តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​អារ៉ែង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍

ដោយ អ៊ុំ រង្សី
2015.05.20
អារ៉ែង ៦២០ ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
RFA

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​រូប បាន​ស្នើ​ទៅ​រដ្ឋាភិបាល​​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ដើម្បី​ជួយ​រក​ចំណូល​ចូល​ថវិកា​ជាតិ និង​ដើម្បី​លើក​កម្ពស់​ការ​រស់​នៅ​របស់​ពលរដ្ឋ​តាម​រយៈ​វិស័យ​នេះ។

ការ​ស្នើ​សុំ​អភិវឌ្ឍន៍​តំបន់​អារ៉ែង ជា​តំបន់​អេកូ​ទេសចរណ៍​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អារ៉ែង កាល​ពី​ដើម​ខែ​ឧសភា កន្លង​ទៅ។

​តំណាងរាស្ត្រ​ម្នាក់​ក្នុង​ចំណោម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​សំណើ​នេះ លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា រូប​លោក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​អារ៉ែង នេះ​ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​វិញ​នោះ ព្រោះ​តំបន់​អារ៉ែង មាន​សក្ដានុពល​យ៉ាង​ខ្លាំង​សម្រាប់​សហគមន៍​រស់​នៅ​តំបន់​នោះ និង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​យក​តំបន់​អារ៉ែង ទៅ​ជា​ទំនប់​វារីអគ្គិសនី វា​នឹង​បាត់បង់​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ធំធេង​ណាស់ ដូច្នេះ​ខ្ញុំ​និង​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ចង់​ឃើញ​រដ្ឋាភិបាល​អភិវឌ្ឍន៍ (តំបន់) នោះ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ»

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះ​ជា​កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា នឹង​គ្មាន​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​ក៏ដោយ ក៏​លោក​និង​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​ស្រុង ហើយ​កែប្រែ​តំបន់​នេះ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​វិញ ព្រោះ​ថា តំបន់​អារ៉ែង មាន​សក្ដានុពល​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា កន្លង​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​រួច​ហើយ​ថា មិន​មាន​ការ​អភិវឌ្ឍ​តំបន់​អារ៉ែង ទៅ​ជា​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​អាណត្តិ​នេះ​នោះ​ទេ។ លោក​ថា តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ គួរ​តែ​មាន​គម្រោង​ច្បាស់លាស់​ដាក់​ជូន​រដ្ឋាភិបាល មិន​មែន​គ្រាន់​តែ​និយាយ និង​ដាក់​សំណើ​ធម្មតា​នោះ​ទេ៖ «បើ​គាត់​អនុវត្ត​តាម​តួនាទី​តំណាងរាស្ត្រ មែន​ជា​រឿង​ល្អ មិន​គ្រាន់​តែ​ដើរ​និយាយ​ម្ដង​រឿង​ព្រំដែន និង​ម្ដង​រឿង​អារ៉ែង នោះ​វា​មិន​ល្អ​ទេ»

​កន្លង​មក​អង្គការ​មាតា​ធម្មជាតិ ដែល​បាន​សិក្សា​លើ​ផល​ប៉ះពាល់​នៅ​តំបន់​អារ៉ែង បាន​លើក​ឡើង​ថា តំបន់​អារ៉ែង ជា​តំបន់​ដែល​នៅ​សេសសល់​ធនធាន​ធម្មជាតិ និង​សត្វ​កម្រ​ជាង ៣០​ប្រភេទ ហើយ​ក៏​ជា​តំបន់​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​របស់​កម្ពុជា ផង​ដែរ។ ប្រសិនបើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង របស់​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ (Sino Hydro) ត្រូវ​បាន​អនុម័ត​មែន​នោះ ព្រៃឈើ ព្រៃ​អារក្ស ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​នៅ​លើ​ទំហំ​ដី​ប្រមាណ ២​ម៉ឺន​ហិកតារ​នោះ​នឹង​ត្រូវ​បំផ្លាញ​ទាំង​ស្រុង។

​បើ​តាម​សំណើ​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋ​សភា លោក ហេង សំ រិន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រែ​ក្លាយ​តំបន់​អារ៉ែង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង។

​បច្ចុប្បន្ន​តំបន់​ស្ទឹង​អារ៉ែង កំពុង​ទទួល​បាន​ការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​ក្រុម​យុវជន ភ្ញៀវ​ទេសចរ និង​អ្នក​សិក្សា​ស្រាវជ្រាវ​បរិស្ថាន បន្ទាប់​ពី​តំបន់​នេះ​ស្រាកស្រាន្ត​ពី​ភាព​ចម្រូងចម្រាស​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​រយៈ​ពេល​ខ្លី​កន្លង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។