ពលរដ្ឋជនជាតិដើមភាគតិចជង តំបន់អារ៉ែងចំនួន ៥នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅរសៀលថ្ងៃទី១៧ ឧសភា។ សកម្មជនបរិស្ថានសោកស្ដាយ ដោយសារជនរងគ្រោះសុទ្ធសឹងតែជាមនុស្សស្លូតបូត រស់រាយរាក់ទាក់ និងជាអ្នកធ្លាប់ចេញមុខតស៊ូមតិ ដើម្បីការពារបរិស្ថាន និងប្រឆាំងមិនឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែង។
ប្រធានសហគមន៍ជនជាតិដើមភាគតិចជង តំបន់អារ៉ែង លោក ហ៊ឹង ពៅ ឱ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍រន្ទះបាញ់នោះ មានចំនួន ៧នាក់ ក្នុងនោះ ៥នាក់ បានស្លាប់នៅនឹងកន្លែង ម្នាក់ទៀតរងរបួសធ្ងន់កំពុងដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង និងម្នាក់ទៀតរងរបួសស្រាល។
ក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់នោះ មានប្រុស ៣នាក់និងស្រី ២នាក់។
លោក ហ៊ឹង ពៅ ដែលមានវត្តមានក្បែរទីតាំងកើតហេតុ បញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ឧសភា ពលរដ្ឋជងតំបន់អារ៉ែងជាច្រើននាក់ បាននាំគ្នាទៅជួយសាងសង់ផ្ទះថ្មីមួយខ្នង នៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ លុះម៉ោងប្រមាណ ៤ រសៀល មេឃក៏ចាប់ផ្ដើមងងឹត ហើយមានភ្លៀងធ្លាក់ ពលរដ្ឋទាំងនោះក៏បាននាំគ្នាទៅជ្រកភ្លៀងតាមកន្លែងរៀងៗ ខ្លួន។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ១០នាក់ បានចូលទៅជ្រកក្រោមតង់ត្រង់កន្លែងដាំបាយបានប្រហែល ១០នាទី ក៏មានហេតុការណ៍រន្ទះបាញ់តែម្ដង។ ភ្លាមនោះ មានពលរដ្ឋ ៥នាក់បានដួលទៅលើដី ដោយ ៤នាក់បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតផុតដង្ហើមប្រហែលកន្លះម៉ោងក្រោយមក៖ «( ពេលនោះ ) មានភ្លៀងធ្លាក់ខ្លាំង ខ្ញុំក៏នៅជិតកន្លែងកើតហេតុនោះដែរ។ ដំបូងគាត់បើកទូរស័ព្ទបញ្ចូលភ្លើងអាគុយ ខ្ញុំនៅឃ្លាតពីទីនោះប្រហែល ៦ម៉ែត្រ។ មួយសន្ទុះស្រាប់តែឮសូរផាំង ហើយមនុស្សក៏ដួលព្រូសតែម្តង»។
លោក ហ៊ឹង ពៅ អះអាងថា នេះជាហេតុការណ៍គ្រោះថ្នាក់ធម្មជាតិដ៏គួរឱ្យរន្ធត់ ដែលមិនធ្លាប់កើតមាននោះឡើយ សម្រាប់ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែងនោះ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ។ លោកថា មរណភាពរបស់អ្នកទាំង ៥នោះ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ពលរដ្ឋជងតំបន់អារ៉ែង ហើយលោកសំណូមពរដល់សប្បុរសជនទាំងអស់ឱ្យជួយឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យសពជនរងគ្រោះទាំង ៥នាក់នោះផង៖ «ពួកគាត់ជាមនុស្សដែលមានវត្តមាននៅក្នុងចំណោមអ្នកតស៊ូមតិ ហើយគាត់ក៏ជាអ្នកនាំភ្ញៀវទេសចរដែលចូលមកក្នុងសហគមន៍របស់យើង។ គាត់ចូលរួមសកម្មភាពច្រើនណាស់ ដល់ពេលឥឡូវបាត់បង់វត្តមានរបស់គាត់អ៊ីចឹង ខ្ញុំមានការសោកស្ដាយខ្លាំងមែនទែន។ វាមិនធ្លាប់ជួបពីមុនមកទេ»។
សកម្មជនបរិស្ថាន អ្នកនាង លីម គីមស័រ ដែលតែងចុះទៅតំបន់អារ៉ែងជាញឹកញាប់នោះ ថ្លែងថា អ្នកនាងពិតជាមានអារម្មណ៍រន្ធត់ និងក្ដុកក្ដួលជាខ្លាំង នៅពេលទទួលបានដំណឹងថា ពលរដ្ឋតំបន់អារ៉ែង ៥នាក់ ត្រូវបាត់បង់ជីវិតដោយសាររន្ទះបាញ់បែបនេះ។ អ្នកនាងបន្តថា ពួកគាត់សុទ្ធសឹងជាមនុស្សស្លូតបូត និងរួសរាយរាក់ទាក់ ជាអ្នកនាំភ្ញៀវដើរកម្សាន្តតំបន់អារ៉ែង និងជាពិសេសគឺជាអ្នកចេញមុខតស៊ូមតិយ៉ាងសកម្មនៅតំបន់អារ៉ែង៖ «ខ្ញុំមានអារម្មណ៍ថារន្ធត់មែនទែនតែម្ដង ពីព្រោះបងប្រុសទូច គាត់ក៏ជាអ្នកនាំភ្ញៀវនៅក្នុងសហគមន៍ ហើយគាត់គឺជាយុវជនឆ្នើមមួយរូបនៅក្នុងសហគមន៍របស់យើង ដល់ពេលត្រូវរន្ទះបាញ់ស្លាប់ទាំងគ្រួសាររបស់គាត់បែបនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយ ខ្ញុំពិបាកនិយាយមែនទែន ។ ខ្ញុំមិននឹកស្មានសោះ ពីព្រោះខ្ញុំទើបតែជួបគាត់ប៉ុន្មានថ្ងៃមុននេះសោះ»។
ប្រធានសហគមន៍ជនជាតិដើមភាគតិចជងតំបន់អារ៉ែង លោក ហ៊ឹង ពៅ បញ្ជាក់ថា សាកសពជនរងគ្រោះទាំង ៥នាក់នោះ ត្រូវបានរក្សាទុកនៅទីតាំងពីរផ្សេងគ្នា ហើយអ្នកភូមិ និងក្រុមគ្រួសារកំពុងពិភាក្សាគ្នាអំពីការរៀបចំពិធីបុណ្យតាមបែបប្រពៃណីជនជាតិដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
