាង ៤០នាទី និងមិនមានវត្តមានភាគីដើមបណ្ដឹងចូលរួមឡើយ។ ក្រោយបញ្ចប់សវនាការ តុលាការជាន់ខ្ពស់មួយនេះបានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៦ សីហា ក៏ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុករបស់យុវជនទាំងពីរនោះឡើយ គឺតុលាការឧទ្ធរណ៍នៅតែសម្រេចឱ្យអ្នកពីរមានទោសដដែល។
លោក ហ៊ុន វណ្ណៈ ចាត់ទុកការសាលដីកាសាលាឧទ្ធរណ៍នេះថា ជារឿងអយុត្តិធម៌ ព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ លោកយល់ថា តុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍កាត់ទោសពួកលោកតាមការចង់បានរបស់ក្រុមហ៊ុន។ លោកបញ្ជាក់ថា ពួកលោកនឹងប្ដឹងទាស់ការសម្រេចនេះទៅតុលាការកំពូលមួយជាន់ទៀត៖ «វាជារឿងធម្មតាពីដើមមកហើយដែលសកម្មជនឈឺឆ្អាលរឿងសង្គមប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នករកស៊ី ប៉ះពាល់ដល់រដ្ឋាភិបាល អ៊ីចឹងជាទូទៅលទ្ធផលដែលពួកយើងតតាំងនៅតុលាការហ្នឹង កម្រនឹងជោគជ័យណាស់។ តាំងពីសាលាដំបូងដល់សាលាឧទ្ធរណ៍ ភាគច្រើនគឺឃើញតែបរាជ័យរហូត»។
កាលពីដើមឆ្នាំ២០១៨ កន្លងទៅ សាលាដំបូងខេត្តកោះកុង បានកាត់ទោសលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ឱ្យជាប់ពន្ធនាគារម្នាក់ ១ ឆ្នាំ ដោយអនុវត្តទោស ៥ខែក្នុងពន្ធនាគារ ហើយទោសនៅសល់ត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ ១ លានរៀល។ អ្នកទាំងពីរត្រូវបានផ្ដន្ទាទោស ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” និង “ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល” ក្រោយពេលយុវជនទាំងពីរ បានជិះទូកថតរូបកប៉ាល់ដឹកខ្សាច់នៅក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
ដើមបណ្តឹងនៃសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង ជាយូរអង្វែងមកហើយ។ លោក លី យ៉ុងផាត់ គឺជាអ្នកតែងតែផ្ដល់លុយជាប្រចាំដល់គណបក្សប្រជាជនកម្ពុជា និងរបបក្រុងភ្នំពេញ។ ទោះជាយ៉ាងណា តំណាងក្រុមហ៊ុនដែលជាភាគីដើមបណ្ដឹង មិនដែលបានចូលរួមក្នុងអង្គសវនាការម្ដងណាឡើយ រាប់ចាប់តាំងពីដំណាក់កាលចៅក្រមស៊ើបសួរតុលាការខេត្តកោះកុងម៉្លេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត សោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ លោកថា ការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ រហូតឈានដល់ការផ្ដន្ទាទោសយុវជនទាំងពីររូបនេះ ធ្វើឡើងដោយមិនមានមូលដ្ឋាន និងភស្តុតាងគ្រប់គ្រាន់ឡើយ។ លោករំពឹងថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់យុវជនទាំងពីររូបនេះវិញ នៅពេលពួកគេប្ដឹងទាស់សាលដីកាសាលាឧទ្ធរណ៍នេះ៖ «នេះជាទង្វើមួយដែលគំរាមកំហែង បំភិតបំភ័យសម្រាប់យុវជនទាំងពីរ និងយុវជនដទៃទៀត ឬក៏អ្នកដែលមានចិត្តស្រឡាញ់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិដទៃទៀតឱ្យមានការភ័យខ្លាច។ បើយើងមើលទៅ វាជារឿងអ៊ីចឹងទេ។ បើយើងនិយាយអំពីបទល្មើសក្នុងការចោទប្រកាន់ហ្នឹង ហាក់ដូចជា មិនមានភស្តុតាង ឬមូលដ្ឋានសមរម្យគ្រប់គ្រាន់ក្នុងការចោទប្រកាន់នោះទេ»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី គឺជាសកម្មជនមាតាធម្មជាតិពីរនាក់ផ្សេងទៀត ដែលត្រូវបានតុលាការខេត្តកោះកុងផ្ដន្ទាទោស ពាក់ព័ន្ធនឹងសកម្មភាពតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់បែបអនាធិបតេយ្យ ក្នុងខេត្តកោះកុង បន្ទាប់ពីយុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ីម សំណាង។
ក្រុមសកម្មជនបរិស្ថានរិះគន់ថា តុលាការខេត្តកោះកុង ធ្វើតាមតែការចង់បានរបស់ក្រុមហ៊ុន និងមិនបានឱ្យតម្លៃលើការងារការពារបរិស្ថាន និងឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវក្នុងការសម្រេចសេចក្ដីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
