គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានចុះឃាត់ចាប់ រថយន្តប៉ាកុង (កែច្នៃ) ៣គ្រឿង និងរឹបអូសឈើជិត ១០ម៉ែត្រគូប (៦៦៩ ផ្លាន) ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សកម្មជនបរិស្ថានអះអាងថា នៅមានរថយន្តកែច្នៃជាច្រើនគ្រឿងទៀតដែលជាមធ្យោបាយដឹកឈើមានតម្លៃ ពីលើខ្នងភ្នំ ដែលក្រុមកម្មករកាប់ឈើ ឃុបឃិតជាមួយឆ្មាំអភិរក្ស លាក់ទុកក្នុងព្រៃ។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៤ កញ្ញាថា សមត្ថកិច្ចបានឃាត់ចាប់រថយន្តប៉កុងទាំង ៣គ្រឿងនោះ នៅចំណុចឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកថា មកទល់ពេលនេះ សមត្ថកិច្ចបានយករថយន្តដឹកឈើទាំងនោះ មករក្សាទុកបណ្ដោះអាសន្ននៅទីស្នាក់ការអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធយកមកអនុវត្តច្បាប់។
លោកបញ្ជាក់ទៀតថា គណៈកម្មការជាតិ និងអាជ្ញាធរខេត្តសាមី កំពុងស្រាវជ្រាវ រកវត្ថុ តាងដែល បម្រើឱ្យបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងនៅទូទាំងប្រទេស៖ «កំពុងកសាងសំណុំរឿងវាល្មើសច្បាប់ហើយ ឃើញតែរថយន្តនិងឈើ។ វិធានការរបស់យើងគឺអនុវត្តទៅតាមច្បាប់ ហើយនិងអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ គ្រប់កន្លែងទាំងអស់ គឺអាវុធហត្ថ ទូទាំង ២៥ រាជធានីខេត្ត និងឯកឧត្ដម គណៈអភិបាលខេត្តគាត់ធ្វើការងារហ្នឹងគ្រប់ខេត្តទាំងអស់ គាត់កំពុងធ្វើការងារហ្នឹង»។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន អះអាងថា រថយន្តប៉ាងកុងដែលមន្ត្រីអាវុធហត្ថចាប់បាននោះ គឺជាមធ្យោបាយទាញឈើមូលធំៗ ពីលើខ្នងភ្នំឱរ៉ាល់ តំបន់ជ្រោះ និងតំបន់ជ្រលងភ្នំ។ លោកថា រថយន្តប្រភេទនេះ មន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់នោះ មានចេតនាឃុបឃិតឱ្យឈ្មួញយកចូលព្រៃអភិរក្ស ដើម្បីប្រមូលឈើមានតម្លៃនៅចំណុច ជើងភ្នំក្រពើ ចំណុចខ្នងស្រល់ និងតំបន់ជួរភ្នំឱរ៉ាល់។ លោកទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់លាស់៖ «រថយន្តអារេវ នៅមាន ៨គ្រឿងទៀត ដែលកម្លាំងរបស់ខ្ញុំកំពុងរុករក។ ប្រសិនជាអត់មានអារេវហ្នឹង មានត្រឹមគោយន្តអី ពិបាកក្នុងការយកឈើចេញណាស់ ហើយឈើអស់ទាំងនេះ នាំចេញរហូតដល់ចិន ហើយជាឈើនាំចេញទៅក្រៅប្រទេស។ មន្ត្រីឧទ្យានុរក្ស បរិស្ថានលោក មិនមានឆន្ទៈច្បាស់លាស់ ក្នុងការអភិរក្សធនធានធម្មជាតិ ដោយសារគាត់យកផលប្រយោជន៍ពីបទល្មើស។ អ៊ីចឹង គាត់អត់បង្ក្រាប»។
អាស៊ីសេរីបានព្យាយាមទាក់ទងនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក ខន សាខុន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែអ្នកលើកទូរស័ព្ទប្រាប់ថា ច្រឡំលេខ។
លោក ជា ហ៊ាន អះអាងថា មកទល់ពេលនេះ ដើមឈើធំៗ ជាច្រើនដើម នៅលើខ្នងភ្នំឱរ៉ាល់ និងនៅតាមជើងភ្នំ ត្រូវគេកាប់ផ្ដួលពាសពេញព្រៃ មិនទាន់ដឹកចេញក្រៅ ដោយត្រូវរង់ចាំផុតរដូវវស្សាសិន។ លោកថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនោះទេ រថយន្តប៉ាកុង មិនអាចនាំចូលព្រៃអភិរក្សបានទេ ព្រោះច្រកផ្លូវសំខាន់ៗ គ្រប់កន្លែង មានស្នាក់ការបរិស្ថានយាមល្បាត។ អ្នកការពារព្រៃឈើរូបនេះ គ្មានជំនឿលើប្រសិទ្ធភាពការងាររបស់មន្ត្រីបរិស្ថាន ដែលប្រចាំការនៅតំបន់នោះឡើយ ព្រោះលោកថា មន្ត្រីគ្រាក់ៗទាំងនោះ អនុវត្តច្បាប់ព្រៃឈើ ទាល់តែមានបញ្ជាពីថ្នាក់លើ៖ «នៅមានឈើដែលរំលំចោលក្នុងព្រៃជាច្រើនទៀត ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ គេរំលំដើមឈើរួចហើយ ដោយសារតែក្រុមគណៈកម្មការចុះបង្ក្រាបអ៊ីចឹងទៅ យកចេញអត់បាន។ ទី២ ខែវស្សាអាចដាក់ផ្លូវ ដល់ខែ ១១នេះ ប្រសិនជាយើងមិនរួមគ្នាទប់ស្កាត់ និងអនុវត្តច្បាប់ទេ ព្រៃឈើនឹងត្រូវរលាយ»។
សកម្មជនបរិស្ថាន អំពាវនាវឱ្យរដ្ឋាភិបាល លុបបំបាត់អំពើពុករលួយ ទើបអាចសង្គ្រោះព្រៃឈើដែលនៅសេសសល់ចុងក្រោយបាន ពីព្រោះពួកគេអះអាងថា ក្រុមអ្នកកាប់ឈើ និងឈ្មួញបានប្រើទឹកលុយ សូកប៉ាន់មន្ត្រីជំនាញពាក់ព័ន្ធ ជាថ្នូរដឹកជញ្ជូនឈើគ្មានការរារាំង។ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឋិតនៅចន្លោះខេត្ត កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅលើក្រដាស តំបន់ការពារធម្មជាតិមួយនេះ មានផ្ទៃដី ជាង ២សែន ៥ម៉ឺនហិកតារ (២៥៣.៧៥០) ត្រូវបានការពារដោយព្រះរាជក្រឹត្យឆ្នាំ ១៩៩៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
