សមត្ថកិច្ចឃាត់ខ្លួនជនជាតិភាគតិចព្នងម្នាក់ ករណីប្រើអាវុធបាញ់សត្វខ្ទីង
2019.09.16
មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន នៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ កញ្ញា ពាក់ព័ន្ធករណីបរបាញ់សត្វខ្ទីងខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្រុកកែវ សីមា។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ជាជនជាតិដើមភាគតិចព្នង ឈ្មោះ ចប់ ហាញ រស់នៅ ឃុំមេម៉ង់ ស្រុកកែវសីមា។ សមត្ថកិច្ចឱ្យដឹងថា បុរសនោះត្រូវជាឪពុកក្មេករបស់ជនដៃដល់ ដែលធ្វើសកម្មភាពបរបាញ់សត្វខ្ទីង និងដែលបានរត់គេចខ្លួន បន្ទាប់ពីសមត្ថកិច្ចចុះអនុវត្តច្បាប់។
ទន្ទឹមនឹងនេះ មន្ត្រីបរិស្ថានបានរឹបអូស វត្ថុតាងពីជនសង្ស័យ រួមមាន អាវុធអាកា (AK) ស្វ័យបត់ ០១ដើម និងគ្រាប់កាំភ្លើង០៩គ្រាប់ សាច់សត្វខ្ទីងស្រស់ ៣០គីឡូក្រាម សាច់ខ្ទីងឆ្អិន ០១ឆ្នាំង និងអាវុធកែច្នៃ ឬកាំភ្លើងខ្យល់ចំនួន ២ដើម។ មកទល់ពេលនេះ មន្ត្រីជំនាញកំពុងស៊ើបអង្កេត ស្វែងរកជនសង្ស័យ និងបក្ខពួកមួយចំនួនទៀត យកមកផ្ដន្ទាទោសតាមច្បាប់៕